ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ អ្នកស្នងជំនាញផលិតឧបករណ៍តន្រ្តីខ្មែរនៅឧដុង្គ តស៊ូជិត៤០ឆ្នាំដើម្បីអភិរក្សសិប្បកម្មនេះ
NEWS 4 years agoស្ថិតក្នុងវ័យ៦០ឆ្នាំទៅហើយ លោកអ៊ំ ម៉ាច ម៉ុយ នៅតែមមាញឹកជាមួយកូនជាងនៅក្នុងសិប្បកម្មមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រះកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តាយផ្លូវជាតិ៥១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១០ (បើធ្វើដំណើរចេញពីផ្លូវបំបែកពីផ្លូវជាតិលេខ៥ ទល់មុខវត្តទេពប្រណម្យ ហួសផ្លូវចូលរមណីយដ្ឋានភ្នំព្រះរាជទ្រព្យបន្តិច)។ ពេលដែលបានចូលទៅដល់កន្លែងសិប្បកម្មបែបប្រពៃណីដែលមានស្លាកឈ្មោះថា “សិប្បកម្មខ្មែរ ម៉ាច ម៉ុយ” មានអក្សរ “ម” ពណ៌មាសអមដោយក្បាច់ភ្ញីរាងរង្វង់ជាសម្គាល់នេះ លោកអ្នកនឹងមានអារម្មណ៍ហាក់ដូចជាបានឈានជើងចូលមកដល់សារមន្ទីរឯកជនឧបករណ៍ភ្លេងខ្មែរយ៉ាងដូច្នោះដែរ។ ឧបករណ៍ភ្លេងខ្មែរជាច្រើនប្រភេទ តួយ៉ាង ស្គរតូច ស្គរធំ ស្គរសម្ភោរ ស្គរឆៃយ៉ាំ ទ្រខ្មែរ ទ្រសោ គង ឃ្មោះ ស្រឡៃ ឃឹម តាខេ ចាប៉ីដងវែង រនាតឯក និងរនាតធុង ត្រូវបានតម្រៀបតាំងនៅផ្នែកខាងមុខនៃផ្ទះប្រក់ក្បឿងមួយខ្នង រីឯឧបករណ៍ដែលមិនទាន់ធ្វើរួចរាល់ត្រូវបានតម្កល់ទុកជាច្រើនទៀតនៅរោងជាងខាងក្រោយផ្ទះ។
ជួបជាមួយអ្នកយកពត៌មានរបស់គេហទំព័រទស្សនាវដ្តី សូវរីន លោកព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ សម្បុរស្រអែមបែបខ្មែរអង្គរ សក់ស្កូវល្បាយអាចម៍ខ្លា បានរំព្ញកអំពីប្រវត្តិដ៏តស៊ូនៃអាជីពនេះថា លោកបានចាប់ផ្តើមមុខរបរលក់គ្រឿងគងឃ្មោះតាំងពីរបបខ្មែរក្រហមទើបនឹងដួលរលំហើយថ្មីៗ ក្នុងអំឡុងឆ្នាំ១៩៨២-១៩៨៣ មកម្ល៉េះ។ មូលហេតុដែលលោកចាប់ផ្តើមចូលប្រឡូកអាជីពនេះគឺដោយសារតែលោកមានឈាមជ័របុព្វបុរសជាជាងចម្លាក់ស្ពាន់ផង និងតន្រ្តីករភ្លេងបុរាណផង ទើបធ្វើឲ្យលោកហាក់មានឧបនិស្ស័យចំពោះឧបករណ៍ភ្លេងខ្មែរទាំងអស់នេះ។ ម្យ៉ាងវិញទៀត កាលពីសម័យនោះ ស្រុកទេសនៅក្រលំបាក ទើបលោកសម្រេចចិត្តជ្រើសរើសយករបរសិប្បកម្មធ្វើគ្រឿងភ្លេងបន្តិចបន្តួចដើម្បីកសាងជីវភាពចិញ្ចឹមជីវិតខ្លួនឯង។ លោកបានបន្តថា កាលពីក្មេង លោកបានហាត់រៀនសង្កេតមើលព្រឹទ្ធាចារ្យក្នុងតំបន់ឧដុង្គដែលជាស្រុកកំណើតផ្ទាល់របស់លោក និងអ្នកឯកទេសមកពីតំបន់ខាងក្រៅនានាដែលចេះជំនាញផលិតឧបករណ៍ភ្លេងបុរាណបែបនេះ។ លោកបានព្យាយាមធ្វើស្វ័យសិក្សាតាមរយៈឯកសារក្បួនខ្នាតដែលមានស្រាប់ចេះតៗគ្នារហូតរយៈពេល២០ឆ្នាំ ទើបលោកចេះស្ទាត់អាចធ្វើគ្រឿងភ្លេងជាច្រើនប្រភេទលក់ជូនអតិថិជនបាន។
អនុស្សាវរីយ៍ជូរចត់បំផុតដែលលោកនៅតែចងចាំដក់ជាប់អារម្មណ៍រហូតមកដល់សព្វថ្ងៃនេះ គឺកាលពី៣០ឆ្នាំមុន លោកត្រូវជិះកង់តស៊ូដើរលក់គ្រឿងដាច់សង្វែងឆ្លងពីខេត្តមួយទៅខេត្តមួយរាប់រយគីឡូម៉ែត្រ ហើយនៅពេលមេឃភ្លៀង ជាពិសេសនៅផ្លូវទន្លេ តាមតំបន់ជាប់ដងទន្លេមេគង្គ មានសភាពរអិលដីជាប់ផុង តម្រូវឲ្យលោកបង្ខំចិត្តលីកង់បន្តដំណើរទៅមុខ ទាំងមានទំនិញជាប់ជាមួយយ៉ាងសំពីងសំពោងរយីងរយោង អមដោយតំណក់ទឹកភ្លៀងដែលបង្អុរចុះមកពីលើមេឃគួរឲ្យអាសូរ។ ម្យ៉ាងវិញទៀត ដោយសារជំនាន់នោះគ្មានផ្សារ គ្មានហាងសម្បូរបែបដូចសព្វថ្ងៃនេះទេ លោកត្រូវលើកដៃសំពះព្រះសង្ឃសុំអង្ករ បាយទឹក និងឈប់សម្រាកតាមវត្តអារាម អណ្តែតត្រសែត យប់ត្រង់ណា សម្រាកត្រង់នោះ មិនអាចកំណត់ឡើយ ពោលគឺផ្សងព្រេងតាមជោគវាសនា។
ដោយឡែក អស់រយៈពេល២០ឆ្នាំក្រោយមក ទើបលោកមានលទ្ធភាពបើកជាសិប្បកម្មទ្រង់ទ្រាយធំដុំដូចសព្វថ្ងៃ នៅក្នុងឆ្នាំ២០០៣។ ចំណាយពេលជិត៤ទសវត្សរ៍លើអាជីពនេះ លោកបានធ្វើការប្រៀបធៀបភាពខុសប្លែកគ្នារវាងសិប្បកម្មគ្រឿងភ្លេងកាលពីសម័យមុន និងបច្ចុប្បន្ននេះថា កាលពីមុន ចំណេញបានច្រើន ដោយសារយើងផលិតដោយខ្លួនឯង ហើយជិះដើរលក់ដោយខ្លួនឯងទៀត ប៉ុន្តែលក់បានតិច។ ឥឡូវ យើងចំណេញបានតិច ដោយសារត្រូវជួលកម្លាំងពលកម្មមកជួយ តែលក់ដាច់បានច្រើនខុសឆ្ងាយពីមុន ដោយសារមានការផ្សព្វផ្សាយទូលំទូលាយ។ ចំពោះសង្វាក់ផលិតកម្ម លោកបានអះអាងថាក៏រីកចម្រើនរហ័សតាមសម័យកាលដែរ។ ជាក់ស្តែង ឧបករណ៍ស្គរមួយដែលកាលពីជំនាន់មុនត្រូវចំណាយពេលផលិតរហូត៥ថ្ងៃ ប៉ុន្តែសព្វថ្ងៃចំណាយពេលត្រឹមតែ១-២ថ្ងៃ គឺបានរួចរាល់ស្រេច។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃសិប្បកម្មកំពុងជួបប្រទះនឹងបញ្ហាប្រឈមគឺ កំណើនថ្លៃនៃវត្ថុធាតុដើម។ ដូចដែលដឹងស្រាប់ហើយថា ឧបករណ៍តន្រ្តីបុរាណខ្មែរយើងភាគច្រើនធ្វើពីឈើ ហើយឈើសព្វថ្ងៃកាន់តែខ្សត់ ហើយកាន់តែឡើងថ្លៃ។ ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ បានបញ្ជាក់ថា សព្វថ្ងៃ សិប្បកម្មរបស់លោកប្រើប្រាស់តែប្រភេទឈើធម្មតាក្នុងស្រុកដែលមានតម្លៃសមស្របតាមជីវភាពប្រជាជនខ្មែរ តួយ៉ាង ឈើកកោះ ឈើគគីរ ឈើខ្នុរ ឈើអម្ពិលបារាំង ជាដើម មិនមានប្រើប្រភេទឈើប្រណិតពពួកបេង នាងនួន គ្រញូង នោះទេ ព្រោះឈើទាំងនោះមានតម្លៃថ្លៃខ្លាំងដែលគេច្រើននិយមយកទៅច្នៃធ្វើជាគ្រឿងសង្ហារិមជាជាងយកមកធ្វើឧបករណ៍តន្រ្តី។ ដោយសារមូលហេតុនេះ សិប្បកម្មមិនទទួលផលិតឧបករណ៍ភ្លេងធ្វើពីប្រភេទឈើប្រណិតទាំងនេះឡើយ ទោះបីជាមានភ្ញៀវកុម្ម៉ង់ឲ្យធ្វើក៏ដោយ។ ម្ចាស់សិប្បកម្មខាងលើបានសង្កត់ធ្ងន់ថា ថ្វីត្បិតតែមិនធ្វើពីឈើប្រណិត តែឧបករណ៍ភ្លេងទាំងអស់របស់សិប្បកម្មនេះនៅតែមានគុណភាពល្អអាចប្រើការបានយូរតាមក្បួនខ្នាតបច្ចេកទេសផលិតត្រឹមត្រូវច្បាស់លាស់របស់សិប្បករ។
សព្វថ្ងៃ ផលិតផលរបស់សិប្បកម្មខ្មែរ ម៉ាច ម៉ុយ កាន់តែមានការគាំទ្រទទួលស្គាល់ច្រើនឡើងៗសឹងតែមួយគុណនឹងដប់តាមរយៈការល្បីពីមាត់មួយទៅមាត់មួយ និងការផ្សព្វផ្សាយតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សិប្បកម្មផ្ទាល់។ ឧបករណ៍ភ្លេងគ្រប់ប្រភេទដែលចេញពីសិប្បកម្មនេះមានចរាចរណ៍លក់នៅលើទីផ្សារគ្រប់ទូទាំង២៥ខេត្ត-រាជធានី។ ដោយឡែកនៅរាជធានីភ្នំពេញ ឧបករណ៍ភ្លេងទាំងនេះត្រូវបានចែកចាយនៅម្តុំផ្សារទួលទំពូង និងម្តុំសាលារចនា (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)។ លោកព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ បានបន្តចំណេះដឹងនេះដល់កូនប្រុសទាំងអស់របស់គាត់ដើម្បីចូលរួមចំណែកលើកស្ទួយកេរដំណែលវប្បធម៌ជាតិឲ្យគង់វង្សស្ថិតស្ថេរ។ ទៅថ្ងៃអនាគត លោកមានបំណងចង់អភិវឌ្ឍសិប្បកម្មនេះទៅជារមណីយដ្ឋានមួយកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា និងសិក្សាឈ្វេងយល់អំពីសិប្បកម្មប្រពៃណីខ្មែរ “សូមអញ្ជើញមកមិនខុសបំណងទេ! ទោះមិនប្រើ ក៏អាចតាំងឲ្យកូនខ្មែរស្គាល់ដែរ”។
Article by SRIN SOKMEAN