×

អ្នក​ខេត្តបាត់ដំបង​ហៅថា​មី​កន្តាំង​

TRAVEL & LIVING 4 years ago
 
 

          ភូមិ​វត្ត​លៀប​ជា​ឈ្មោះ​ភូមិ​ល្បី​ចំណាស់​មួយ​នៅ​សង្កាត់​ចំការ​សំរោង​ ​(​អតីត​ឃុំ​ចំការ​សំរោង​)​ ​ក្រុង​បាត់ដំបង​ ​ខេត្តបាត់ដំបង​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ១គីឡូម៉ែត្រ​ ​ខាងត្បូង​ឆៀង​ខាងកើត​ផ្សារណាត់​ឬ​ផ្សារ​ធំ​បាត់ដំបង​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​ឆ្ពោះទៅ​រក​ស្ពានថ្ម​ថ្មី​នៃ​ក្រុង​បាត់ដំបង​ ​ឆ្លង​ដល់ត្រើយ​ខាងជើង​ស្ទឹង​សង្កែ​ ​លោកអ្នក​គ្រាន់តែ​បត់​ស្តាំ​ដៃ​តាមផ្លូវ​មាត់​ស្ទឹង​បន្តិច​ ​លោកអ្នក​នឹង​ឃើញ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​ ​(​អ្នកស្រុក​នៅ​ទីនោះ​និយម​ហៅថា​ពេទ្យ​ធំ​)​។​ ​លោកអ្នក​ជិះ​កាត់តាម​ផ្លូវ​មុខ​មន្ទីរពេទ្យ​នោះ​បត់​កោង​មក​ត្បូង​បន្តិច​ ​លោកអ្នក​នឹង​ឃើញ​អាហារដ្ឋាន​បែប​ផ្ទះតៀម​ជាប់នឹង​ផ្លូវថ្នល់​តែម្តង​នៅ​ខាងស្តាំ​ដៃ​ដែល​មាន​ស្លាកយីហោ​ថា​ ​“​មិត្តភាព​ ​គុជ​ ​ជ​ ​មី​កន្តាំង​”​ ​(​ក្រោយ​បាំង​)​។​ ​

          ​បើ​និយាយ​ពី​មី​កន្តាំង​ក្រោយ​បាំង​ ​ឬ​ ​មី​កន្តាំង​វត្ត​លៀប​នេះ​ ​នរ​ណាៗ​ក៏​ស្គាល់​ដែរ​ឲ្យតែ​អ្នក​ដែល​មាន​ឈាមជ័រ​ស្រុកកំណើត​នៅ​ក្រុង​បាត់ដំបង​ ​ព្រោះ​មីនេះ​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ដែល​មាន​ប្រវត្តិ​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ជិត៤០ឆ្នាំទៅ​ហើយ​ប្រចាំ​តំបន់​នោះ​។​ ​បើ​តាម​ប្រសាសន៍​ ​អ៊ំស្រី​ ​សុខ​ ​អេង​ ​វ័យ៧២ឆ្នាំ​ ​ដែល​ជា​អ្នកលក់​ ​និង​ ​ឆាមី​កន្តាំង​ដោយ​ផ្ទាល់ដៃ​ប្រចាំ​ហាង​ដ៏​ល្បី​នេះ​ ​អាជីវកម្ម​មី​កន្តាំង​ក្រោយ​បាំង​ ​ឬ​ ​មី​កន្តាំង​វត្ត​លៀប​នេះ​បាន​ចាប់​ដំណើរការ​ដំបូង​តាំងពី​ខែកញ្ញា​ ​ឆ្នាំ១៩៨១​ ​មក​ម្ល៉េះ​ ​គឺ​ក្រោយ​របប​ប៉ុល​ ​ពត​ ​ដួល​រលំ​តែ​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។​ ​ឯ​ពាក្យ​ ​“​ក្រោយ​បាំង​”​ ​នេះ​ ​ជា​ពាក្យ​ក្លាយមកពី​ភាសា​បារាំង​លាយ​ខ្មែរ​ថា​ ​“​ក្រោយ​ ​Banque​”​ ​មានន័យថា​ ​ក្រោយ​ធនាគារ​ ​ពោល​គឺ​វា​ជា​ឈ្មោះ​ដែល​ប្រជាជន​ក្រុង​បាត់ដំបង​ហៅ​សម្គាល់​ទីតាំង​ម្តុំ​ពេទ្យ​ធំ​ដែល​នៅ​ជិត​កន្លែង​លក់​មី​កន្តាំង​នោះ​ឯង​។​ ​ប៉ុន្តែ​កាលពីដើម​ ​ហាង​មី​កន្តាំង​នេះ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​ ​ទើបតែ​បី​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​ ​ដែល​ម្ចាស់​អាជីវកម្ម​បាន​រើ​ទីតាំង​មក​ហាង​ថ្មី​ដែល​ស្ថិត​ខាងស្តាំ​ដៃ​ ​ទល់មុខ​ទីតាំង​ហាង​ចាស់​។​ ​ហាង​ថ្មី​មាន​សភាព​ធំ​ទូលាយ​ ​និង​ ​សោភណភាព​ស្អាត​ជាង​ទីតាំង​ហាង​ចាស់​ ​ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ទាក់ទាញចិត្ត​អ្នកដំណើរ​ឲ្យ​ចូល​មក​ឈប់​សំចត​ទទួលទាន​ឆាមី​កន្តាំង​កាន់តែ​ច្រើន​។

          មី​កន្តាំង​របស់​អាហារដ្ឋាន​នេះ​លក់ដាច់​ខ្លាំង​ណាស់​ ​ពោល​គឺ​ឲ្យតែ​គេ​មក​ខេត្តបាត់ដំបង​ហើយ​នឹកចង់​ទទួលទាន​មី​កន្តាំង​ ​គេ​ត្រូវតែ​ចូល​មក​ភ្លក់​រសជាតិ​ម្ចាស់​ដើម​នៅ​ទីនេះ​ជានិច្ច​ជា​កាល​។​ ​ដោយសារតែ​មានការ​ទទួលស្គាល់​នូវ​រសជាតិ​ឆាមី​កន្តាំង​នេះ​ល្បី​ត​!​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ​ទើប​ធ្វើឲ្យ​អ្នកមីង​ ​សុខ​ ​អេង​ ​អាច​លក់​បាន​រហូត​ជាង១០០ចាន​ក្នុង​មួយថ្ងៃ​ ​ហើយ​ជាមធ្យម​ ​ទោះ​មិនសូវ​ដាច់​ខ្លាំង​ ​ក៏អាច​លក់ដាច់​មី​អស់​ជាង១០គីឡូ​ក្នុង​មួយថ្ងៃ​ដែរ​។​ ​ហាង​មី​កន្តាំង​ខាងលើ​បើក​លក់​ចាប់ពី​ម៉ោង២រសៀល​រហូតដល់​ម៉ោង៩យប់​ ​ប៉ុន្តែ​ពេលខ្លះ​មាន​ភ្ញៀវ​ទៅ​អង្គុយ​រង់ចាំ​ទទួលទាន​តាំងពី​ម៉ោង១២ថ្ងៃត្រង់​ក៏​មាន​។​ ​

          ​លក្ខណៈ​ពិសេស​នៃ​មី​កន្តាំង​ក្រោយ​បាំង​ ​ឬ​ ​មី​កន្តាំង​វត្ត​លៀប​ ​គឺ​ត្រង់ថា​ ​គេ​ឆា​គុយទាវ​សរសៃ​ធំ​ ​(​អ្នកស្រុក​ហៅថា​មី​កន្តាំង​ ​ដោយសារ​នៅ​សម័យមុន​ ​អ្នកលក់​អាហារ​ប្រភេទ​នេះ​ជា​ជនជាតិ​ចិនកន្តាំង​ដែល​មក​នៅ​ស្រុកខ្មែរ​)​ ​ក្រាល​ដោយ​ស្លឹកចេក​ស្រស់​តាម​បែប​បុរាណ​ហើយ​ទើប​គេ​ឆា​ខាត់ណា​សាច់គោ​លាយ​នឹង​ក្រពះ​ជ្រូក​ស្រូប​ពីលើ​ ​ក្តៅ​ចូលជាតិ​យ៉ាង​ឈ្ងុយឆ្ងាញ់​ពិបាក​នឹង​ពណ៌នា​។​ ​ចំពោះ​ម្ទេស​ ​(​សម្រាប់​អ្នក​និយម​ទទួល​ ​ទាន​រស​ជា​តិ​ហិរ​)​ ​គេ​មិន​ប្រើ​ម្ទេស​ឆា​ដូច​មីឆា​លក់​នៅ​ភ្នំពេញ​ទេ​ ​ប៉ុន្តែ​គេ​ប្រើ​ម្ទេស​ម៉ដ្ឋ​ ​ឬ​ ​ម្ទេស​ហុយ​ ​ដូច​ម្ទេស​ដាក់​នំបញ្ចុក​ជំនួស​វិញ​។​ ​រី​ឯ​តម្លៃ​គឺ​មិនចាញ់​មីឆា​នៅ​ហាង​ធំៗ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ទេ​ ​ដោយសារតែ​ទីនេះ​ជា​ហាង​ល្បី​លំដាប់​ខេត្ត​មិន​ងាយ​នឹង​មើល​រំលង​ ​ពោល​គឺ​ ​មី​កន្តាំង​ចាន​ធម្មតា​ ​១២០០០រៀល​ ​មី​កន្តាំង​ចាន​ពិសេស​ ​(​សាច់គោ​ ​និង​ ​ក្រពះ​ជ្រូក​ច្រើន​)​ ​១៥០០០រៀល​ ​និង​ ​ចាន​ធំ​បំផុត​ ​២០០០០រៀល​៕​

Article ​by​ ​SRIN SOKMEAN​


SUGGESTIONS