ជាជនមានពិការភាពមែនពិត តែអ្នកច្នៃម៉ូដ «ស សាន» មានសមត្ថភាពបង្ហាញខូឡិកហ្សិនខ្លួនដល់អាល្លឺម៉ង់
NEWS 5 years agoព្រោះតែស្រលាញ់ចូលចិត្តមើលគេដើរម៉ូដក្នុងកម្មវិធីបង្ហាញម៉ូដនានា ក៏ដូចជាមើលវីដេអូដើរម៉ូដក្នុង យូធូប ទើបជំរុញឲ្យអ្នកនាង ស សាន ដែលមានពិការភាពជើងម្ខាងពីកំណើតចង់ក្លាយជាអ្នករចនាម៉ូដសម្លៀកបំពាក់មួយរូប។ ក្តីស្រមៃនេះក៏បានក្លាយជាការពិតនៅពេលដែលអ្នកនាងបានដាក់ពាក្យជាប់អាហារូបករណ៍ចូលរៀននូវជំនាញរចនាម៉ូដសម្លៀកបំពាក់នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលការច្នៃម៉ូដសម្លៀកបំពាក់ MEDC (The Modern Ethnic Design Centre) កាលពីឆ្នាំ២០១៨។ ឆ្លងកាត់ការបណ្ដុះបណ្ដាល និងការដាក់ចិត្តដាក់កាយ ខិតខំប្រឹងប្រែងដោយខ្លួនឯងអស់រយៈពេលមួយឆ្នាំមក នៅទីបំផុត ស សាន ក៏បានសម្រេចនូវសមិទ្ធិផលដំបូងរបស់ខ្លួនដែលជាបណ្តុំ ខូឡិកហ្សិនថ្មីមួយដែលមានសម្លៀកបំពាក់ចំនួន ១១ ឈុត ហើយត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជំនាន់ទី៣ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការច្នៃម៉ូដសម្លៀកបំពាក់ MEDC កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារ Penh House and Jungle Addition ។ ដោយសារតែខ្លួនជាជនមានពិការភាពនេះហើយទើប សាន បានដាក់ឈ្មោះខូឡិកហ្សិននេះថា «Strength make you beautiful» មានន័យថា ភាពរឹងមាំ ទើបធ្វើឲ្យយើងមានភាពស្រស់ស្អាត។ ភាពរឹងមាំរបស់ សាន បានបង្កើតនូវខូឡិកហ្សិនដ៏ស្រស់ស្អាតមួយ ដែលត្រូវបានគេជ្រើសរើសយកទៅដាក់តាំងលក់នៅទីក្រុង ប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់នាខែវិច្ឆិកាខាងមុខនេះ ហើយភាពរឹងមាំនេះហើយដែល បានធ្វើឲ្យគាត់ក្លាយជាអ្នករចនាម៉ូដសម្លៀកបំពាក់ជាជនមានពិការភាពដំបូងគេបង្អស់ដែលបានធ្វើទស្សនៈកិច្ចនៅអាល្លឺម៉ង់ផងដែរ។ គួរជម្រាបផងដែរថា ក្រៅពី ស សាន ក៏នៅមានអ្នកច្នៃម៉ូដបួនរូបទៀតដែលត្រូវបានគេជ្រើសរើសយកខូឡិកហ្សិនខែរងាសម្រាប់ស្ត្រីអាល្លឺម៉ង់វ័យចាប់ពី ៤០ឆ្នាំ ទៅ ៧០ឆ្នាំ។
មានស្រុកកំណើតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ សព្វថ្ងៃ ស សានកំពុងបម្រើការនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ បើទោះបីខ្លួនជាមន្ត្រីមួយរូបធ្វើការនៅក្នុងក្រសួងក្តី តែ ស សាន នៅតែមានក្តីស្រមៃចង់ក្លាយជាអ្នករចនាម៉ូដមួយរូប និងចង់មានហាងមួយសម្រាប់តាំងលក់នូវស្នាដៃច្នៃម៉ូដរបស់ខ្លួនផងដែរ។
បើទោះបីជាយ៉ាងណាក្ដី នៅពីក្រោយការចូលរួមបង្ហាញខូឡិកហ្សិនដំបូងនេះ សាន បានបន្ថែមផងដែរពីគោលបំណងដែលចង់ចូលរួមជាមួយនឹង MEDC ថា៖ «ទីមួយខ្ញុំចង់ផ្សព្វផ្សាយនិងគាំទ្រដល់ផលិតផលខ្មែរយើងដើម្បីឲ្យជ្រាបចូលទីផ្សារអ៊ឺរ៉ុប និងទីពីរខ្ញុំចង់ បង្ហាញពីសមត្ថភាពរបស់ខ្លួនដើម្បីជម្នះនូវពាក្យដែលគេថា ពិការភាពធ្វើអីមិនកើត»។ ចូរមើលឃើញសមត្ថភាព ជាជាងពិការភាព នេះគឺជាសារមួយដែល សាន ចង់ផ្តាំផ្ញើរទៅដល់ប្រជាជនកម្ពុជាទាំងអស់កុំឲ្យរើសអើងជនពិការ។ ភាពជឿជាក់លើខ្លួនឯងក៏ជាកត្តាមួយដែលជំរុញឲ្យអ្នកច្នៃម៉ូដពិការភាពរូបនេះហ៊ានជម្នះនូវរនាំងរើសអើងនៃសង្គមជាតិ ផងដែរ។ «មនុស្សយើងម្នាក់ៗ ទាល់តែមានភាពរឹងមាំក្លាហាន ពុះពារឧបសគ្គទើបអាចផលិតចេញអ្វីមួយដោយខ្លួនឯងបានល្អ។ ខ្ញុំចង់ឃើញជនដែលមានពិការភាព មានភាពរឹងមាំ និងមានការតស៊ូ បើទោះបីជាយើងពិការក្តី ក៏ប៉ុន្តែយើងត្រូវតែចេះស្រលាញ់អ្វីដែលយើងមាន និងបង្កើតនូវអ្វីថ្មីដោយខ្លួនឯង។ កុំឲ្យបាក់ទឹកចិត្ត និង អស់សង្ឃឹម យើងត្រូវចេះមើលអ្នកដែលពិបាកជាងយើង ទើបធ្វើឲ្យយើងមានភាពរឹងមាំបាន។» ស សាន៕
Article by KEO SONG