×

កាហ្វេ​ចិញ្ចើម​ថ្នល់​តាម​សហសម័យ​ដែល​បង្កប់​នូវ​គំនិត​បរិស្ថាន​និង​វប្បធម៌​និយម

TRAVEL & LIVING 4 years ago
 
 

          ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ច្រក​ចូល​ផ្សារ​ឌុយម៉ិច ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧​មករា តូប​កាហ្វេ​ដ៏​ស្រស់ស្អាត​ថ្មី​សន្លាង​ទាន់​សម័យ​មួយ​បាន​រំលេច​ខ្លួន​ឡើង​ចេញ​ពី​បរិយាកាស​ទីផ្សារ​លក់ដូរ​បែប​បុរាណ​សាមញ្ញ​តូចមួយ​ក្នុង​ទីក្រុង ។ បើ​មើល​នឹង​ភ្នែកទទេ  តូប​កាហ្វេ​នេះ​មិន​សូវ​ខុស​ប្លែក​អ្វី​ពី​តូប​កាហ្វេ​តាម​ចិញ្ចើមថ្នល់​ដែល​ទើប​បើក​រីក​ដុះដាល​ដូច​ផ្សិត​ពាសពេញ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​អាជីវកម្ម​កាហ្វេ​ថ្មី​មួយ​នេះ​គឺ​ផ្នត់គំនិត​វិជ្ជមាន​របស់​យុវជន​ដែល​ជា​ស្ថាបនិក​ផ្ទាល់​តែម្តង​ដែល​អាច​ចូលរួម​ចំណែក​ជះ​ឥទ្ធិពល​ល្អ​ប្រសើរ​សម្រាប់​បរិបទ​សង្គម​សព្វថ្ងៃ។

          « កាហ្វេ១៩៦៧ » ជា​យីហោ​កាហ្វេ​ក្នុង​ស្រុក​ដែល​ទើប​តែ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​មួយ​រូបឈ្មោះ​ មាន ពិទូ ជា​អតីត​និស្សិត​វិទ្យាស្ថានភាសាបរទេស និង អតីត​អ្នក​ធ្វើ​ការ​មួយ​រូប​ផង​ដែរ ប៉ុន្តែដោយ សារ​តែ​ចំណង់ចំណូល​ចិត្ត​ខ្លាំង​លើ​ការ​ទទួលទាន​កាហ្វេ​ផ្សារ​បែបបុរាណ​តាំង​ពី​ដើម​រៀង​មក​នោះ​គួបផ្សំ​នឹងទឹកចិត្ត​ចង់​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង យុវជន​រូបនេះ​ក៏​បាន​ទៅ​សិក្សា​ជំនាញ​ឆុង​កាហ្វេ​ហើយ​ក៏​បំបែកគំនិត​បង្កើត​ជា​ប្រេនកាហ្វេ​បែប​ខ្មែរ​ដែល​ឈរ​លើ​គោលការណ៍​គុណភាព​ជា​ចំបង ពោល​គឺ​គ្រប់ភេសជ្ជៈ​នៅទីនេះ​ត្រូវ​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​មិន​ប៉ះពាល់​ដល់​សុខភាព​ភ្ញៀវ «ភាពខ្លាំង​របស់​ហាង​កាហ្វេខ្ញុំ គឺ​រសជាតិ​ភេសជ្ជៈ​ដែល​ពួកយើង​បង្កើត​ផ្តោត​ទៅ​លើ​ឆ្ងាញ់ ហើយ​និង(ផ្តល់)សុខភាព​ល្អ។ អ្វី​ក៏​ដោយ​ដែល​ពួកខ្ញុំ​ធ្វើគឺ organic ទាំងអស់! សូម្បីតែ​ទឹកស៊ីរ៉ូ​ក៏​យើង​មិន​ប្រើដែរ ហើយ​បើ​ទឹកផាសិន ក៏​យើង​ប្រើ​ផ្លែផាសិន​ធម្មជាតិ​មួយ​ទាំង​មូល​ដែរ » ។

          ក្រៅ​ពី​កត្តាគុណភាព​រសជាតិ​ភេសជ្ជៈ កាហ្វេ ១៩៦៧ ខុស​ពី​អាជីវកម្ម​កាហ្វេ​ប្រ៊េន​នានា​នៅ​ភ្នំពេញត្រង់​ថា ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ជិតស្និទ្ធ​ប្រៀប​ដូច​មិត្តភក្តិ​ជាមួយ​អតិថិជន ដែល​យើង​ហៅ​ជា​ភាសាសាមញ្ញ​ប្រចាំ​ថ្ងៃ​ថា «ដឹងចិត្តម៉ូយ» តាម​រយៈ​ការចងចាំ​នូវ​ឈ្មោះ តួនាទីការងារ និង រសជាតិ​កាហ្វេ​ដែល​ម៉ូយ​ម្នាក់ៗ​និយម​ចូលចិត្ត។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ទំនាក់ទំនង​របស់​ខ្មែរ​យើង ជា​ផ្នត់​គំនិត​បុរាណ​ដែលកាហ្វេ ១៩៦៧ នៅ​តែ​រក្សា​ខ្ជាប់​មិន​ចង់​ឲ្យ​បាត់បង់​ទៅ​តាម​សម័យកាល​ទំនើប​ ។ ស្ថាបនិក​រូប​នេះ​បាន​លើកឡើង​ថា ដោយសារ​តែ​អាជីវកម្ម​កាហ្វេ​នេះ​ផ្តោត​លើ​ភាព​សាមញ្ញៗ មិន​ផ្តោត​លើ​ការ​តុបតែង​ហាង​បែបស៊ីវិល័យ​ប្លែកៗ​ទើប​អតិថិជន​ដែល​មក​ទទួលទាន​កាហ្វេ​នៅ​ទីនេះ​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​កណ្តាល​ឬ​បុគ្គលិកការងារ ដែល​មាន​ទំនោរនិយម​ទៅ​លើ​ការ​បន្ធូរ​អារម្មណ៍​ធម្មតាៗ មិន​សូវ​ឡូយឆាយ​គគ្រឹកគគ្រេង ហើយ​ផ្តល់​តម្លៃ​តែ​លើ​រសជាតិ​ជាធំ​។ ភ្ញៀវ​អាច​ទទួលទាន​ភេសជ្ជៈ អាន​សៀវភៅ ជជែក​គ្នា​លេង​កម្សាន្ត និង​លេង​ចត្រង្គ ជា​ដើម។

          បញ្ហា​និរន្តរភាព​បរិស្ថាន​និង​ការ​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ជា​ខ្លឹម​សំខាន់​របស់​ដំណើរ​ការ​ប្រតិបត្តិការ​របស់​អាជីវកម្ម​កាហ្វេ ១៩៦៧ ដែល​ជំរុញ​ឲ្យ​អាជីវកម្ម​នេះ​លេចធ្លោ​ក្នុង​ក្រសែភ្នែក​មហាជន​ក្នុង​រយៈពេល​ដ៏​ខ្លី​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ផង តាំង​ពី​បង្កើត​មក ។ ឈរ​លើ​ស្មារតី​បរិស្ថាន​និយម​បែប​នេះ​ហើយ ទើប​កាហ្វេ១៩៦៧ តែងតែ​លើក​ទឹកចិត្ត​បញ្ចុះ​តម្លៃ​ជា​ពិសេស​ចំពោះ​អតិថិជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​បំពង់​ទឹកផ្ទាល់​ខ្លួន​មក​ដាក់​ភេសជ្ជៈ​ជំនួស​ការ​ប្រើប្រាស់​កែវ​ទឹក​ប្លាស្ទិក​ធម្មតា។ ទន្ទឹមនឹង​នេះ​ដែរ ហាងកាហ្វេ​នេះ​ក៏បាន​ចូលរួម​ចំណែក​ប្រើប្រាស់​ដៃយួរ​ធ្វើ​ពី​ចំណង​កំប្លោក​ក្នុង​ន័យ​កាត់​បន្ថយ​កាកសំណល់​ប្លាស្ទិក​ដូច​គ្នា​ដែរ។ យុវជន​ដដែល​បាន​បន្តថា ទោះ​បី​ជាយ៉ា​ងណា​ក៏​ការ​ប្រើប្រាស់​ប្លាស្ទិក​ពុំទាន់​អាច​ត្រូវ​បាន​លុប​បំបាត់​ទាំង ស្រុង​នៅ​ឡើយ​ទេ​ក្នុង​បរិបទ​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន ដោយសារ​តែ​វត្ថុធាតុ​ដើម​ជំនួស​ប្លាស្ទិក​នៅ​មាន​តម្លៃខ្ពស់។ ដូចនេះ លោក​កំពុង​សិក្សា​ស្វែងរក​ដៃគូ​សហប្រតិបត្តិការ​ក្នុង​ស្រុក​ណា​មួយ​ដែល​អាច​ផ្គត់ផ្គង់​ក្នុង​អត្រា​តម្លៃ​សមស្រប​ដែល​អាច​ទទួលយក​បាន ឈាន​ទៅ​លុប​បំបាត់​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក​ជា​អតិបរមា​នៅ​ថ្ងៃ​ខាង​មុខ។

          នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ តូបកាហ្វេ​ចិញ្ចើម​ថ្នល់​មួយ​នេះ​នឹង​ពង្រីក​ទីតាំង​របស់​ខ្លួន​ជា​ហាង​តែម្តង ​ប៉ុន្តែ​នឹង​នៅ​តែ​រក្សា​ជា​តូប​លក់​នៅ​ខាង​មុខ​ហាង​ដដែល។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អតិថិជន​ដែល​និយមចូលចិត្ត​ទទួលទាន​កាហ្វេ​នឹង​គាំទ្រ​ចំពោះ​យុទ្ធនាការ​កាត់​បន្ថយ​ប្លាស្ទិក​របស់​អាជីវកម្ម​កាហ្វេ ១៩៦៧ ដើម្បី និរន្តរភាព​បរិស្ថាន​នៃ​ប្រទេសជាតិ​យើង​ទាំងអស់! គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹម​តែ​មាន​កាហ្វេ​ឆ្ងាញ់​ឆុង​ថ្មី​នោះទេ កាហ្វេ ១៩៦៧ ថែម​ទាំង​មាន​ទឹកតែ​ពិសេស​ឆុង​ជាមួយ​គ្រាប់​កកោះ​ដែល​ជា​រូបមន្ត​ប្រពៃណី​របស់​ដូនតាខ្មែរ​យើង​ដែល​កូនខ្មែរ​ជំនាន់​ក្រោយ​ជា​ពិសេស​អ្នក​ទីក្រុង​សឹង​តែ​មិន​ស្គាល់​ក្នុង​ពេល​បច្ចុប្បន្ន។ ក្រោយ​ពេលហាងកាហ្វេ​នេះ​បើក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ កាហ្វេ​១៩៦៧ នឹង​ពាំនាំ​មក​នូវ​រសជាតិ​ភេសជ្ជៈ​ថ្មីៗ ជា​ពិសេស ភេសជ្ជៈ​ផ្សំ​ពី​ផ្លែឈើ​ក្នុង​ស្រុក​តាម​រដូវកាល និង តែ​ផ្សំ​ពី​រុក្ខជាតិ​បុរាណ​ពិតៗ ដែល​គ្មានឡើយ​ក្នុង​ហាង​កាហ្វេទំនើប​ផ្សេងៗ​នៅ​ភ្នំពេញ ។ កុំភ្លេច​ជួយ​គាំទ្រ​កាហ្វេ​ដើម្បី​បរិស្ថាន និង សាក​រសជាតិ​ភេសជ្ជៈ​ដោយ​ដៃ​ខ្មែរ!  

Article by SRIN SOKMEAN


SUGGESTIONS