គិតមកដល់ត្រឹមពេលដែលខ្ញុំសរសេរអត្ថបទនេះ ជម្ងឺឆ្លងខូវីដ១៩ ឬកូរ៉ូណាវីរុសប្រភេទថ្មីបានកើតមានចំនួន ៩៧,៩៩៣ ករណី ហើយបានសម្លាប់មនុស្សអស់៣,៣៨១នាក់ហើយ នៅ ៨៧ ប្រទេសជុំវិញ ពិភពលោក នេះបើយោងតាមទិន្នន័យនៃអង្គការសុខភាពពិភពលោក (WHO)។ នៅកម្ពុជាឯណេះវិញរដ្ឋាភិបាលទើបតែរកឃើញតែមួយករណីប៉ុណ្ណោះកាលពីមួយខែមុនដែលកើតលើបុរសជនជាតិចិននៅក្រុងព្រះសីហនុ និងបានព្យាបាលជាសះស្បើយរួចត្រលប់ទៅប្រទេសចិនវិញ។ បើទោះបីជាជំងឺនេះមិនទាន់កើតមានលើពលរដ្ឋខ្មែរណាម្នាក់ក៏ដោយ ក៏ប៉ុន្តែប្រជាជនកម្ពុជាទូទៅក៏គួរតែប្រយ័ត្នប្រយែងនិងការពារសុខភាពឲ្យបានល្អផងដែរ។ ក្រសួងសុខាភិបាលកម្ពុជាក៏ដូចជាស្ថាប័នជាច្រើនបានណែនាំពីវិធីការពារកុំឲ្យឆ្លងជំងឺរាតត្បាតនេះដូចជា៖ ឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ឬទឹកលាងដៃដែលមានជាតិអាល់កុលខ្ពស់ដើម្បីសម្លាប់មេរោគ និងកុំសូវស្ទាបមុខច្រើនពេក។ ប្រសិនបើអ្នកដែលមានអាការៈ ក្អក ផ្តាសាយញឹកញាប់ សូមពាក់ម៉ាស់ជាប្រចាំដ្បិតជម្ងឺនេះឆ្លងតាមរយៈទឹកមាត់និងសំបោរ។
ជំងឺដ៏សាហាវនេះត្រូវបានអង្គការសុខភាពពិភពលោកឲ្យដឹងថា ប្រសិនបើមានអ្នកជំងឺណាម្នាក់ក្អក ឬ កណ្តាសនៅកន្លែងណាមួយវាអាចឲ្យវីរុសនេះទុំនៅកន្លែងនោះបានពី ៣ ទៅ ៤ម៉ោង ប្រសិនបើកន្លែងនោះ មានសំណើមទៀតអាចជួយឲ្យវារស់រហូតពី ៣ ទៅ ៤ ថ្ងៃឯណោះ។ ដូច្នេះប្រសិនបើអ្នកមិនទាន់មានជម្ងឺទៅប៉ះឬស្ទាបចំកន្លែងដែលមានវីរុសទុំ រួចយកដៃមកស្ទាបមុខខ្លួនឯង អ្នកនោះប្រាកដជាឆ្លងជាក់ជាមិនខាន។ នៅពេលដែលជំងឺឆ្លងភ្លាមវានឹងមិនទាន់ចេញរោគសញ្ញាឬអាការៈភ្លាមនោះឡើយ។ ប្រសិនបើអ្នកដែលមានប្រព័ន្ធការពារខ្សោយ វាអាចនឹងចេញជារោគសញ្ញានៅថ្ងៃទី ៤ ឬទី ៥ តែប្រសិនបើអ្នកមានប្រព័ន្ធការពារខ្លាំងនោះវានឹងឲ្យយើងដឹងនូវរោគសញ្ញានៅថ្ងៃទី ១៤ ឬ ១៥ បន្ទាប់ពីវាបានឆ្លងចូលសារពាង្គកាយរបស់មនុស្សរួចមក។ អាការៈ ទូទៅដែលគេអាចសង្ស័យថានឹងមានជំងឺខូវីដ១៩ នេះមានដូចជា៖ ក្អក ផ្ដាសាយ ឡើងកម្ដៅខ្លួនពី ៣៦.៥ ទៅ ៣៦.៧ អង្សា បន្ទាប់មកចាប់ផ្តើមឈឺករ ក្អួតចង្អោរ និងបាត់សម្លេង រួចក៏ចាប់ផ្តើមអស់កម្លាំង រាគរូស មានអារម្មណ៍ថាឈឺឆ្អឹងសន្លាក់ ក្តៅក្រពះ ពិបាកដកដង្ហើមមិនឃ្លានអាហារ។ ប្រសិនបើធ្ងន់ធ្ងរវាធ្វើឲ្យយើងរលាកសួតតែម្តង។ វីរុសនេះអាចធន់នឹងកម្តៅរហូតដល់ទៅ៥៧ អង្សារសេនិងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួលតាមវិធីដែលរៀបរាប់ពីខាងដើម។ រហូតមកដល់ពេលនេះជំងឺខូវីដ ១៩ នៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ តែគេអាចព្យាបាលឲ្យជាសះស្បើយបានតាមរយៈការព្យាបាលតាមរោគសញ្ញា៕
Article by KEO SONG