×

បំពង់​បឺត​ធ្វើ​ពី​ម្សៅ​អង្ករ បាន​ទាំង​ប្រើ បាន​ទាំង​ញ៉ាំ បាន​ទាំង​ជួយ​បរិស្ថាន

TRAVEL & LIVING 4 years ago
 
 

          តើ​ទាល់​តែ​ដើរ​រើស​សំរាម​តាម​ទីសាធារណៈ ទើប​អាច​ជួយ​បរិស្ថាន​ប្រទេស​យើង​បាន​មែន​ទេ? តាម​ពិត​ទៅ មាន​វិធី​សាស្រ្ត​ច្រើន​យ៉ាង​ណាស់​ដែល​ប្រជាពលរដ្ឋ​អាច​អនុវត្ត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដើម្បី​ចូល​រួម​ចំណែក​ជួយ​បរិស្ថាន​ដែល​ជា​រឿង​សំខាន់​មួយ​ដែល​សង្គម​ជាតិ​កំពុង​យក​ចិត្ត​ទុកដាក់​គិតគូរ​ដោះ​ស្រាយ​ក្នុង​ពេល​បច្ចុប្បន្ន។ សម្រាប់​ដើម​ទសវត្សរ៍​ថ្មី​នៃ​ស.វ.ទី២១ នេះ សូវរីន សូម​ណែនាំ​ផលិតផល​ថ្មី​សន្លាង​មួយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ប្រកប​ដោយ​ពហុអត្ថប្រយោជន៍ នោះ​គឺ បំពង់​បឺត​ប្រភេទ​ថ្មី​ដែល​ផលិត​ចេញ​ពី​ម្សៅ​អង្ករ​ពិតៗ​តាម​គោល​ការណ៍​ធម្មជាតិ។

          កន្លង​មក លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ឮ​រួច​មក​ហើយ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បំពង់​បឺត​ដែល​ជួយ​កាត់​បន្ថយ​បញ្ហាប​រិស្ថាន​ជា​ច្រើន​ប្រភេទ ដូចជា បំពង់​បឺត​ធ្វើ​ពី​ស្មៅ និង​បំពង់​បឺត​ធ្វើ​ពី​ដើម​ប្ញស្សី ជាដើម។ ប៉ុន្តែ​ដោយ​ឡែក បំពង់​បឺត​ប្រភេទ​ថ្មី​ដែល​យើង​ចង់​ណែនាំ​នេះ​គឺ ធ្វើ​ពី​ម្សៅ​អង្ករ​ដែល​យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​ពុំ​ធ្លាប់​បាន​នឹក​ឃើញ​ដល់​នៅ​ឡើយ​ទេ។ អ្វី​ដែល​រឹត​តែ​ពិសេស​គឺ ប្រសិន​បើ​យើង​មិន​ចង់​បង្កើត​កាក​សំណល់​ដល់​បរិស្ថាន យើង​អាច​ទទួល​ទាន​បំពង់​បឺត​នោះ​ភ្លាមៗ​តែម្តង​ក្រោយ​បឺត​ភេសជ្ជៈ​រួច ហាក់បី​ដូច​ជា​អាហារ​សម្រន់​មួយ​បែប​ដែរ ពី​ព្រោះ​វា​មាន​ជម្រើស​ច្រើន​ពណ៌ និង​ច្រើន​រសជាតិ។ ពណ៌​ទាំង​នោះ​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​បន្លែ​ពិតៗ ដែល​ក្នុង​នោះ​រួម​មាន ជាអាទ៍ ពណ៌ស​ផ្សំ​ពី​ដំឡូងមី ពណ៌ខ្មៅ​ផ្សំ​ពី​ល្ង ពណ៌​លឿងទុំ​ផ្សំ​ពី ការ៉ុត ពណ៌​បៃតង​ផ្សំ​ពី​ផ្ទី និង ពណ៌​ស្វាយ​ផ្សំ​ពី​ដំឡូង​ឈាម​មាន់។ល។ ជនបរទេស​និយម​ហៅ​វា​ថា បំពង់​បឺតផាស្តា (Pasta Straw) ដោយ​សារ​គេ​អាច​យក​វា​ទៅ​ស្រុស​ទឹកក្តៅ​ញ៉ាំ​បាន​ដូច​ពពួក​ផាស្តា​ឬ​មី​អ៊ីតាលី​ដែរ។ អ្នកនាង អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​ផ្តោត​សំខាន់​លើ​បរិស្ថាន​បាន​រៀបរាប់​អំពី​ការ​ផ្គត់ផ្គង់​ផលិតផល​នេះ​ថា ក្រុមហ៊ុន​របស់​អ្នកនាង​ទើប​តែ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ហើយ​កត្តា​ដែល​ជំរុញ​ចិត្ត​របស់​អ្នកនាង​ឲ្យ​ជ្រើស​រើស​ផលិតផល​បំពង់​បឺត​ជួយ​បរិស្ថាន​ជា​ផលិតផល​គោល​នៃ​អាជីវកម្ម​នេះ​គឺ ដោយ​សារ​ទីមួយ​មាន​តម្រូវ​ការ​ពី​អ្នក​ប្រើប្រាស់​ជាក់​ស្តែង និង​ទីពីរ​គឺ ឆន្ទៈ​របស់​អ្នកនាង​ចំពោះ​ការ​ជួយ​សង្គម និង​បរិស្ថាន “ធ្លាប់​មាន​អ្នក​រត់តុ​ម្នាក់​សួរ​បង​ទាក់ទង​នឹង​ទុយោ​ស្មៅ គ្រាន់​តែ​គាត់​សួរ​បង​ភ្លាម បង​ក៏​នឹក​ឃើញ​រឿង Supply (ផ្គត់ផ្គង់) របស់ eco-product (ផលិតផល​ជួយ​បរិស្ថាន) […] មួយ​ទៀត ចិត្ត​បង​តែម្តង​ហ្នឹង បង​ចង​រក​មុខរបរ​ណា​ដែល​បាន​លុយ​ហើយ​ជួយ​សង្គម​បាន​ពាក់​កណ្តាល ដោយ​ឥត​ប៉ះពាល់​អី។”  

          ស្ថាបនិក​រូប​នេះ​បាន​បន្ត​ទៀត​ថា ដំណើរ​ការ​ផ្គត់ផ្គង់​ផលិតផល​បំពង់​បឺត​ម្សៅ​អង្ករ​នេះ​ក៏​ដូច​ជា​បំពង់​បឺត​ស្មៅ និង​បំពង់​បឺត​ប្ញស្សី​ដែរ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​គឺ កត្តា​តម្លៃ​ទីផ្សារ ដោយ​សារ​ផលិតផល​បែប​ធម្មជាតិ​តែងតែ​មាន​ថ្លៃ​ដើម​ថ្លៃ​ជាង​ផលិតផល​ធម្មតា ពោល​គឺ​ថ្លៃ​ជាង​តម្លៃ​បំពង់​បឺត​ប្លា​ស្ទិក។ ប៉ុន្តែ​ដោយ​សារ​ការ​ផ្សព្វផ្សាយ​ឌីជីថល ប្រជាជន​កាន់​តែ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​បរិស្ថាន​ជា​បន្តបន្ទាប់ ដែល​នេះ​ធ្វើ​ឲ្យ​តម្រូវ​ការ​ផលិតផល​បំពង់​បឺត​របស់ Suria Green មាន​កំណើន​ឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​រហូត ១០០%-២០០%។ គិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ Suria Green បាន​ផ្គត់ផ្គង់​ផលិតផល​ខាង​លើ​ទៅ​កាន់​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន ដូចជា ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តស្ទឹងត្រែង ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) និង គិរីរម្យ (ខេត្តកំពង់ស្ពឺ)។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ផ្គត់ផ្គង់​ឲ្យ​ខាង​កាហ្វេ​ជា​ច្រើន​កន្លែង ហើយ​ក៏​មាន​ការ​ទិញ​ប្រើប្រាស់​ផ្ទាល់ (លក់​រាយ) ជា​ហូរ​ហែដែរ។

          គួរ​បញ្ជាក់​ផង​ដែរ​ថា បំពង់​បឺត​ម្សៅ​អង្ករ​ដែល​អាជីវកម្ម Suria Green កំពុង​ផ្គត់ផ្គង់​សព្វ​ថ្ងៃ​នេះ​មាន​ពីរទំហំ គឺ មុខកាត់ 6mm សម្រាប់​ភេសជ្ជៈធម្មតា និង​មុខកាត់ 8mm សម្រាប់​ភេសជ្ជៈ​ប្រភេទ​កាហ្វេ​ក្រឡុក Frappe និង​ទឹក​ផ្លែ​ឈើ​ក្រឡុក Smoothie។ បំពង់​បឺត​នេះ​អាច​ប្រើ​ជា​មួយ​ភេសជ្ជៈ​ត្រជាក់​បាន​រហូត​រយៈពេល​៦ម៉ោង និង​ភេសជ្ជៈ​ក្តៅ​បាន ៣ម៉ោង។ រីឯ​សុពលភាព​នៃ​បំពង់​បឺត​នេះ​គឺ អាច​រក្សា​ទុក​បាន​រហូត ២៤ខែបន្ទាប់​ពី​កាលបរិច្ឆេទ​ផលិត។ ទន្ទឹម​នឹង​នេះ Suria Green ក៏​មាន​ផលិតផល​ជា​ឈុតគូ​នឹង​បំពង់​បឺត​មិនមែន​ប្លាស្ទិក គឺ កែវ​ប្ញស្សី ដៃ​យួរ​កែវ​ធ្វើ​ពី​កំប្លោក ថា​សប្ញស្សី ចាន​ស្រទប​ស្លា ព្រមទាំង ចាន សម និងស្លាបព្រា​ធ្វើ​ពី​ត្រឡោក​ដូង​ខ្មែរ។

ជា​ចុង​ក្រោយ អ្នកនាង អ៊ុំ សូរិយា បាន​ធ្វើ​សំណូមពរ​កុំ​ឲ្យ​អ្នក​ប្រើប្រាស់​បន្ទាប​តម្លៃ​ផលិតផល​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​បរិស្ថាន ហើយ​ជា​ពិសេស​នោះ​គឺ លើក​ទឹកចិត្ត​សហគមន៍​សិប្បកម្ម​ក្នុង​ស្រុក​គ្រប់​ទិសទី​ឲ្យ​ផ្ញើ​ផលិតផល​សិប្បកម្ម​របស់​ពួកគាត់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព​ជួយ​ផ្សព្វផ្សាយ និង​ស្វែង​រក​ទីផ្សារ​ឲ្យ​សិប្បករ​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ៕

Article by SRIN SOKMEAN


SUGGESTIONS