BELEZA ស្លាកយីហោសម្លៀកបំពាក់ខ្មែរម៉ូដនិយមកំពុងត្រូវចិត្តនារីការិយាល័យឬស្ត្រីប្រឡូកក្នុងវិស័យជំនួញ
NEWS 5 years agoមួយទសវត្សរ៍ចុងក្រោយនេះ នាវាសេដ្ឋកិច្ចកម្ពុជាហាក់បោះពួយស្ទុះលឿនលយទៅមុខគួរឲ្យកត់សម្គាល់ ខណៈដែលឧស្សាហកម្មនានាបានរីកចម្រើនយ៉ាងសម្បើមក្រោយមានការរួមដៃគ្នាវិនិយោគពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក។ ពីប្រទេសមានចំណូលកម្រិតទាបក្លាយជាមានចំណូលមធ្យមទាប ប្រជាជនមានជីវភាពធូរធាររីឯការយល់ដឹងក៏កាន់តែខ្ពស់ ហើយបើក្រឡេកមកវិស័យហ្វេហ្សិនវិញនោះ ធនធានជើងចាស់ជាន់ថ្មីជាច្រើនរូបបានចេញមកបង្ហាញស្នាដៃច្នៃម៉ូដបង្កើតស្លាកយីហោផ្ទាល់ខ្លួន ខ្លះតម្រូវទីផ្សារក្នុងស្រុក ខ្លះទៀតតម្រូវទីផ្សារទាំងក្រៅស្រុក ដែលនេះបានធ្វើឲ្យផលិតផលក្នុងស្រុកកាន់តែមានសក្តាដានុពលទីផ្សារទូលំទូលាយឬអាចនិយាយបានថាអាចប្រកួតប្រជែងនឹងយីហោអន្តរជាតិល្បីៗផងដែរ។ តួយ៉ាងឈានមកដល់លេខថ្មីនេះដែរ សូវរីន នឹងនាំប្រិយមិត្តមកស្គាល់នូវស្លាកយីហោសម្លៀកបំពាក់ក្នុងស្រុកថ្មីសន្លាងមួយក្រោមការផ្តួចផ្តើមពីស្ថាបនិកាខ្មែរវ័យក្មេងមួយរូបដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការច្នៃម៉ូដ ការបញ្ចេញខូឡិកហ្សិនថ្មីប្លែកពីយីហោក្នុងស្រុកដទៃ ហើយក៏កំពុងមានទីផ្សារមិនចាញ់យីហោបរទេសប៉ុន្មានឡើយ។
ស្ថិតនៅជាន់ទី១នៃផ្សារទំនើបអូឡាំព្យា BELEZA គឺជាហាងសម្លៀកបំពាក់ស្លាកយីហោថ្មីមួយរបស់ខ្មែរដែលទើបលេចរូបរាងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩នេះដែលមាន អ្នកនាង ឡាង ស៊ុយគាង ជាស្ថាបនិកផ្ទាល់។ ជាស្លាកយីហោក្នុងស្រុកមែនពិត តែបើគន់នឹងការរៀបចំដេគ័រហាងពណ៌សរំលេចដោយពណ៌មាសយ៉ាងទាន់សម័យ អមនឹងសម្លៀកបំពាក់ម៉ូដទំនើបនិយមពីម៉ូដមួយទៅម៉ូដមួយ ប្រសិនបើមិនប្រាប់មិនជំនួបស្ថាបនិកយើងប្រាកដជាមិនដឹងថា BELEZA គឺជាម៉ាកសម្លៀកបំពាក់ខ្មែរឬច្រឡំថាជាហាងម៉ាកសម្លៀកបំពាក់បរទេសមិនខាន។ ឈ្មោះថា BELEZA គឺជាភាសាប៉ទុយហ្គាល់មានន័យថា ភាពស្រស់ស្អាតរបស់ស្ត្រី ចំណែកឯម៉ូដនិយមរបស់ BELEZA គឺផ្តោតទៅលើនារីការិយាល័យឬស្ត្រីប្រឡូកក្នុងវិស័យជំនួញ។ ជាក់ស្តែង ខូឡិកហ្សិនថ្មីទាំងអស់របស់ BELEZA ភាគច្រើនមានជាប្រភេទ រ៉ូប អៀម អាវធំ និងជាលក្ខណៈឈុតខ្លីវែងជាដើម។ បើតាមការឲ្យដឹងបន្ថែមពី ស្ថាបនិកវ័យ ២៩ឆ្នាំ ឡាង ស៊ុយគាង ម៉ូដរបស់ BELEZA មិនត្រឹមតែស្លៀកពាក់ពេលធ្វើការឬជំនួបដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ តែជាឈុតបែបទាន់សម័យស័ក្តិសមគ្រប់កាលៈទេសៈតាំងពីពេលព្រឹករហូតដល់ពេលល្ងាច និងអាចស្លៀកពាក់ចូលរួមកម្មវិធីឬការដើរកម្សាន្តពោរពេញដោយទំនុកចិត្តផងដែរ។ ជាមួយនឹងខូឡិកហ្សិនច្រើនម៉ូដតម្រូវសម្រាប់ស្ត្រីវ័យចាប់ពី ២០ឆ្នាំដល់៣០ឆ្នាំ BELEZA រមែងបញ្ចេញខូឡិកហ្សិនផ្តោតលើពណ៌៣ជាចម្បង ដែលទី១ពណ៌ទឹកប៊ិកជាពណ៌ស្លាកសញ្ញារបស់ខ្លួន ទី២ពណ៌ខ្មៅជាពណ៌ហ្វេហ្សិនសមស្របគ្រប់កាលៈទេសៈ និងទី៣ពណ៌មាសបង្ហាញពីទំនុកចិត្ត និងថាមពល។
យ៉ាងណាមិញ ជជីកសួរពីឫសគល់នៃការផលិតសម្លៀកបំពាក់វិញ ស្ថាបនិកាដែលបញ្ចប់ការសិក្សាផ្នែក Fashion Design & Business Innovation នៅសាកលវិទ្យាល័យលីមកុកវីង និងជាអតីតសាស្ត្រាចារ្យបង្រៀនផ្នែកហ្វេហ្សិនឌីហ្សាញនៅសាកលវិទ្យាល័យនេះបានឲ្យដឹងថា អ្នកនាងបានបង្កើតសហគមន៍មួយដើម្បីផលិតសម្លៀកបំពាក់ដែលមានស្ត្រីប្រមាណជា ៧នាក់អាយុពី ១៧ឆ្នាំដល់ ៤០ឆ្នាំ។ ថ្វីដ្បិតក្រុមការងារតិច ប៉ុន្តែគ្រប់ផ្នែកទាំងអស់មិនថាផ្នែកកាត់ ផ្នែកដេរ ផ្នែកត្រួតពិនិត្យ សុទ្ធសឹងយកចិត្តទុកដាក់ក្នុងការផលិតសម្លៀកបំពាក់ដោយក្តីស្រឡាញ់ និងសម្រាំងគុណភាពខ្ពស់ ពោលទាំងម៉ូដ ទាំងថ្នេរដេរម៉ដ្ឋស្មើស្អាតល្អ។ សហគ្រិនរូបនេះបានឲ្យដឹងទៀតថា « យើងព្យាយាមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដោយក្រណាត់កាត់ទាំងអស់យើងទិញនៅតាមទីផ្សារ និងខ្លះទៀតប្រមូលសេសសល់ពីរោងចក្រ ដែលនេះជាហេតុរាល់ខូឡិកហ្សិននីមួយៗរមែងមានចំនួនកំណត់ ហើយប្រសិនបើម៉ូដណាមួយអស់ស្តុកយើងមិនកាត់ទៀតនោះទេ ប៉ុន្តែយើងនឹងងាកមកច្នៃខូឡិកហ្សិនថ្មីបន្ថែមវិញ។ ទោះយ៉ាងណាយើងក៏ព្យាយាមប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដើម្បីឲ្យផលិតផលប្រកបដោយគុណភាពដូចដែលយើងយកចិត្តទុកដាក់ទៅលើសង្វាក់ផលិតកម្មផងដែរ»។ ជាមួយម៉ូដសាមញ្ញនិយមតែទាន់សម័យទាក់ទាញខ្ពស់ អ្នកនាង ឡាង ស៊ុយគាង គឺជាអ្នកចេញម៉ូដផ្ទាល់តែម្តង ដែលសំខាន់អ្នកនាងតែងបញ្ចេញខូឡិកហ្សិនថ្មីសម្រាប់ដាក់លក់នៅហាងនៅរៀងរាល់មួយសប្តាហ៍ម្តង។ នេះគឺជាលក្ខណៈពិសេសរបស់ BELEZA ម្យ៉ាងក៏នឹងមិនធ្វើឲ្យភ្ញៀវនឿយណាយនឹងម៉ូដដដែលៗផងដែរ។
ជ្រើសរើសទីតាំងដំបូងបំផុតនៅផ្សារទំនើបអូឡាំព្យាដែលប្រជុំទៅដោយស្លាកយីហោបរទេសជាច្រើន សួរថាតើអាចនឹងមានការព្រួយបារម្ភទៅលើការប្រកួតប្រជែងទីផ្សារដែរឬទេ?។ ឆ្លើយទាំងញញឹមម្ចាស់ហាងរូបស្រស់ ឡាង ស៊ុយគាង លើកឡើងដូច្នេះ «អាចមានការព្រួយបារម្ភតិចតួចដែរ ព្រោះស្លាកយីហោរបស់គេដើរមុនយើង៤ទៅ ១០ឆ្នាំឯណោះដូចនេះ ទាំងធនធាន ទាំងកេរ្តិ៍ឈ្មោះ និងទុនគេមានច្រើនជាងយើង ប៉ុន្តែទោះយ៉ាងណាខ្ញុំនឹងចាប់គ្រឹះឲ្យរឹងមាំពង្រឹងទីផ្សារ ពង្រឹងការផលិត ការច្នៃម៉ូដ និងគុណភាពមិនឲ្យចាញ់គេឡើយ»។ ជាក់ស្តែង ស្រ្តីសហគ្រិនវ័យក្មេងពោរពេញដោយមហិច្ឆតារូបនេះនឹងមានគម្រោងពង្រីកសាខាហាងសម្លៀកបំពាក់របស់ខ្លួនពីរទៅបីកន្លែងទៀតនៅឆ្នាំបន្ទាប់ ព្រមទាំងមានគម្រោងនាំចេញទៅក្រៅប្រទេសទៀតផង។
ទើបបើកដំណើរការរយៈពេលខ្លីមិនទាន់បានប៉ុន្មានខែផង BELEZA ទទួលបានការគាំទ្រយ៉ាងច្រើនដោយមានការបញ្ជាទិញទាំងនៅលើបណ្តាញសង្គម និងនៅហាងផ្ទាល់ ឃើញថាភាគច្រើនអតិថិជនជាជនជាតិខ្មែរ នេះក៏ដោយសារផលិតផលដាក់លក់ក្នុងតម្លៃសមរម្យចាប់ពី ១០ដុល្លារដល់ ៥០ ដុល្លារ ព្រមគ្នានឹងម៉ូដនិយមត្រូវចិត្តសម្រាប់ប៉ែកអាស៊ីយើង រួមជាមួយគុណភាពខ្ពស់ផងដែរ។ យ៉ាងណាមិញ BELEZA គម្រោងនឹងច្នៃម៉ូដច្បិចរំលេចជាមួយក្រណាត់សឹងខ្មែរបង្កើតជាខូឡិកហ្សិនប្រភេទ Casual ឬហៅថាបែបសាមញ្ញនិយមដែលអាចស្លៀកពាក់បានគ្រប់កាលៈទេសៈដើម្បីបង្ហាញពីអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរយើង។ មិនតែប៉ុណ្ណោះ ក្រៅពីខូឡិកហ្សិនបែបអ្នកធ្វើការនិងជំនួញ ឆាប់ៗនេះ BELEZA នឹងបញ្ចេញខូឡិកហ្សិនពិសេសទៅលើឈុតបែបរាត្រីសមោលសផងដែរ។ ជាចុងក្រោយក្នុងនាមជាស្ថាបនិកបង្កើតស្លាកយីហោសម្លៀកបំពាក់របស់ខ្មែរ អ្នកនាង ឡាង ស៊ុយគាង បានមានមតិផ្តាំផ្ញើចង់ឲ្យប្រជាជនខ្មែរគ្រប់រូបជួយលើកស្ទួយនូវអ្វីដែលជាស្នាដៃរបស់ខ្មែរ គាំទ្រផលិតផលខ្មែរ ដើម្បីផលិតផលក្នុងស្រុកកាន់តែរីកចម្រើនមានទីផ្សារហើយក៏ដើម្បីឲ្យជាតិសាសន៍ដទៃមើលឃើញថាខ្មែរយើងក៏មានផលិតផលជារបស់ខ្លួន និងគុណភាពមិនចាញ់បរទេសឡើយ៕
Article by HEM SOKKHIM