×

ស្មៅ​ទន្លេ​ ​ទីតាំង​ថតរូប​ដែល​យុវវ័យ​មិន​ចេះ​ជិនណាយ​រះ​ឡើង​ក្នុង​ក្រុង​កំពង់ចាម​

TRAVEL & LIVING 4 years ago
 
 

​                ​“​ស្មៅ​ទន្លេ​”​ ​មិនមែន​សំដៅលើ​ប្រភេទ​ស្មៅ​ដុះ​នៅ​តាម​មាត់ទន្លេ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ឈ្មោះ​ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ​មួយ​កន្លែង​ដែល​សង់​ប្រប​នឹង​បណ្តោយ​មាត់ទន្លេ​មេគង្គ​ក្នុង​សង្កាត់​វាលវង់​ ​ក្រុង​កំពង់ចាម​ ​ខេត្ត​កំពង់ចាម​ ​ជាទី​ពេញនិយម​របស់​ប្រជាជន​រស់នៅ​ក្រុង​កំពង់ចាម​ ​ជាពិសេស​បណ្តា​មិត្ត​យុវវ័យ​នៅ​ទីនោះ​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅដល់​ទីរួមខេត្ត​កំពង់ចាម​ ​លោកអ្នក​ត្រូវ​បន្តដំណើរ​ទៅដល់​ស្ពាន​គី​ហ្សូ​ណា​ត្រឹម​ផ្លូវ​មាត់ទន្លេ​ ​រួច​បត់​ស្តាំ​ដៃ​តាម​ជួរ​មាត់ទន្លេ​ប្រមាណ១គីឡូម៉ែត្រ​ឆ្ពោះទៅ​រក​កំពង់ចម្លង​ស្ពាន​ប្រដឹស​ប្ញស្សី​កោះ​ប៉ែន​ ​ម្តុំ​វត្ត​បទុម​រតនៈ​ដីដុះ។​ ​

​                មុន​ដល់​ចំណុច​កំពង់ចម្លង​បន្តិច​ ​លោកអ្នក​នឹង​ឃើញ​អាហារដ្ឋាន​ដ៏​ថ្មី​ទំនើប​មួយ​មាន​ស្លាក​ថា​ ​“​ស្មៅ​ទន្លេ​”​ ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​បង្កើយ​។​ ​ប៉ុន្តែ​ទីនោះ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទទួលទាន​អាហារ​ប៉ុណ្ណោះទេ​ ​វា​ជា​រមណីយដ្ឋាន​សម្រាប់​អ្នកទេសចរ​ថតរូប​ដែល​ប្លែក​ដាច់គេ​ក្នុងចំណោម​គោលដៅ​ទេសចរ​ ​ណ៍​នានា​ក្នុង​ខេត្ត​កំពង់ចាម​ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា​ដែរ​។​ ​អាហារដ្ឋាន​ស្មៅ​ទន្លេ​នេះ​ចាប់​បើក​ទទួលភ្ញៀវ​ពី​ម៉ោង​ ​១០.០០ព្រឹក​ ​រហូតដល់​ម៉ោង​ ​១០.០០យប់​ ​ជា​រៀងរាល់ថ្ងៃ​។​ ​ភាគច្រើន​អ្នក​ខេត្ត​កំពង់ចាម​និយម​ទៅ​កម្សាន្ត​ថតរូប​ជា​ក្ខ​ណៈ​គ្រួសារ​ ​ឬ​ ​មិត្តភក្តិ​នៅ​ទីនោះ​នៅពេល​រសៀល​ ​និង​ ​ពេលល្ងាច​ ​នៅពេល​ដែល​មេឃ​មាន​អាកាសធាតុ​ ​និង​ ​ពន្លឺ​ធម្មជាតិ​ស្អាត​ល្អ​ ​មិន​ចាំងថ្ងៃ​ពេក​ ​មិន​ងងឹត​ពេក​ ​សម្រាប់​ការ​ថតរូប​ ​និង​ ​វីដេអូ​ទាំងឡាយ​មិនថា​ជា​ការ​ថតរូប​កម្សាន្ត​ ​ថតរូប​បែប​ទេសចរណ៍​ ​ឬ​ ​បែប​រូបថត​អាពាហ៍​ពិពាហ៍​នោះ​ទេ។​ ​

​                មូលហេតុ​ដែល​ភ្ញៀវ​ជិត​ឆ្ងាយ​និយម​ទៅ​ស្មៅ​ទន្លេ​ស្ទើរ​គ្មាន​លោះ​ពេលនោះ​ ​ព្រោះ​ម្ចាស់​អាហារដ្ឋាន​នេះ​បាន​សាងសង់​ចំណុច​ទាក់ទាញ​ជាច្រើន​បម្រើ​ដល់​វិស័យ​ថតរូប​ ​ដូចជា​ ​រូប​ផ្កាយ​ព្រះច័ន្ទ​ ​រូប​សំបុក​សត្វ​ ​រូប​កង​រង្វង់​ ​រូប​បេះដូង​ ​រូប​បាតដៃ​មនុស្ស​ ​និង​រូបសំណាក​ជាច្រើន​ទៀត​ដែល​រចនា​តុបតែង​ឡើង​យ៉ាង​ល្អ​វិចិត្រ​ប្រកបដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ពី​រុក្ខជាតិ​ស្មៅ​ ​ប្ញស្សី​ ​និង​ ​ស្លឹកត្នោត​ ​ដែល​ជា​រុក្ខជាតិ​ក្នុង​ស្រុក​ទៅជា​របស់​មានតម្លៃ​ក្នុង​ក្រសែភ្នែក​អ្នកទេសចរ​ក្មេង​ចាស់​ប្រុសស្រី​។​ ​ភ្ញៀវ​ក៏អាច​ឈរ​រូប​នៅ​លើ​ប៉ម​មួយ​ ​ដែល​មាន​រចនា​អក្សរ​ ​“​ខ្ញុំ​ស្រឡាញ់​ទន្លេមេគង្គ​ ​កំពង់ចាម​”​ ​អម​ដោយ​ទេសភាព​ធម្មជាតិ​ទន្លេមេគង្គ​ពិ​តៗ​គួបផ្សំ​នឹង​សម្រស់​ឆ្នេរខ្សាច់​ ​ក្បាលកោះ​ប៉ែន​ដ៏​ស្រស់​ត្រកាល​ ​ធ្វើឲ្យ​អារម្មណ៍​រំភើប​ស្រស់ស្រាយ​ហួសពី​ការស្មាន។​ ​

​                ដោយឡែក​ ​សម្រាប់​អនាគត​គូ​ស្វាមីភរិយា​ដែល​ត្រៀម​នឹង​រៀប​អាពាហ៍​ពិពាហ៍​ ​ពួកគេ​តែងតែ​បង្ហាញ​វត្តមាន​នៅ​ទីនោះ​ជា​ញឹកញាប់​ជាមួយនឹង​ស្ទីល​ថ​ត​ប្លែក​ៗ​ជាប់នឹង​បរិស្ថាន​វាលស្មៅ​ ​វាល​ត្រែង​ ​និង​ ​សួនផ្កា​ឈូករ័ត្ន​ពណ៌លឿង​ស្រស់​ឆើត​ ​គាប់​ភ្នែក​បង្កើត​បាន​ជា​អនុស្សាវរីយ៍​ជ្រាលជ្រៅ​មិន​អាច​បំភ្លេច​បាន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រាល់​ការ​ថតរូប​គឺ​មិន​មាន​គិតថ្លៃ​សេវាកម្ម​អ្វី​ទាំងអស់​ ​ប្រសិនបើ​ភ្ញៀវ​មក​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​នៅ​ទីនោះ។​ ​

​                ទី​តាំង​ស​ម្រាប់​ទទួលទាន​អាហារ​នៅ​ស្មៅ​ទន្លេ​មាន​ពីរ​ប្រភេទ​ ​គឺ​បន្ទប់​ខាងក្នុង​បំពាក់​ម៉ាស៊ីន​ត្រជាក់​ ​និង​ ​រានហាល​ខាងក្រៅ​បែប​ធម្មជាតិ​ដែល​មាន​រៀប​ជា​កន្លែង​អង្គុយ​ផ្ទាល់​ដី​ក្រោមម្លប់​ឆ័ត្រ​ចម្រុះ​ពណ៌​ប្រកបដោយ​ផាសុកភាព​។​ ​អាហារ​រសជាតិ​បែប​អាស៊ី​ជាច្រើន​មុខ​ត្រៀម​រង់ចាំ​ទទួល​លោកអ្នក​មិន​ឲ្យ​ខ​ក​បំណងៅ​ឡើយ​។​ ​សូ​វរីន​សូម​ណែនាំ​អាហារ​ពិសេស​បី​ប្រភេទ​ដែល​ផ្សំ​ឡើង​ពី​ផលិតផល​តំណាង​ខេត្ត​កំពង់ចាម​គឺ​ ​ភ្លាសាច់គោ​ចេកខ្ចី​ ​មាន់​លីង​ចេកខ្ចី​ ​និង​ ​មាន់​លីង​គ្រាប់ស្វាយ​ចន្ទី​។​ ​ត្រី​កែស​ស្វាយខ្ចី​ ​និង​ ​ភ្លាត្រី​ម្រះ​ក៏​ជា​អាហារ​ពិសេស​បែប​ដងទន្លេ​ដែល​អ្នកទេសចរ​មិន​គួរ​រំលង​ឡើយ។​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS