×

ហេតុ​តែ​ស្រឡាញ់​របរ​ពី​ដូនតា​លោក​យាយ អាត យឹម​នៅ​តែ​បន្ត​ធ្វើ​ធូប​តាម​ទំនៀម​បុរាណ

NEWS 4 years ago
 
 

          បើ​យើង​ក្រឡេក​ទៅ​របរ​ធ្វើ​ធូប​នៅ​ខេត្ត​សៀមរាប​ដែល​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ និង​ជា​ជង្រុក​បន្សល់ទុក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យ៉ាង​សប្បូរបែប​ យើង​ឃើញ​ថា​អ្នក​ស្រុក​អង្គរ​បាន​ប្រកបរបរ​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ហើយ​ក៏​បន្ត​មក​ដល់​សព្វ​ថ្ងៃ​តាមរយៈ​ចំណេះ​ជំនាញ​ដែល​ផ្ទេរ​មរតក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់មួយ​។ ថ្វីដ្បិត​បច្ចុប្បន្ន​របរ​ផលិត​ធូប​អ្នក​ស្រុក​អង្គរ​ហាក់​មិន​ប្រកប​លក្ខណៈ​ទ្រង់​ទាយ​ធំ​ជា​ក្រុមហ៊ុន​ឬ​អាជីពកម្ម​ដុំ​កំ​ភួនក្តី​ ប៉ុន្តែ​ចំនួន​គ្រួសារ​តិចតួច​នៅ​តាម​ស្រុក​ភូមិ​នៅ​តែ​បន្ត​ផលិត​ និង​រក្សា​ទំនៀម​ផលិត​បែប​បុរាណ​ជា​មួយ​ធនធាន​ធម្មជាតិ​ដែល​បេះបោច​បាន​នៅ​តាម​ព្រៃ​ភ្នំ​ក្បែរ​លំនៅ​ដ្ឋាន​របស់​ខ្លួន​ ដើម្បី​ធ្វើ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ និង​សម្រាប់​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​ផងដែរ​។ ជាក់​ស្តែង​ ដូច​ជា​លោក​យាយ​ម្នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​ អូរ​មានជ័យ​ ឃុំ​ស្វាយ​លើ ​ស្រុក​ស្វាយលី​ ខេត្តសៀមរាប​ ដោយ​សារ​តែ​ស្រឡាញ់​របរ​ធ្វើ​ធូប​ដែល​ធ្លាប់​តែ​ចេះ​តពី​ដូនតា​ លោក​យាយ​បាន​នៅ​តែ​បន្ត​ធ្វើ​ធូបរៀង​រាល់ថ្ងៃ​ជា​មួយ​ការ​ផលិតផល​ដោយ​ដៃ​និង​ប្រើប្រាស់​គ្រឿង​ផ្សំ​រូបមន្ត​ដើម​ទាំង​ស្រុង​ ថ្វីដ្បិត​បច្ចុប្បន្ន​គេ​អាច​រក​ធូប​បាន​យ៉ាង​ងាយ​ស្រួល​នៅ​តាម​តូប​ឬ​ទីផ្សារ​ក៏ដោយ​។

          ​ធ្វើ​ដំណើរ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​ ត្រឹមរយៈពេល​ប្រហែល​មួយ​ម៉ោងកន្លះ​យើង​បាន​មក​ដល់​ភូមិ​អូរ​មានជ័យ​ក្នុង​ស្រុក​ស្វាយ​លីដែល​ជា​ទឹកដី​អំណោយ​ផល​ទៅ​លើ​របប​ដំណាំដាំដុះ​និង​ធ្វើ​ស្រែកចម្ការ​។ នៅ​លើផ្ទះ​ឈើ​សង់ផុត​ពី​ដី​មួយ​ខ្នង​លោក​យាយ​ម្នាក់​បាន​កំពុង​តែ​មមាញឹក​ជាមួយ​នឹង​សកម្មភាព​លាយ​ល្បាយស្អិតៗ​ជា​មួយគ្រឿង​ផ្សំជុំ​វិញខ្លួន​មាន​ទាំង​ធុង​ដាក់​កម្ទេច​អាចម៍​រណា ​គ្រឿងម្សៅ​ក្រអូប​ ប្រេង​ អម​នឹង​សម្ភារ​ កាំបិត​ ចានដែក ចាន ឆ្នាំង ក្តារឈើ ជាពិសេស​ឆ្អឹង​ឈើវែងៗ​រុំ​ដោយ​ល្បាយ​ដោតខ្លះៗ​ក្នុង​កំប៉ុង​ខ្សាច់​ប្រមាណ​១០ទៅ២០​ដើម​ដែល​យើង​អាច​សម្គាល់​ថា​នេះ​គឺ​ជា​សកម្មភាព​នៃ​ការ​ផលិតផល​ធូប​ដោយ​ដៃផ្ទាល់​។ ជា​ការពិត​ណាស់ ​លោក​យាយ​ អាត យឹម គឺ​ជា​អ្នក​ធ្វើ​ធូប​បុរាណ​តាម​ទំនៀមដើម​ដែល​ប្រកប​របរ​នេះ​អស់​រយៈកាល​ប្រមាណ​មួយ​ទសវត្សរ៍​មក​ហើយ​។ ជំនួប​សំណេះ​សំណាល​ ជា​មួយ​សូវរីន​ លោក​យាយ យឹម បាន​រៀបរាប់​ជា​មួយ​ស្នាម​ញញឹម​ពព្រាយថា​៖ យាយ​ទើប​តែ​ចាប់​ផ្តើម​ធ្វើធូប​នៅ​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ ដោយ​ចំណេះ​ជំនាញ​នេះ​ចេះ​ត​ពី​តាយាយ​របស់​លោក​យាយ​ដែល​កាល​នោះ​ពួក​គាត់​បើក​អាជីវកម្ម​ធ្វើ​ធូប​ជា​លក្ខណៈ​គ្រួសារ​។ ក្រោម​មក​មក​ដល់​សម័យ​ខ្មែរ​ក្រហម​អាជីវកម្ម​ធ្វើ​ធូប​ក៏​បាន​ផ្អាក​ហើយ​ជា​អកុសល​ស្វាមី​របស់​លោក​យាយ​ក៏​បាន​មរណភាព​នៅ​ក្នុង​សម័យ​នោះ​ផងដែរ​។​ លោក​យាយ​បាន​ចាប់​ផ្តើម​ធ្វើធូប​ឡើង​វិញ​ស្រប​ពេល​ដែល​ខ្លួន​មាន​វ័យកាន់​តែ​ជ្រេ​ទៅ​ហើយ​ដែល​កាល​ដំបូង​ស្នាក់​អាស្រ័យ​នៅ​វត្ត​ចេះ​តែ​ធ្វើ​បន្តិចបន្តួច​សម្រាប់​លក់​នៅ​ពេល​មាន​បុណ្យ​ទាន​ម្តងៗ​។​ អាយុ​កាន់​តែ​ច្រើន​កម្លាំង​កាន់​តែ​ថមថយ​ដោយ​ឃើញ​លោក​យាយ​ឧស្សាហ៍​ឈឺពេក​ កូនស្រី​របស់​លោក​យាយ​ក៏​អញ្ជើញ​លោក​យាក​មក​រស់​នៅ​ផ្ទះ​វិញ​ដើម្បី​មើល​ថែក្បែរ​ខ្លួន​ ព្រម​ទាំង​ឲ្យ​គាត់​នៅ​តែ​បន្ត​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ផងដែរ​។ «យាយចាស់​ណាស់​ហើយ​ កម្លាំង​ខ្សោយ​ធ្វើ​មិន​បាន​ច្រើន​ដូច​មុន​ទេ ​តែ​ដោយ​សារ​យាយ​ស្រឡាញ់​និង​ចង់​រក្សា​របៀប​ធ្វើធូប​បុរាណ​ពី​ដូនតា​ យាយ​ក៏​ចេះ​តែ​ធ្វើ​ទៅ​ បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹងទៅ​»។

          បន្ទាប់​ពី​លោកតា​ចែក​ឋាន​ទៅ​លោក​យាយ​យឹម​មាន​កូន​ចំនួន​បីនាក់​ប្រុស​ពីរ​ស្រី​មួយ​ បច្ចុប្បន្ន​លោក​យាយ​រស់​នៅ​ជា​មួយ​កូន​ស្រីទី៣​និង​ចៅ​ស្រីម្នាក់​ ដោយ​រៀងរាល់​ពេល​ទំនេរ​ពី​ការងារ​រៀងខ្លួន​អ្នក​ទាំង​ពីរ​តែង​ជួយ​ដើរ​រកគ្រឿងផ្សំ​និង​គ្រឿង​ក្រអូប​ត្រៀម​ស្រាប់​សម្រាប់​ឲ្យ​លោក​យាយ​ធ្វើធូប​ជានិច្ច​។ ជជីក​សួរ​អំពី​វិធី​ធ្វើ​ លោក​យាយ​យឹម​បាន​ឆ្លើយ​ទាំង​ឥតលាក់​លាមថា​ មុន​នឹង​ធ្វើ​យើង​ត្រូវ​មាន​គ្រឿងផ្សំ​ពីរ​ផ្នែក​ទីមួយ​គ្រឿង​ក្រអូប​ដូចជា ​ល្មៀត ដើមប្រាក់ ដើមពោល្យំ ពុំសែន វល្លិឆ្នូត ស្លឹកតើយ និងស្លឹកកំប៉ោង​ជាដើម។ រីឯ​គ្រឿង​ល្បាយ​ដុត​មាន​អាចម៍​រណា​និង​យាងបូង​(គ្រឿងធ្វើឲ្យស្អិត) ព្រមទាំង​ឆ្អឹង​ឈើខ្សៀត​(ទ្រនង់ឈើតូចៗ)​សម្រាប់​លញ់​ធ្វើ​ជាធូប​។ វិធី​ធ្វើ​ដំបូង​ត្រូវ​យក​គ្រឿង​ក្រអូប​ទាំង​ប៉ុន្មាន​ហាលថ្ងៃ​ឲ្យ​ក្រៀម​បន្ទាប់​មក​បុក​ឲ្យ​ម៉ដ្ឋ​ទុក​មួយ​ឡែក​ ចំណែក​អាចម៍​រណា​យក​មក​ច្របាច់​ជា​មួយ​យាង​បូង​រហូត​ស្អិតល្មួត​ចូលគ្នា​ហើយ​ទើប​យក​មក​លុញ​លើ​បន្ទះ​ឈើ​រាបស្មើ​ជាមួយ​នឹង​ឆ្អឹងខ្សៀត​។ ពេល​លុញ​រាង​មូល​ស្មើ​កាល​ណា​បន្ថែម​លាប​គ្រឿង​ក្រអូប​ដែល​បុក​រួចដាក់​ពី​លើ​និង​ដោត​ហាល​នឹង​កំប៉ុងខ្សាច់​ឲ្យស្ងួត​ជា​ការ​ស្រេច​។ ចំពោះ​គ្រឿងផ្សំ​ទាំង​ប៉ុន្មាន​កូន​លោក​យាយ​តែង​ចេញ​ទៅ​បេះបោច​តាម​ព្រៃជិតៗ​ភូមិ​ រីឯអាចម៍​រណា​ដើរ​សុំ​គេ​ពី​កន្លែង​ធ្វើ​សិប្បកម្ម​ ចំណែក​ឆ្អឹង​ខ្សៀត​ធ្វើការ​ទិញ​ពី​អ្នក​កាប់​លក់​ក្នុង​តម្លៃ​មួយ​បាច់​ប្រាំពាន់រៀល​។ លុញ​តែ​ម្នាក់​ឯង​ជួន​ក៏​បុក​គ្រឿងផ្សំ​ដោយ​ខ្លួនឯង​ ទម្រាំ​ធ្វើធូប​ហើយ​ចេញ​ជា​រូបរាង​លោក​យាយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​យ៉ាង​ហោច​ណាស់​ពីបួន​ទៅ​ប្រាំពីថ្ងៃ​អាស្រ័យ​លើ​សុខភាព​អំណោយ​ផលផង​ដែរ​។«ពី​មុន​កាល​នៅ​មាន​កម្លាំង​យាយ​ធ្វើ​ម្តង​បាន​ពីរ​ទៅបី​ឡាំង​ក្នុង​មួយ​ថ្ងៃ​(មួយ​ឡាំង​ពី២០​ទៅ៣០ដើម​) ប៉ុន្តែ​ឥឡូវ​គ្មាន​កម្លាំង​អង្គុយ​ឆាប់​ចុក​ឆាប់​រោយ​ហើមដៃ​ហើម​ជើង​ធ្វើបាន​មិន​ដល់​មួយ​ឡាំង​ផង​ក្នុង​មួយថ្ងៃ​)។ រយៈ​ពេល​មួយ​សប្តាហ៍​បើ​សរុប​ការ​ធ្វើ​ធូប​របស់​លោក​យាយ​គឺ​បាន​ត្រឹម​តែ​១០ដុំ​ឬស្មើនឹង១០០ដើម​ ដែល​អាច​លក់​បាន​តម្លៃ​ក្នុង១ដុំ​ត្រឹមតែ​២ពាន់រៀល​ប៉ុណ្ណោះ​ ដូច្នេះ​វា​អាច​ជា​ចំណូល​តិច​តួចស្តួច​ស្តើង​មួយ​ដែល​លោក​យាយ​អាច​យកទុក​សម្រាប់​ចាយ​វាយ​ខ្លួនឯង​ខ្លះ ​និង​ប្រើ​សម្រាប់​មើល​ជំងឺ​ប្រចាំកាយ​ខ្លះ​។ ធូប​របស់​លោក​យាយ​យឹម​មាន​ប្រវែង​ជាង​មួយ​ហាត់​ ប៉ុន្តែ​សម្រាប់​អ្នក​ចង់​បាន​ខ្លីឬ​តូច​ក៏​អាច​កុម្មង់​គាត់​ធ្វើបានដែរ​។ ដោយ​វ័យ៨០​ឆ្នាំ​កម្លាំង​កាន់​តែខ្សោយ​ លោក​យាយ​យឹម​បាន​លើក​ឡើង​ថា ​«រាល់​ថ្ងៃយាយ​ធ្វើផង​ដេកផង​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​ទៅ​ តែ​ប្រសិន​បើកូនៗ​មាន​កម្លាំង​មាន​លទ្ធភាព​ចង់​បន្ត​ក៏បន្ត​ទៅ​តែ​បើ​អត់​ក៏អត់​ទៅ​»។

          ដោយ​ឡែក​ងាក​មក​ចៅ​ស្រី​របស់​លោក​យាយ​វិញ​កញ្ញា​ យាំ យ៉ូន បាន​លើក​ឡើង​ដែរ​ថា ​យើង​អាច​ឃើញ​ធូបរាង​មូលតូច​ដូចងាយ​ស្រួល​ធ្វើ​ ប៉ុន្តែ​ធាតុពិត​ពេល​លញ់​ផ្ទាល់​ទើប​ដឹង​ថា​ពិបាក​ព្រោះ​លញ់​ទៅ​អាច​មិន​ស្មើ​ក៏មាន​ឬលញ់​ទៅ​បែក​ពីគ្នា​ក៏មាន​។ សម្រាប់​ចៅស្រី​វ័យ ​២២ឆ្នាំ​រូបនេះ​ក៏​មាន​បំណង​ចង់​បន្ត​របរ​ធ្វើធូប​ដោយ​ដៃ​ពី​លោក​យាយ​ដែរ​ ប៉ុន្តែ​ដោយ​សម្លឹង​ឃើញ​ពី​ធនធាន​វត្ថុធាតុ​ដើម​កាន់​តែ​ខ្សត់​ទៅ​ទើប​ធ្វើឲ្យ​កញ្ញា​ហាក់​អល់អែក​ និង​មិន​ដឹង​ថា​គួរ​តែ​បន្ត​បាន​ទៀត​ឬអត់​នៅ​ថ្ងៃ​ខាងមុខ​។ ដូច​ដែល​យើង​បាន​ជ្រាបធូប​លោក​យាយ​យឹម​គឺ​ជា​ធូប​ធម្មជាតិ​ធ្វើ​ដោយ​ដៃគ្មាន​លាយ​ឡំ​ជាតិ​គីមី​ប្រើ​តែរុក្ខជាតិ​ប្រទាល​ឬ​ថ្នាំរុក្ខជាតិ​ ដែល​ហេតុ​ពេល​អុជក្លិន​ក្រអូប​ជួយ​ឲ្យស្មារតី​ធូរ​ស្រាល​ កាត់​បន្ថយ​ភាព​ហត់​នឿយ​ សំខាន់​មិន​ប៉ះ​ពាល់​សុខភាព​ឡើយ​។ ដូច​ច្នេះ​យើង​ជា​កូន​ខ្មែរ​គ្រប់​រូប​គួរ​គប្បី​នាំគ្នា​គាំទ្រ​នូវ​ផលិតផល​ខ្មែរ​ស្នាដៃ​ខ្មែរ​ ជា​ពិសេស​ផលិតផល​ធម្មជាតិ​មិន​ប៉ះពាល់​សុខភាព​ដូច​ដែល​លោកយាយ​ អាត យឹម​បាន​ធ្វើ​ឡើង​មក​នេះ​៕

Article by HEM SOKKHIM

 


SUGGESTIONS