×

“​អាហារ​ពេលល្ងាច​ដៃ៦​”​ ​ដោយក្រុម​ចុងភៅ​ខ្មែរ​ម្ចាស់​ពានរង្វាន់​មាស​ពី​ក្រុង​បាងកក​

NEWS 4 years ago
 
 

          កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​នៅ​សណ្ឋាគារ​ថេម​ផ្លេ​សិន​អង្គរ​រី​សត​ ​(​Templation​ ​Angkor​ ​Resort​)​ ​ខេត្តសៀមរាប​ ​មានការ​ប្រារព្ធ​កម្មវិធី​ជប់លៀង​អាហារ​ពេលល្ងាច​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា​ ​“​អាហារ​ពេលល្ងាច​ដៃ៦​”​ ​(​6​ ​Hands​ ​Dinner​)​ ​ដែល​មាន​វត្តមាន​ចុងភៅ​ខ្មែរ​បី​រូប​ដែល​ជា​ម្ចាស់​ពានរង្វាន់​មាស​ ​Gold​ ​Gourmet​ ​Awards​ ​ក្នុង​ការប្រកួត​ធ្វើម្ហូប​ដ៏​ល្បី​មួយ​ឈ្មោះ​ ​Thailand​ ​Ultimate​ ​Chef​ ​Challenge​ ​ប្រចាំឆ្នាំ២០១៩​ ​នៅ​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ ​ចូលរួម​ចម្អិន​ឈុត​អាហារ​ពិសេស​ដែល​ជាប់​ជ័យលាភី​ចំនួន០៥មុខ​ជា​កិត្តិយស​។​ ​

          ចុងភៅ​ទាំង​បី​រូប​ដែល​បាន​ចូលរួម​បង្ហាញ​ថ្វីដៃ​ចម្អិនម្ហូប​ក្នុង​កម្មវិធី​លៀង​ភោជនាហារ​ពេលល្ងាច​បែប​សប្បុរសធម៌​នេះ​គឺ​ ​លោក​ ​ឈន​ ​ប៊ុ​ន​ឈូ​ ​មក​ពី​ក្រុមហ៊ុន​ ​Golden​ ​Temple​ ​Group​ ​លោក​ ​ទឹម​ ​ភ័ក្​រ​ ​មក​ពី​សណ្ឋាគារ​ ​Templation​ ​Angkor​ ​Resort​ ​និង​ ​លោក​ ​ស្រី​ ​បូរ៉ា​ ​មក​ពី​ក្រុមហ៊ុន​ភោជនីយដ្ឋាន​ ​DineBeyond​ ​។​ ​អាហារ​ដែល​ចុងភៅ​ទាំង​បី​បាន​ចម្អិន​ជូន​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ទទួលទាន​ក្នុង​កម្មវិធី​នោះ​រួមមាន​ ​គ្រំ​បំពង​ជ្រក់ស្វាយ​ ​ញាំ​ក្រូចថ្លុង​បង្គា​ ​ហហ្មុក​ត្រី​បែប​ទំនើប​ ​ការី​សាច់​មាន់​ដំឡូងបារាំង​ ​និង​ ​សង្ខ្យា​ល្ពៅ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ម្ហូប​ទាំង​ប្រាំ​មុខ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ចេញពី​មុខម្ហូប​ទាំង១០ដែល​ចុងភៅ​ទាំង​បី​រូប​នេះ​បាន​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រកួត​ធ្វើម្ហូប​នៅ​ប្រទេស​ថៃ​ក្នុងរយៈពេល​ត្រឹមតែ​បី​ម៉ោង​។​ ​

          ​គោលបំណង​ធំ​បំផុត​នៃ​ព្រឹត្តិ​ការណ៍​នេះ​គឺ​ដើម្បី​ប្រមូល​មូលនិធិ​ពី​ការ​លក់​សំបុត្រ​ ​និង​ ​ប្រាក់​វិភាគទាន​ពី​សប្បុរសជន​ដើម្បី​ទ្រទ្រង់​សាលារៀន​ផ្នែក​ទេសចរណ៍​របស់​អង្គការ​មួយ​កន្លែង​ឈ្មោះថា​ ​“​មជ្ឈមណ្ឌល​ ​ ​ ​ ​បណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារ​កិច្ច​អេក​បក់​”​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​វត្ត​ដំណាក់​ ​សង្កាត់​សាលាកំរើក​ ​ក្រុង​សៀមរាប​។​ ​អង្គការ​ ​“​អេក​បក់​”​ ​(​EGBOK​)​ ​ជា​ពាក្យកាត់​មក​ពី​អក្សរ​ផ្តើម​នៃ​ពាក្យ​ក្នុង​ប្រយោគ​ភាសាអង់គ្លេស​ ​“​Everything’s​ ​Gonna​ ​Be​ ​OK​.​”​ ​មានន័យថា​ ​គ្រប់បែបយ៉ាង​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។​ ​អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ដើម្បី​ជួយ​យុវជន​កម្ពុជា​ក្រីក្រ​ឲ្យ​មានលទ្ធភាព​ជួយ​ជីវិត​ខ្លួនឯង​បាន​តាមរយៈ​ការ​ផ្តល់​ការអប់រំ​ ​បណ្តុះបណ្តាល​ ​និង​ ​ឱកាស​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​។​ ​សាលា​នេះ​បាន​បណ្តុះ​បណ្តាល​សិស្ស​ទេសចរណ៍​ជាង​ ​១៣៥០នាក់​ ​(​កម្រិត​ទី១​)​ ​និង​ ​៣៣៦​ ​នាក់​ ​(​កម្រិត​ទី២​)​ ​ហើយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ជាង១០០បាន​ទទួលយក​សិស្សសាលា​នេះ​ទៅ​បំពេញការងារ​នៅពេល​កន្លងមក​។​ ​

          ​លោក​ ​Benoit​ ​Le​ ​Rioux​ ​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ ​Templation​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​“​ ​ថវិកា​ដែល​ទទួល​បាន​ពី​កម្មវិធី​នៅ​ថ្ងៃទី២៣នឹង​ជួយ​ឲ្យ​អង្គការ​អេក​បក់​ទទួល​បាន​កុំព្យូទ័រ​សម្រាប់​បំពាក់​នៅក្នុង​ថ្នាក់រៀន​នៅ​ទីនោះ​ ​ក្នុង​អត្រា​បញ្ចុះតម្លៃ​ពិសេស​ពី​ក្រុមហ៊ុន​កុំព្យូទ័រ​អេច​ភី​(​HP​)​ដែល​បាន​យល់ព្រម​ឧបត្ថម្ភ​កម្មវិធី​តាមរយៈ​នេះ​”​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS