ពីឱសថការី ក្លាយជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ Cosplay ដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ
FASHION & BEAUTY 5 years agoប្រិយមិត្តដែលនិយមទស្សនារឿងត្លុកជប៉ុន(Manga) ឬគំនូរជីវចល (Anime) ប្រាកដជាបានស្គាល់ពីCosplay Event ហើយថាជាកម្មវិធីវប្បធម៌មួយនៃប្រទេសជប៉ុនបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកគាំទ្ររឿងត្លុកជប៉ុន(Manga) ឬគំនូរជីវចល(Anime) ដើម្បីស្លៀកពាក់ទៅតាមទំនោរបែបប្លែកៗទៅតាមតួអង្គនីមួយៗដែលបានសម្តែងក្នុងរឿង និងជាវិធីសាស្ត្រដ៏ងាយស្រួលក្នុងការបង្កើតនូវមិត្តភាពពីគ្រប់មជ្ឈដ្ឋានទាំងអស់មកផ្តុំគ្នាក្នុងព្រឹត្តិការណ៍ដែលបានប្រារព្ធ។ ជាក់ស្តែង លំហូរនៃវប្បធម៌នេះបាននាំមកនូវទស្សនីយភាពមួយដ៏ល្អប្រណីតសម្រាប់យុវជនកម្ពុជាអាចស្លៀកពាក់តាមចំណង់ចំណូលចិត្តរបស់ខ្លួន រួមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីៗពីទំនៀមទម្លាប់នៃបណ្តាប្រទេសផ្សេងៗជាដើម។
ទន្ទឹមនឹងការពេញនិយមដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្នទៅលើការលេងស្ទាយ៍ Cosplay ម្តងៗយុវជនត្រូវចំណាយថវិកាច្រើនក្នុងសម្លៀកបំពាក់មួយឈុត តួយ៉ាង គ្រឿងតុបតែងកាយផ្សេងៗ ដើម្បីលម្អ និងតុបតែងខ្លួនស្រដៀងទៅនឹងតួអង្គដែលមានក្នុងរឿងត្លុកជប៉ុន(Manga) ឬគំនូរជីវចល (Anime)។ យ៉ាងណាមិញ អ្នកគាំទ្រ Cosplay មួយចំនួនបានឲ្យដឹងផងដែរថា រាល់ពេលដែលមានកម្មវិធី Cosplay ម្តងៗ ពួកគេត្រូវចំណាយថវិកាច្រើន តួយ៉ាងសម្លៀកបំពាក់ គ្រឿងតុបតែងកាយ និងសម្ភារមួយចំនួនផ្សេងទៀត។ ជាមួយនឹងកត្តានេះ បានជំរុញទឹកចិត្ត ឱសថការីម្នាក់ដែលទើបតែបញ្ចប់ការសិក្សាលើជំនាញឱសថសាស្ត្របានប្រែអាជីពរបស់ខ្លួនងាកមកច្នៃម៉ូដសម្លៀកបំពាក់ Cosplay ដ៏ស្រស់ស្អាត និងមិនចាញ់សម្លៀកបំពាក់Cosplay ដែលមានលក់លើទីផ្សារបរទេសប៉ុន្មានឡើយ។
ស្ថិតក្នុងវ័យ ៣០ឆ្នាំ កញ្ញា រឿន សុម៉ាលី មានស្រុកកំណើតក្នុងខេត្តសៀមរាប និងជាអ្នកគាំទ្រ Cosplay ដ៏ខ្លាំងម្នាក់ដែលបានចូលរួមកម្មវិធី Cosplay បួនដងកន្លងផុតទៅថ្មីៗ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនដូច្នេះថា «អ្វីដែលធ្វើឲ្យខ្ញុំចាប់ផ្តើមច្នៃសម្លៀកបំពាក់នេះ ក៏ព្រោះតែសម្លៀកបំពាក់ Cosplay គឺមានទំហំធំជាងខ្លួនរបស់ខ្ញុំនិយាយរួមទៅដងខ្លួនរបស់ខ្ញុំគឺទំហំតូចពិបាកនឹងរកសម្លៀកបំពាក់ដែលត្រូវនឹងតួអង្គខ្ញុំស្រឡាញ់ខ្លាំងណាស់ ម៉្យាងវិញទៀត ត្រូវចំណាយប្រាក់ច្រើនក្នុងមួយឈុត ហេតុនេះខ្ញុំក៏ចាប់ផ្តើមសួរខ្លួនឯងថា ហេតុអ្វីមិនចាប់ផ្តើមសាកល្បងធ្វើដោយខ្លួនឯង?»។ សុម៉ាលី ក៏បានបន្ត «ប្រសិនបើនិយាយរួមទៅខ្ញុំរៀនដេរ រៀនវាស់ខោអាវ តាមអ្នកជិតផ្ទះខ្ញុំ ព្រោះគាត់បើកហាងកាត់សម្លៀកបំពាក់ ចឹងខ្ញុំក៏រៀនតាមគាត់បន្តិចម្តងៗ រហូតសម្រេចនូវគោលដៅ»។ ម៉្យាងវិញទៀត សម្រាប់សម្លៀកបំពាក់ Cosplay មួយឈុត រួមទាំងគ្រឿងតុបតែងកាយ ឬអាវុធ (តាមប្រភេទតួអង្គក្នុងគំនូរជីវចល) កញ្ញាត្រូវចំណាយពេលមួយខែ ឬពីរខែ អាស្រ័យទៅតាមប្រភេទសម្លៀកបំពាក់ដែលអតិថិជនចង់បាន និងពេលវេលារបស់កញ្ញាដែលទំនេរពីការងារផ្សេងៗ។ ដោយឡែក កញ្ញា សុម៉ាលី បានបញ្ជាក់ផងដែរថា ការច្នៃសម្លៀកបំពាក់ Cosplay ដោយខ្លួនឯងវានឹងមិនអាចដូចទៅនឹងភាពជាក់ស្តែងក្នុងគំនូរជីវចលទាំងស្រុងនោះទេ ប៉ុន្តែវាអាចមានភាពស្រដៀងគ្នាប្រមាណជា៨០ភាគរយផងដែរ។
ជាចុងក្រោយ កញ្ញា សុម៉ាលី មានចំណាប់អារម្មណ៍ដូច្នេះថាថ្វីដ្បិត Cosplay នៅប្រទេសកម្ពុជាមានលក្ខណៈរាងតូចចង្អៀតបន្តិច ប៉ុន្តែកញ្ញាសង្ឃឹមថាCosplayនេះនឹងអាចរីកចម្រើនកាន់តែខ្លាំង។ លើសពីនេះទៅទៀត សុម៉ាលី ក៏បានបង្ហាញមតិថា ការតុបតែងបែបគំនូរជីវចលនេះមិនមែនជាការតុបតែងបែបខុសឆ្គងទៅនឹងវប្បធម៌នោះទេ ប៉ុន្តែវាជាផ្នែកមួយដែលអាចកម្សាន្តចិត្តដល់យុវជន ហើយការស្លៀកពាក់នេះដែរអាចបង្ហាញពីអត្តចរិករបស់បុគ្គលម្នាក់ៗនៃតួអង្គនីមួយៗមានក្នុងរឿងត្លុកជប៉ុន(Manga) ឬគំនូរជីវចល(Anime)៕
Article by PAN SIVLY