៥ ចំណុចប្រវត្តិសាស្ត្រទាក់ទងនឹងផ្សារធំថ្មីដែលមនុស្សជំនាន់ក្រោយប្រហែលមិនធ្លាប់ចាប់អារម្មណ៍
TRAVEL & LIVING 4 years ago ផ្សារធំថ្មីជាផ្សារទេសចរណ៍បែបប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញដែលត្រូវបានកសាងឡើងក្នុងសម័យអាណានិគមបារាំង កាលពីដើមសតវត្សរ៍ទី២០ (១៩៣៥-១៩៣៧) ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (១៩២៧-១៩៤១)។ គម្រោងសាងសង់ផ្សារនេះត្រូវបានបញ្ចប់ជាស្ថាពរតែប៉ុន្មានឆ្នាំមុនពេលសង្រ្គាមលោកលើកទី២ (១៩៣៩-១៩៤៥) កើតឡើងបន្តិចប៉ុណ្ណោះ។ គិតមកដល់សព្វថ្ងៃ ឆ្លងកាត់របបដឹកនាំជាច្រើនសម័យកាលអស់រយៈពេលជិត៩០ឆ្នាំទៅហើយក្តី ក៏ផ្សារនេះនៅតែដើរតួនាទីជាតំបន់ពាណិជ្ជកម្មដ៏សកម្មធំមួយកណ្តាលទីក្រុងភ្នំពេញដដែល។ តើមានចំណុចពិសេសអ្វីខ្លះទាក់ទងនឹងផ្សារប្រវត្តិសាស្រ្តនេះដែលយើងទាំងអស់គ្នាគួរយល់ដឹងនិងចងចាំទុក?
១. អតីតភាពទីតាំងភូមិសាស្រ្ត
ផ្សារធំថ្មីសព្វថ្ងៃនេះត្រូវបានសាងសង់លើទីតាំងអតីតបឹងបុរាណមួយឈ្មោះ បឹងតេជោ ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង (សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេអោយឈ្មោះហៅ «បឹងតេជោ» តរៀងមក។ យោងតាមគេហទំព័រ Cambodian guide.com ដែលបង្កើតឡើងដោយក្រុមមគ្គុទ្ទេសក៏ថ្នាក់ជាតិរបស់ក្រសួងទេសចរណ៍ (២០១៤) នៅក្នុងឆ្នាំ១៩២៨ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ក្រុមហ៊ុនសាធារណការបារាំងមួយឈ្មោះថា « Grands Travaux de Marseille» (ហៅកាត់ថា GTM) បានចុះកិច្ចសន្យាបូមខ្សាច់ចេញពីបាតទន្លេសាបដើម្បីចាក់បំពេញបឹងតេជោ និង បឹងមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ។ ជាអកុសល គម្រោងសាងសង់ផ្សារនៅលើទីតាំងដីបឹងដែលទើបចាក់បំពេញរួចនេះ ត្រូវបានអូសបន្លាយរហូតដល់ឆ្នាំ១៩៣៤ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក។
ទីតាំងបឹងតេជោដែលទើបចាក់ដីលុបរួច ដើមទសវត្សរ៍ឆ្នាំ១៩៣០(Photo Credit: Hervé le Bris)
២. ជីវប្រវត្តិស្ថាបត្យករ
ជាទូទៅ បើនិយាយអំពីប្រវត្តិផ្សារធំថ្មី គេដឹងត្រឹមតែស្ថាបត្យករដែលមានឈ្មោះថា លោក ហ្សង់ ដឺប៊័រ (Jean Desbois)។ តើលោក ហ្សង់ ដឺប៊័រ ជាអ្នកណា? មកពីណា? មានសមត្ថភាពកម្រិតណាទើបអាចក្លាយជាអ្នកគូសប្លង់ស្ថាបត្យកម្មដ៏ធំមួយនេះ? យោងតាមគេហទំព័រស្ថាបត្យកម្មអន្តរជាតិ archi-wiki.org លោក ហ្សង់ ដឺប៊័រ ជាស្ថាបត្យករសញ្ជាតិបារាំងកើតនៅទីក្រុង Cherbourg ភាគពាយ័ព្យនៃប្រទេសបារាំង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៨៩១។ លោក ជាបុត្រាបង្កើតរបស់លោក អឺណេសត៍ អូហ្គូស ដឺប៊័រ (Ernest Auguste Desbois) ជាប្រធានគ្រប់គ្រងប្រៃសណីយ៍នៅបារាំងជំនាន់នោះ។ លោកបានបន្តការសិក្សាជំនាញឯកទេសស្ថាបត្យកម្មពីស្ថាបត្យករល្បីឈ្មោះគឺ ល្វីស ប៊័រញ៉េ (Louis Bernier) និង អេម៉ាណូអេល ប៉ុនត្រេម៉ូលី (Emmanuel Pontremoli) នៅទីក្រុងប៉ារីស ប្រទេសបារាំង រហូតបញ្ចប់ការសិក្សានៅឆ្នាំ១៩២០ ហើយធ្លាប់ទទួលបានមេដាយរចនាប្លង់ជ័យលាភីលេខ២ ។ លោកបានបំពេញការងារជាស្ថាបត្យករនៅទីក្រុងប៉ារីសចាប់ពីឆ្នាំ១៩២០ដល់ឆ្នាំ១៩២២។ បន្ទាប់មក គាត់បានដាក់ពាក្យធ្វើការនៅតំបន់ឥណ្ឌូ ចិន ក្នុងផ្នែកសាធារណការ តាមសំណើសុំរបស់ទីភ្នាក់ងារសេដ្ឋកិច្ចនៃអគ្គទេសាភិបាលឥណ្ឌូចិនប្រចាំទីក្រុងប៉ារីស (l'agence économique du gouvernement général de l'Indochine à Paris) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩២២។ លោកបានចុះមកធ្វើការនៅប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៣៧ ហើយនៅពេលនោះឯងដែលលោកបានទទួលគម្រោងរចនាប្លង់សាងសង់ផ្សារធំថ្មី មុនពេលដែលលោកផ្លាស់ចេញទៅបំពេញការងារនៅទីក្រុងវ៉េ ប្រទេសអណ្ណាម (វៀតណាម) ក្នុងឆ្នាំ១៩៣៨។
៣.ទំហំសំណង់អគារ
យោងតាមការផ្សាយរបស់គេហទំព័រទេសចរណ៍លំដាប់ពិភពលោកល្បីឈ្មោះមួយឈ្មោះ « Lonely Planet » (ឡូនលី ផ្លាណេត) ផ្សារធំថ្មីត្រូវបានជនជាតិបរទេសនិយមហៅថា «Central Market» អាស្រ័យតាមទីតាំងភូមិសាស្រ្ត និង ទំហំនៃស្ថាបត្យកម្មរបស់វា។ កំពូលរាង Dome (ពាក់កណ្តាលរាងស្វ៊ែរ) មូលកោងគ្របពីលើរបស់សំណង់ផ្សារនេះត្រូវបានគេប្រៀបប្រដូចទៅនឹងកំពូលមហាសំណង់ប្រាង្គប្រាសាទមួយឈ្មោះថា Ziggurat ( អានថា ហ្ស៊ីហ្គឺរ៉ាត) នៃរដ្ឋបុរាណបេប៊ីឡូនៀ នៃតំបន់មេសូប៉ូតាមៀ (ស្ថិតក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ សព្វថ្ងៃ) ហើយផ្សារនេះដែរត្រូវបានគេអះអាងថាជាប់ក្នុងចំណាត់ថ្នាក់អគាររាង Dome ដែលធំជាងគេបំផុតទាំង១០ នៅលើពិភពលោក ។ ដោយឡែក នៅលើគេហទំព័រវីគីភីឌឿ (WIKIPEDIA) បានបញ្ជាក់ថា ផ្សារនេះត្រូវបានគេអះអាងថាធ្លាប់ជាផ្សារធំជាងគេបង្អស់នៅទ្វីបអាស៊ីនៅជំនាន់ឆ្នាំ១៩៣៧ ដែលផ្សារនេះត្រូវបានសម្ពោធដំណើរការលក់ដូរជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ផ្សារធំថ្មីមានតួអគារកណ្តាលដែលមានកម្ពស់២៦ម៉ែត្រ និង អង្កត់ផ្ចិតប្រវែង ៤៥ ម៉ែត្រ។ រីឯស្លាបផ្សារទាំងបួនដែលសង់ភ្ជាប់នឹងតួអគារកណ្តាលនោះមានប្រវែង ៤៤ ម៉ែត្រ ស្មើៗគ្នា។
៤.ការវិវត្តនៃឈ្មោះផ្សារធំថ្មី
ក្នុងរយៈពេលជិត៩០ឆ្នាំនេះ ផ្សារធំថ្មីមិនមែនមានឈ្មោះតែផ្សារធំថ្មីមួយរហូតនោះទេ។ តាមពិត ផ្សារនេះធ្លាប់ត្រូវបានផ្លាស់ប្តូរឈ្មោះទៅតាមសម័យកាលជាច្រើនលើក។ ផ្អែកតាមរូបថតប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញដែលយើងស្រាវជ្រាវរកឃើញនៅពេលកន្លងមក កាលដើមឡើយ ផ្សារនេះមានឈ្មោះដើមជាភាសាឡាតាំងថា «Le Marché Central» ដែលមានន័យថា ផ្សារធំកណ្តាលក្រុង ។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងឈ្មោះនេះគឺត្រង់ថា ផ្សារចាស់សព្វថ្ងៃ ក៏រូបថតឯកសារបារាំងធ្លាប់សរសេរថា «Le Marché Central» ដែរ ព្រោះមុនមានការសាងសង់ផ្សារធំថ្មីសព្វថ្ងៃនេះ ផ្សារចាស់ជាផ្សារធំសកម្មសំខាន់ជាងគេនៅទីក្រុងភ្នំពេញនៅចុងសតវត្សរ៍ទី១៩ និង ដើមសតវត្សរ៍ទី២០។ ក្រោយមក ទើបមានការផ្លាស់ប្តូរឈ្មោះផ្សារចាស់មកជា « Phsar Chas» ហើយផ្សារថ្មីក្លាយជា Central Market ឬ Le Marché Central រហូតដល់សព្វថ្ងៃ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្សារនេះបានបិទទ្វារ លែងមានការលក់ដូរសម្រាប់ប្រជាជនធម្មតា។ ទោះបីជាផ្សារនេះមិនមានការលក់ដូរសម្រាប់សាធារណជនក៏ពិតមែន ក៏ខ្មែរក្រហមប្រែក្លាយទៅជាផ្សារពិសេសមួយដែលបើកលក់ម្ហូបអាហារសម្រាប់មន្ត្រីស្ថានទូតបរទេសដោយប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាមេរិក (ទស្សនាវដ្តីស្វែងរកការពិត, មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០១៥) ។ ក្រោយរបបខ្មែរក្រហមដួលរលំ ផ្សារនេះត្រូវបានរៀបចំបើកលក់ដូរឡើងវិញក្នុងទសវត្សរ៍ឆ្នាំ៨០ ហើយប្តូរឈ្មោះទៅជា «មជ្ឈមណ្ខលពាណិជ្ជកម្មភ្នំពេញ»។ ក្រោយមក ក្នុងអំឡុងឆ្នាំ១៩៨៩ ផ្សារនេះបានក្លាយជា «ផ្សារណាត់៧មករា»។ ចាប់តាំងពីសម័យរដ្ឋកម្ពុជាមក ឈ្មោះផ្សារនេះបានវិលត្រឡប់មកជា «ផ្សារធំថ្មី» ដល់សព្វថ្ងៃនេះ។
៥. ចំណុចប្រសព្វរវាងវិថីជាច្រើន
យោងតាមផែនទីរាជធានីភ្នំពេញ យើងឃើញថាផ្សារធំថ្មីជាតំបន់ពាណិជ្ជកម្មប្រវត្តសាស្រ្តដែលស្ថិតនៅចំចំណុចប្រសព្វរវាងមហាវិថីនិងវិថីច្រើនជាងគេបំផុតនៅរាជធានីភ្នំពេញ ពោលគឺប្រសព្វរហូតដល់ទៅ១០ផ្លូវឯណោះ ដែលក្នុងនោះរួមមាន ខាងជើងជាប់នឹងវិថីបាសាក់ (ផ្លូវលេខ ៦១) និងវិថីព្រៃនគរ (ផ្លូវលេខ ១២៦) ខាងជើងឆៀងខាងលិចជាប់នឹងវិថីព្រះជ័យជេដ្ឋា (ផ្លូវលេខ ១១៨) ខាងត្បូងជាប់នឹងវិថីសម្តេចព្រះសង្ឃនាយក ស៊ុក (ផ្លូវលេខ១៣៦) និង វិថីត្រសក់ផ្អែម (ផ្លូវលេខ៦៣) ខាងត្បូងឆៀងខាងលិចជាប់នឹងមហាវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧) ខាងកើតជាប់នឹងវិថីកាល់ម៉ែត្រ (ផ្លូវលេខ៥៣) និង រុក្ខវិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) និង ខាងលិចជាប់នឹងវិថីសម្តេចសង្ឃនាយកស្រី (ផ្លូវលេខ ៦៧) និងមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ ១២៨)។
Article by SRIN SOKMEAN