មានដឹងឬអត់ថាខែកុម្ភៈសម្បូរផ្លែឈើអ្វីខ្លះ? ទិញទាន់រដូវស្រស់ឆ្ងាញ់ ហើយល្អចំពោះសុខភាពទៀត!
TRAVEL & LIVING 4 years ago១. ផ្លែមាក់ប្រាង: ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងស្វាយ តែតូចៗជាង ចុងស្រួចៗផ្លែខ្ចីមានរសជូរ លុះដល់ទុំមានសម្បុរលឿង, ប្រើបរិភោគជាអាហារ; ខ្លះមានរសផ្អែម (ច្រើនមានសម្បូរនៅខេត្តបាត់ដំបង គេដាំជាដំណាំស្រុក), ខ្លះមានរសផ្អែមលាយជូរ (ច្រើនមានសម្បូរនៅព្រៃភ្នំខ្លះដោយអន្លើ ក្នុងខេត្តកំពត)។ មាក់ប្រាងសម្បូរផ្លែចន្លោះពីខែកុម្ភៈរហូតដល់ខែមេសាជារៀងរាល់ឆ្នាំ។ ផ្លែនេះមានតម្លៃចន្លោះពី១២០០០រៀលដល់២០០០០រៀលក្នុងមួយគីឡូក្រាម។ ត្រួយស្លឹកវាត្រូវបានប្រើប្រាស់ជាអន្លក់ស្រស់ ឬ យកទៅញាំទទួលទានជាអាហារ។ ចំពោះផ្លែម៉ាក់ប្រាងវិញ ប្រជាជនខ្មែរនិយមទទួលទានស្រស់ ប៉ុន្តែនៅបរទេស គេអាចច្នៃវាជាអាហារបានច្រើនមុខដូចជា មាក់ប្រាងត្រាំ (នៅប្រទេសថៃ) បង្អែមមាក់ប្រាងត្រាំទឹកសេរ៉ូក្តៅ ឬ ត្រជាក់ (Compote) (នៅទ្វីបអឺរ៉ុប) និង ម្ហូបសាំបាល់(គ្រឿងជ្រលក់មានរសជាតិហិរនៅប្រទេសឥណ្ឌូនេស៊ី)។ យោងតាមគេហទំព័រ healthbenefitstimes.com ផ្លែមាក់ប្រាងផ្តល់អត្ថប្រយោជន៍លើសលប់ចំពោះសុខភាព ជាអាទិ៍រួមមាន មានវីតាមីន C ជំនួយស្បែក ជាតិប្រូតេអ៊ីនពន្លឿនការជាសះស្បើយនៃរបួស ជំរុញការកើតឡើងវិញនៃកោសិការាងកាយ សម្បូរជាតិទឹកកាត់បន្ថយអត្រាកើតមហារីកប្រព័ន្ធរំលាយអាហារ សម្រួលចរន្តឈាម លុបបំបាត់ជាតិពុលក្នុងរាងកាយ និង បង្ការជំងឺបេះដូង ។ល។
២. ផ្លែទឹកដោះគោ: ឈ្មោះផ្លែឈើមួយប្រភេទមានក្លិនក្រអូប រាងមូលមានពណ៌ស្វាយ (សំបកក្រាស់) និងពណ៌ស (សំបកស្តើង) ហើយមានសាច់រសជាតិផ្អែមល្មួតដូចទឹកដោះគោនិងគ្រាប់រឹងរាងសំប៉ែតពណ៌ត្នោតខ្ចី។ ជាទូទៅ ផ្លែទឹកដោះគោត្រូវបានគេទទួលទានជាផ្លែឈើស្រស់ដែលមានរសជាតិផ្អែមឆ្ងាញ់។ ស្លឹកត្រូវបានគេពូតច្របាច់ចម្រាញ់ជាថ្នាំប្រឆាំងជំងឺទឹកនោមផ្អែម និង ជំងឺឈឺសន្លាក់ដៃជើង។ សំបកដើមទឹកដោះគោអាចយកទៅកែច្នៃជាភេសជ្ជៈជំនួយកម្លាំងប្រភេទតូនិក (Tonic) ។ រីឯទឹកស្ងោរសំបកដើមទឹកដោះគោអាចប្រើជាឱសថបុរាណកែរោគក្អកបានយ៉ាងពូកែ។ ចំពោះហាងឆេងផ្លែទឹកដោះគោ គឺមានតម្លៃចន្លោះពី៦០០០រៀលដល់១២០០០រៀលក្នុងមួយគីឡូក្រាម ហើយសម្បូរជាងគេចន្លោះខែធ្នូដល់ខែកុម្ភៈ។ យោងតាមគេហទំព័រ healthcautions.com ផ្លែទឹកដោះគោផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន១៣យ៉ាង រួមមាន ជំនួយសុខភាពឆ្អឹង ទប់ស្កាត់ជំងឺខ្វះកោសិកាឈាមក្រហម រក្សាទម្ងន់ ការពារជំងឺបេះដូង ប្រឆាំងអុក ស៊ីតកម្ម គ្រប់គ្រងជាតិស្ករក្នុងឈាម រក្សាសុខភាពស្បែក កាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ល ជំនួយភ្នែក ជំរុញប្រព័ន្ធភាពស៊ាំរាងកាយ ពង្រឹងប្រព័ន្ធរំលាយអាហារ ជួយព្យាបាលអាការៈគ្រុនក្តៅ ព្រមទាំងផ្សះមុខរបួសនិងបញ្ហាស្បែកផ្សេងៗ។
៣. ផ្លែគុយ: ឈ្មោះឈើតូចមានដើមជាវល្លិ ផ្លែមានរសផ្អែមលាយជូរ ប្រើជាអាហារ។ ក្នុងបរិបទពេលបច្ចុប្បន្ននេះ ផ្លែគុយគឺពិបាករកណាស់ ដោយសារដើមវាជាប្រភេទវល្លិរុំជាប់នឹងដើមឈើធំៗក្នុងតំបន់ព្រៃភ្នំ ហើយមានផ្លែតាមរដូវកាលទៀត។ ដោយសារតែវាកាន់តែកម្របែបនេះហើយ ទើបសព្វថ្ងៃវាបានក្លាយជាប្រភេទផ្លែឈើស្រុកដ៏មានតម្លៃ ហើយពិបាករកទិញទទួលទាននៅទីក្រុងថែមទៀតផង។ ភាគច្រើន វាត្រូវបានគេចងជាចង្កោមលក់នៅតាមបណ្តោយផ្លូវជាតិតាមខេត្តដែលមានអ្នកធ្វើដំណើរឆ្លងកាត់ និង នៅតាម ផ្លូវចូលរមណីយដ្ឋានមួយចំនួននៅតាមតំបន់សហគមន៍ជនបទ ដូចជានៅស្រុករលាប្អៀរ និង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ ខេត្តសៀមរាប និង ម្តុំភ្នំបូកគោ ខេត្តកំពត ជាដើម។ ដោយឡែក នៅភ្នំពេញ គេអាចរកទិញផ្លែគុយបាននៅម្តុំសួនច្បារសម្តេច ហ៊ុន សែន ជិតកោះពេជ្រ និង នៅតាមបណ្តោយវិថីប៉ាស្ទ័រ (ផ្លូវ ៥១) ម្តុំក្រោយធនាគារហុង លីអុង ចាប់ពីខែកុម្ភៈដល់ចុងខែមេសាទើបផុតរដូវវា។ ផ្លែគុយមានតម្លៃចន្លោះពី៣៥០០០រៀលដល់៥០០០០រៀលក្នុងមួយគីឡូក្រាម។ ដើម្បីឲ្យផ្លែគុយមានរសជាតិឆ្ងាញ់ទ្វេដង អ្នកលក់និយមយកគុយប្រឡាក់អំបិលម្ទេសហាលក្រោមកម្តៅថ្ងៃទើបធ្វើឲ្យគុយស្វិតសាច់ល្អ។ តាមវេជ្ជសាស្រ្តខ្មែរបុរាណ គេច្រើនយកដើមគុយទៅចិញ្ច្រាំដាំទឹកផឹកព្យាបាលរោគស្រ្តីទាស់ឥតទឹកដោះ។ យោងតាមគេហទំព័រ tropical.theferns.info ដែលមានឯកទេសលើអត្ថប្រយោជន៍រុក្ខជាតិតំបន់ត្រូពិក រុក្ខជាតិគុយផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា ជ័រប្រើជាថ្នាំលាបលើស្នាមរបួសឈឺចាប់ និង ព្យាបាលជំងឺសើស្បែកកម្រិតធ្ងន់មួយប្រភេទ (Yaws) ។ ដើមវាអាចព្យាបាលជំងឺរាកមួល និង បញ្ហាថ្លើម។ រីឯឫសវាប្រើព្យាបាលជំងឺខាន់លឿង អាការៈក្រហាយចុងដង្ហើម និង ជំងឺរាករូស។
៤. ផ្លែអម្ពិលទឹក: អម្ពិលទឹកជាប្រភេទដើមឈើធំ ដើមមានបន្លា ស្លឹកស្ដើង មានសណ្ឋានដូចម្រាមដៃ មានផ្កាជាចង្កោមៗ តូចៗ ពណ៌ស រំលេចកញ្ចុំកេសរឈ្មោលច្បាស់។ ផ្លែមានលក្ខណៈជាកួររង្វេលៗ។ ផ្លែខ្ចីពណ៌បៃតងខ្ចី រីឯផ្លែចាស់មានពណ៌ផ្កាឈូក ឬ ពណ៌ក្រហម។ សាច់ផ្លែមានពណ៌សលាយក្រហមឬផ្កាឈូក មានរសជាតិផ្អែមលាយចត់។ រុក្ខជាតិនេះសម្បូរផ្លែនៅចន្លោះរដូវរំហើយរហូតដល់រដូវបុណ្យចូលឆ្នាំខ្មែរ។ កាលពីមុន គេអាចបេះផ្លែវាដោយខ្លួនឯងងាយៗនៅជុំវិញផ្ទះ ឬ នៅក្នុងភូមិ ដោយមិនចាំបាច់ចំណាយប្រាក់កាសទិញនោះទេ។ ដោយឡែក សព្វថ្ងៃអ្នកក្រុង ឬ អ្នកដំណើរខ្លះក៏នឹកភ្នកចង់ទទួលទានវាដែរ ទើបប្រជាជនខ្លះដែលរស់នៅតាមបណ្តោយផ្លូវទៅខេត្តនាំគ្នាដាក់លក់មុខផ្ទះបន្តិចបន្តួចគ្រាន់នឹងរកបានប្រាក់ចំណូលបន្ថែម តួយ៉ាង នៅម្តុំទួលក្រសាំង ខេត្តកណ្តាល (ផ្លូវជាតិលេខ២១) ម្តុំវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (ផ្លូវព្រែកប្រា) ផ្លូវចន្លោះផ្សារព្រែកព្នៅទៅកាន់ភ្នំបាសិត ខណ្ឌព្រែកព្នៅ ជាដើម។ ហាងឆេងអម្ពិលទឹកនៅភ្នំពេញមានតម្លៃប្រមាណ២០០០០រៀលក្នុងមួយគីឡូក្រាម។ យោងតាមមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦) គេប្រើសំបកដើមវាព្យាបាលរោគទឹកនោមផ្អែមពីព្រោះវាមានសារធាតុប្រហាក់ប្រហែលនឹងថ្នាំអាំងស៊ុយលីនដែរ៕
Article by SRIN SOKMEAN