×

​តស៊ូ​ ​ជា​ស្លាក​សញ្ញា​សម្លៀកបំពាក់​ដែល​បង្កប់​ទៅ​ដោយ​រស​និយម​យ៉ាង​ទាន់សម័យ​

FASHION & BEAUTY 5 years ago
 
 

          ​ស្ថិតនៅ​ក្នុង​ផ្ទះល្វែង​មួយ​កន្លែង​លើ​ផ្លូវកែង​លេខ​ ​៧៧​ ​និង​លេខ​ ​៣៣​ ​នៅក្នុង​ភូមិ​ ​សុវណ្ណ​សាគរ​ ​សង្កាត់​កំពង់​កណ្តាល​ ​ក្រុង​កំពត​ ​ស្ត្រី​ប្រមាណ​ជា​ ​២០នាក់​កំពុងតែ​លាក់ខ្លួន​នៅ​ពីក្រោយ​ជញ្ជាំង​ហាង​លក់​សម្លៀកបំពាក់​តូច​មួយ​ ​ដោយ​រួមដៃគ្នា​មមាញឹក​ជាមួយ​សកម្មភាព​ការងារ​យ៉ាងសកម្ម​ ​ខ្លះ​ដៃ​កាន់​កន្ត្រៃ​កាត់​អូស​ហូត​ក្រណាត់​តាម​ពុម្ព​ ​ខ្លះ​ញាប់ដៃញាប់ជើង​នឹង​ម៉ាស៊ីនដេរ​ ​រី​ឯ​ខ្លះទៀត​ក៏​កំពុងតែ​ត្រួតពិនិត្យ​គុណភាព​សមិទ្ធផល​សម្រេច​ដើម្បី​ត្រៀម​ទុក​តាម​កា​រកុម្មង់​ក៏ដូចជា​ដាក់​តាំង​លក់​នៅក្នុង​ហាង​។​ ​ភាព​អ៊ូអរ​នៃ​ការងារ​ទាំងនេះ​គឺជា​សង្វាក់​ផលិតកម្ម​នៃ​ការផលិត​សម្លៀកបំពាក់​ម៉ាក​ ​«​តស៊ូ​»​ ​ដែល​ជា​ម៉ាក​សម្លៀកបំពាក់​របស់​ខ្មែរ​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​ពីរ​រូប​ជា​ជនជាតិ​ខ្មែរ​អ្នកនាង​ ​ម៉ូវ​ ​គន្ធា​ ​និង​ស្ត្រីជន​ជាតិ​អូស្ត្រាលី​ ​Hanna​ ​Guy​ ​ហើយ​បច្ចុប្បន្ន​ម៉ាក​តស៊ូ​ក៏​កំពុងតែ​សុសសាយ​ប្រជាប្រិយ​ភាព​មាន​ទីផ្សារ​ខ្លាំង​ជាមួយនឹង​ភ្ញៀវ​បរទេស​។​

​          Hanna​ ​Guy​ ​គឺជា​អ្នកគ្រប់គ្រង​ទូទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ចែកចាយ​ការ​លក់​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ​រី​ឯ​អ្នកនាង​ ​ម៉ូវ​ ​គន្ធា​ ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​គ្រប់គ្រង​សង្វាក់​ផលិតកម្ម​ ​រួម​ទាំង​ស្វែងរក​វត្ថុធាតុដើម​មក​ផលិត​ផង​ដែរ​។​ ​អ្នក​ទាំងពីរ​បាន​រួមដៃគ្នា​បង្កើត​ម៉ាក​តស៊ូ​តាំងពី​ឆ្នាំ២០០៨​ ​ដោយ​បោះទុន​ទទួល​បាន​ប្រាក់កម្ចី​ជាមួយនឹង​ទឹកប្រាក់​ត្រឹមតែ​ ​២០០ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។​ ​ផ្អែក​តាម​ការ​រីក​ធំធាត់​អាជីវកម្ម​មុន​ក្លាយជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ផ្លូវការ​ ​ស្ថាបនិក​ ​ម៉ូវ​ ​គន្ធា​ ​ក៏​បា​នប​ង្កើប​ពីដើម​ចម​នៃ​ការបង្កើត​អាជីវកម្ម​ ​ក៏ដូចជា​ម៉ាក​ផលិតផល​ ​«​តស៊ូ​»​ ​នេះ​ឡើង​ដែរ​ថា​ ​ក្រោយ​រៀបការ​ជាមួយ​ស្វាមី​រស់នៅ​ខេត្តកំពត​ ​អ្នកនាង​ ​គន្ធា​ ​បាន​លាឈប់​ពី​អាជីព​ជា​កម្មការិនី​កាត់ដេរ​រោងចក្រ​នៅ​ស្រុកកំណើត​ខេត្តតាកែវ​ ​ដោយ​ផ្លាស់មក​កសាង​ជីវិត​គ្រួសារ​ជាមួយ​ស្វាមី​ដែល​កំពុង​បម្រើការ​ងារ​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខេត្តកំពត​។​ ​គ្រានោះ​ដែរ​ខណៈ​កត្តា​កង្វះ​ជីវភាព​ផ្គត់ផ្គង់​កូន​មួយ​ក្នុង​បន្ទុក​គ្រួសារ​ផង​ ​និង​តម្រូវការ​ប្រចាំថ្ងៃ​ផង​ ​បាន​ជំរុញ​ឲ្យ​អ្នកនាង​គន្ធា​រមែង​ទទូច​ស្វាមី​ឲ្យ​ជួយ​ស្វែងរក​ការងារ​ធ្វើ​ ​លុះ​ចៃដន់​ស្វាមី​ជម្រាប​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ ​ចៅហ្វាយ​របស់​លោក​ក៏​ណែនាំ​លោក​និង​ភរិយា​ឲ្យ​ស្គាល់​មិត្តភក្តិ​ស្ត្រីជន​ជាតិ​អូស្ត្រាលី​(​Hanna​)​ម្នាក់​ដែល​ធ្វើការ​នៅ​សាលា​អង្គការ​ ​ហើយក៏​បាន​ស្គាល់គ្នា​ចាប់ផ្តើម​ការងារ​នៅពេល​នោះ​។​ ​ដោយ​មើលឃើញ​ថា​ ​គន្ធា​ជា​អតីត​កម្មការិនី​រោងចក្រ​មាន​ជំនាញ​កាត់ដេរ​ស្រាប់​ ​និង​មាន​ម៉ាស៊ីនដេរ​ផ្ទាល់ខ្លួន​នៅ​ឯ​ផ្ទះ​ជួល​ផង​នោះ​ ​Hanna​ ​ក៏​ផ្តល់​ការងារ​ជា​ការ​ដេរ​កាបូប​ ​និង​សម្លៀកបំពាក់​ធ្វើ​ម៉ូដ​តាម​លំនាំ​គេដាក់​លក់​នៅក្នុង​ភោជនីយដ្ឋាន​។​ ​ចិញ្ចឹមចិត្ត​ចម្អែត​ក្រពះ​តាមរយៈ​ការងារ​នៅផ្ទះ​ជាមួយ​ម៉ាស៊ីនដេរ​រៀងរាល់ថ្ងៃ​ ​ក្នុងរយៈពេល​ដ៏​ខ្លី៣ទៅ៤ខែ​ផលិតផល​របស់​គន្ធា​ហាក់​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ​ឃើញ​ដូចនេះ​ ​Hanna​ ​មិន​បង្អង់​យូរ​ក៏​ចាប់ផ្តើម​រៀន​ជំនាញ​ដេរ​ពី​គន្ធា​ហើយក៏​រួមគំនិត​គ្នា​ខ្ចី​លុយ​ពី​អង្គការ​ចំនួន​ ​២០០ដុល្លារ​មក​ធ្វើ​ទុន​បង្កើត​ម៉ាក​ផលិតផល​របស់​ខ្លួន​ ​ព្រម​ជាមួយ​គោលបំណង​រកចំណូល​ខ្លះ​ជួយ​ដល់​សាលារៀន​ផង​ដែរ​។​

          ​ដូច​បាន​រៀបរាប់​ខាងលើ​ ​«​តស៊ូ​»​ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​២០០៨​ ​បើ​តាម​យោង​តាម​បងស្រី​គន្ធា​បាន​ឲ្យដឹង​ទៀត​ថា​ ​«​ដំបូង​ឡើយ​ខ្ញុំ​មិន​គិតថា​បង្កើត​ជា​អាជីវកម្ម​អ្វី​ធំដុំ​នោះ​ទេ​ ​គិត​ត្រឹម​ថា​ដេរ​សម្លៀកបំពាក់​តាម​កា​រកុម្មង់​របស់​ភ្ញៀវ​ដូច​កន្លែង​កាត់ដេរ​ទូទៅ​ប៉ុណ្ណោះ​ ​ព្រោះ​យើង​គ្មាន​វត្ថុធាតុដើម​ច្បាស់លាស់​ប្រើ​តែ​ក្រណាត់​រាយរង​ទិញ​នៅ​តាម​ទីផ្សារ​ ​ប៉ុន្តែ​លុះ៣ឆ្នាំក្រោយ​មក​យើង​ក៏បាន​រក​ឃើញ​ប្រភព​ក្រណាត់​សល់​ពី​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាងច្រើន​អ​នែក​ ​ហើយក៏​ចាប់ផ្តើម​ផ្លាស់​ប្តូរ​មក​បញ្ជាទិញ​ពី​រោងចក្រ​កាត់ដេរ​ធ្វើជា​ម៉ាក​សម្លៀកបំពាក់​ ​រួច​បង្កើត​ហាង​ដាក់​លក់​ ​និង​លក់​នៅ​លើ​បណ្តាញ​សង្គម​ក៏​ដូច​ជា​វេ​ប​សាយ​មកដល់​សព្វថ្ងៃ​»​។​ ​ហេតុអ្វីបានជា​ដាក់ឈ្មោះ​ម៉ាក​ផលិតផល​ថា​ ​«​តស៊ូ​»​ ​?​ ​ញញឹម​បន្ថិច​ ​ស្ថាបនិក​សម្បុរ​ស្រអែម​រូប​នេះ​បាន​លើកឡើង​ថា​ ​«​អាច​ក៏​ព្រោះតែ​ការ​តស៊ូ​ព្យាយាម​តាំងពី​ពេល​គ្មាន​ទុន​រហូត​បាន​ខ្ចី​ទុន​បង្កើត​ជា​កន្លែង​កាត់ដេរ​តូច​មួយ​នេះឯង​ ​ទើប​ខ្ញុំ​ ​និង​ ​Hanna​ ​ដាក់​ម៉ាក​ផលិតផល​ឈ្មោះថា​ ​តស៊ូ​ ​នេះ​ឡើង​ ​(​.​.​.​សើច​)​»​។​ ​យ៉ាងណាមិញ​ ​នៅ​ក្រោយ​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​ស្ថាបនិក​សម្លៀកបំពាក់​ម៉ាក​ ​តស៊ូ​ ​ក៏បាន​ជួប​នូវ​ផលវិបាក​ជាច្រើន​ទម្រាំ​សម្រាំង​ចេញ​ជា​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ផង​ដែរ​ ​ជាក់ស្តែង​ ​ក្នុង​នោះ​មាន​ដូចជា​ ​កង្វះ​ប្រភព​ក្រណាត់​តម្រូវ​តាម​កា​រកុម្មង់​របស់​អតិថិជន​ ​ស្វែងយល់​ពី​ការប្រើ​ប្រាស់​ថ្នេរ​ ​ពិសេស​ជួប​បញ្ហ​ជ្រើសរើស​ក្រណាត់​ប៉ះចំ​គុណភាព​អន់​ដែល​ពេល​បោក​ទឹក​រួច​បណ្តាល​ឲ្យ​រួញ​ ​បាត់​សម្រុង​ ​និង​រីក​ទំហំ​ជាដើម​។​

          ​ឃើញថា​ផលិតផល​ម៉ាក​ ​តស៊ូ​ ​បាន​ផ្តោត​ប្រើប្រាស់​ធនធាន​ទៅលើ​ប្រភេទ​ក្រណាត់​គូ​តុង​ ​ឬ​យើង​ហៅថា​ក្រណាត់​យឺត​ ​មាន​សម្លៀកបំពាក់​សម្រាប់​បុរស​នារី​វ័យ​ចាប់ពី​ ​២០ឆ្នាំ​ ​ដល់​ ​៦០ឆ្នាំ​ ​ក្នុង​នោះ​មាន​ផលិតផល​ដូចជា​កាបូបយួរ​ស្មា​ ​អាវយឺត​ ​អាវវៀលក្លៀក​ ​រ៉ូប​ ​និង​ក្រណាត់​សេសសល់​កាត់​ធ្វើជា​ខោក្នុង​ផង​ដែរ​។​ ​សាមញ្ញ​ងាយស្រួល​ ​ប៉ុន្តែ​ទាន់សម័យ​បាន​គ្រប់​ជំនាន់​មិន​ចេះ​ជិនណាយ​ ​គឺជា​ស្ទីល​របស់​ ​តស៊ូ​ ​ជាក់ស្តែង​ពី​ម៉ូដ​មួយ​ទៅ​ម៉ូដ​មួយ​សង្កេតឃើញ​ថា​ថ្វី​ដ្បិត​មើលទៅ​ម៉ូដ​បែប​លា​តៗ​សាមញ្ញ​និយម​ប៉ុន្តែ​បង្កប់​នូវ​ភាព​ស្រស់​ស្អាត​ស៊ីវិល័យ​ទាក់ទាញ​មិនធម្មតា​ឡើយ​។​ ​ចំពោះ​ការ​ចេញ​ម៉ូដ​នេះ​ដែរ​ ​តស៊ូ​ ​រមែង​បញ្ចេញ​ខូ​ឡិក​ហ្សិន​ថ្មី​រៀងរាល់​ ​៨សប្តាហ៍​ម្តង​ ​ដោយមាន​ការចូលរួម​ច្នៃ​ម៉ូដ​ជា​ក្រុម​ ​និង​សម្រេច​ចុងក្រោយ​ដោយ​បងស្រី​គន្ធា​ផ្ទាល់​។​ ​ដោយសារ​ ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ជាមួយ​ប្រភេទ​សាច់ក្រណាត់​ល្អ​ ​ម៉ូដ​ស្រស់​ស្អាត​ ​និង​ថ្នេរ​ស្មើ​មាំ​ល្អ​ ​សម្លៀកបំពាក់​ម៉ាក​ ​តស៊ូ​ ​មានការ​ចាប់អារម្មណ៍​បញ្ជាទិញ​យ៉ាងច្រើន​មិនថា​នៅ​ហាង​លក់​ ​ឬ​តាម​អន​ឡាន​ឡើយ​ ​ដែល​សំខាន់​សុទ្ធសឹង​ជា​ភ្ញៀវ​បរទេស​។​ ​លើស​ពីនេះ​តស៊ូ​ក៏​មាន​ស្តុក​សម្រាប់​ចែកចាយ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។​ ​បុគ្គលិក​ក្រុម​កាត់​ ​ក្រុម​ដេរ​ ​ក្រុម​ត្រួតពិនិត្យ​គុណភាព​ ​និង​ក្រុម​លក់​ ​សរុបគ្នា​ប្រមាណ២០នាក់​សុទ្ធតែ​ជា​ស្ត្រី​ ​ក្នុង​មួយ​ខែៗ​តស៊ូ​អាច​ផលិត​សម្លៀកបំពាក់​បាន​យ៉ាងតិច​ ​២០០០​ ​អាវ​ ​និង​លក់​បាន​មិន​តិច​ជាង​ ​១៥០០អាវ​ឡើង​នេះ​គឺជា​ចំនួន​អតិបរមា​មួយ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​សក្តា​នុ​ពល​នៃ​ការ​រីកចម្រើន​របស់​តស៊ូ​ដែល​កើត​ចេញពី​ម៉ាស៊ីនដេរ​មួយ​ក្នុង​បន្ទប់​ជួល​រហូតដល់​បើក​ជា​អាជីវកម្ម​ក្រុមហ៊ុន​ម៉ាក​សម្លៀកបំពាក់​ផ្លូវការ​ក្រោម​ស្លាក​សញ្ញា​ ​MOV​ ​KUNTHEA​ ​HANNA​ ​GUY​ ​GENERAL​ ​PARTNERSHIP​ ​ក្នុងរយៈពេល​ជាង១០ឆ្នាំនេះ​។​

          បច្ចុប្បន្ន​ ​កន្លែង​ផលិត​ ​និង​ហាង​លក់​ ​របស់​តស៊ូ​ ​មាន​ទីតាំង​ដូច​បាន​ជម្រាប​នៅ​ខាងដើម​ ​ចំណែក​តម្លៃ​សម្លៀកបំពាក់​គឺ​ចាប់ពី​ ​១០ដុល្លារ​ដល់​ ​២៥ដុល្លារ​ ​ដូច្នេះ​សម្រាប់​អ្នកមាន​បំណង​ចង់​ជាវ​អាច​ឆ្ពោះទៅ​ដល់កន្លែង​ផលិត​ផ្ទាល់​ឬក៏​បញ្ជាទិញ​តាម​រយៈ​វេ​ប​សាយ​ ​www.dorsu.org​ ​។​ ​ ​ជាចុងក្រោយ​ ​សហ​ស្ថាបនិក​ ​ម៉ូវ​ ​គន្ធា​ ​ក៏បាន​បង្ហើប​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​ ​«​ខ្ញុំ​ចង់​មាន​កន្លែង​ផ្ទាល់ខ្លួន​មួយ​មាន​ទីធ្លា​ធំ​អាច​ដាំ​ដើមឈើ​ជុំវិញ​ផ្តល់​បរិស្ថាន​ល្អ​ដល់​បុគ្គលិក​ ​ពិសេស​មាន​កន្លែង​សម្រាប់​មើ​លក្មេងៗ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ដល់​បុគ្គ​លិ​ក​ស្រី​ៗ​មក​ធ្វើការ​នៅ​ទីនេះ​៕​ ​

Article ​by​ ​HEM SOKKHIM​


SUGGESTIONS