×

ដើម្បី​គ្រួសារ​និង​អនាគត​របស់​អ្នក​សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​

TRAVEL & LIVING 5 years ago
 
 

«បើ​ស្រវឹង​សូមកុំ​បើកបរ​»

          គ្រោះថ្នាក់​ចរាចរ​បាន​ក្លាយជា​ឃាតករ​លាក់មុខ​តាម​ដងផ្លូវ​លេខមួយ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ រង​របួស​ និង​ស្លាប់​ដោយ​ឥត​រើសមុខ​ ព្រមទាំង​បណ្តាល​ឲ្យ​បាត់បង់​ធនធាន​ មនុស្ស​ ទ្រព្យសម្បត្តិ​ ឯកជន​ សាធារណៈ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ទៀតផង​។ ស្រប​ពេល​ដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ចូល​មកដល់​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ ស្រី​បាន​នាំគ្នា​សម្រុក​ទៅលេង​ស្រុកកំណើត​ ដើម្បី​ធ្វើបុណ្យ​ជួបជុំ​ក្រុម​គ្រួសារ​ និង​ធ្វើដំណើរ​ទៅកាន់​ទីវត្ត​អារាម​ក៏ដូចជា​ធ្វើដំណើរ​កំសាន្ត​ជាដើម​នោះ​ ទស្សនាវដ្តី​សូ​វរីន​សូម​រួម​ក្រើន​រំឭក​និង​ជា​សារ​ដាស់តឿន​មួយ​ដើម្បីឲ្យ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​មេត្តា​បើកបរ​ដោយ​ទំនួល​ខុសត្រូវ​និង​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​មិនថា​ផ្លូវ​ជិត​ឬផ្លូវ​ឆ្ងាយ​ឡើយ​។ សូម​គិតគូរ​ពី​អាយុជីវិត​អ្នកធ្វើ​ដំណើរ​ជាមួយ​នៅក្នុង​យានយន្ត​ឬទោច​ក្រ​យន្ត​ឬអ្នកធ្វើ​ដំណើរ​លើ​ដងផ្លូវ​ ដែល​ពួកគេ​បាន​ផ្ញើ​វាសនា​លើ​អ្នកកាន់ចង្កូត​។ កាលពី​ឆ្នាំ​ ២០១៨​ កន្លងទៅ​មនុស្ស​យ៉ាងហោចណាស់​ ជិត១.៨០០នាក់​បាន​បាត់បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុង​នោះ​ ២៨នាក់​បាន​ស្លាប់​ និង​របួស៨៥នាក់​ដោយ​គ្រាន់តែ​ក្នុងរយៈពេល​ ៣ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ហើយ​ករណី​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​។

          គ្រឿងស្រវឹង​ត្រូវ​បាន​ពលរដ្ឋខ្មែរ​ទូទៅ​ចាត់ទុកជា​គ្រឿង​បន្ថែម​ដើម្បី​កំដរ​បរិយាកាស​នៃ​ការ​ជួបជុំ​ឲ្យ​កាន់តែ​មាន​ភាព​រីករាយ​ និង​អ៊ូអរ​បន្ថែម​ទៀត​។ អង្គការសុខភាព​ពិភពលោក​បាន​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​ ២០១៨​ បាន​ប៉ាន់ប្រមាណ​ថា​ ប្រជាជន​ខ្មែរ​ ៥៤​% ចាប់ពី​អាយុ​ ១៨​ ឆ្នាំ​ឡើង​ទៅ​ សុទ្ធតែ​ចេះ​ទទួលទាន​គ្រឿងស្រវឹង​។ ចំនួន​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​តួលេខ​ដ៏​ច្រើន​មួយ​ប្រសិនបើ​គេ​សម្រាយ​ជា​ចំនួន​ប្រជាជន​សរុប​។ ការ​ពិសារ​គ្រឿងស្រវឹង​រួច​បើកបរ​នៅតែ​ជា​ការ​ព្រួយបារម្ភ​មួយ​របស់​អ្នកឃ្លាំមើល​បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរ​ផ្លូវគោក​ជាច្រើន​ដង​ និង​បាន​ផាកពិន័យ​ច្រើនជាង​មុន​យ៉ាងណា​ក្តី​។ តាម​មាត្រា​ ៧៧​ ថ្មី​ នៃ​ច្បាប់​ស្ដីពី​ចរាចរ​ផ្លូវគោក​បាន​ចែងថា​ ជន​ណា​បើកបរ​យានយន្ត​នៅពេល​ដែល​ខ្លួន​ ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​ ដោយមាន​ជាតិ​អាល់កុល​ចាប់ពី​ ០,៤០​ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ឬចាប់​ពី​ ០,៨០​ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ​ ត្រូវ​ពិន័យ​អន្តរការណ៍​តាម​ការកំណត់​នៃ​អនុក្រឹត្យ​។ អំពើ​ល្មើស​ខាងលើ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ខែ​ ទៅ​ ៦ ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៨០០​ ០០០​ រៀល​ ទៅ​ ៤ ០០០​ ០០០រៀល​ក្នុងករណី​ដែល​ជនល្មើស​ធ្លាប់​ទទួលរង​ការ​ពិន័យ​អន្តរការណ៍​ម្ដង​រួចហើយ​ តែ​នៅ​បន្ត​ប្រព្រឹត្តិ​ល្មើស​ទៀត​ក្នុងកំលុង​ពេល​ ៦ខែ​ ចាប់​គិត​ពី​ការ​ពិន័យ​អន្តរការណ៍​លើក​មុន​។ យ៉ាងណាមិញ​ តាមរយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​អះអាង​ឲ្យដឹង​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ជាថ្មី​ម្តង​ទៀត​នា​ពេល​ខាងមុខ​ ដើម្បី​រឹត​បន្តឹង​បន្ថែម​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​។ តែ​ទោះជា​បែបនេះ​ក្តី​ លោក​ស៊ុន​ ចាន់​ថុល​ មិនបាន​បញ្ជាក់​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ទេ​ ដោយ​គ្រាន់តែ​អះអាង​ថា​ បាន​បង្កើត​ក្រុមការងារ​ធ្វើ​កិច្ចការ​នេះ​រួចរាល់​ហើយ​។ ការ​បើកបរ​ជែង​គ្នា​និង​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ក៏​ជា​កត្តា​ដ៏​ធំ​មួយ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

          ដូចនេះ​ ប្រសិនបើ​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​គ្រឿងស្រវឹង​បាន​ និង​ពលរដ្ឋ​ចេះ​គោរពច្បាប់​ចរាចរ​ហើយ​ពិសារ​គ្រឿងស្រវឹង​ដោយ​ទំនួល​ខុសត្រូវ​ទៀត​ នោះ​យើង​នឹងអាច​កែប្រែ​សង្គម​ស៊ីវិល័យ​មួយ​នេះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ​ រី​ឯគ្រោះថ្នាក់​ចរាចរ​ក៏​នឹង​ត្រូវ​បាន​កាត់បន្ថយ​ហើយ​សីលធម៌​សង្គម​ក៏​ត្រូវ​បាន​លើកកម្ពស់​ ដូច្នេះ​ប្រជាជន​កម្ពុជា​ និង​ភ្ញៀវ​បរទេស​នឹង​បើកបរ​តាម​ដងផ្លូវ​ប្រកបដោយ​ស្នាមញញឹម​ជាក់ជា​មិនខាន​៕

Article​ by​ KEO​ SONG


SUGGESTIONS