×

ហ៊ិ​ន​ ​រតនា​ ​អ្នក​បង្វឹក​សុនខ​ជនជាតិ​ខ្មែរ​ដែល​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​លំដាប់​អន្តរជាតិ​

NEWS 5 years ago
 
 

          ​ជាទូទៅ​ ​នៅ​ប្រទេស​កម្ពុជា​ ​គេ​សង្កេតឃើញ​មានការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​តាម​គ្រួសារ​ច្រើន​មិនថា​នៅ​ទី​ ​ក្រុង​ ​ឬ​ ​នៅ​តាម​ទី​ជនបទ​ចុងកាត់​មាត់ញក​នោះ​ទេ​ ​ហើយ​សត្វ​ដែលគេ​ច្រើន​ចិញ្ចឹម​ជាងគេ​នោះ​ ​គឺ​សត្វ​ឆ្កែ​ ​ឬ​ ​សុនខ​តែម្តង​ ​ព្រោះ​សត្វ​សុនខ​ជា​សត្វ​ដែល​មាន​អត្ថ​ប្រយោជន៍​ច្រើនក្រៃ​លែង​ដល់​ម្ចាស់​តួយ៉ាង​ ​ចេះចាំ​ផ្ទះ​ ​ជួយ​នាំ​ផ្លូវ​ជន​ពិការ​ភ្នែក​ ​ព្រុស​ផ្តល់​ដំណឹង​ពេល​មាន​ភ្ញៀវ​ ​ជួយ​យកអាសា​ម្ចាស់​ពេល​មាន​អាសន្ន​ ​និង​ ​ដើរតួ​ ​នាទី​ជា​មិត្ត​ដ៏​ល្អ​ ​ឬ​ ​ជាស​មា​ជិ​ក​គ្រួសារ​ម្នាក់​ដែល​អាច​ជួយ​បំបាត់​ភាព​ឯកា​ ​និង​ភាព​អផ្សុក​របស់​មនុស្ស​បាន​ ​យ៉ាង​ប្រសើរ​។​ ​ប៉ុន្តែ​មនុស្ស​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា​ច្រើនតែ​និយម​ការ​ចិញ្ចឹមសត្វ​សុនខ​តាម​បែប​ប្រពៃ​ ​ណី​ឡើយ​ ​ដោយ​ពួកគេ​ពុំ​មាន​ទទួល​បាន​នូវ​ការអប់រំ​ទាក់ទង​នឹង​វិធី​សាស្រ្ត​នៃ​ការ​ចិញ្ចឹមសត្វ​សុនខ​ឲ្យបាន​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្រ្ត​នោះ​ទេ​។​ ​លោក​ ​ហ៊ិ​ន​ ​រតនា​ ​ដែល​កូនខ្មែរ​មួយ​រូប​បាន​ធំ​ដឹងក្តី​ ​និង​ ​ទទួលការ​ ​អប់រំ​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​ ​ព្រមទាំង​ធ្លាប់​បាន​ឆ្លងកាត់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​បង្វឹក​សត្វ​សុនខ​ពី​បរទេស​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ​បាន​សុខចិត្ត​លះបង់​ពេល​ ​វេលា​និង​កម្លាំងកាយ​ចិត្ត​គ្រប់បែបយ៉ាង​ដើម្បី​ចូលរួម​ចំណែក​បណ្តុះបណ្តាល​អ្នកដទៃ​ឲ្យ​ចេះ​ស្រលាញ់​សត្វ​ ​និង​មើលថែ​ទាំ​សត្វ​ដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​។​ ​

          ​​កិត្តិនាម​របស់​លោកគ្រូ​បង្វឹក​សត្វ​សុនខ​លំដាប់ថ្នាក់​អន្តរជាតិ​ ​ហ៊ិ​ន​ ​រតនា​ ​ត្រូវ​បាន​ជ្រួតជ្រាប​សុស​ ​សាយ​ដល់​ក្រអៅបេះដូង​កូនខ្មែរ​រាប់​លាន​នាក់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​កាលពី​ឆ្នាំមុន​នេះ​ ​ក្រោយពេល​ដែល​លោក​បាន​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​កាលពី​ថ្ងៃទី២៥​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៨​ ​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​រាជធានី​ភ្នំពេញ​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​វះកាត់​ ​ព្យាបាល​នៅ​ឯ​បរទេស​។​ ​នៅពេល​នោះ​ឯង​ដែល​ជីវប្រវត្តិ​ការងារ​របស់​លោក​ត្រូវ​បាន​លាតត្រដាង​ផ្ទុះឡើង​ ​ហើយ​ត្រូវ​បាន​មហាជន​ចែករំលែក​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម​រហូតដល់​មាន​គេ​បង្កើត​មូលនិធិ​ ​រៃអង្គាស​ថវិកា​ជួយ​សង្រ្គោះ​រូបលោក​រហូត​ជាសះស្បើយ​បាន​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​និង​បន្ត​អាជីព​ ​ដែល​លោក​ស្រឡាញ់​ដល់​សព្វថ្ងៃ​នេះ​។​ ​ប្រជាជន​ដែល​គាំទ្រ​លោក​តែងតែ​ហៅ​លោក​ថា​ ​The​ ​Khmer​ ​Dog​ ​Whisperer​ ​ដែល​មានន័យ​ជា​ភាសាខ្មែរ​ថា​ ​“​ជនជាតិ​ខ្មែរ​អ្នក​បង្ហើប​អំពី​សត្វ​សុនខ​”​។​ ​

          ​លោក​ ​ហ៊ិ​ន​ ​រតនា​ ​បាន​រៀបរាប់​ប្រាប់​ ​សូ​វរីន​ ​ថា​ ​លោក​មាន​ប្រភព​កំណើត​ចេញពី​ខេត្តបាត់ដំបង​។​ ​លុះដល់​អាយុប្រមាណ៨​-​៩ឆ្នាំ​ ​លោក​ត្រូវ​បាន​គ្រួសារ​ផ្លាស់ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ ​ជាច្រើន​ទសវត្សរ៍​ ​រហូត​បញ្ចប់​ការសិក្សា​ជំនាញ​ចិត្តវិទ្យា​នៅ​ទីនោះ​។​ ​ក្រោយមក​ ​លោក​ទទួល​បានការ​ងារ​ ​មួយ​ទាក់ទង​នឹង​ផ្នែក​ព័ត៌មាន​វិទ្យា​ ​ប៉ុន្តែ​ដោយ​លោក​មិន​សប្បាយចិត្ត​នឹង​ការងារ​នោះ​ ​ហើយដោយ​លោក​ចាប់​ ​អារម្មណ៍​នឹង​សត្វ​សុនខ​របស់​អ្នកដទៃ​ដែល​ទទួល​បាន​នូវ​ការ​បង្ហាត់​ល្អ​ពី​ម្ចាស់​របស់​វា​ ​លោក​ក៏​ងាក​មក​ស្រវា​ចាប់​យក​ឱកាស​ការងារ​ជា​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ដោយ​មិន​ទទួល​បាន​ប្រាក់ខែ​ក្នុង​អង្គការ​មួយ​ដែល​ធ្វើការ​ទាក់​ ​ទង​នឹង​សត្វ​សុនខ​បម្រើ​ជន​ពិការ​អស់​រយៈពេល​ពីរ​ឆ្នាំ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​បាន​បញ្ជាក់​ថា​ ​“​ពេល​ខ្ញុំ​នៅ​ ​តូច​ ​ខ្ញុំ​ស្រឡាញ់​ឆ្កែ​ ​ពេល​យើង​ឃើញ​គេ​បង្វឹក​ឆ្កែ​ ​យើង​ចង់​ធ្វើ​ដូច​គេ​អ៊ីចឹង​!​ ​យើង​ឆ្ងល់​ថាម៉េច​ម្នាក់​ហ្នឹង​បញ្ជា​ ​ឆ្កែ​បាន​ល្អ​ម្ល៉េះ​?​ ​ខ្ញុំ​ចង់​ធ្វើតាម​គេ​ ​[​…​]​”​ ​។​ ​នៅក្នុង​អំឡុង​ពេល​នោះ​ ​លោក​បាន​សិក្សា​ផ្តោត​លើ​ការសង្កេត​ ​អត្តចរិត​សត្វ​សុនខ​ជាទូទៅ​ ​និង​សាកល្បង​សមត្ថភាព​របស់​ពួកវា​ដោយ​ផ្អែកលើ​ការ​ប្រលង​ចំនួន​បី​វិញ្ញាសា​ ​សំ​ខាន់​ៗ​ថា​តើ​សុនខ​នោះ​អាច​ទទួលការ​បង្វឹក​កើត​ឬ​អត់​។​ ​បន្ទាប់មក​ទៀត​ ​លោក​បានសម្រេច​ចិត្ត​ទៅ​បន្ត​ការសិក្សា​ជំនាញ​បង្វឹក​សត្វ​សុនខ​នេះ​នៅ​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ ​ប្រទេស​ ​សិង្ហបុរី​បន្ថែម​។​ ​នៅ​ទីនោះ​ ​លោក​ ​បាន​សិក្សា​ជំនាញ​បង្វឹក​សត្វ​សុនខ​ស៊ើបអង្កេត​និង​ជួយ​សង្រ្គោះ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​បច្ចេកទេស​ ​ថា​ ​Search​ ​And​ ​Rescue​ ​(​SAR​)​ ​។

          ​នៅពេល​ប្រឡូក​ស៊ីជម្រៅ​ក្នុង​អាជីព​នេះ​ ​លោក​សង្កេតឃើញ​ថា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​សម្រាប់​អ្នក​ ​បង្វឹក​សត្វ​សុនខ​នោះ​គឺ​ការសិក្សា​ឈ្វេងយល់​អំពី​អត្ត​ចរិត​ផ្សេង​ៗ​គ្នា​របស់​សត្វ​សុនខ​នី​មួយ​ៗ​ព្រោះ​សត្វ​សុនខ​ ​ទាំងអស់​មាន​អត្តចរិត​មិន​ដូចគ្នា​ទេ​ ​មិន​ខុសគ្នា​ពី​ការ​មើលថែ​ទាំ​កុមារ​នោះ​ទេ​។​ ​លោក​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​កង្វះ​ការយល់​ដឹង​របស់​ម្ចាស់​សុនខ​ស្តី​ពីអ​ត្ត​ចរិត​សត្វ​សុនខ​នោះ​ឯង​។​ ​ដូចនេះ​ ​ដើម្បី​បង្វឹក​សត្វ​សុនខ​បាន​ល្អ​ ​មនុស្ស​និង​សុនខ​ត្រូវ​រៀន​សម្របសម្រួល​គ្នា​ ​យល់​ពី​តម្រូវការ​របស់​ ​សត្វ​សុនខ​។​ ​ក្នុងនាម​ជា​អ្នក​អាជីព​ ​លោក​បាន​អះអាង​ថា​ ​តាមពិត​ ​សត្វ​សុនខ​ជា​មាន​ភាព​វ័យ​ឆ្លាត​ ​វា​មិនមែន​ ​រៀន​តាមរយៈ​ភាសា​និយាយ​ ​(​ឧទាហរណ៍​ ​ភាសាអង់គ្លេស​ ​ខ្មែរ​ ​ចិន​)​ ​របស់​ម្ចាស់​របស់​វា​ទេ​ ​ប៉ុន្តែ​វា​យល់​ពី​សម្លេង​ ​និង​ ​កាយវិការ​របស់​ម្ចាស់​វា​ដែល​ធ្វើ​មក​លើ​វា​។​ ​ទន្ទឹម​នឹង​នេះ​ ​វា​អាច​ចាំ​ក្លិន​ ​និង​ ​ដឹង​សម្លេង​យានយន្ត​ ​របស់​ម្ចាស់​បាន​យ៉ាង​ប្រសើរ​ថែមទៀត​ផង​។​ ​លោក​មាន​មោទនភាព​ចំពោះ​ការងារ​របស់​លោក​បំផុត​នៅពេល​ ​ដែល​លោក​បង្រៀន​ទទួល​បាន​ជោគជ័យ​ ​គឺ​មនុស្ស​និង​សត្វ​ដែល​ពីមុន​មក​មិន​ចុះសម្រុង​គ្នា​អាច​ប្រែ​មក​យល់​ ​គ្នា​បាន​ល្អ​។​ ​

          ​ដោយឡែក​ ​លោក​បាន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ​ហើយ​ ​ហើយ​ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ​លោក​បាន​មើលឃើញ​ថា​ ​កាលពី៥ឆ្នាំមុន​នោះ​ ​មានតែ​ជនជាតិ​បរទេស​ដើរ​ ​បង្ហាត់​សុនខ​តាម​ផ្ទះ​ខ្លះ​ៗ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការ​បង្វឹក​សត្វ​សុនខ​នៅ​កម្ពុជា​ជាទូទៅ​នៅ​មិនទាន់​ពេញនិយម​ទូលំ​ ​ទូលាយ​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ក្រោយមក​ ​ចាប់តាំងពី​ឆ្នាំ២០១៥​ ​ចលនា​នេះ​ចាប់ផ្តើម​ទទួល​បាន​នូវ​ការ​ពេញ​ ​និយម​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាជន​ក្នុង​ស្រុក​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​លោក​ក៏បាន​ ​ជួយ​បើក​វគ្គ​បណ្តុះបណ្តាល​បង្វឹក​សត្វ​សុនខ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ជាច្រើនលើក​ច្រើនសា​ផង​ដែរ​ ​ហើយ​បើ​ ​សរុប​មកដល់​សព្វថ្ងៃ​ ​ចំនួន​សិក្ខាកាម​ដែល​ធ្លាប់​មក​សិក្សា​វគ្គ​បណ្តុះបណ្តាល​ពី​លោក​ចូល​ខ្ទង់រយ​នាក់​ទៅ​ ​ហើយ​។​ ​ចំពោះ​ចំនួន​សត្វ​សុនខ​ដែល​លោក​ធ្លាប់​បាន​បង្វឹក​អស់​រយៈពេល១៥ឆ្នាំ​តាំងពី​លោក​ប្រឡូក​ក្នុង​ ​វិស័យ​នេះ​ដំបូង​គឺ​មាន​ចំនួន​រហូត៣០០ក្បាល​ហើយ​។​ ​លើស​ពីនេះ​ទៅទៀត​ ​លោក​ក៏​ជា​សហ​ស្ថាបនិក​ក្រុម​ ​ស្រលាញ់​សត្វ​និង​ចូលចិត្ត​អាណិត​ឆ្កែ​គ្រប់​ប្រភេទ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៧​ ​ហើយ​ទទួល​បាន​ ​ចំនួន​សមាជិក​កើនឡើង​រហូត​ជាង៧ម៉ឺន​នាក់​។​ ​លោក​ក៏​ធ្លាប់​បង្កើត​ព្រឹត្តិ​ការណ៍​សង្គម​ដើម្បី​បង្កើត​ឱកាស​ឲ្យ​ក្រុម​អ្នក​ស្រលាញ់​សត្វ​សុនខ​បាន​ជួបជុំ​ប្រាស្រ័យ​ទាក់ទងគ្នា​ចែករំលែក​ក្តី​ស្រលាញ់​និង​បទពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​ថែទាំ​សត្វ​ទៅវិញទៅមក​ដោយមាន​ការចូលរួម​ពី​មហាជន​ជាច្រើន​កុះករ​។​

          ​​ទោះបីជា​យ៉ាង​ក្តី​ ​ក៏​លោក​នៅតែ​សម្តែង​ការ​ព្រួញ​បារម្ភ​ចំពោះ​បញ្ហា​ការ​ចិញ្ចឹមសត្វ​សុនខ​នៅ​កម្ពុជា​ ​ដដែល​ ​ព្រោះ​ម្ចាស់​សុនខ​នៅ​កម្ពុជា​ច្រើនតែ​និយម​ការ​ចិញ្ចឹម​តាម​បែប​វិធី​សាស្រ្ត​បុរាណ​ដោយមាន​ប្រើ​ហិង្សា​ ​វាយដំ​លើ​សត្វ​ ​តែ​លោក​អះអាង​ថា​ ​ការប្រើ​ហិង្សា​មិនបាន​ជួយ​អ្វី​ដល់​សត្វ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​វា​នឹង​ធ្វើឲ្យ​សត្វ​នោះ​រឹតតែ​មានះ​រឹងរូស​លើស​ដើម​ទៅទៀត​។​ ​នេះ​បណ្តាល​មក​ពី​ប្រទេស​កម្ពុជា​យើង​ខ្វះ​ការ​ផ្សព្វផ្សាយ​ ​អំពី​សុវត្ថិភាព​ជា​សាធារណៈ​។​ ​លោក​សង្ឃឹមថា​ ​នៅ​ថ្ងៃ​អនាគត​ ​ស្រុក​យើង​នឹងអាច​ឈាន​ទៅ​លុបបំបាត់​ ​ទម្លាប់​អវិជ្ជមាន​នេះ​ ​ហើយ​លោក​មានបំណង​ចង់​បង្រៀន​អំពី​បញ្ហា​នេះ​នៅ​តាម​សាលារៀន​ ​និង​ ​នៅ​តាម​ ​សហគមន៍​នានា​ដែល​ពុំ​ទាន់​យល់ដឹង​ ​និង​ចង់​ឲ្យ​មាន​ម៉ូតូ​សា​មុយ​សង្រ្គោះ​បន្ទាន់​ដែល​អាច​ជួយ​មនុស្ស​នៅ​ ​កន្លែង​កើតហេតុ​ ​(​ឧទា​ ​ឆ្កែខាំ​)​ ​បាន​ឆាប់​រហ័ស​​ជាងរថយន្ត​នៅពេល​កកស្ទះ​ចរាចរណ៍​។​ ​ជាចុងក្រោយ​ ​លោក​ ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ដ​លមាន​សត្វ​ចិញ្ចឹម​ឲ្យ​ពួកវា​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យបាន​ ​ត្រឹមត្រូវ​កុំ​បណ្តែតបណ្តោយ​ឲ្យសោះ​ ​និង​ ​មើលថែ​ទាំ​សត្វ​ទាំងនោះ​ប្រកបដោយ​ស្មារតី​ទំនួល​ខុសត្រូវ​ ​ជានិច្ច​៕​ ​

Article ​by​ ​SRIN SOKMEAN


SUGGESTIONS