×

តើ​អ្វីទៅ​ជា​ទេសចរ​ចូលនិវត្តន៍​ឬ​លំនៅឋាន​ទីពីរ​?​

NEWS 4 years ago
 
 

          ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​កាន់តែ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ ​ដោយ​គ្រាន់តែ​ក្នុង​ខេត្តសៀមរាប​តែមួយ​ក្នុងរយៈពេល៧ខែ​ឆ្នាំ​ ​២០១៩នេះ​ ​មាន​ចំនួន​ភ្ញៀវ​ជិត១លាន៤សែន​នាក់​ ​ថយ​ចុះ​ ​៩,៦៦ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ​រដ្ឋាភិបាល​កំពុងតែ​រក​វិធានការ​ធ្វើ​យ៉ាងណា​ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កើនឡើង​វិញ​ ​និង​កំពុងតែ​សិក្សា​លើ​ ​គម្រោង​ជាច្រើន​នៅ​ឆ្នាំ​ ​២០២០​ ​ដូចជា​ការលើកលែង​ទិដ្ឋាការ​ទៅតាម​ការ​ចង់បាន​របស់​វិស័យ​ឯកជន​ជាដើម​។​ ​ថ្មី​ៗ​នេះ​តាមរយៈ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ ​បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការបង្កើត​គម្រោង​ទេសចរ​ចូលនិវត្តន៍​ ​ឬ​លំនៅ​ដ្ឋាន​ទីពីរ​ ​ដែល​ជា​ផលិតផល​ទេសចរ​ថ្មីស្រឡាង​រយៈពេល​វែង​មួយ​ ​ដែល​អាច​ឲ្យ​កម្ពុជា​រកចំណូល​បាន​ក្នុង​វិស័យ​ទេសចរ​តាមរយៈ​មធ្យោបាយ​ថ្មីនេះ​ផង​ដែរ​។​ ​តើ​ទេសចរ​ផ្ទះ​ទីពីរ​នេះ​គឺជា​អ្វី​ ​ហើយ​វា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​នោះ​?

          ​នៅពេល​ដែល​ប្រជាជន​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ដែល​មាន​វ័យ​កាន់តែ​ចាស់​ទៅៗ​ ​ពួកគេ​តែងតែ​ចង់​ស្វែងរក​នូវ​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចំណាយពេល​វេលា​នៃ​ជីវិត​ចុងក្រោយ​របស់​ពួកគេ​ឲ្យ​មានន័យ​ជាមួយនឹង​បរិយាកាស​ស្រស់ស្រាយ​ស្រប​ទៅតាម​បំណង​ចុងក្រោយ​។​ ​ដោយសារតែ​តម្រូវការ​នេះ​ហើយ​ទើប​ធ្វើឲ្យ​ប្រទេស​ជាច្រើន​បង្កើត​ផលិតផល​មួយ​ដែល​ឲ្យ​ឈ្មោះថា​ទេសចរ​ចូល​និវត្តន៍​ ​ឬ​ ​ទេស​ចរ​លំនៅឋាន​ទីពីរ​នេះ​។​ ​នៅ​អ៊ឺ​រ៉ុប​ប្រទេស​ជាច្រើន​បាន​អនុម័ត​ច្បាប់​និង​អនុញ្ញាតិ​ឲ្យ​បង្កើត​នូវ​ផលិតផល​ទេសចរ​នេះ​ ​ហើយ​លំនៅឋាន​ទីពីរ​ជាច្រើន​បាន​ទាញ​ចំណូល​សម្រាប់​ប្រជា​ជន​អ៊ឺ​រ៉ុប​បាន​រាប់​ម៉ឺន​ដុល្លា​រក្នុ​មួយ​ឆ្នាំ​ៗ​។​ ​

          ​ដោយសារតែ​អំណោយផល​នៃ​អាកាសធាតុ​ ​ភូមិសាស្ត្រ​ ​វប្បធម៌​ប្រពៃណី​ ​និង​សេដ្ឋកិច្ច​ ​បាន​ធ្វើឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ​១២​ ​ក្នុង​តារាង​ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចូលនិវត្តន៍​អន្តរជាតិ​ឆ្នាំ​ ​២០១៩​ ​(​International​ ​Living’s​ ​Annual​ ​Global​ ​Retirement​ ​Index​ ​2019​)​ ​ស្ថិតនៅ​ពីក្រោម​ប្រទេស​បារាំង​លេខ​ ​១១​ ​និង​ប្រទេស​ថៃ​បាន​ចំណាត់ថ្នាក់​លេខ​ ​៩​។​ ​ការ​ដាក់​ពិន្ទុ​នេះ​ធ្វើឡើង​ដោយមាន​ការបែងចែក​ជា​ ​១៣ប្រភេទ​ ​និង​ ​៤មា​តិ​ការ​ធំៗ​ដូចជា​៖​ ​ហិរញ្ញវត្ថុ​ ​ឬ​ ​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ​ ​វិស័យ​សុខាភិបាល​ ​របៀបរស់នៅ​របស់​ប្រជាជន​ ​និង​ ​របបគ្រប់គ្រង​របស់​រដ្ឋាភិបាល​ដោយ​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ពិន្ទុសរុប​ ​៨១.២​ ​។​ ​ដោយសារតែ​ការ​ដាក់​ពិន្ទុ​និង​ចំណាត់ថ្នាក់​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបង្កើត​គម្រោង​ទេសចរ​ចូលនិវត្តន៍​ឬ​ទេសចរ​ផ្ទះ​ទីពីរ​នេះ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេស​ចរ​ចាស់​ៗ​អាច​ស្នាក់នៅ​និង​កំសាន្ត​នា​ ​នាទី​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា​បាន​ផង​ដែរ​។​ ​តាមរយៈ​គម្រោង​នេះ​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ជាច្រើន​សម្រាប់​វិស័យ​ឯកជន​ដែល​មានផ្ទះ​ឬ​ដី​សម្រាប់​ជួល​អាច​ស្វែងរក​ប្រភព​ចំណូល​បន្ថែម​ទៀតផង​។​ ​តំបន់​ជាច្រើន​ត្រូវ​បាន​ដាក់​ក្នុង​គម្រោង​នេះ​រួចមក​ហើយ​មាន​ដូចជា​៖​ ​តំបន់​សៀមរាប​ ​អង្គរ​ ​តំបន់​ភ្នំ​គីរី​រម្យ​ ​ខេត្តកោះកុង​និង​តំបន់​តាម​មាត់សមុទ្រ​ ​ហើយ​ផ្តោត​ទៅលើ​ភ្ញៀវ​ទេសចរ​ចូលនិវត្តន៍​ជាពិសេស​ទេសចរ​ជនជាតិ​ជប៉ុន​៕​

Article​ ​by​ ​KEO​ ​SONG


​​

 


SUGGESTIONS