×

ការ​គេង​មិន​ឆ្អែត​មិនមែន​ជា​ទំ​លាប់​នោះ​ទេ​ ​ក៏ប៉ុន្តែ​វា​ជា​អាការៈ​មួយ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​

TRAVEL & LIVING 5 years ago
 
 

          តើ​អ្នក​ធ្លាប់​សង្កេតឃើញ​ថា​ ​ទោះ​អ្នកទទួល​ទាន​ដំណេក​ច្រើន​ប៉ុណ្ណា​ ​ក៏​នៅតែ​មាន​អារម្មណ៍​ថា​គេង​មិន​ឆ្អែត​ដែរ​ទេ​?​ ​ឬក៏​ធ្លាប់​សង្កេតឃើញ​ថា​ ​អ្នកជា​មនុស្ស​ឆាប់​ងងុយ​ ​អាច​គេង​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​មិនថា​កន្លែង​ធ្វើការ​ ​លើ​កៅអី​ ​នៅលើរថយន្ត​ក្រុង​ ​ឬនៅ​កន្លែង​ផ្សេង​ក្រៅពី​បន្ទប់គេង​ផ្ទាល់ខ្លួន​?​ ​តើ​អ្នក​ធ្លាប់​យល់ឃើញ​ថា​បន្ទាប់ពី​គេងលក់​ពេញ​មួយ​យប់​ ​ប៉ុន្តែ​អ្នក​នៅតែ​មាន​អារម្មណ៍​ថា​ងងុយ​នៅពេល​ព្រឹក​ ​ហើយ​មិន​ចង់​ក្រោក​?​ ​តើ​អ្នក​ធ្លាប់​សង្កេត​ទេ​ថា​ ​បើ​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ទោះ​អ្នក​គេងលក់​យូរ​យ៉ាងណា​ ​ក៏​រង្វង់ភ្នែក​របស់​អ្នក​នៅតែ​ស្លក់​ខ្មៅ​ ​ដូច​មនុស្ស​មិនបាន​គេង​ ​ហើយ​រក​កម្លាំងកំហែង​គ្មាន​?​

​          បើសិនជា​អ្នកមាន​អាការៈ​បែបនេះ​ ​មានន័យថា​ ​អ្នក​កំពុង​មាន​អាការៈ​ម្យ៉ាង​ ​ដែល​បណ្តាល​ឲ្យ​អ្នក​គេង​មិន​ឆ្អែត​ឬ​ ​តាមពិត​ទៅ​គឺជា​ការ​គេងលក់​មិន​ស្កប់ស្កល់​ ​ដែល​ភាសាអង់គ្លេស​ហៅថា​ ​hypersomnia​។​ ​មនុស្ស​ច្រើនណាស់​ ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គេងលក់​មិន​ស្កប់ស្កល់​ ​ប៉ុន្តែ​យើង​បែរជា​យល់ថា​វា​កើតឡើង​ដោយសារ​អស់កម្លាំង​ពេក​។​ ​ជាក់ស្តែង​ ​អាការៈ​គេង​មិន​ស្កប់ស្កល់​ក៏អាច​កើតឡើង​ផង​ដែរ​ ​បើសិនជា​អ្នកជា​មនុស្ស​ដែល​ត្រូវ​ធ្វើការ​ប្រើ​ខួរក្បាល​ច្រើន​ ​ឬ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ពេលវេលា​តានតឹង​ ​ស្មុគស្មាញ​ក្នុង​បញ្ហា​ ​ដែល​បណ្តាល​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​។​ ​បុគ្គលិក​ក្រុមហ៊ុន​ ​និង​សិស្សានុសិស្ស​ក្នុង​ដំណាក់កាល​ខំ​សិក្សា​ខ្លាំង​ក៏​កំពុង​ប្រឈម​នឹង​អាការៈ​ទាំងនេះ​ដែរ​។​ ​ហើយ​វា​កើតឡើង​ផង​ដែរ​ ​ចំពោះ​អ្នក​ដែល​ស្រ្​តេ​សក្នុង​ការងារ​ខ្លាំងពេក​។​ ​គេហទំព័រ​ ​Webmd​ ​បាន​ស្រង់​តួលេខ​ពី​ ​National​ ​Sleep​ ​Foundation​ ​ថា​ ​យ៉ាងហោចណាស់​មនុស្ស​ចំនួន​ ​៤០ភាគរយ​កំពុង​រស់នៅ​ស្ថិត​ក្រោម​បញ្ហា​ ​គេង​មិន​ឆ្អែត​ ​ឬ​គេង​មិន​ស្កប់ស្កល់​នេះ​។​ ​

​          ​ក​ត្តា​ធំៗ​មួយចំនួន​ ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​គេង​មិន​ឆ្អែត​មាន​ដូចជា​៖​
​១​.​ ​ភាព​ងក់​ងុយ​នៅពេល​ថ្ងៃ​ ​និង​ការ​លំបាក​ដកដង្ហើម​នៅពេល​កំពុង​គេង​
​២​.​ ​គេងលក់​មិន​គ្រប់គ្រាន់​នៅពេល​យប់​
៣​.​ ​លើស​ទម្ងន់​
៤​.​ ​ញៀន​គ្រឿងស្រវឹង​ ​ឬ​គ្រឿងញៀន​
៥​.​ ​ធ្លាប់​មាន​បញ្ហា​ប៉ះទង្គិច​ត្រង់​ក្បាល​ ​ឬ​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​
​៦​.​ ​អាការៈ​ឆ្លង​តំណរ​ពូជ​ពី​សាច់ញាតិ​បងប្អូន​
​៧​.​ ​មាន​ជំងឺ​បាក់ទឹកចិត្ត​

​          គេង​មិន​ឆ្អែត​ ​ជាក់ស្តែង​ជា​ការ​រំខាន​ធំ​មួយ​សម្រាប់​អ្នក​ដែល​ត្រូវ​បំពេញការងារ​ប្រចាំថ្ងៃ​។​ ​គេង​មិន​ឆ្អែត​នាំឲ្យ​បាត់បង់​ស្មារតី​ក្នុង​ការ​គិត​ ​ហើយនិង​អស់កម្លាំង​កំហែង​ក្នុង​ខ្លួន​។​ ​ជាក់ស្តែង​វា​អាច​ជា​កត្តា​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត​។​ ​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​មានប្រសិទ្ធភាព​ក្នុងករណី​ដែល​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ងងុយគេង​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​រហូត​មានការ​សង្ស័យ​ ​ចូរ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​រៀបរាប់​ពី​អាការៈ​ជំងឺ​របស់​អ្នកឲ្យ​អ្នកជំនាញ​ធ្វើការ​វិនិច្ឆ័យ​។​ ​ការ​តាមដាន​និង​ស៊ើបសួរ​ពី​ទម្លាប់​ការ​គេង​របស់​អ្នក​ ​និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ ​នឹងអាច​ធ្វើឲ្យ​គ្រូពេទ្យ​សន្និដ្ឋាន​អាការៈ​ប្រាកដ​របស់​អ្នក​បាន​ងាយស្រួល​។​ ​គ្រូពេទ្យ​អាច​នឹង​ស្នើរ​សុំ​ពិនិត្យ​ឈាម​ ​ធ្វើការ​ស្កេន​ ​(​CT​ ​scan​)​ ​និង​ធ្វើតេស្ត​ការ​គេង​របស់​អ្នកជា​ដើម​។​ ​

​          ការ​ព្យាបាល​អាការៈ​គេង​មិន​ឆ្អែត​មាន​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​ទៅតាម​ករណី​ដែល​កើតឡើង​ចំពោះ​អ្នកជំងឺ​ម្នា​ក់ៗ​។​ ​អ្នកខ្លះ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ​ឬ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​។​ ​គេង​មិន​ឆ្អែត​អាចម​ក​ពី​ពិបាក​ដកដង្ហើម​ ​ដូច្នេះ​វា​អាច​ទាក់ទង​នឹង​បរិយាកាស​នៅក្នុង​បន្ទប់គេង​។​ ​ក្នុងករណី​មួយចំនួន​ ​អ្នក​ដែល​មាន​អាការៈ​គេង​មិន​ស្កប់ស្កល់​ឬ​គេង​មិន​ឆ្អែត​ ​គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ក្នុង​ទម្លាប់​រស់នៅ​ ​ដូចជា​គេង​នៅពេល​ថ្ងៃ​ច្រើនពេក​ ​ចូលចិត្ត​ចូលគេង​យប់ជ្រៅ​ពេក​ ​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​ឬ​អាហារ​ផ្ទុក​សារធាតុ​កា​ហ្វេ​អ៊ី​ន​ជាដើម​។​ ​ដោយ​គ្រាន់តែ​កាត់បន្ថយ​ឬ​បញ្ឈប់​ទម្លាប់​មិន​ត្រឹមត្រូវ​ទាំងនោះ​ជាបន្ទាន់​ ​អ្នក​នឹងអាច​មើលឃើញ​លទ្ធផលជាក់​ស្តែង​ពី​អារម្មណ៍​ក្រោយពេល​គេងលក់​ស្កប់ស្កល់​។​ ​ប៉ុន្តែ​បើសិនជា​អ្នក​នៅតែ​បន្ត​គេង​មិន​ឆ្អែត​ ​ឬ​គេង​មិន​ស្កប់​ ​នោះ​អាចម​ក​ពី​បញ្ហា​ខួរក្បាល​ ​ឬ​បញ្ហា​តំណពូជ​ ​ដែល​ទាមទារ​ការពិនិត្យ​ពី​អ្នកជំនាញ​៕​

​Article​ ​by​ ​VA​ ​SONYKA​


SUGGESTIONS