×

ថ្ងៃ​ពិសេស​ដូច​ទិវា​នៃ​ក្តីស្រលាញ់​បែប​នេះ​ តើ​អ្នក​គួរ​ទៅ​កន្លែង​បែបណា?​

TRAVEL & LIVING 5 months ago
 
 

          ស្ទើរ​តែ​គ្រប់​ប្រទេស​ ឬ​ចម្រុះជាតិ​សាសន៍​ទៅ​ហើយ​ដែល​បាន​ជ្រាប​ថា​ជារៀង​រាល់ឆ្នាំ​នៅ​ថ្ងៃទី១៤​ ខែ​កុម្ភៈ​ គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជាទិវា​នៃ​សេចក្តី​ស្រលាញ់​ ឬ Valentine’s Day ​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ​ មនុស្សម្នា​ជា​ច្រើន​បាន​រៀបចំ​នូវ​អនុស្សាវរីយ៍​ ទី​កន្លែង​ដែល​ប្រកប​ទៅ​ដោយ​ភាព​រ៉ូមែនតិក​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​ ក្រុម​គ្រួសារ​ សាច់​ញាតិ​ជាដើម​។ ទន្ទឹមនឹង​នៅ​ក្នុង​ថ្ងៃនេះ​ សូវរីន​ នឹង​ណែនាំ​នូវ​ទីកន្លែង​មួយ​ចំនួន​ដែល​ផ្តល់នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចំណាយ​ពេល​វេលា​របស់​អ្នកជាមួយ​នឹង​មនុស្ស​ជា​ទីស្រលាញ់​ បើទោះ​បី​អ្នក​ធ្វើការ​មួយ​ចំនួន​ទំនេរ​ត្រឹម​តែ​១ម៉ោង​ ឬ២ម៉ោង​នាថ្ងៃត្រង់​ក៏​ដោយ​ ក៏​អ្នក​នៅតែ​អាច​ចំណាយ​ពេល​វេលា​ជា​មួយ​នឹង​មនុស្ស​សំខាន់​ផងដែរ​។

១. ភោជនីយដ្ឋាន ម្លិះ (Malis Restaurant)

        បរិយាកាស​ស្រស់បំព្រង​ រួម​នឹង​ក្លិនផ្កា​ដ៏ក្រអូប​ដែល​មាន​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្ហូបខ្មែរ​រះ​ចំកណ្តាល​រាជធានីភ្នំពេញ ម្លិះ (Malis Restaurant) ជា​ភោជនីយដ្ឋាន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​នៃ​ថ្ងៃ​សេចក្តីស្រលាញ់​ ក៏ព្រោះតែ​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយ​នេះ​បាន​បម្រើនូវ​ម្ហូបខ្មែរ​ជា​ច្រើនមុខ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ថា​ទីនេះ​ជា​គេហដ្ឋាន​របស់​អ្នកពិតៗ​តែម្តង​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​ពិភាក្សា​ការងារ​បណ្តើរ ​ទទួលទាន​អាហារ​ដ៏មាន​ឱជារស​បណ្តើរ​ផងដែរ​ ទោះ​បី​ជា​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ថ្ងៃ​ពិសេស​សម្រាប់​អ្នករួម​ការងារ​ ឬ​គ្រួសារ​ពិតមែន​ ប៉ុន្តែ​ជា​មួយ​នឹង​បទពិសោធន៍​ថ្មី​នៃ​ការ​ទទួល​ទាន​អាហារ​នេះ​នឹង​ផ្តល់​ជា​បទពិសោធន៍​យ៉ាង​ល្អ​សម្រាប់​អ្នក​ ក៏​ដូចជា​មនុស្ស​សំខាន់​របស់​អ្នកដែរ​។ យ៉ាង​ណាមិញ​ អ្នក​បាន​ចំណាយ​ពេល​វេលា​ជា​មួយ​នឹង​មនុស្ស​សំខាន់​របស់​អ្នក​ត្រឹមរយៈ​ពេល​មួយម៉ោង​ក៏​មាន​ន័យ​សម្រាប់​យ៉ាង​ដូច្នេះ​។

២. ភោជនីយដ្ឋាន តូប៉ាស (Topaz Restaurant)

          ប្រសិន​បើ​ប្រិយមិត្ត​ជា​អ្នក​ចូលចិត្ត​ទទួល​ទាន​អាហារអ៊ឺរ៉ុប​ដែល​មាន​រសជាតិ​ឆ្ងាញ់ពិសា​ សូវរីនមាន​សោមនស្សរីករាយ​បំផុត​ក្នុង​ការណែនាំ​អ្នក​មកកាន់​ភោជនីយដ្ឋាន​ តូប៉ាស (Topaz Restaurant)។ ជាភោជនីយដ្ឋាន​រសនិយម​ មាន​ការ​តុបតែង​បែប​សហសម័យ​ ស្ថិត​នៅ​តាម​បណ្តោយ​វិថីព្រះនរោត្តម​។ ម៉្យាង​វិញ​ទៀត​ អាហារ​ដែល​បាន​បម្រើ​ទីនេះ​មាន​ការ​សម្រិត​សម្រាំង​យ៉ាងខ្ពស់​ក្នុង​ការ​ចម្អិនម្ហូប​នីមួយៗ​ ជាពិសេស​តូប៉ាស មាន​ការ​រៀបចំ​យ៉ាង​ល្អ​ប្រណីត​សម្រាប់​បន្ទប់​ប្រជុំពិភាក្សា​ពិសាភោជ​នាហារ​ជាលក្ខណៈ​ឯកជន​ផងដែរ​។

៣. Veata SkyLounge & Restaurant)

          សូវរីន ជឿ​ថា​ប្រិយមិត្ត​កំពុង​ស្វែង​រក​នូវ​ទីតាំង​ដែល​ប្រកប​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ​ ជា​អំណោយ​ផល​ដ៏​មាន​តម្លៃ​ពី​ធម្មជាតិ​ តើមែន​ដែរទេ​? ប្រសិន​បើ​យ៉ាង​ដូច្នេះ ​អ្នក​គួរ​សាក​ល្បង​មក​ទទួល​យក​នូវបទ​ពិសោធន៍ថ្មី​នៃ​ការ​ទទួលទាន​អាហារ​ និង​ក្រេបរសជាតិ​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ដែល​មាន​នៅ​វាតា​។ ស្ថិត​នៅក្នុង​ទីនេះ​ផងដែរ​ អ្នក​មិនត្រឹម​តែ​អាច​ទទួល​ទាន​អាហារ​ ឬភេសជ្ជៈ​បណ្តើរ​តែម៉្យាង​នោះទេ​ ប៉ុន្តែ​អ្នក​អាច​គយគន់​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ទន្លេ​មេគង្គ​ ជា​មួយ​នឹង​ការរៀបចំ​បែប​រ៉ូមែនតិក​ពី​ត្រើយម្ខាង​នៃ​ទីក្រុង​ភ្នំពេញ​នាឯ​ជ្រោយចង្វារ​ថែមទៀត​ផង​។ សូវរីន ជឿថា​អ្នកនឹង​មិន​ខកបំណក​ក្នុង​ការ​ចំណាយ​ពេលវេលាដ៏​មាន​តម្លៃនេះ​ឡើយ​ មិនត្រឹម​តែប៉ុណ្ណោះ​ វាតា ក៏​មាន​ការ​ប្រគុំតន្ត្រី​ផ្ទាល់ផង​ដែរ​ ហើយ​នេះជា​ផ្នែក​មួយដែល​កាន់​តែ​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​មាន​ភាព​រ៉ូមែនតិក​បន្ថែមទៀត​។

៤. សេឡេសស្កាយបារ (Celeste Skybar)

        ស្ថិត​នៅ​ជាន់ទី​ ៤៣​ នៃ​អគារផេនហោសន៍​ (The Pent house Residence) ទល់​មុខ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​ សេឡេស​ គឺជាបារ និង​ភោជនីយដ្ឋាន​ដែល​ធ្វើ​ចលនា​វិល​ ៣៦០​ ដឺ​ក្រេដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។ ខណៈ​ពេល​ដែល​ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់​មួយឆ្នាំ​មាន​តែម្តង​ អ្នក​មិន​គួរ​រំលង​ទីនេះ​នោះទេ​ ក៏​ព្រោះតែ​ សេឡេស ជា​បារដ៏ទំនើប​ដែល​បង្ហាញ​ទិដ្ឋភាព​ជុំវិញ​នៃ​ទី​ក្រុងភ្នំពេញ​ទាំងមូល​ក្នុងរយៈ​ពេល​៣០នាទីម្តង​។ ដូច្នេះ សេឡេស មិនត្រឹម​តែ​ជា​បាររ៉ូមែនតិក​តែម៉្យាង​នោះទេ​ ប៉ុន្តែ​ សេឡេស ជា​បារ​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​បារ​ដ៏ដទៃ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​ វា​កាន់​តែញុំាង​ឲ្យ​បរិយាកាស​របស់​អ្នក​រឹត​តែ​ពិសេស​។

៥. វេហា (Vehaa Restaurant &Bar)

        ភោជនីយដ្ឋាន និង បារលើ​អាកាស​ វេហា​ ចាប់​ផ្តើម​បើក​ដំណើរ​ការណ៍​នៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៧​ គឺ​ជា​ប្រភេទ​ភោជនីយដ្ឋាន​ និង​បារ​លើ​ដំបូល​អគារ​ ដែល​មាន​ទី​តាំងស្ថិត​នៅ​ជាន់​ទី៩​និងទី១០​ក្នុង​អគារ​ដ៏ទាក់ទាញ​មួយ​ដែល​មាន​ឈ្មោះថា​ ទ្រនំ  ស្ថិតតាម​បណ្តោយ​មហាវិថី​សុធារ​សម្តុំ​អតីត​អគារស (White Building)។ ភោជនីយដ្ឋាន​ និង​ បារ ជា​ទី​ខ្ពស់​ហ៊ុំព័ទ្ធ​ដោយ​ខ្យល់​អាកាស​ និង​លម្អ​ទៅ​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​យ៉ាងរម​នា។ ការរចនា និង​ការ​តុបតែង​ទី​នេះ​ ជាអត្ត​សញ្ញាណ​ខ្មែរទំនើប​ និង​បរិស្ថាន​ដែល​រួមបញ្ចូល​រវាង​វត្ថុ​ធាតុ​ដើម​​ធម្មជាតិ ជាពិសេស ភ្ញៀវ​ដែល​បាន​មកដល់ វេហា ទាំង​អស់​ប្រាកដ​ជា​ទទួល​បាន​ភាព​រីករាយ​ត្រឡប់​ទៅវិញ​ដោយ​សារ​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​នៃ​អាហារ​និង​ភេសជ្ជៈ​ដ៏មាន​ឱជារស​នៅ​ទីនេះ​ជា​មួយ​នឹង​គំនិត​ច្នៃប្រតិដ្ឋ​ទំនើប​និយម​ផងដែរ​៕

Article by PAN SIVLY


SUGGESTIONS