ខូឡិកហ្សិន «The Mind» បង្ហាញពីភាពអង់អាចក្លាហាននៃរាជិនីប្រទេសអេហ្ស៊ីប
FASHION & BEAUTY 5 years agoទំនោរនិយមថ្មីនៃសម័យកាលជឿនលឿន នឹងប្រកបដោយភាពស៊ីវិល័យ ប្រណីតភាព តែងបង្ហាញវត្តមានស្ទើរតែគ្រប់ទីកន្លែង ហើយនេះក៏បានបង្ហាញឲ្យឃើញពីសក្តានុពល ក៏ដូចជាការឆ្លុះបញ្ចាំងនូវភាពប៉ិនប្រសប់ថ្មីៗ ឬគំនិតច្នៃប្រតិដ្ឋពីបុគ្គលម្នាក់ៗ និងការអភិវឌ្ឍន៍ដ៏ច្រើនសន្ធឹកសន្ធាប់នៃវិស័យនីមួយៗ ជាពិសេស វិស័យហ្វេសហ្សិនក្នុងប្រទេសកម្ពុជាតែម្តង។ ជាក់ស្តែង ផ្នត់គំនិតប្លែកៗ ប្រកបទៅដោយភាពជឿជាក់ ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ពីមួយឈុត ទៅមួយឈុត របស់អ្នកច្នៃម៉ូដម្នាក់ៗតែងបង្កប់នូវអត្តសញ្ញាណ ឬអត្ថន័យនិងអត្ថរស មួយចំនួនដែលបង្ហាញពីការរស់នៅប្រចាំថ្ងៃ ឬបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗនៃសង្គមផងដែរ។
អ្នកនាង ណា ម៉ារីយ៉ា ជាស្ថាបនិកានៃហាងសម្លៀកបំពាក់លំដាប់ហ្វេសហ្សិន «The Privé» និងជាអ្នកច្នៃម៉ូដអាជីពផងនោះ បានរចនាម៉ូដខូឡិកហ្សិនដ៏ពេញនិយមប្រមាណជាង១៥ឈុត ហើយសម្រាប់ខូឡិកហ្សិនទាំង១៥ឈុតនេះទើបតែបង្ហាញវត្តមានដ៏គគ្រឹកគគ្រេងក្នុងកម្មវិធី «Phnom Penh Designers Week» ដែលទើបតែកន្លងផុតទៅនាថ្មីៗនេះ។ «The Mind» ជាឈ្មោះនៃខូឡិកហ្សិននេះមានផ្នត់គំនិតផ្តោតសំខាន់ទៅ លើដំណើរដ៏សមសួន ទន់ភ្លន់ និងអង់អាចក្លាហាន មិនងាយចុះចាញ់នឹងឧបសគ្គគ្រប់យ៉ាងដែលមានចំពោះមុខរបស់រាជិនីនៃប្រទេសអេហ្ស៊ីប។ ទន្ទឹមនឹងនេះផងដែរ ពណ៌ចម្រុះដែលអ្នកច្នៃម៉ូដ ម៉ារីយ៉ា បានប្រើទៅលើខូឡិកហ្សិននេះ គេសង្កេតឃើញថាឈុតសម្លៀកបំពាក់នៅក្នុងការដើរម៉ូដភាគច្រើនតែងប្រើ ពណ៌ស ពណ៌ខ្មៅ និងពណ៌មាសដេររួមបញ្ចូលគ្នា ចំណែកឯឈុតសម្លៀកបំពាក់តិចណាស់ដែលគេឃើញប្រើពណ៌ឆើត។
អ្នកនាង ណា ម៉ារីយ៉ា
ជាមួយគ្នានេះដែរ អ្នកនាង ម៉ារីយ៉ា បានឲ្យដឹងផងដែរថា ខូឡិកហ្សិនដែលច្នៃម៉ូដក្នុងទម្រង់រាជិនីនៃប្រទេសអេហ្ស៊ីបនេះ គឺជាផ្នត់គំនិតបង្ហាញពីការគិតរបស់មនុស្សទូទៅដែលកំពុងស្ថិតក្នុងស្ថានភាពនៃភាពវិជ្ជមានផង និងភាពអវិជ្ជមានផង ថាតើត្រូវជ្រើសរើសផ្លូវមួយណាដែលត្រឹមត្រូវ តួយ៉ាង ការគិតពិចារណានៃផ្លូវជីវិតជាដើម។ អ្នកច្នៃម៉ូដ ម៉ារីយ៉ា បានលើកឡើងដូច្នេះថា «ពណ៌ដែលខ្ញុំបានប្រើទាំងអស់ គឺសំដៅទៅលើភាពច្របូកច្របល់នៃអារម្មណ៍របស់យើងកំពុងតែប្រឆាំងគ្នា ចំណែកឯពណ៌ស សំដៅលើភាពត្រឹមត្រូវស្អាតស្អំ រីឯពណ៌ខ្មៅ ជាគំនិតអវិជ្ជមានដែលតែងមកលោមចិត្តយើងធ្វើអ្វីមួយ ចំពោះពណ៌មាសវិញ ជាលទ្ធផលចុងក្រោយដែលយើងបានសម្រេចចិត្ត»។ យ៉ាងណាមិញ «The Mind» ខូឡិកហ្សិនដែលប្រើរយៈពេលប្រមាណជាងបីខែនេះនៅតែបន្តទទួលបានប្រជាប្រិយភាពបំផុតពីស្រទាប់យុវវ័យជំនាន់ក្រោយ និងសិស្សានុសិស្សដែលកំពុងតែសិក្សាផ្នែករចនាម៉ូដសម្លៀកបំពាក់ ក៏ព្រោះតែភាពប៉ិនប្រសប់ និងគំនិតច្នៃប្រតិដ្ឋក្នុងការរចនាម៉ូដឈុតសម្លៀកបំពាក់ឲ្យទៅជាលំដាប់ហ្វេសហ្សិនផងដែរ។
ជាមួយគ្នានេះ អ្នកនាង ណា ម៉ារីយ៉ា បានសម្ដែងនូវមតិមួយចំនួនដល់សិស្សប្អូនជំនាន់ក្រោយដែលកំពុងសិក្សាក្នុងវិស័យហ្វេសហ្សិននេះ គួរតែបង្កើតនូវអ្វីដែលថ្មីចេញពីគំនិតខ្លួនឯង និងព្យាយាមសម្រេចគោលដៅដែលបានគ្រោងទុកឲ្យបានជោគជ័យ។ ថ្វីដ្បិតតែ វិស័យហ្វេសហ្សិននេះ ត្រូវចំណាយពេលវេលាច្រើនក្នុងការរចនាម៉ូដនីមួយៗ លះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ពិតមែន ប៉ុន្តែវានឹងផ្តល់នូវភាពវិជ្ជមានច្រើននាថ្ងៃអនាគត។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអ្នកច្នៃម៉ូដខ្មែរ បានឈរឈ្មោះលើឆាកអន្តរជាតិនោះ វាគឺជាកិត្តិនាមដ៏ខ្ពង់ខ្អស់នៃប្រទេសកម្ពុជាយើង៕
Article by PAN SIVLY