បើគេចង់ស្វែងរកហាងកាហ្វេបែបទំនើបនៅក្នុងទីក្រុងភ្នំពេញ គឺពិតជាមិនខ្វះនោះទេក្នុងពេលបច្ចុប្បន្ននេះ ព្រោះមុខរបរដ៏ពេញនិយមនេះបានរីកលូតលាស់យ៉ាងច្រើនដូចផ្សិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាយ៉ាងណាការជ្រើសរើសហាងកាហ្វេដែលសក្តិសមនឹងតម្រូវការ និង រសនិយមផ្ទាល់ខ្លួនរបស់អ្នកពិតជាវិញ្ញាសាមួយដែលអ្នកត្រូវធ្វើការសម្រេចចិត្ត។ សម្រាប់អ្នកដែលចូលចិត្តបរិយាកាសដែលស្ងប់ស្ងាត់ មិនសូវមានសម្លេងយានយន្តលាន់រំពងរំខានអារម្មណ៍នោះ ផ្សារភ្ជាប់នឹងធម្មជាតិខៀវស្រងាត់ ដើមឈើបែកមែកសាខាចោលម្លប់ត្រឈឹងត្រឈៃនោះ លោកអ្នកពិតជាមិនខកបំណងឡើយចំពោះវត្តមានដ៏ថ្មីសន្លាងរបស់ហាងកាហ្វេ និងតៀមស្រាដ៏សែនរ៉ូមេនទិករួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ ដែលមិនធ្លាប់មានពីមុនមកឡើយនៅកម្ពុជា។
ភូមិគ្រឹះសម័យអាណានិគមបារាំងមួយកន្លែង ដែលមានអាសយដ្ឋានផ្ទះលេខ៩ ស្ថិតនៅផ្លូវលេខ២៥៤ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្លាប់ត្រូវបានគេទុកចោលយ៉ាងស្ងាត់ជ្រងំអស់រយៈពេលជាយូរឆ្នាំណាស់មកហើយត្រូវបានយុវសហគ្រិនខ្មែរមួយក្រុមតូចដែលមានសមាជិក៣នាក់បានរៀបចំប្រែក្លាយទៅជាហាងកាហ្វេនិងតៀមស្រាដ៏មានប្រជាប្រិយភាពទាក់ទាញចិត្តយុវវ័យជាច្រើនមិនតិចជាង១០០នាក់ក្នុងមួយថ្ងៃឲ្យចូលមកទស្សនា និង ទទួលទានភេសជ្ជៈ ឬ ស្រាបៀរ និង អាហារបែបខ្មែរ-ថៃជាច្រើនប្រភេទ ក្រោមបរិយាកាសជិតស្និទ្ធនឹងបរិស្ថានធម្មជាតិ គួបផ្សំនឹងសោភ័ណភាពស្ថាបត្យកម្មដែលមានរចនាបថដើមស្ទើរតែទាំងស្រុងសុទ្ធសាធ។
អ្វីដែលពិសេសបំផុតជាបេះដូងនៃហាងនេះគឺ តួផ្ទះបុរាណដែលមិនមានការលាបពណ៌បន្ថែមដូចហាងកាហ្វេដទៃទៀតដែលបានកែច្នៃប៉ះពាល់ដល់ស្ថានភាពដើមនោះឡើយ ពោលគឺគេគ្រាន់តែដោះបង្អួចឈើដើមដែលបែកបាក់ហើយមកច្នៃជាគ្រឿងតុបតែងលម្អផ្នែកខាងក្នុង និង បន្ថែមវត្ថុតាំងលម្អបែបបុរាណមួយចំនួនដូចជា កេសឈើចាស់ៗ រូបថតបែបបុរាណនាំចូលពីបរទេស និង អំពូលភ្លើងពណ៌ស្រាលស្រទន់ ញ៉ាំងបរិយាកាសខាងក្នុងឲ្យកាន់តែរ៉ូមេនទិក ធ្វើឲ្យភ្ញៀវទាំងឡាយដែលបានមកបរិភោគអាហារនៅទីនេះមានអារម្មណ៍ហាក់បីដូចជាបានប្រែកាយក្លាយខ្លួនជាត្រកូលអភិជនម្ចាស់ភូមិគ្រឹះក្នុងអំឡុងសម័យកាលទសវត្សរ៍ទី៤០និង៥០ ដែលយើងធ្លាប់បានឃើញគេសម្តែងក្នុងខ្សែភាពយន្តដូច្នោះឯង។
នៅលើជញ្ជាំងទាំងខាងក្នុងនិងខាងក្រៅអគារ វិចិត្រករបានចំណាយពេលរហូតជាងមួយខែដើម្បីរំលេចរូបគំនូរបែបក្លាស៊ិកផ្សេងៗចម្រុះគ្នាក្នុងគោលបំណងជួយរំញោចបង្កើតអារម្មណ៍ផ្សេងៗដល់ភ្ញៀវទៅតាមប្រភេទបន្ទប់នីមួយៗ។ អ្នកដែលមានរសនិយមបែបលន្លង់លន្លោចអណ្តែតអណ្តូងអារម្មណ៍ហោះហើរត្រូវការភាពស្ងប់ស្ងាត់អាចអង្គុយនៅបន្ទប់ខាងស្តាំដៃ រីឯអ្នកដែលនិយមភាពសប្បាយរីករាយហ៊ឹកហ៊ាក់អាចអង្គុយនៅបន្ទប់ខាងឆ្វេង។ ក្រៅពីបន្ទប់ទាំងពីរប្រភេទនេះ ហាងនេះក៏មានបន្ទប់ប្រជុំចំនួនពីរសម្រាប់សិស្ស និស្សិត ឬ ក្រុមមិត្តភក្តិជួបជុំលក្ខណៈឯកជន ដែលបន្ទប់នីមួយៗអាចផ្ទុកមនុស្សបានប្រមាណ១០នាក់។
តោះមកដឹងអំពីមុខម្ហូប និង អាហារសំខាន់ៗរបស់ April Café ទាំងអស់គ្នា! តើមានអ្វីខ្លះប្លែកខុសពីហាងកាហ្វេទូទៅ? ពិតជាមាន! ម្ចាស់ហាងបានអះអាងថា ភេសជ្ជៈដែលល្បីល្បាញប្រចាំត្រកូលរបស់ហាងគឺ កាហ្វេ APRIL និង តែក្រូចឆ្មារទឹកឃ្មុំធម្មជាតិមណ្ឌលគិរី ដែលមានឱជារសឈ្ងុយឆ្ងាញ់ពិសេសជាប់មាត់ដោយសារអាថ៌កំបាំងរូបមន្តដែលមិនអាចបង្ហើបបាន។ ភ្ញៀវដែលមកទីនេះនិយមកុម្ម៉ង់ភេសជ្ជៈទាំងពីរនេះទទួលទានជាមួយអាហារពេលព្រឹកដូចជា បាយសាច់ជ្រូកគីមឈី បាយឡុកឡាក់ និង បាយសាច់មាន់។ រីឯពេលល្ងាច និង យប់វិញ ភ្ញៀវភាគច្រើននិយមទទួលទានស្រាក្រឡុក (COCKTAIL) ឬ សាកល្បងស្រាបៀរ (DRAFT BEER) បុកងាវ បុកក្តាមសេះ មាន់លីង ឆាខាត់ណាសាច់គោអប់ទឹកកក ញាំសាច់គោ OLD SCHOOL BAR អមដោយបទភ្លេងបែបសង់ទីម៉ង់ចម្រុះបីសាសន៍ ខ្មែរ ថៃ និង អង់គ្លេស គួរឲ្យរំភើបចិត្ត ត្រូវនឹងការទទួលទានក្នុងបរិវេណខាងក្រៅអគារ ដែលតុបតែងលម្អដោយតុឈើរាងវែងច្នៃចេញពីគ្រឿងបង្គុំផ្ទះដើមចាស់ៗ ទាក់ទាញចិត្តយុវវ័យដែលនិយមស្វែងរកអ្វីដែលថ្មីប្លែក សូម្បីតែសិល្បករក៏ចូលចិត្តទៅលម្ហែកម្សាន្ត ខ្លះលេងហ្គីតា ខ្លះថតរូប ខ្លះជជែកគ្នា ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
នៅពេលឆាប់ៗនេះ ហាងកាហ្វេ និងតៀមស្រានេះមានគម្រោងបន្ថែមការតុបតែងលម្អដូចជា ដាក់តាំងរូបថតតារាចម្រៀងជំនាន់មុន ប្រភេទយានជំនិះបុរាណៗ ព្រមជាមួយនឹងការបន្ថែមមុខម្ហូបថ្មីៗទៅក្នុងបញ្ជីប្រចាំហាងដើម្បីបំពេញកំណើនសេចក្តីត្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា ហាងកាហ្វេ April Café ចាប់បើកពីម៉ោង ៦ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៥ និង៣០នាទីល្ងាច រីឯតៀមស្រាបើកពីម៉ោង ៦ ល្ងាចរហូតដល់ពាក់កណ្តាលអាធ្រាត្រ។ ចំពោះអ្នកដែលមានបំណងមកថតរូបម៉ូដែលជាមួយអគារបុរាណឬថតជាវីដេអូបទចម្រៀងផ្សេងៗនៅទីនេះ គឺមិនមែនគិតប្រាក់អ្វីបន្ថែមនោះទេ៕
Article by SRIN SOKMEAN