×

អ​បិយ​ជំនឿ​នៃ​ថ្ងៃ​សែន​ក្បាលទឹក​និង​ត្រណម​ដែល​ជនជាតិ​ចិន​មិន​គួរ​ធ្វើ​

TRAVEL & LIVING 5 years ago
 
 

          ​ថ្ងៃស្អែក​នេះ​គឺជា​ថ្ងៃ​សែន​ក្បាលទឹក​របស់​បងប្អូន​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​ ​និង​វៀតណាម​ដែលគេ​ត្រូវ​រៀបចំ​សំណែន​ ​ជូន​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​ហើយ​។​ ​ស្រដៀងគ្នា​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​ខ្មែរយើង​ ​ដែរ​ ​ពិធី​នេះ​គឺ​គេ​ធ្វើឡើង​ដើម្បី​សែន​នូវ​សំណែន​ជូន​ដល់​ដូនតា​របស់​គេ​ដែល​បាន​លាចាក​ ​ហើយ​គេ​ជឿ​ថា​នៅ​ថ្ងៃទី​ ​១៥​ ​ខែ៧​ ​ក្នុង​ប្រតិទិន​ចិន​ជា​រៀងរាល់​ឆ្នាំនេះ​ ​គឺជា​ពេលវេលា​ដែល​ខ្មោច​ត្រូវ​ចេញ​ ​ដូច្នេះ​គេ​តែងតែមាន​ការ​ប្រុងប្រយ័ត្ន​និង​ឆ្លៀតឱកាស​ដើម្បី​សែន​ជូន​ដល់​ដូនតា​គេ​តែម្ដង​។​ ​តាមធម្មតា​ ​សម្រាប់​ជនជាតិ​ចិន​ដែល​មាន​ជីវភាព​ធូរធារ​គេ​តែង​សែនព្រេន​ចំនួន​ពីរ​ដង​ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​នេះ​ ​ពោល​គឺ​ម្តង​នៅពេល​ថ្ងៃ​គេ​សែន​ជា​តង្វាយ​សម្រាប់​ញាតកា​និង​កុងម៉ា​ ​ជីដូនជីតា​ ​។​ ​ជំនឿ​ក្នុង​ការ​សែនព្រេន​តែង​មាន​របៀប​និង​ពេលវេលា​ត្រឹមត្រូវ​ ​ដោយ​គេ​សែន​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ផុត​ម៉ោងដប់​ពីរ​ថ្ងៃត្រង់​ឡើយ​ ​ហើយ​ប្រសិនបើ​អ្នក​រវល់​ពេលព្រឹក​ ​គេ​អាច​សែន​ពេលថ្ងៃ​បាន​ដោយ​គិត​ចាប់ពី​ម៉ោង​បី​រសៀល​តទៅ​។​ ​សម្រាប់​អ្នក​សែន​ពេលព្រឹក​គេ​អាច​សែន​ម្តង​ទៀត​នៅពេល​ល្ងាច​ដោយ​គេ​រៀប​សំណែន​ដាក់​ផ្ទាល់​នឹង​ឥដ្ឋ​នៅ​ជាន់ផ្ទាល់ដី​ក្បែរ​មាត់ទ្វារ​ផ្ទះ​ហើយ​ជើងធូប​ ​ត្រូវ​បែរចេញ​ទៅក្រៅ​ផ្ទះ​ ​និង​បើកទ្វារ​ផ្ទះ​ចោល​ ​គឺ​ដើម្បី​ផ្តល់​សំណែន​ដល់​ខ្មោច​អាណា​ថាតាម​ចិញ្ចើម​ផ្លូវ​។​ ​ក្នុង​ជំនឿ​ជនជាតិ​ចិន​ ​ខែ៧នេះ​គឺជា​ខែ​ខ្មោច​ ​ដូច្នេះ​គេ​តែងតែមាន​ត្រណម​ខ្លះ​ហាម​មិន​ត្រូវឲ្យ​ធ្វើ​ ​ព្រោះ​ខ្លាចក្រែង​មានហេតុ​មិនល្អ​។​ ​គេហទំព័រ​ហុងស៊ុយ​ដ៏​ល្បី​ ​«​ ​fengshuibeginner​»​ ​បាន​ប្រាប់​ពី​ត្រណម​និង​រឿង​ដែល​ជនជាតិ​ចិន​មិន​គួរ​ធ្វើ​ដូចតទៅ​៖​ ​

​១​.​ ​មិន​គួរ​ចេញទៅ​ក្រៅ​យប់​ៗ​ពេក​ ​ព្រោះ​ខ្លាចក្រែង​មានព្រលឹង​ខ្មោច​តាម​មកដល់​ផ្ទះ​
​២​.​ ​ពេល​ហូបបាយ​ ​មិន​ត្រូវ​ដោត​ចង្កឹះ​បញ្ឈរ​ចោល​នៅក្នុង​ចាន​ ​ព្រោះ​វា​ជា​កាយវិការ​មិន​សមគួរ​ ​និង​ម្យ៉ាង​នៅពេល​សែន​ក្បាលទឹក​ ​ខ្មោច​​ទាំងឡាយ​អាច​ច្រឡំ​ថា​ជា​ធូប​ ​ហើយ​គិតថា​ជា​ចានបាយ​សំណែន​របស់​ពួកគេ​។​
​៣​.​ ​ចូរ​កុំ​ថតរូប​នៅពេល​យប់​ព្រោះ​ខ្លាចក្រែង​ថត​ជាប់​របស់​ផ្សេង​ដែល​មិនល្អ​
​៤​.​ ​ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃ​សែន​ក្បាលទឹក​ ​ចូរ​កុំ​ធ្វើ​កម្មវិធី​ខួបកំណើត​នៅពេល​យប់​ ​គួរតែ​ធ្វើ​នៅពេល​ថ្ងៃ​វិញ​
​៥​.​ ​សូមកុំ​បើក​ឆត្រ​នៅក្នុង​ផ្ទះ​ ​ពិសេស​គឺ​ឆត្រ​ពណ៌ក្រហម​ ​ព្រោះ​ព្រលឹង​ខ្មោច​អាច​នឹង​ជ្រកនៅ​ក្នុង​នោះ​ដែរ​
​៦​.​ ​ចូរ​កុំ​សូវ​ធ្វើការ​ដល់​យប់ជ្រៅ​ពេក​ ​ព្រោះ​អាច​ធ្វើឲ្យ​អ្នក​ចុះ​កម្លាំង​ ​ដូច្នេះ​អាច​ធ្វើឲ្យ​ព្រលឹង​ខ្មោច​ងាយ​ចូល​សណ្ឋិត​បាន​
​៧​.​ ​សូមកុំ​ព្យាយាម​បិត​បាំង​ថ្ងាស​ ​និង​ងើបមុខ​ឡើង​
​៨​.​ ​កុំ​លេង​ល្បែង​ផ្សេង​ៗ​ ​ដែល​អាច​ទាក់ទាញ​ព្រលឹង​ខ្មោច​
​៩​.​ ​ចូរ​កុំ​ជិះឡាន​ក្រុង​នៅពេល​អធ្រាត្រ​ ​ពិសេស​គឺ​ក្រោយពេល​ដែល​ផុត​ម៉ោង​ផ្ដល់​សេវា​
​១០​.​ ​កុំ​ប្រើ​គ្រឿងសម្អាង​ពណ៌ខ្មៅ​ ​ពិសេស​ថ្នាំលាប​ក្រចក​ពណ៌ខ្មៅ​ ​ព្រោះ​ខ្មោច​នឹង​គិតថា​អ្នកជា​គ្នា​របស់​គេ​
​១១​.​ ​មិន​ត្រូវ​ញើសសំបោរ​នៅ​ទី​សាធារណៈ​ ​ឬ​ដើមឈើ​នានា​ឡើយ​ ​ព្រោះ​អាច​ប៉ះ​ដល់​ព្រលឹង​ខ្មោច​
​១២​.​ ​ហាមមិនឲ្យ​ផ្អែក​ខ្លួន​លើ​ជញ្ជាំង​ក្នុង​ខែ​នេះ​ឡើយ​ ​ព្រោះ​ព្រលឹង​ខ្មោចចូល​ចិត្ត​នៅ​លើ​ជញ្ជាំង​ដែល​ត្រជាក់​ជាង​កន្លែង​ផ្សេង​
​១៣​.​ ​មិន​គួរ​ទៅ​ផ្នូរខ្មោច​ ​ឬ​កន្លែង​ដែលគេ​បោះបង់ចោល​ឡើយ​ ​ព្រោះ​ព្រលឹង​ខ្មោច​អាច​នឹង​តាម​អ្នក​មកវិញ​
​១៤​.​ ​នៅពេល​នរណា​ម្នាក់​គោះ​ខ្នង​ ​សូមកុំ​បែរ​ក្បាល​ ​។​ ​តាម​ជំនឿ​ ​មនុស្ស​នៅ​រស់​ ​មាន​ភ្លើង​ការពារ​ ​នៅ​ស្មា​ទាំងសងខាង​។​ ប្រសិន​បើ​​ខ្មោច​​គោះ​ខ្នង​អ្នក​ ​ហើយ​អ្នក​បែរ​តែ​ក្បាល​ ​នឹង​ធ្វើឲ្យ​ភ្លើង​នោះ​រលត់​ ​លែង​មាន​អ្វី​ការពារ​។​ ​ដូច្នេះ​ប្រសិនបើ​មាន​គេ​គោះ​ខ្នង​ ​គួរតែ​បែរ​ខ្លួន​ទាំងអស់​ ​ជំនួស​ឲ្យ​ការ​បែរ​ងាក​ត្រឹម​ក្បាល​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS