ភ្ញៀវទេសចរជាតិនិងអន្តរជាតិភាគច្រើនតែងតែនឹកដល់បណ្តាខេត្តដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសខេត្តមណ្ឌលគិរី និង រតនគិរី ដែលសម្បូរដោយជនជាតិដើមភាគតិច តួយ៉ាង ជនជាតិគ្រឹង ព្នង កួយ ទំពួន ចារាយ កាវ៉ែត ព្រៅ ដែលជាសហគមន៍វប្បធម៌ដែលមនុស្សម្នាភាគច្រើនបានដឹងរួចមកហើយនៅពេលកន្លងមក។ ប៉ុន្តែសម្រាប់លេខខែសីហានេះ សូវរីន សូមណែនាំប្រិយមិត្តទៅកាន់មជ្ឈមណ្ឌលសហគមន៍ជនជាតិដើមសួយធំបំផុតនៃប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រៃភ្នំតំបន់ភ្នំឱរ៉ាល់នៃជួរភ្នំក្រវាញប៉ែកនិរតីនៃប្រទេសដែលមិនសូវមានអ្នកទៅដល់។
ស្រុកឱរ៉ាល់ជាស្រុកដាច់ស្រយាលមួយក្នុងខេត្តកំពង់ស្ពឺដែលមានទីរួមស្រុកឈ្មោះថា ផ្សារកន្ទួត មានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ហើយស្រុកនេះត្រូវបានបែងចែកដែនដីរដ្ឋបាលជាប្រាំឃុំគឺ ឃុំសង្កែសាទប ឃុំរស្មីសាមគ្គី ឃុំហោងសំណំ ឃុំត្រពាំងជោរ និង ឃុំតាសាល។ ប៉ុន្តែយើងខ្ញុំនឹងលើកយកសហគមន៍ជនជាតិសួយចំនួនពីរដែលល្បីជាងគេប្រចាំក្នុងស្រុកនោះគឺស្ថានីយបុរាណវិទ្យាភ្នំចាស់ និង សហគមន៍កោដូន្តី (កោរដូនតី)។
បើយើងធ្វើដំណើរចេញពីក្រុងច្បារមនឆ្ពោះទៅកាន់ទីរួមស្រុកឱរ៉ាល់ដែលស្ថិតនៅប៉ែកពាយ័ព្យនៃខេត្តនេះតាមផ្លូវជាតិលេខ៤៤ បានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រ យើងនឹងឃើញភ្នំថ្មដុះមួយនៅខាងឆ្វេងដៃ។ ដើម្បីចូលទៅដល់ទីតាំងភ្នំនេះ អ្នកដំណើរទាំងឡាយត្រូវបើកបរចូលតាមក្លោងទ្វារវត្តមួយឈ្មោះថា សុចន្ទគិរី ហៅ វត្តភ្នំចាស់ ស្ថិតនៅក្នុងបរិវេណព្រៃសហគមន៍ “ស្ថានីយ៍បុរាណវិទ្យាភ្នំចាស់” ដែលជាផ្លូវឡើងទៅកាន់ភ្នំតែម្តង។ ភ្នំចាស់មានផ្ទៃដី ១០៣ ហិកតា ហ៊ុមព័ទ្ធទៅដោយព្រៃសហគមន៍ចំនួនជាង៤០០ ហិកតា ដូចនេះទៅមានផ្ទៃដីសរុបជាង៥០០ ហិកតា ដែលត្រូវបានអភិរក្សទុកសម្រាប់ឲ្យប្រជាពលរដ្ឋសហគមន៍សែនមនោរម្យប្រើប្រាស់ និង គោរពបូជាតាមជំនឿនិងទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេតាំងពីដើមតរៀង មក។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពីការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា “រមណី យដ្ឋានបុរាណវិទ្យាភ្នំចាស់” បានសម្រេចយកទីតាំង “ភ្នំចាស់” ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ។
ភ្នំចាស់មានកម្ពស់ប្រហែលពី១៩០ទៅ២២០ម៉ែត្រ និងមានខ្នងភ្នំចែកចេញជាបី គឺខ្នងភ្នំទី១ឈ្មោះខ្នងព្រះព្រហ្ម ខ្នងភ្នំទី២ឈ្មោះខ្នងព្រះពុទ្ធ និង ខ្នងភ្នំទី៣ឈ្មោះខ្នងកិន្នរ។ បើតាមប្រសាសន៍អះអាងរបស់លោកអ៊ំ ឃឹម ខុម វ័យ៥៩ឆ្នាំ ជាអ្នកមើលថែរក្សារមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រសួងវប្បធម៌ធ្លាប់ចុះមកធ្វើស្ថិតិចំនួនល្អាងធម្មជាតិនៅទីនេះ ហើយរកឃើញថាភ្នំចាស់មានល្អាងតូចធំសរុបចំនួន៤២ល្អាង ប៉ុន្តែល្អាងតែមួយគត់ដែលភ្ញៀវទេសចរជិតឆ្ងាយអាចចូលទស្សនាបានជានិច្ចជាកាលនោះ គឺ “ល្អាងជង្រុក” មានទំហំធំជាងគេ ហើយជាទីសក្ការបូជាសក្តិសិទ្ធបំផុតរបស់សហគមន៍ភ្នំចាស់ ព្រោះទីនោះជាទីតាំងរបស់អតីតកន្រ្ទាញជនជាតិសួយដើម ដែលសព្វថ្ងៃអ្នកស្រុកនាំគ្នាគោរពប្រតិបត្តិហើយហៅថា“លោកតាចម្រើន”។
លោក ចាន់ រដ្ឋា ប្រធានការិយាល័យបេតិកភ័ណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាននិយាយអំពីប្រវត្តិឈ្មោះ “ល្អាងជង្រុក” នេះថា សម័យដែលសៀមចូលឈ្លានពានអាណាចក្រខ្មែរ ពួកគេកាប់សម្លាប់ប្រជាពលរដ្ឋ ចាប់ធ្វើទារុណកម្ម និងចាប់ជាឈ្លើយសឹក ។ ដោយហេតុនេះហើយ ប្រជាជនភ័យខ្លាចក៏ភៀសខ្លួនរត់គេចពីសង្គ្រាមឈ្លានពានរបស់សៀមទៅសំងំលាក់ខ្លួននៅម្តុំភ្នំចាស់នេះ។ លុះដល់រដូវវស្សា ពេលថ្ងៃនាំគ្នាលាក់ខ្លួន ដល់ពេលយប់នាំគ្នាចេញទៅបង្កបង្កើនផលដូចជាដាំពោតស្រូវសណ្តែកនៅម្តុំជើងភ្នំ ។ នៅពេលប្រជាពលរដ្ឋភៀសខ្លួនចេញពីភូមិបានយករបស់របរមានតម្លៃទៅលាក់ទុកក្នុងល្អាងភ្នំរួមមានព្រះពុទ្ធរូប រូបចម្លាក់ គ្រឿងអលង្ការ កងដៃ កងជើង ឆ្នាំង ពាន ផ្តិល... ដែលរបស់ទាំងនោះសុទ្ធសឹងធ្វើពីលោហធាតុ ស្ពាន់ សំរឹទ្ធិ មាស លង្ហិន ថ្មកែវ និងឈើជាដើម ព្រមទាំងបាននិមន្តព្រះសង្ឃទៅគង់នៅល្អាងនោះដែរ។ ក្រោយពេលស្ងប់ស្ងាត់ផុតពីការយារយីរបស់ចោរសៀម ទើបប្រជាជនត្រឡប់ទៅភូមិកំណើតវិញ ដោយបន្សល់ទុករបស់របរមានតម្លៃជាវត្ថុគរុភណ្ឌមួយចំនួនក្នុងល្អាងភ្នំនោះរហូតមក។ ចាប់តាំងពីពេលដែលប្រជាជនភៀសសឹក បានបង្កបង្កើនផល រក្សាទុកស្បៀង និង វត្ថុមានតម្លៃខាងលើនៅក្នុងល្អាងនោះ ទើបទីនោះជាប់ឈ្មោះថា “ល្អាងជង្រុក” ដល់សព្វថ្ងៃ។
ក្រៅពីបារមីលោកតាចម្រើនដែលជាអតីតមេកន្រ្ទាញប្រចាំតំបន់នេះសម័យដើម នៅជុំវិញភ្នំនេះ នៅមានបារមីជាច្រើនទៀតដែលអ្នកស្រុកដើមត្រូវគោរពបួងសួងសែនព្រេនតាមជំនឿពីបរមបុរាណមក រួមមាន លោកតារាម ដែលមានរឿងព្រេងប្រវត្តិទាក់ទងនឹងរឿងរាមកេរ្តិ៍ លោកតាមាន់ប្រាំបី និង លោកតាហោរា។ អ្នករស់នៅឃុំហោងសំណំតែងតែនាំគ្នាប្រារព្ធធ្វើពិធីបុណ្យរំឭកគុណបារមីភ្នំចាស់នៅខែមេសាក្រោយពិធីបុណ្យចូលឆ្នាំខ្មែរដោយមេស្មូន (ភាសាជនជាតិមានន័យថា អាចារ្យ) ជាអ្នកប្រមូលចាស់ទុំប្រុសស្រីទៅជំនុំគ្នានៅក្នុងភូមិ ដែលពិធីត្រូវបានគេហៅថា “ពិធីបុណ្យឆ្លងចេត្រ” ។ ក្រោយពីបានការឯកភាពគ្នាអំពីពេលវេលាដែលភាគច្រើនគេជ្រើសរើសយកថ្ងៃសៅរ៍ និងថ្ងៃអង្គារ ពេលព្រឹកមេស្មូនដឹកនាំអ្នកភូមិទៅជួបជុំគ្នានៅខាងត្បូងឆៀងខាងលិចភ្នំ ហើយនាំគ្នាសង់រោងតូចៗល្មមប្រក់ស្បូវ ។ ពេលសង់រោងហើយគេរៀបចំលំដាប់ក្នុងរោងមានបាយសី៥ថ្នាក់ និងស្លាធម៌៥គូ ។ លុះថ្ងៃរសៀលជួបជុំញាតិមិត្តជិតឆ្ងាយធ្វើបទនមស្ការសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
ថ្ងៃបន្ទាប់មេស្មូនប្រមូលគ្នាទាំងអស់ក្នុងរោងបុណ្យ និងនិមន្តព្រះសង្ឃសូត្រធម៌ស្វាធ្យាយជយន្តោ។ នៅពេលព្រះសង្ឃសូត្រចប់ ព្រះសង្ឃត្រូវស្រង់ព្រះ ហើយទើបមនុស្សម្នាដែលចូលរួមចាប់ផ្តើមស្រង់ព្រះទាំងអស់គ្នា។ ម្នាក់ៗត្រងយកទឹកដែលស្រង់ព្រះនោះយកទៅផ្ញើញាតិមិត្តបងប្អូនកូនចៅលុបមុខឬងូតដើម្បីមានសិរីសួស្តី ។ បន្ទាប់មក គេនាំគ្នាដើរកម្សាន្តតាមល្អាង ដែលជាវេលាតែមួយគត់ដែលគ្រប់គ្នាអាចចូល ទស្សនាល្អាងទាំងនោះបានក្នុងរយៈពេលមួយឆ្នាំ ក្រោយពេលធ្វើពិធីបើកផ្លូវពីបារមីរួចរាល់សព្វគ្រប់។ បន្ទាប់មកទៀត គេនាំគ្នាឡើងទៅលើខ្នងភ្នំ និង នាំគ្នាចុះមករោងបុណ្យវិញដើម្បីហូបបាយជុំគ្នាជាកិច្ចបង្ហើយបុណ្យ។
ក្រៅពីបុណ្យនេះ នៅអំឡុងខែជេស្ឋ ឬ អាសាឍ អ្នកស្រុកតែងជួបជុំគ្នាធ្វើពិធីសុំទឹកភ្លៀង ឬ ហៅថា ពិធីបុណ្យមាន់ប្រាំបី ពោលគឺមានការរៀបចំសែនព្រេង និង អារកមាន់ចំនួនប្រាំបីដើម្បីសម្រក់ឈាមផ្សងទឹកភ្លៀង។ មាន់នីមួយៗ តំណាងខែធ្វើស្រែចំការដែលត្រូវការទឹកភ្លៀង។ បើឈាមមាន់ណាហូរច្រើន មានន័យថា ខែនោះសំបូរទឹកភ្លៀងហើយ។ ដូចនេះ អ្នកដែលចូលរួមពិធីនាំគ្នាហ៊ោកញ្ជ្រៀវ។ ប៉ុន្តែផ្ទុយទៅវិញ បើមានមាន់ណាគ្មានឈាមហូរសោះ ធ្វើឱ្យពួកគេមានទឹកមុខក្រៀមក្រំសម្តែងនូវការមិនសប្បាយចិត្ត។ នៅពេលចប់ពិធីហើយ គេនាំគ្នាផឹកស៊ី ច្រៀងរាំយ៉ាងសប្បាយរីករាយ ប៉ុន្តែមានត្រណមមួយគឺហាមមិនឱ្យយកម្ហូប ស្រាដែលសល់ក្នុងពិធីចូលភូមិ ឬយកទៅផ្ទះជាដាច់ខាត។ អ្នកស្រុកមានជំនឿថាបើមានអ្នកណាហ៊ានយកចូលភូមិឬយកទៅផ្ទះ យប់ឡើងច្បាស់ជាមានខ្លាចូលភូមិ កាច់កគោក្របី ស៊ីជាក់ជាមិនខាន។
ជិះចេញពីទីតាំងភ្នំចាស់ប្រហែល៣០គីឡូទៀត ទៅមុខត្រង់តាមបណ្តោយផ្លូវជាតិលេខ៤៤ដដែល ដល់ចំណុចភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ នៅខាងឆ្វេងដៃ យើងនឹងឃើញស្លាកសញ្ញា រមណីយដ្ឋាន ទេទឹកពុះ នៃសហគមន៍ការពារធម្មជាតិកោដូន្តី (កោរដូនតី)។ ទឹកនៅទីនេះផុសចេញពីក្រោមដី មានសភាពក្តៅរហូតដល់៧០អង្សារ ខុសពីទឹកផុស ឬ ទឹកជប់នៅកន្លែងផ្សេងៗទៀតទូទាំងប្រទេស។ នៅក្នុងសហគមន៍សួយមានវត្ថុសក្ដិសិទ្ធិចំនួន២ គឺស្គរសណំ និង ទឹកក្តៅ នៅកន្លែងទេទឹកពុះ។ គេមានជំនឿថាវត្ថុទាំងពីរនោះអាចការពារនិងមានឥទិ្ធពលចំពោះប្រជាជនជាខ្លាំង។ ចំពោះទេទឹកពុះ ពួកគាត់ជឿថា ទឹកពុះនោះអាចយក មកព្យាបាលជម្ងឺផ្សេងៗបាន។
នៅទីនោះ មានរឿងនិទានមួយដែលត្រូវបាននិយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ កាលពីព្រេងនាយ មានសេដ្ឋីម្នាក់រស់នៅជាមួយនឹងកូនប្រុសម្នាក់ កូនស្រីម្នាក់។ កូនទាំងពីរមានចរិតលក្ខណៈល្អផូរផង់ និងសម្រស់ស្រស់សោភា។ ដោយសារភាពលោភលន់របស់សេដ្ឋីជាឪពុក លោកបានផ្សំផ្គុំកូនស្រី និងកូនប្រុសឲ្យរៀបការនឹងគ្នា។ គោលបំណងរបស់គាត់ គឺដើម្បីទុកទ្រព្យសម្បត្តិទាំងអស់សម្រាប់កូនទាំងពីរមិនចង់អោយទ្រព្យសម្បត្តិធ្លាក់ទៅដល់ដៃអ្នកដទៃ។ ក្នុងពិធីជប់លៀងមង្គលការ សេដ្ឋីបានចាត់អ្នកបម្រើម្នាក់ឲ្យទៅកាប់ក្រពើដែលអ្នកបម្រើសេដ្ឋីម្នាក់ទៀតឈ្មោះ តី ជាអ្នកចិញ្ចឹម ។ ជាប្រផ្នូលមិនល្អ នៅពេលយប់នោះ នាងតីបានយល់សុបិន្តឃើញតាចាស់ម្នាក់ ។ លោកតាបានដាស់តឿននាងអោយរត់ចេញឆ្ងាយពីភូមិ។
នៅក្នុងពិធីមង្គលការនោះកំពុងដំណើរការ ស្រាប់តែមានទឹកក្ដៅផុសចេញមកពីក្រោមដីបង្ករអោយលិចលង់ភូមិនោះ ។ អ្នកភូមិទាំងអស់ត្រូវបានស្លាប់ មានតែអ្នកបម្រើឈ្មោះ តី ម្នាក់ទេដែលនៅរស់រានមានជីវិត ដោយសារនាងមិនបានចូលរួមហូបសាច់ក្រពើដែលជាក្រពើអ្នកតាឃុំគ្រងនោះ។ ចាប់ពីពេលនោះមក ជនជាតិសួយបានហាមប្រាមដាច់ខាតចំពោះការរៀបការ ជាមួយសាច់ញាតិខ្លួនឯង។ មុននឹងទៅដណ្ដឹងប្រពន្ធ ខាងប្រុសត្រូវស៊ើបពីខាងស្រីអោយបានច្បាស់ដើម្បីប្រាកដថាខាងស្រីមិនជាប់សាច់ឈាមជាមួយនឹងខ្លួន។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ជនជាតិសួយកំពុងរស់នៅភូមិចំនួន៥នៃសហគមន៍កោដូន្តី (កោរដូនតី) រួមមាន ភូមិកោរដូនតី ភូមិតានិល ភូមិត្រាង ភូមិពុទ្រា និង ភូមិចំបក់ ដែលមានលោកអ៊ំ ផល នឿន ជាប្រធានសហគមន៍។ ជនជាតិដើមភាគតិចសួយទាំង៥ភូមិ មានចំនួន៣១៦គ្រួសារ ហើយដែលមានប្រជាជនសួយសរុបចំនួន១៣២៥នាក់។ ឯរបាំព្លយសួយដែលជារបាំប្រពៃណីមួយដ៏ល្បីល្បាញនោះក៏មានប្រភពកំណើតចេញពីជនជាតិសួយនៃតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះដែរ ហើយវាឆ្លុះបញ្ចាំងអំពីវប្បធម៌ទំនៀមទម្លាប់នៃព្រានព្រៃសម័យបុរាណដែលជួបប្រទះនឹងទិដ្ឋភាពសត្វក្ងោកច្រៀងរាំលេងសប្បាយ នៅក្នុងព្រៃ ហើយមានបុរសកាន់ឧបករណ៍តន្រ្តីព្លយផ្លុំប្រគំតាមចលនានៃសត្វក្ងោករេរាំ។ ប៉ុន្តែបើតាមវប្បធម៌ដើមរបស់ជនជាតិនេះ របាំខាងលើអាចរាំបានតែនៅពេលមានពិធីបុណ្យប្រពៃណីរបស់ជនជាតិ ឬ ពេលមានការសែនព្រេនសុំការអនុញ្ញាតតែប៉ុណ្ណោះ មិនមែនអាចរាំសម្តែងទូទៅនៅតាមកម្មវិធីសិល្បៈដូចបច្ចុប្បន្ននោះទេ៕
Article by SRIN SOKMEAN