×

១ថ្ងៃ​ដ៏​រីករាយ​ក្នុង​រាជធានី​ភ្នំពេញ​នា​រាត្រី​ឆ្លង​ឆ្នាំ​សកល

TRAVEL & LIVING 4 years ago
 
 

           ឱកាស​ដំណាច់ឆ្នាំ​សកល​ត្រូវ​បាន​មហាជន​ទូទៅ​នៅ​លើ​ពិភពលោក​ចាត់ទុកថា​ជា​វេលា​ដ៏​ពិសេស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ និង​ មនុស្ស​ដែល​ជិតស្និទ្ធ​បំផុត​ព្រោះ​ក្នុងរយៈពេល៣៦៥ថ្ងៃ​មាន​ឱកាស​ដំណាច់ឆ្នាំ​តែម្ដង​ប៉ុណ្ណោះ​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រជាជន​ខ្មែរ​ជាច្រើន​ក៏​និយម​ធ្វើ​ សកម្ម​ភាព​ផ្សេង​ៗទៅតាម​ឥទ្ធិពល​សកល​ភាវូបនីយកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​ដែរ​ ប៉ុន្តែ​ខ្លះទៀត​គ្រាន់តែ​ ចំណាយពេល​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​កំសាន្ត​សប្បាយ​ក្នុង​លក្ខណៈ​សាមញ្ញ​មិនសូវ​គគ្រឹកគគ្រេង​។ តើ​សកម្មភាព​ណាខ្លះ​ដែល​ប្រជាជន​ខ្មែរ​ច្រើនតែ​និយម​ប្រារព្ធ​ធ្វើ​ដើម្បី​ចូលរួម​អបអរ​ទិវា​ចូលឆ្នាំ​សកល​ថ្មី​?

          ថ្វីត្បិតតែ​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​មាន​លក្ខណៈ​ជា​រួម​តែមួយ​ក៏​ពិតមែន​ ក៏​យើង​អាច​សង្កេត​ ឃើញ​ជា​រួម​ថា​ការ​ប្រារព្ធ​ពិធី​នេះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណ​​ខុសប្លែក​គ្នា​ទៅតាម​ពេលវេលា​ដែល​អំណោយផល​ជាក់ស្តែង​របស់​ក្រុម​គ្រួសារ​នី​មួយ​ៗ ចំណូល​ថវិកា​ កម្រិត​វ័យ​ កម្រិត​វប្បធម៌​ និង​ ទម្លាប់​របស់​បុគ្គល​ ម្នា​ក់ៗ​។ ​ក្នុង​ឱកាស​បំណាច់​ឆ្នាំ​សកល​ដ៏​រីករាយ​នេះ​ផង​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរយើង​ច្រើនតែ​យក​ឱកាស​នេះ​អញ្ជើញ​សមាជិក​គ្រួសារ​មក​ជួបជុំគ្នា​ធ្វើម្ហូប​ អាហារ​ តួយ៉ាង​ ស៊ុប​ ឬ អាំង​គ្រឿង​សមុទ្រ​ ឬ អាំង​សាច់គោ​ ឬ ធ្វើ​គ្រឿង​ក្លែម​ផ្សេង​ៗ តិច​ឬច្រើន​ក្តី​ ទៅតាម​ការ​និយម​ របស់​គ្រួសារ​នី​មួយ​ៗ អម​ជាមួយ​សុរា​និង​ភេសជ្ជៈ​ទទួល​ទាន​ផ្សេង​ៗ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ក្នុងរង្វង់​គ្រួសារ​ បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ គ្នា​ទៅវិញទៅមក​។ ម្យ៉ាងវិញទៀត​ គ្រួសារ​ខ្លះ​ច្រើន​នាំ​ប្រពន្ធ​កូន​ដើរ​កំសាន្ត​នៅ​តាម​តំបន់​មុខ​ព្រះបរមរាជវាំង​ តំបន់​សួនច្បារ​ មុខ​វត្ត​បទុម​វត្តី​ ឬ តំបន់​កោះ​ពេជ្រ​ ដើម្បី​ទស្សនា​សកម្មភាព​កំ​សាន្ត​ផ្សេង​ៗដែល​សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឡើង​ ដើម្បី​អបអរ​ស្វាគមន៍​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ ជាពិសេស​គឺ​ ការ​ប្រគំ​តន្រ្តី​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ​និង​មានការ​ ចូលរួម​ជា​កិត្តិយស​ពីសំណាក់​សិល្បករ​សិល្ប​ការិនី​ក្នុង​ស្រុក​ជាច្រើន​ដួង​រហូតដល់​ពាក់កណ្តាល​អាធ្រាត្រ​។ ដោយឡែក​សម្រាប់​ក្រុម​គ្រួសារ​មួយចំនួន​ដែល​គាត់​មិនសូវ​និយម​ក្នុង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅផ្ទះ​ ភាគច្រើន​ពួកគាត់​បាន​កក់​ភោជនីយដ្ឋាន​បែប​លំ​ដាប់​ៗ ដែល​មាន​បម្រើ​អាហារ​ពេលល្ងាច​តាម​បែប​អឺរ៉ុប​ដ៏​រ៉ូមែ​នទិ​កជា​មួយ​ក្រុម​គ្រួសារ​ដើម្បី​ទទួល​នូវ​បរិយាកាស​ដ៏​រីករាយ​នា​បំណាច់​ឆ្នាំ​សកល​នេះ​ផង​ដែរ​។

          ក្រៅពី​សកម្មភាព​ដ៏​អធឹក​អធ័ម​ដូចដែល​បាន​រៀបរាប់​ខាងលើ​ គូសង្សារ​និង​ស្វាមីភរិយា​មួយចំនួន​និយម​ជ្រើស​ យក​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ​ជា​វេលា​ដ៏​ផ្អែមល្ហែម​សម្រាប់​សារភាព​ក្តី​ស្នេហ៍​ ឬ រឹត​បន្តឹង​ចំណងស្នេហា​របស់​ខ្លួន​ស្អិត​រមួត​ ប្លែក​ខុសពី​សព្វមួយដង​តាមរយៈ​ការ​ទទួលទាន​អាហារ​ពេល​រាត្រី​នៅ​ទីតាំង​ដ៏​រ៉ូមែ​នទិច​ដែល​ពួកគេ​ពេញចិត្ត​ទាំងសងខាង​។ ក្នុង​ខណៈនេះ​ដែរ​ ពួកគេ​អាច​ជូន​កាដូ​វត្ថុជា​ទីស្រឡាញ់​ ឬ ឆ្លើយឆ្លង​សាសង​រឿងរ៉ាវ​អនុស្សាវរីយ៍​ដែល​ពួកគេ​ ទាំងពីរ​បាន​ឆ្លងកាត់​ក្នុងរយៈពេល​មួយឆ្នាំ​កន្លង​។ លើស​ពីនេះ​ទៅទៀត​ ប្រជាជន​មួយចំនួន​ ពិសេស​អ្នក​ដែល​រកស៊ី​ ជំនួញ​ជាប់​ខ្សែស្រឡាយ​ រមែងតែងតែ​យក​ដង្វាយ​ចំណី​នំនែក​ទៅ​សែន​លោកតា​ព្រះចៅ​ដែល​មាន​បារមី​សក្តិសិទ្ធិ​ប្រចាំ​ បូជនីយដ្ឋាន​វត្តភ្នំ​ហើយ​បួងសួង​សុំ​លាភ​សុំ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ​ និង​ ចាក់គម្ពីរ​ផ្សង​ជោគជតារាសី​ថែមទៀត​ផង​។ ឆ្លៀត​ក្នុង​ខណៈនេះ​ ក្រុម​ ការងារ​គេហទំព័រ​ សូ​វរីន​ យើងខ្ញុំ​ សូមជូនពរ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឲ្យ​ជួបប្រទះ​តែ​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ ឆ្នាំ២០២០ខាងមុខនេះ​៕ 

Article​ by​ HENG​ CHANMAKARA


SUGGESTIONS