តើសារមន្ទីរទួលស្លែងមានការប្រែប្រួលរីកចម្រើនអ្វីខ្លះក្នុងរយៈពេល៤១ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំ?
NEWS 4 years ago ក្រោយពីរាជធានីភ្នំពេញបានរំដោះទាំងស្រុងពីខ្មែរក្រហមនាថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ទីតាំងបរិវេណគុកទួលស្លែង ឬឈ្មោះផ្លូវការមន្ទីរស-២១ ក៏ត្រូវបានគេរកឃើញនាពេលបន្ទាប់។ សន្លឹកឯកសារផ្សេងៗដែលប្រើប្រាស់ក្នុងគុកទួលស្លែងនាពេលនោះ មួយចំនួនស្ថិតក្នុងសភាពគ្មានសណ្ដាប់ធ្នាប់ ហើយឯកសារខ្លះឃើញប្រជាពលរដ្ឋរើសយកទៅខ្ចប់ចំណីអាហារ។ ខ្លឹមសារក្នុងឯកសារទាំងនោះ មានតម្លៃយ៉ាងខ្លាំងចំពោះយុត្តិធម៌នៃជនរងគ្រោះជិត២ម៉ឺននាក់នៅមន្ទីរស-២១ ដ្បិតក្នុងនោះមានបញ្ជីឈ្មោះ ចម្លើយសារភាព ប្រវត្តិរូបសង្ខេប រូបថតនិងហ្វីលរបស់ជនរងគ្រោះជាច្រើននាក់ ដែលខ្មែរក្រហមចាប់បញ្ជូនមកធ្វើទារុណកម្ម និងសួរចម្លើយ មុននឹងសម្លាប់ចោលនៅគុកទួលស្លែង។ តម្លៃយុត្តិធម៌នៃឯកសារទាំងនេះ យើងអាចមើលឃើញបានតាមរយៈការស្នើសុំប្រើប្រាស់ឯកសារមួយចំនួនក្នុងចំណោមឯកសារអំឡុងពេលដំណើការកាត់ទោសមេដឹកនាំខ្មែរក្រហមតាំងពីឆ្នាំ១៩៧៩ និងក្នុងដំណើការរបស់សាលាក្ដីខ្មែរក្រហមនាពេលកន្លងមក។
ដោយមើលឃើញគុណតម្លៃនិងសារៈសំខាន់ផ្នែកយុត្តិធម៌និងប្រវត្តិសាស្ត្ររបស់ឯកសារឧក្រិដ្ឋកម្មខ្មែរក្រហមទាំងនេះ សារមន្ទីរទួលស្លែងក្រោមការចង្អុលបង្ហាញរបស់រដ្ឋាភិបាលកម្ពុជាបានរៀបចំក្រុមការងារដើម្បីប្រមែប្រមូលនិងតម្កល់ឯកសារទាំងនោះក្នុងបរិវេណសារមន្ទីរតាំងពីឆ្នាំ១៩៧៩។ ប៉ុន្តែដោយសារកង្វះធនធានមនុស្សនិងហិរញ្ញវត្ថុ ការរៀបចំបណ្ណសារនាគ្រាដំបូង ប្រព្រឹត្តទៅតាមលទ្ធភាពនិងសម្ភារៈដែលអាចរកបាន។
Image Courtesy: Tuol Sleng Museum Photo Archives
រហូតមកដល់ទសវត្សន៍១៩៩០ សារមន្ទីរបានសហការជាមួយសាកលវិទ្យាល័យ Cornell University សហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងថតចម្លងឯកសារទាំងអស់ដាក់បញ្ចូលក្នុងម៉ៃក្រូហ្វីល (១៩៩១-១៩៩៣)។ នាពេលនោះ ក្រុមការងារបានថតចម្លងឯកសារទាំងអស់របស់បណ្ណសារមន្ទីរទួលស្លែង បានចំនួន២១៣ដុំហ្វីល។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងក្នុងគោលបំណងអភិរក្សឯកសារតាមរយៈការថតបញ្ចូលក្នុងម៉ាស៊ីនម៉ៃក្រូហ្វីល និងជំរុញឲ្យមានការស្រាវជ្រាវពីឧក្រិដ្ឋកម្មក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនិងឧក្រិដ្ឋកម្មនៅក្នុងមន្ទីរស-២១ ដោយយកច្បាប់ថតចម្លងនេះទៅតម្កល់ទុកនៅសារមន្ទីរទួលស្លែង និងមួយច្បាប់ទៀតនៅសហរដ្ឋអាមេរិក ជាទីដែលអ្នកស្រាវជ្រាវអាចសិក្សាដោយងាយស្រួល។
ស្របពេលជាមួយគ្នា អ្នកជំនាញថតរូបពីររូបគឺ លោក Christopher Riley និង Douglas Niven និងបុគ្គលិកផ្នែកបណ្ណសាររបស់សារមន្ទីរ បានរៀបចំលាងសម្អាតហ្វីលនិងផ្ដិតរូបថតដែលនៅសេសសល់ពីមន្ទីរស-២១។ កិច្ចការនេះមានបំណងអភិរក្សហ្វីលរូបថតទាំងអស់ដែលមានចំនួន ៥៣៨២ សន្លឹក ហើយមានសភាពគ្រោះថ្នាក់ដោយសារពេលវេលា អាកាសធាតុ និងកង្វះការថែទាំត្រឹមត្រូវ។ ក្រុមការងារបានសម្អាតរូបថតទាំងនេះតាមបច្ចេកទេសគីមី។ ក្រៅពីនោះក្រុមការងារនេះក៏បានផ្សព្វផ្សាយពីឧក្រិដ្ឋកម្មនៅមន្ទីរស-២១ តាមរយៈការផ្ដិតយករូបថតមួយចំនួនទៅតាំងពិព័រណ៍នៅប្រទេសនានា។
Image Courtesy: Tuol Sleng Museum Photo Archives
សន្ទុះនៃការសិក្សាអំពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកជំនាញអន្តរជាតិនាពេលនោះ។ ចាប់ពីឆ្នាំ១៩៩៤ សាកលវិទ្យាល័យ Yale University សហរដ្ឋអាមេរិក បានបង្កើតកម្មវិធីស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅកម្ពុជា។ កម្មវិធីនេះមានបំណងរៀបចំចងក្រង រក្សាទុក និងស្រាវជ្រាវឯកសារពាក់ព័ន្ធប្រវត្តិសាស្ត្រ ដើម្បីគាំទ្រដល់ដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ជាលទ្ធផលក្រុមការងារក្នុងកម្មវិធីនេះបានផលិតប្រព័ន្ធរក្សាទុកទិន្នន័យចំនួន៤ ស្ដីពី ឯកសារ ជីវប្រវត្តិ រូបថត និងផែនទីឧក្រិដ្ឋកម្ម ដែលប្រើប្រាស់ឯកសាររបស់សារមន្ទីរនិងឯកសារនានាទៀតជាមូលដ្ឋាន។
Image Courtesy: Tuol Sleng Museum Photo Archives
ជាងមួយទស្សវត្សនៃកិច្ចសហការជាអន្តរជាតិ នាឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យក្នុងការដាក់បញ្ចូលឯកសារបណ្ណសារសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូ។ តាមរយៈកិច្ចការដ៏សំខាន់មួយនេះ សារមន្ទីរទទួលការសម្របសម្រួលជាច្រើនពីអន្តរជាតិក្នុងន័យអភិរក្សឯកសារ ព្រោះឯកសារប្រវត្តិសាស្រ្តនេះមានតម្លៃជាសាកលសម្រាប់មនុស្សជាតិ។ បច្ចុប្បន្ន សារមន្ទីរទួលស្លែងក្រោមកិច្ចសម្របសម្រួលពីអង្គការយូណេស្កូ និង ទទួលបានគម្រោងឧបត្ថម្ភដោយពីអង្គការ KOICA ដើម្បីការអភិរក្សនិងថតចម្លងឯកសារប្រហែល៧សែនទំព័ររបស់សារមន្ទីរហើយកំពុងរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីបង្ការការបាត់បង់ទៅថ្ងៃអនាគត ហើយសាធារណជនទូទៅក៏អាចស្វែងរកសាច់ញាតិ និង ការងារស្រាវជ្រាវបានតាមប្រព័ន្ធអ៊ីនធ័រណេតដោយងាយស្រួលផងដែរ។
Image Courtesy: Tuol Sleng Museum Photo Archives
ជារួមកិច្ចការអភិរក្សទាំងអស់ខាងលើនេះ បានរួមចំណែកយ៉ាងធំក្នុងការរក្សានិងការពារបណ្ដាឯកសារទាំងឡាយរបស់សារមន្ទីរ និង បង្កភាពងាយស្រួលដល់សាធារណជនក្នុងការងារស្រាវជ្រាវទៅតាមបច្ចេកវិទ្យាទំនើបពីដំណាក់កាលពីមួយរហូតដល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ កិច្ចការទាំងនេះក៏បានបណ្ដុះបណ្ដាលមន្ត្រីនិងបុគ្គលិកសារមន្ទីរលើកិច្ចការអភិរក្ស ការជួសជុល និងថតចម្លងឯកសារ។ រហូតមកដល់ពេលបច្ចុប្បន្ន បណ្ណសារសារមន្ទីរទួលស្លែងមានលទ្ធភាពជួសជុលដោយប្រើសារធាតុគីមី ថតចម្លងពីឯកសារក្រដាស ពីហ្វីល ឬ ពីម៉ៃក្រូហ្វីលទៅក្នុងកុំព្យូទ័រ និងគ្រប់គ្រងរក្សាទិន្នន័យឯកសារទាំងអស់ដោយខ្លួនឯង។
ក្រៅពីនេះ សារមន្ទីរទួលស្លែងក៏បាននិងកំពុងរៀបចំពិព័រណ៍ជាច្រើនទាក់ទងនឹងរបបប្រល័យពូជសាសន៍ ព្រមទាំងផ្តល់ឱកាសឲ្យអតីតអ្នកទោសមន្ទីរស-២១ដែលនៅរស់រានមានជីវិត ក្នុងនោះរួមមាន លោកតា ជុំ ម៉ី លោកតា ប៊ូ ម៉េង និង លោកពូ នង ចាន់ផល បានធ្វើជាសាក្សីរស់ចែករំលែកបទពិសោធន៍នៃឆាកជីវិតរបស់ពួកគេដែលបានឆ្លងកាត់របបដ៏សាហាវយង់ឃ្នងដោយផ្ទាល់នៅទីនេះជំនាន់នោះ និង លក់សៀវភៅឯកសារស្តីពីជីវិតរបស់ពួកគេក្នុងរបបនោះជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានស្វែងយល់ជាចំណេះដឹងសកល៕
អត្ថបទដោយ៖ សុង ភក្រ្តា និង ស្រ៊ិន សុខមាន