×

បាយ​ម៉ាក់​កំពត និមិត្តរូប​អាហារ​ពេល​ព្រឹក​ល្បី​មួយ​របស់​អ្នក​ក្រុងកំពត

TRAVEL & LIVING 4 years ago
 
 

            ប្រជាជន​ខ្មែរ​យើង​ជាច្រើន​និយម​ទទួលទាន​បាយស្រូប​ជា​អាហារ​ពេលព្រឹក​ជា​រៀងរាល់​ថ្ងៃ មិន​ថា​អ្នក​ទីក្រុង ឬ អ្នក​រស់​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ។ ទាក់ទង​នឹង​ប្រធានបទ «បាយ» នេះ​ដែរ បើ​និយាយ​ពី​រាជធានី​ភ្នំពេញ គេ​អាច​នឹក​ដល់​កន្លែង​លក់​បាយ​ល្បីៗ​ដូចជា បាយមាន់​ហ្សង់កុង បាយមាន់​ហៃណាំ​ផ្លូវ​សុកហុក បាយ​ស្រូប​ខ្លាញ់​បង្កង​ផ្សារធំថ្មី បាយគោដុត​ផ្សារថ្មី បាយ​សាច់សាស៊ីវ​ក្រោយធនាគារ ANZ Royal បាយបឋម​សាលា​អង្គអេង បាយស្រូប រ៉េត សូនីតា ហៅ​ ញ៉ក់ ម្តុំ​សាលា​បាក់ទូក ជាដើម។ ប៉ុន្តែ​នៅ​ពេល​អ្នក​ធ្វើដំណើរ​ទៅ​កាន់​ខេត្ត​ដូចជា​ខេត្ត​កំពត​ដែល​ជា​ខេត្ត​ទេសចរណ៍​ល្បីល្បាញ ហើយ​ចង់​ទទួលទាន​បាយ​ស្រូបឆ្ងាញ់ តើ​លោកអ្នក​ធ្លាប់​ដឹង​ថា​គួរ​ទៅ​សាកល្បង​ហូប​នៅ​ទីណា​ដែល​ល្បី​ថា​ឆ្ងាញ់​ប្រចាំ​ខេត្ត​ឬ​នៅ? ចម្លើយនោះ​គឺ «បាយម៉ាក់កំពត» នៅ​ក្នុង​ទីរួម​ខេត្ត​តែ​ម្តង​ដែល​អ្នក​ក្រុង​កំពត​ភាគ​ច្រើន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ!

            កំពុង​ញាប់​ដៃ​ញាប់​ជើង​ដួស​បាយ​និង​ចាប់​សាច់​ដាក់​ចាន​លើក​ជូន​ភ្ញៀវ ម្ចាស់​ហាង​ស្រី​ឈ្មោះ ​សៀក លី ដែល​ជា​យុវតី​កូន​ខ្មែរ​កាត់​ចិន សម្បុរស រាង​ស្តើង​ម្នាក់ បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​គេហទំព័រ​សូវរីន​ថា បាន​ជា​ហាង​បាយ​នេះ​មាន​យីហោ​ថា «បាយម៉ាក់កំពត» ព្រោះ​ស្ថាបនិក​ហាង​នេះ​ជា​ស្រ្តី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ«អ៊ី គីមលី» ដែល​ត្រូវ​ជា​ម្តាយ​ក្មេក​របស់​នាង ហើយ​គឺ​គាត់​នេះ​ហើយ​ដែល​បាន​ប្រកប​របរ​លក់​បាយ​ស្រូប​នេះ​ល្បី​ឈ្មោះ​អស់​រយៈ​ពេល​ប្រមាណ​៣០​ឆ្នាំ​មក​ហើយ​នៅ​ទីរួម​ខេត្ត​កំពត​នេះ​រហូត​ជាប់​រហស្សនាម​មួយ​ទៀត​ថា «អ៊ី​លក់​បាយ​ក្រោយ​សាលា​ចិន» ។  ហាង «បាយម៉ាក់កំពត» កាល​ពី​មុន​គ្រាន់​តែ​ជា​តូប​លក់​បាយ​តាម​ចិញ្ចើម​ថ្នល់​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម ក្រោយ​សាលា​ចិន​ចាស់ ក្រុង​កំពត​តែម្តង។

            ប៉ុន្តែ​ដោយសារ​តែ​ចំនួន​អតិថិជន​ចេះ​តែ​កើនឡើង​ជា​លំដាប់ តាំង​ពី​មាន​តែ​ម៉ូយ​ជា​អ្នក​ខេត្តកំពត រហូត​ល្បី​ដល់​អ្នក​ដំណើរ​មក​ពី​ភ្នំពេញ​ស្កាត់​មក​រក​ទៀត ទើប​អាជីវកម្ម​អាហារ «បាយម៉ាក់កំពត» បាន​បន្ថែម​សាខា​ទីពីរ​ដែល​មាន​លក្ខណៈ​ជា​អាហារដ្ឋាន​នៅ​លើ​បណ្តោយ​ផ្លូវ​ខេត្ត​លេខ ៧០១  ចន្លោះ​ពី​រង្វង់​មូល​ទុរេន​និង​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​កំពត។ នៅ​ពេល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ដល់​ចំណុច​រង្វង់​មូល​ទុរេន​លោកអ្នក​ត្រូវ​បន្ត​ដំណើរ​មក​មុខ​បន្តិច​តាម​ផ្លូវ​ជាប់​ខាង​ឆ្វេង​ផ្ទះ​សំណាក់​ភ្នំខៀវ។ ហាង​នេះ​ស្ថិត​នៅ​ខាង​ស្តាំ​ផ្លូវ ទល់​មុខរបង​ចំហៀង​នៃ​សាលាមត្តេយ្យ​កំពត ហើយ​ទើប​តែ​បើក​ដំណើរការ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

            បើ​តាម​ការ​អះអាង​របស់​ប្អូន​ស្រី​ម្ចាស់​ហាង ទោះ​បី​ជា​ហាង​នេះ​ទើប​តែ​បើក​ថ្មី​បន្តិច​មែន​តែ​មាន​អតិថិជន​ជិត​ឆ្ងាយ​ចូល​មក​ទទួលទាន​ជា​ហូរហែ​មិន​ចេះ​ដាច់។ មូលហេតុ​ដែល​ចេះ​តែ​មាន​ភ្ញៀវ​មក​មិន​ចេះ​ស្ងាត់ គឺ​ដោយសារ​តែ​បាយ​ស្រូប​ម៉ាក់​កំពត​នេះ​ញ៉ាំ​មិនចេះ​ទ្រលាន់​ដោយសារ​តែ​មាន​រូបមន្ត​បុក​ទឹកត្រី​ឆ្ងាញ់​ពិសេស​ប្រចាំ​គ្រួសារ​គួបផ្សំ​នឹង​ស្នាដៃ​ប្រឡាក់​សាច់​ឆ្ងាញ់​ទៀត ទើប​ភ្ញៀវ​ចេះ​តែ​ល្បី​តៗ​គ្នា​ក្លាយ​ជា​និមិត្ត​រូប​អាហារ​ពេល​ព្រឹក​មួយ​ប្រចាំ​តំបន់​ទៅ​ហើយ។ ក្រៅ​ពី​នេះ ​បាយស្រូប​ប្រចាំ​ត្រកូល​មួយ​នេះ​នៅ​មាន​លក្ខណៈពិសេស​មួយ​ចំនួន​ទៀត​ខុស​ប្លែក​ពី​បាយស្រូប​ធម្មតា​ត្រង់​មាន​លាយ​បញ្ចូល​សាច់ជ្រូក សាច់ក្រក  ពងទា​សរសៃ​តូចៗ ​ចំណិត​តាសក់​មូលៗ​ និង ប៉េងប៉ោះ​ខ្ចី​ស្តើងៗ ក្នុង​ចាន​តែ​មួយ​ ពេល​ទទួលទាន​ទៅ​ចូល​ជាតិ​គ្នា​ល្អ​មែន​ទែន រួម​ជាមួយ​ទឹក​ស៊ុប​ក្តៅៗ​ដែល​មាន​រសជាតិ​ម្យ៉ាង​ទីទៃ​ពី​ហាង​ធម្មតា។

            ថ្វីដ្បិត​តែ​ល្បី​ឈ្មោះ​មែន តែ​តម្លៃ​ថោក​សមរម្យ​ត្រឹម​តែ​៥០០០រៀល​ក្នុង​មួយ​ចាន​តែ​ប៉ុណ្ណោះ (ថែម​ពងទា​ចៀន ១០០០រៀល លើ​ពងទា​សរសៃ​ដែល​មាន​ដាក់​ស្រាប់) ។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​បាយសាច់ជ្រូក ទីនេះមាន​លក់​បាយស្រូប​សាច់គោ​អាំង និង បាយ​មាន់​ស្រែ​ហៃណាំ​រសជាតិ​បែប​កំពត​តែ​ម្តង! ឆ្ងាញ់​ហើយ​ធូរថ្លៃ​ទៀត ទៅ​កំពត​លើក​ក្រោយ​គួរ​ឆៀង​ចូល​គាំទ្រ​ស្នាដៃ​អ្នក​កំពត​ផ្ទាល់​កុំខាន!

Article by SRIN SOKMEAN


SUGGESTIONS