កាហ្វេចិញ្ចើមថ្នល់តាមសហសម័យដែលបង្កប់នូវគំនិតបរិស្ថាននិងវប្បធម៌និយម
TRAVEL & LIVING 4 years agoស្ថិតនៅតាមបណ្តោយផ្លូវច្រកចូលផ្សារឌុយម៉ិច ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា តូបកាហ្វេដ៏ស្រស់ស្អាតថ្មីសន្លាងទាន់សម័យមួយបានរំលេចខ្លួនឡើងចេញពីបរិយាកាសទីផ្សារលក់ដូរបែបបុរាណសាមញ្ញតូចមួយក្នុងទីក្រុង ។ បើមើលនឹងភ្នែកទទេ តូបកាហ្វេនេះមិនសូវខុសប្លែកអ្វីពីតូបកាហ្វេតាមចិញ្ចើមថ្នល់ដែលទើបបើករីកដុះដាលដូចផ្សិតពាសពេញទីក្រុងភ្នំពេញសព្វថ្ងៃប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលចំពោះអាជីវកម្មកាហ្វេថ្មីមួយនេះគឺផ្នត់គំនិតវិជ្ជមានរបស់យុវជនដែលជាស្ថាបនិកផ្ទាល់តែម្តងដែលអាចចូលរួមចំណែកជះឥទ្ធិពលល្អប្រសើរសម្រាប់បរិបទសង្គមសព្វថ្ងៃ។
« កាហ្វេ១៩៦៧ » ជាយីហោកាហ្វេក្នុងស្រុកដែលទើបតែបានបង្កើតឡើងដោយយុវជនខ្មែរមួយរូបឈ្មោះ មាន ពិទូ ជាអតីតនិស្សិតវិទ្យាស្ថានភាសាបរទេស និង អតីតអ្នកធ្វើការមួយរូបផងដែរ ប៉ុន្តែដោយ សារតែចំណង់ចំណូលចិត្តខ្លាំងលើការទទួលទានកាហ្វេផ្សារបែបបុរាណតាំងពីដើមរៀងមកនោះគួបផ្សំនឹងទឹកចិត្តចង់ចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង យុវជនរូបនេះក៏បានទៅសិក្សាជំនាញឆុងកាហ្វេហើយក៏បំបែកគំនិតបង្កើតជាប្រេនកាហ្វេបែបខ្មែរដែលឈរលើគោលការណ៍គុណភាពជាចំបង ពោលគឺគ្រប់ភេសជ្ជៈនៅទីនេះត្រូវតែមានរសជាតិឈ្ងុយឆ្ងាញ់និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវ «ភាពខ្លាំងរបស់ហាងកាហ្វេខ្ញុំ គឺរសជាតិភេសជ្ជៈដែលពួកយើងបង្កើតផ្តោតទៅលើឆ្ងាញ់ ហើយនិង(ផ្តល់)សុខភាពល្អ។ អ្វីក៏ដោយដែលពួកខ្ញុំធ្វើគឺ organic ទាំងអស់! សូម្បីតែទឹកស៊ីរ៉ូក៏យើងមិនប្រើដែរ ហើយបើទឹកផាសិន ក៏យើងប្រើផ្លែផាសិនធម្មជាតិមួយទាំងមូលដែរ » ។
ក្រៅពីកត្តាគុណភាពរសជាតិភេសជ្ជៈ កាហ្វេ ១៩៦៧ ខុសពីអាជីវកម្មកាហ្វេប្រ៊េននានានៅភ្នំពេញត្រង់ថា ផ្តោតសំខាន់លើទំនាក់ទំនងជិតស្និទ្ធប្រៀបដូចមិត្តភក្តិជាមួយអតិថិជន ដែលយើងហៅជាភាសាសាមញ្ញប្រចាំថ្ងៃថា «ដឹងចិត្តម៉ូយ» តាមរយៈការចងចាំនូវឈ្មោះ តួនាទីការងារ និង រសជាតិកាហ្វេដែលម៉ូយម្នាក់ៗនិយមចូលចិត្ត។ នេះក៏ជាផ្នែកមួយនៃវប្បធម៌ទំនាក់ទំនងរបស់ខ្មែរយើង ជាផ្នត់គំនិតបុរាណដែលកាហ្វេ ១៩៦៧ នៅតែរក្សាខ្ជាប់មិនចង់ឲ្យបាត់បង់ទៅតាមសម័យកាលទំនើប ។ ស្ថាបនិករូបនេះបានលើកឡើងថា ដោយសារតែអាជីវកម្មកាហ្វេនេះផ្តោតលើភាពសាមញ្ញៗ មិនផ្តោតលើការតុបតែងហាងបែបស៊ីវិល័យប្លែកៗទើបអតិថិជនដែលមកទទួលទានកាហ្វេនៅទីនេះភាគច្រើនជាមនុស្សវ័យកណ្តាលឬបុគ្គលិកការងារ ដែលមានទំនោរនិយមទៅលើការបន្ធូរអារម្មណ៍ធម្មតាៗ មិនសូវឡូយឆាយគគ្រឹកគគ្រេង ហើយផ្តល់តម្លៃតែលើរសជាតិជាធំ។ ភ្ញៀវអាចទទួលទានភេសជ្ជៈ អានសៀវភៅ ជជែកគ្នាលេងកម្សាន្ត និងលេងចត្រង្គ ជាដើម។
បញ្ហានិរន្តរភាពបរិស្ថាននិងការលើកស្ទួយផលិតផលក្នុងស្រុកជាខ្លឹមសំខាន់របស់ដំណើរការប្រតិបត្តិការរបស់អាជីវកម្មកាហ្វេ ១៩៦៧ ដែលជំរុញឲ្យអាជីវកម្មនេះលេចធ្លោក្នុងក្រសែភ្នែកមហាជនក្នុងរយៈពេលដ៏ខ្លីមិនទាន់បានកន្លះឆ្នាំផង តាំងពីបង្កើតមក ។ ឈរលើស្មារតីបរិស្ថាននិយមបែបនេះហើយ ទើបកាហ្វេ១៩៦៧ តែងតែលើកទឹកចិត្តបញ្ចុះតម្លៃជាពិសេសចំពោះអតិថិជនទាំងឡាយណាដែលប្រើប្រាស់បំពង់ទឹកផ្ទាល់ខ្លួនមកដាក់ភេសជ្ជៈជំនួសការប្រើប្រាស់កែវទឹកប្លាស្ទិកធម្មតា។ ទន្ទឹមនឹងនេះដែរ ហាងកាហ្វេនេះក៏បានចូលរួមចំណែកប្រើប្រាស់ដៃយួរធ្វើពីចំណងកំប្លោកក្នុងន័យកាត់បន្ថយកាកសំណល់ប្លាស្ទិកដូចគ្នាដែរ។ យុវជនដដែលបានបន្តថា ទោះបីជាយ៉ាងណាក៏ការប្រើប្រាស់ប្លាស្ទិកពុំទាន់អាចត្រូវបានលុបបំបាត់ទាំង ស្រុងនៅឡើយទេក្នុងបរិបទទីផ្សារក្នុងស្រុកបច្ចុប្បន្ន ដោយសារតែវត្ថុធាតុដើមជំនួសប្លាស្ទិកនៅមានតម្លៃខ្ពស់។ ដូចនេះ លោកកំពុងសិក្សាស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកណាមួយដែលអាចផ្គត់ផ្គង់ក្នុងអត្រាតម្លៃសមស្របដែលអាចទទួលយកបាន ឈានទៅលុបបំបាត់វត្ថុធ្វើពីប្លាស្ទិកជាអតិបរមានៅថ្ងៃខាងមុខ។
នៅពេលឆាប់ៗខាងមុខនេះ តូបកាហ្វេចិញ្ចើមថ្នល់មួយនេះនឹងពង្រីកទីតាំងរបស់ខ្លួនជាហាងតែម្តង ប៉ុន្តែនឹងនៅតែរក្សាជាតូបលក់នៅខាងមុខហាងដដែល។ យើងសង្ឃឹមយ៉ាងមុតមាំថា អតិថិជនដែលនិយមចូលចិត្តទទួលទានកាហ្វេនឹងគាំទ្រចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិករបស់អាជីវកម្មកាហ្វេ ១៩៦៧ ដើម្បី និរន្តរភាពបរិស្ថាននៃប្រទេសជាតិយើងទាំងអស់! គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមានកាហ្វេឆ្ងាញ់ឆុងថ្មីនោះទេ កាហ្វេ ១៩៦៧ ថែមទាំងមានទឹកតែពិសេសឆុងជាមួយគ្រាប់កកោះដែលជារូបមន្តប្រពៃណីរបស់ដូនតាខ្មែរយើងដែលកូនខ្មែរជំនាន់ក្រោយជាពិសេសអ្នកទីក្រុងសឹងតែមិនស្គាល់ក្នុងពេលបច្ចុប្បន្ន។ ក្រោយពេលហាងកាហ្វេនេះបើកក្នុងពេលឆាប់ៗខាងមុខ កាហ្វេ១៩៦៧ នឹងពាំនាំមកនូវរសជាតិភេសជ្ជៈថ្មីៗ ជាពិសេស ភេសជ្ជៈផ្សំពីផ្លែឈើក្នុងស្រុកតាមរដូវកាល និង តែផ្សំពីរុក្ខជាតិបុរាណពិតៗ ដែលគ្មានឡើយក្នុងហាងកាហ្វេទំនើបផ្សេងៗនៅភ្នំពេញ ។ កុំភ្លេចជួយគាំទ្រកាហ្វេដើម្បីបរិស្ថាន និង សាករសជាតិភេសជ្ជៈដោយដៃខ្មែរ!
Article by SRIN SOKMEAN