×

រចនាប័ទ្ម​ខ្មែរ​នៃ​និមិត្តសញ្ញា​ ​«​យក្ស​»​ ​បង្ហាញ​វត្តមាន​ដំបូង​លើ​អាវយឺត​ក្នុង​ទម្រង់​លើកស្ទួយ​ ​វិស័យ​សិល្បៈ​

FASHION & BEAUTY 5 years ago
 
 

          ​តួអង្គ​យក្ស​មួយចំនួន​ដែល​តែង​បង្ហាញខ្លួន​យ៉ាងសកម្ម​នៅក្នុង​ល្ខោនខោល​ ​ល្ខោនបាសាក់​ ​ឬ​ល្ខោន​ ស្បែក​ធំ​ ​មិនមែន​សុទ្ធតែ​ជា​តួអង្គ​មាន​អ​ត្ត​ចរិ​ក​បុគ្គល​លក្ខណៈ​អាក្រក់​ទាំងអស់​ឡើយ​។​ ​ជាក់ស្តែង​​តួអង្គ​កុម្ភ​កា​ណ៍​សម្តែង​ក្នុង​រឿង​រា​មកេរ្ត៍​ត្រូវ​បាន​គេ​ដឹង​ថា​ជា​តួអង្គ​ស្មោះត្រង់​ ​និង​ស្នេហាជាតិ​ដែល​មិនព្រម​បម្រើ​ព្រះរាម​ជាដាច់ខាត​ ​បើ​ទោះបីជា​ដឹង​ថា​ខ្លួន​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើសង្គ្រាម​ក៏ដោយ​។​ ​ដោយឡែក​ ​នា​បច្ចុប្បន្ន​នេះ​ ​«​យក្ស​»​ ​ក៏​ត្រូវ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ ​និង​ឆ្លុះបញ្ចាំង​ពី​ភាព​សហសម័យ​និយម​ ​បង្កប់​ដោយ​អត្ថន័យ​ដ៏​មានខ្លឹមសារ​ ​ផ្សារភ្ជាប់​ទៅ​នឹង​ទម្រង់​ល្ខោន​ខ្មែរ​មួយចំនួន​ដែល​យុវជន​ ​យុវនារី​ជំនាន់​ក្រោយ​ពុំ​បានដឹង​ផង​ដែរ​។​

          «​យក្ស​ភ្នំពេញ​»​ ​ជា​ស្លាកយីហោ​ខ្មែរ​ដំបូង​បង្កើត​ឡើង​ពាក់កណ្តាល​ឆ្នាំ២០១៧​ ​ក្រោម​ស្ថាបនិក​ ​និង​ស្ថាបនិកា​ខ្មែរ​ពីរ​រូប​ ​លោក​ ​គិត​ ​ហុក​ឆេ​ ​និង​កញ្ញា​ ​បូរមី​ ​ម៉ុង​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​ ​បូរមី​ ​ម៉ុង​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ដោយ​ការសង្កេត​ឃើញ​យុវជន​ភាគច្រើន​តែង​និយម​រចនាប័ទ្ម​អាវយឺត​ក្រៅ​ស្រុក​ ​ច្រើនជាង​រចនាប័ទ្ម​អាវយឺត​ក្នុង​ស្រុក​ ​ដូច្នេះ​ប្រសិនបើ​ជនជាតិ​ខ្មែរ​បង្កើត​អ្វីមួយ​ដែល​ជា​រចនាប័ទ្ម​របស់​ខ្មែរ​នោះ​នឹង​មានការ​ចាប់អារម្មណ៍​ ​ក៏ដូចជា​ការ​គាំទ្រ​ច្រើន​ពីសំណាក់​មហាជន​គ្រប់រូប​ផង​ដែរ​។​ ​ហេតុនេះបានជា​ស្ថាបនិក​ ​និង​ស្ថាបនិកា​ចាប់ផ្តើម​បង្កើត​ស្លាកយីហោ​ ​«​យក្ស​ភ្នំពេញ​»​ ​នេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​អត្តសញ្ញាណ​ ​ក៏ដូចជា​បង្វែរ​អារម្មណ៍​យុវជន​ជំនាន់​ក្រោយ​ចងចាំ​នៃ​ទម្រង់​សិល្បៈ​ខ្មែរ​។​ ​កញ្ញា​ ​បូរមី​ ​ម៉ុង​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​៖​ ​«​កាល​នៅ​ពី​កុមារភាព​ ​យើង​ចាំ​បាន​ថា​ ​សម្ភារ​ដែល​មាន​ម៉ូដ​ខ្មែរ​ភាគច្រើន​ពុំសូវ​មាន​អ្នកប្រើ​ប្រាស់​ ​និង​គាំទ្រ​ប៉ុន្មាន​នោះ​ទេ​ ​ក៏​ព្រោះតែ​សម្ភារ​ទាំងនោះ​ជា​ម៉ូដ​បង្ហាញ​ប្រពៃណី​ខ្លាំង​ពេក​ចឹង​សង្វាក់​នៃ​អ្នកគាំទ្រ​នៅ​មានកម្រិត​នៅឡើយ​។​»​ ​កញ្ញា​ ​ក៏បាន​បន្ត​លើកឡើង​ ​«​ហេតុនេះ​ពួក​យើង​ក៏​រក​វិធីសាស្ត្រ​ ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្រឡាញ់​នូវ​អ្វី​ដែល​យើង​មាន​»​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​គិត​ ​ហុក​ឆេ​ ​ក៏បាន​បញ្ជាក់​ដូច្នេះ​ថា​ ​«​ទម្រង់​នៃ​សិល្បៈ​របស់​យើង​មាន​ច្រើន​ ​ហើយ​យើង​ក៏អាច​យក​អ្វី​ដែល​យើង​មាន​ទាំងនោះ​ច្នៃ​ប្រតិដ្ឋ​ទៅជា​អ្វីមួយ​ផ្សេងទៀត​ដែល​អាច​បង្ហាញ​នូវ​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ​»​។​

លោក​ ​គិត​ ​ហុក​ឆេ​ ​និង​ កញ្ញា​ ​បូរមី​ ​ម៉ុង​

          ​រំឭក​ពី​កុមារភាព​ឯណោះ​វិញ​ ​«​យក្ស​»​ ​ជា​មនុស្ស​ដែល​ ​កាច​សាហាវ​ ​ហើយ​មនុស្ស​គ្រប់រូប​មាន​ភាព​ភ័យខ្លាច​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​វា​បែរជា​ផ្សារភ្ជាប់​ទៅ​នឹង​អត្ថន័យ​នៃ​និមិត្តសញ្ញា​ ​«​យក្ស​ភ្នំពេញ​»​ ​ដ៏​មានខ្លឹមសារ​ទៅវិញ​។​ ​តាម​ការ​លើកឡើង​របស់​កញ្ញា​ ​បូរមី​ ​ម៉ុង​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​មិនមែន​យក្ស​ ​គឺ​សុទ្ធតែ​ឃោរឃៅ​ទាំងអស់​នោះ​ទេ​ ​យក្ស​ក៏​ជា​អ្នក​ដែល​មានអំណាច​ការពារ​នៅក្នុង​តំបន់​មួយ​ថែមទៀត​ផង​។​»​ ​យ៉ាងណាមិញ​ ​​«​យក្ស​ភ្នំពេញ​»​ ​បាន​បង្កើត​នូវ​ខូ​ឡិក​ហ្សិន​ថ្មី​របស់​ខ្លួន​មាន​ចំនួន៤ឈុត​មក​ហើយដែល​ខូ​ឡិក​ហ្សិន​ថ្មី​ចុងក្រោយ​ទើបតែ​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ខែ​នេះ​។​

          ​កំណើន​នៃ​ការ​គាំទ្រ​នូវ​ផលិតផល​ក្នុង​ស្រុក​ ​ការបង្កើត​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​នូវ​អ្វី​ដែល​ថ្មី​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ហើយ​ថែមទាំង​មានឈ្មោះ​ឈរ​លើ​ទីផ្សារ​អន្តរជាតិ​ស្ទើរតែ​គ្រប់​វិស័យ​ទៀតផង​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ខុសគ្នា​យ៉ាង​ដាច់​ស្រឡះ​ពីអ​តី​ត​កាល​ ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​មានកម្រិត​នៅឡើយ​៕​

​Article​ ​by​ ​PAN​ ​SIVLY​​
Image Courtesy: Yak​ ​Phnom​ ​Penh​


SUGGESTIONS