×

ជនជាតិ​ជប៉ុន​មួយ​រូប​បង្រៀន​សិស្ស​ខ្មែរ​ពីរ​បៀ​បដាំ​តែ​តាម​បែប​ធម្មជាតិ​ក្នុង​សាលា​ដើម្បី​រក​ប្រាក់កម្រៃ​

NEWS 5 years ago
 
 

          ដូចដែល​អ្នកគ្រប់គ្នា​បានដឹង​ហើយ​ថា​ ប្រទេស​ជប៉ុន​តែង​ផ្តល់​ជំនួយឥតសំណង​ដ៏​ច្រើនលើស​លុប​ មកកាន់​ប្រទេស​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​នូវ​ចន្លោះ​ខ្វះខាត​មួយចំនួន​ដែល​មាននៅ​ក្នុង​ប្រទេស​។ តួយ៉ាង​ ក្នុង​វិស័យ​អប់រំ​ គេ​តែង​សង្កេតឃើញ​ថា​ជប៉ុន​តែង​ឧបត្ថម្ភ​នូវ​សម្ភារ​សិក្សា​ ក៏ដូចជា​ផ្តល់​នូវ​អាហារូបករណ៍​ជាច្រើន​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​តាមរយៈ​សាលារៀន​ ឬសាកល​វិទ្យាល័យ​នី​មួយ​ៗក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ឱកាស​ សម្រាប់​សិស្សានុសិស្ស​ក្រីក្រ​របស់​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នា​នេះ​ ជនជាតិ​ជប៉ុន​មួយចំនួន​ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​សំ​លឹង​មើលឃើញ​ពី​សក្តា​នុ​ពល​និង​ភូមិសាស្ត្រ​ក៏​អំណោយផល​របស់​ប្រទេស​កម្ពុជា​ដែល​អាច​កែច្នៃ​ក្លាយជា​អ្វីមួយ​ តួយ៉ាងដូចជា​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​រក​ឃើញ​នូវ​វិធី​សាស្រ្ត​ថ្មី​មួយ​ដែល​អាច​បង្រៀន​សិស្សានុសិស្ស​តាម​បណ្តា​ខេត្ត​ពីរ​បៀ​បដាំ​តែ​ធម្មជាតិ​ រួម​ទាំង​ផ្តល់​នូវ​ប្រាក់កម្រៃ​ដល់​ពួកគេ​ទៀតផង​។

អ្នកនាង​ Michie​ Nishiguchi

          ជំនួប​ជាមួយនឹង​ អ្នកនាង​ Michie​ Nishiguchi​ ស្ថាបនិកា​ និង​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ «Demeter​ Tea​» បាន​បង្ហាញ​នូវ​បទពិសោធន៍​ និង​ទស្សនៈ​វិស័យ​ដ៏​សំខាន់​មួយចំនួន​នៅពេល​ដែល​អ្នកនាង​បាន​ចុះ​ទស្សនកិច្ច​សិក្សា​លើកដំបូង​នៅ​អនុវិទ្យាល័យ​ បាយ័ន​ ខេត្តសៀមរាប​។ អ្នកនាង​បាន​ឲ្យដឹង​ផង​ដែរ​ថា​ អំឡុង​ ពេល​ដែល​អ្នកនាង​បាន​ចុះ​ទស្សនកិច្ច​សិក្សា​នោះ​ បានឃើញ​សំរាម​រប៉ាត់រប៉ាយ​ច្រើន​លើ​ដី​ស្ទើរតែ​គ្រប់​ទី​កកន្លែង​ ដោយហេតុនេះ​ហើយ​ ទើប​អ្នកនាង​បាន​ចាប់ផ្តើម​រក​វិធីសាស្ត្រ​មួយចំនួន​ ដើម្បី​ប្រើប្រាស់​បរិវេណ​ដី​ទាំងនោះ​ឲ្យ​មាន​សោភ័ណភាព​ ថែមទាំង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​សំ​ខាន់​ៗមួយចំនួន​សម្រាប់​សុខភាព​ និង​សម្រាប់​មនុស្ស​ទូទៅ​។ តាមរយៈ​ការស្រាវជ្រាវ​មួយចំនួន​របស់​អ្នកនាង​ ទាក់ទង​ទៅ​នឹង​គោលគំនិត​ដែល​បាន​គ្រោងទុក​នោះ​ អ្នកនាង​ Michie​ Nishiguchi​ បាន​រក​ឃើញថា​ កម្ពុជា​មាន​ថ្នាំបុរាណ​ច្រើន​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​ច្រើនមុខ​។ ដូច្នេះ​ អ្នកនាង​ ចាប់ផ្តើម​ សាកល្បង​ដាំ​តែ​ ធម្មជាតិ​ ដែល​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ ហើយ​ថែមទាំង​ជួយ​ដល់​បរិវេណ​នៃ​សាលារៀន​នោះ​ឲ្យ​មាន​ភាព​ទាក់ទាញ​ និង​មាន​សោភ័ណភាព​បន្ថែម​ទៀតផង​។ អ្នកនាង​ Michie​ Nishiguchi​ បាន​លើកឡើង​ថា​ «មុននឹង​ខ្ញុំ​ចាប់ផ្តើម​គម្រោង​របស់ខ្ញុំ​នោះ​ ខ្ញុំ​ក៏បាន​ចុះ​កម្មសិក្សា​នៅ​អនុវិទ្យាល័យ​ បាយ័ន​ ខេត្តសៀមរាប​ចំនួន​មួយឆ្នាំ​ [….] ក្រោយពី​ខ្ញុំ​បាន​ចុះ​កម្មសិក្សា​រួច​ ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា​ ដើម្បី​បង្រៀន​សិស្សានុសិស្ស​ដែល​នៅ​ ទីនោះ​ចេះ​ពីរ​បៀ​បដាំ​ តែ​ រយៈពេល​ស្រោចទឹក​ និង​រយៈពេល​ដែល​ត្រូវ​ប្រមូល​ផល​ តែ​ ទាំងនោះ​»។ ម៉្យាងវិញទៀត​ អ្នកនាង​បាន​ឲ្យដឹង​ថា​ បន្ទាប់ពី​សិស្សានុសិស្ស​បាន​ប្រមូល​ផល​ តែ​ ទាំងនោះ​រួច​ អ្នកនាង​បាន​ផ្តល់​នូវ​ប្រាក់កម្រៃ​ដល់​ពួកគេ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាពរស់នៅ​ ឬប្រើប្រាស់​សម្រាប់​ទិញ​សម្ភារ​ផ្សេង​ៗក្នុង​សាលារៀន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ទាំងអស់​ក៏បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ជាមួយនឹង​ការថែទាំ​បរិស្ថាន​ឲ្យបាន​ស្អាត​ និង​មាន​សោភ័ណ​ច្រើនជាង​មុន​។

          គួរ​ជម្រាប​ផង​ដែរ​ថា​ ក្នុង​គម្រោង​នៃ​ការ​បង្ហាត់បង្រៀន​ដាំ​ តែ​ ហើយ​ថែមទាំង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​អាច​រក​ប្រាក់កម្រៃ​អំឡុង​សិក្សា​នេះ​ បាន​ផ្សារភ្ជាប់​ទៅ​នឹង​គោលបំណង​បី​សំ​ខាន់​ៗ។ គោលបំណង​ទីមួយ​គឺ​ ការ​ផ្តោត​សំខាន់​លើ​ ការបង្កើត​សួន​រុក្ខជាតិ​ពោរពេញ​ទៅ​ដោយ​ភាព​ស្រស់បំព្រង​ រី​ឯគោលបំណង​ទីពីរ​ ជា​ការ​ផ្តល់​ឱកាស​ឲ្យ​កុមារ​សិក្សា​ពី​វប្បធម៌​ប្រពៃណី​នៃ​ការ​ដាំដុះ​រុក្ខជាតិ​ និង​គោលបំណង​ទីបី​នោះ​គឺ​ ការបង្កើត​ប្រាក់ចំណូល​ តាមរយៈ​ការ​ដាំដុះ​ ហើយ​ផល​ដែល​ប្រមូល​បាន​ទាំងនោះ​គឺជា​គុណប្រយោជន៍​ដែល​មាន​លើទឹក​ដី​ផង​ដែរ​៕

Article​ by​ PAN​ SIVLY​


SUGGESTIONS