×

ស៊ន​ ​ចន្ថា​ ​សហគ្រិន​ស្រ្តី​មាន​បេះដូង​សិល្បៈ​បរិស្ថាន​បាន​បង្កើត​ភូមិ​លម្ហែ​លើកស្ទួយ​បរិស្ថាន​ ​និង​ផ្តល់​ចំណូល​ដល់​ស្រ្តី​សហគមន៍​

NEWS 5 years ago
 
 

​            ​នៅពេល​ឮ​ពាក្យ​ ​“​សហគ្រិន​”​ ​នៅក្នុង​បរិបទ​កម្ពុជា​ពេល​បច្ចុប្បន្ន​ ​គេ​ច្បាស់ជា​សំដៅ​ដល់​ ​បុគ្គល​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ភាព​ជោគជ័យ​លើ​វិស័យ​ជំនួញ​ ​និង​ទទួល​បាន​ប្រាក់ចំណូល​អាជីវកម្ម​ខ្ពស់​ ​មានមុខ​មាន​មាត់លេច​ធ្លោ​នៅក្នុង​សង្គម​។​ ​ប៉ុន្តែ​យោង​តាម​វចនានុក្រម​សេដ្ឋកិច្ច​ជា​ភាសាអង់គ្លេស​ ​ពាក្យ​ថា​ ​សហគ្រិន​ ​សំដៅ​ដល់​បុគ្គល​ដែល​មានចិត្ត​ក្លាហាន​ប្រថុយ​នឹង​ឧបសគ្គ​និង​មានគំនិត​បង្កើត​ថ្មី​ ​ពោល​គឺ​បង្កើត​ប្រភេទ​អាជីវកម្ម​ ​ឬ​សហគ្រាស​បែប​ថ្មី​ ​មិន​យក​តាម​គំ​និ​ត​ចាស់​ៗ​ដែលគេ​ធ្លាប់ធ្វើ​រួចមក​ហើយ​។​ ​អ្នកនាង​ ​ស៊ន​ ​ចន្ថា​ ​ហៅ​ ​ម៉ា​យ៉ា​ ​ជា​ស្រ្តី​ខ្មែរ​វ័យ​ជាង៣០ឆ្នាំ​ ​ស្ថាបនិក​ភូមិ​ផ្ទះ​ស្នាក់​បែប​ខ្មែរ​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​សហគ្រិនភាព​បង្កើត​កន្លែង​ដែល​ប្រមូល​ផ្តុំ​ស្ថាបត្យកម្ម​គេហដ្ឋាន​ប្រពៃណី​ខ្មែរ​ជាច្រើន​រចនាបថ​ដែល​សេសសល់​ពី​សម័យ​សង្រ្គាម​នៅក្នុង​ស្រុកខ្មែរ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ស្នាក់នៅ​សម្រាក​លម្ហែ​បន្សាំ​ខ្លួន​ទៅ​នឹង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​យ៉ាង​សាមញ្ញ​របស់​ប្រជាជន​ខ្មែរ​ពិ​តៗ​ ​ទាំង​ដែល​អ្នកនាង​មិនមែន​ជា​ស្រ្តី​ដែល​ប្រាថ្នា​ចង់បាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ​ឬ​ ​យក​ប្រាក់​ជាធំ​ដូច​សហគ្រិន​ដទៃទៀត​ឡើយ។​

​            ​អ្នកនាង​ ​ស៊ន​ ​ចន្ថា​ ​ហៅ​ ​ម៉ា​យ៉ា​ ​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់ផ្ទះ​លម្ហែ​ ​“​ភូមិ​ម៉ា​យ៉ា​”​ ​(​Maya​ ​Village​)​ ​ដែល​ជា​លំនៅ​ស្ថាន​របស់​ក្រុម​គ្រួសារ​គាត់​ផ្ទាល់​នៅ​ឃុំ​អរិយក្សត្រ​ ​ស្រុក​ល្វាឯម​ ​ខេត្តកណ្តាល​ ​ត្រើយម្ខាង​កោះ​ពេជ្រ​ ​សង្កាត់​ទន្លេបាសាក់​ ​រាជធានី​ភ្នំពេញ​។​ ​ស្ថិតនៅ​លើ​ផ្ទះ​វ័យ​ចំណាស់​កន្តាំង​ប្រក់​ក្បឿង​ម៉ូដ​ក្រពើ​ហា​យ៉ាង​ស្រស់​ស្អាត​ ​ស្ថាបនិក​ទីតាំង​ខាងលើ​បាន​រៀបរាប់​អំពី​ជីវ​ប្រវត្តិ​ត្រួស​ៗ​ថា​ ​អ្នកនាង​ជា​កូនស្រី​ម្នាក់​កើត​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ ​ចេញពី​ទឹកដី​អតីត​រាជធានី​លង្វែក​ ​បច្ចុប្បន្ន​ជា​ឃុំ​លង្វែក​ ​ស្រុក​កំពង់ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​អ្នកនាង​បាន​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ម្តាយ​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​ ​នៅ​ម្តុំ​ទួលគោក​ ​ហើយ​ប្រកបរបរ​លក់​បាយ​លក្ខណៈ​គ្រួសារ​នៅ​ទីនោះ​។​ ​អ្នកនាង​បាន​តស៊ូ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​ពាណិជ្ជកម្ម​ពីសា​កល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​ក្នុង​ឆ្នាំ២០១១​ ​។​ ​បន្ទាប់មក​ ​អ្នកនាង​មានសំណាង​បាន​ទទួល​អាហារូបករណ៍​ចេញទៅ​បន្ត​ការសិក្សា​ជំនាញ​នយោបាយ​ ​នៅ​ប្រទេស​អាល្លឺម៉ង់​ ​ដោយសារ​ពេលនោះ​អ្នកនាង​បាន​ធ្វើការ​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​នៅ​ប្រទេស​ ​កម្ពុជា​ ​ហើយ​បាន​បញ្ចប់​ការសិក្សា​កម្រិត​នេះ​ក្នុង​ឆ្នាំ២០១៨​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែរ។​ ​

​            ​ចំពោះ​ប្រវត្តិ​ការងារ​វិញ​ ​អ្នកនាង​មានបទពិសោធន៍​ឆ្លងកាត់​ការងារ​ផ្នែក​លក់​ ​និង​ទីផ្សារ​​អស់​រយៈពេល​ប្រមាណ១០ឆ្នាំ​រួចមក​ហើយ​។​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​អ្នកនាង​បាន​បើក​អគារ​ស្នាក់នៅ​បែប​ខុន​ដូ​មួយ​ដែល​មានឈ្មោះ​ថា​ ​ម៉ា​យ៉ា​អា​ផា​ត​មិន​ ​(Maya’s​ ​Apartment​)​ ​សម្រាប់​ជួល​នៅ​ម្តុំ​ទួលគោក​ ​ដែល​ជា​កន្លែង​គាត់​នឹង​គ្រួសារ​ធ្លាប់​រស់នៅ​ពីមុន​ ​ប៉ុន្តែ​អ្នកនាង​បាន​បញ្ជាក់​ថា​ ​នេះ​គ្រាន់តែ​ជា​មធ្យោបាយ​ជំនួញ​ដើម្បី​ដោះស្រាយ​ទប់ទល់​នឹង​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ ​វា​ពុំមែន​ជា​អ្វី​ដែល​អ្នកនាង​ស្រឡាញ់​ក្នុង​ឆាកជីវិត​ឡើយ​។​ ​ហេតុនេះ​ហើយ​ ​ទើប​អ្នកនាង​សម្រេចចិត្ត​ផ្លាស់​ប្តូរ​មក​រស់នៅ​តំបន់​អរិយក្សត្រ​ ​ជិត​ភ្នំពេញ​នេះ​វិញ​ ​ក្នុង​ភូមិដ្ឋាន​ដែល​មាន​ទេសភាព​ធម្មជាតិ​ស្រស់​ត្រកាល​ដូច​ទី​ជនបទ​ដែល​អ្នកនាង​ធ្លាប់​នៅ​កាលពី​កុមារភាព​ ​“​អាកាសធាតុ​ក៏​ល្អ​ ​ការរស់នៅ​ធូរ​ថ្លៃ​ ​ពេលខ្លះ​ខ្ញុំ​គិតថា​ ​អត់​បាន​ជួយ​អ្វី​ដល់​សង្គម​ច្រើនណាស់​ណា​ ​តែ​ពេល​យើង​បង្កើត​ផ្ទះ​អ៊ីចឹង​ ​អ្នក​មក​គេ​ស្រឡាញ់​ ​គេ​សប្បាយចិត្ត​ ​ហ្នឹងហើយ​ដែល​ខ្ញុំ​ចង់​ចែករំលែក​ ​(​អារម្មណ៍​សប្បាយរីករាយ​)។​”​ ​

​            ​ទាក់ទិន​នឹង​មូលហេតុ​ដែល​អ្នកនាង​សម្រេចចិត្ត​ធ្វើ​មាតុភូមិ​និវត្តន៍​មកកាន់​កម្ពុជា​វិញ​ ​ក្នុង​ខណៈ​ដែល​អ្នកនាង​បាន​បញ្ចប់​ការសិក្សា​នៅ​បរទេស​ ​ហើយ​អាច​ឈោង​ចាប់​ការងារ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ទីនោះ​ ​អ្នកនាង​ឆ្លើយ​យ៉ាង​រហ័ស​ដោយ​ឥតមាន​មន្ទិល​ថា​ ​“​នៅ​ស្រុក​គេ​វា​ស្រួល​ម្យ៉ាងដែរ​ ​ប៉ុន្តែ​វា​អត់​មាន​សក្តា​នុ​ពល​ ​ព្រោះ​យើង​ទៅដល់​ណា​ក៏​យើង​នៅតែ​មានឈ្មោះ​ជា​ជន​អន្តោប្រវេសន៍​ហ្នឹង​!​”​។​ ​អ្នកនាង​បាន​អះអាង​ថា​ ​អ្នកនាង​ពិតជា​មាន​សេចក្តី​សុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​នៅពេល​បាន​មក​រស់នៅ​ ​និង​ ​បង្កើត​កន្លែង​នេះ​ឲ្យ​ភ្ញៀវ​មក​លម្ហែ​ ​និង​ ​ប្រជុំ​កិច្ចការ​ងារ​សង្គម​ផ្សេង​ៗ​ ​“​ខ្ញុំ​គ្មាន​ការ​រំពឹង​ទុក​អ្វី​ទាំងអស់​ ​ព្រោះ​ខ្ញុំ​គិតថា​អ្វី​ដែល​ខ្ញុំ​កំពុង​មាន​សព្វថ្ងៃ​នេះ​គឺ​វា​ហួសពី​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​!​ ​ផ្ទះ​មាននៅ​ ​បាយ​មាន​ញ៉ាំ​ ​សម្ព័ន្ធភាព​ផ្លូវចិត្ត​ល្អ​ ​[​…​]​”​ ​ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​ ​ប៉ុន្តែ​ហាក់ដូចជា​ខ្វះ​បរិស្ថាន​ធម្មជាតិ​បៃតង​ដែល​អ្នកនាង​ចូលចិត្ត​។​ ​តាមរយៈ​នេះ​ដែរ​ ​អ្នកនាង​យល់ថា​ ​នៅ​ថ្ងៃ​អនាគត​ ​ទីតាំង​នេះ​នឹង​ក្លាយជា​កន្លែង​ពេញនិយម​សម្រាប់​ក្មេង​ៗ​យុវវ័យ​ ​ជាពិសេស​សិស្ស​និស្សិត​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​មក​ស្នាក់​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ហើយ​មាន​អារម្មណ៍​ធុញថប់​នឹង​បរិយាកាស​ទីក្រុង​មក​កម្សាន្ត​បំបាត់​ភាព​នឿយណាយ​តានតឹង។​ ​

​            ​ជាចុងក្រោយ​ ​អ្នកនាង​បាន​និយាយ​ថា​ ​ទោះបីជា​អ្នកនាង​ធ្លាប់​មាន​ប្រវត្តិ​ទាក់ទង​នឹង​វិស័យ​ជំនួញ​ក៏​ពិតមែន​ ​តែ​បេះដូង​អ្នកនាង​គឺ​ដក់ជាប់​នឹង​បរិស្ថាន​ធម្មជាតិ​រួម​នឹង​សិល្បៈ​ ​ពោល​គឺ​ចាប់តាំងពី​បង្កើត​ភូមិ​ម៉ា​យ៉ា​នេះ​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ​មក​ ​អ្នកនាង​ចំណាយពេល​ភាគច្រើន​របស់​ខ្លួន​ទៅលើ​ការរចនា​តុបតែង​ផ្ទៃ​ខាងក្នុង​ ​និង​ ​ខាងក្រៅ​ ​តាម​បែបផែន​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ផ្ទាល់ខ្លួន​ ​ដូចជា​ ​ការ​ដើរ​រើស​សំបក​សិប្បីសត្វ​សមុទ្រ​មក​តាំង​លម្អ​ ​និង​ ​យក​សំបក​ទំពាំង​មក​សរសេរជា​អក្សរ​ធ្វើជា​បន្តោង​ស្លាកយីហោ​ផលិតផល​ធ្វើ​ដោយ​ដៃ​ផ្សេង​ៗ​ទុក​លក់​ជូន​ភ្ញៀវ​ដោយ​មិន​ចម្លង​គំនិត​អ្នកដទៃ​ឡើយ៕​ ​

Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS