×

ការ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​ការ​បោះពុម្ព​ផ្សាយ​ទស្សនាវដ្តី​សូវរីន​ដោយ​ជំនួស​មក​វិញ​នូវ​ការ​ចេញ​ផ្សាយ​ទស្សនាវដ្តី​ជា Digital Edition

NEWS 4 years ago
 
 

             ដោយ​សារ​ការ​ជះ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​វីរុសកូវីដ១៩ មក​លើ​ប្រទេស​កម្ពុជា និង​ជាពិសេស​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​យើង ទស្សនាវដ្តី​សូវរីន​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយមិត្ត​អ្នក​អាន​ដែល​និយម​គាំទ្រ​កន្លង​មក​ឲ្យ​បាន​ជ្រាប​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​ទស្សនាវដ្តី​បណ្តោះ​អាសន្ន ​ហើយ​ជំនួស​មក​វិញ​ជា​ការ​ចេញ​ផ្សាយ​ទស្សនាវដ្តី​ក្រោម​ទម្រង់ Digital​ (E-Magazine) វិញ។

             នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ទស្សនាវដ្តី​សូវរីន​នឹង​ចេញ​ផ្សាយ​ជា  Digital Edition​ បន្ទាប់​ពី​ធ្វើ​ការ​បោះពុម្ព​ផ្សាយ​អស់​រយៈ​ពេល​៨ឆ្នាំ​កន្លង​មក។ សូម​ជម្រាប​ផង​ដែរ​ថា ដើម្បី​សុវត្ថិភាព​ដល់​ក្រុម​ការងារ​យើង​បាន​កាត់​បន្ថយ​សកម្មភាព​ការងារ​ចុះ​ទៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ដូចជា​ការ​ថតម៉ូដ ការ​យក​ព័ត៌មាន និង​ការ​ចុះ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​បុគ្គល​ផ្សេងៗ​ជា​ដើម។ ថ្វី​ដ្បិត​តែ​បញ្ហា​វីរុសកូវីដ១៩ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សង្វាក់​ការងារ​របស់​ស្ថាប័ន​យើង​យ៉ាង​ណា​ក្តី ក៏​ប៉ុន្តែ​យើង​នៅ​តែ​បន្ត​សកម្មភាព​ផលិតផ្តល់​ជូន​នូវ​មាតិកា​ល្អៗ​ដើម្បី​ចេញ​ផ្សាយ​ជា​រៀងរាល់​ខែជា Digital Edition ក្នុង​នាម​ជា​ទស្សនាវដ្តី​ហ្វេហ្សិន​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​តែងតែ​ផ្តល់​នូវ​ចំណី​អារម្មណ៍​ចំណី​ចក្ខុ​ក៏​ដូច​ជា​ចំណេះដឹង​ដល់​ទស្សនិកជន និង​ប្រិយមិត្ត​អ្នក​អាន។

             ការ​ចេញ​ផ្សាយ​ទស្សនាវដ្តី​បែប Digital Edition (E-Magazine) នេះ យើង​នឹង​ធ្វើ​ក្នុង​ទម្រង់​មួយ​ខ្លី​តែ​ពោរពេញ​ដោយ​ខ្លឹមសារ​ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​ចុច​ចូល​ទស្សនា​ដោយ​ក្តីសោមនស្ស​រីករាយ និង​ឥត​គិត​ថ្លៃ​តាម រយៈ​គេហទំព័រ​សូវរីន www.sovrinmagazine.com ។ ព្រម​ជា​មួយ​គ្នា​នេះ​យើង​នឹង​ផ្តោត​ពង្រឹង​បន្ថែម​ទៅ​លើ​គេហទំព័រ​សូវរីន​ដោយ​សម្រិត​សម្រាំង​ផ្តល់​ជូន​មិត្ត​អ្នក​អាន​នូវ​ព័ត៌មាន​ចម្រុះ​ទាន់​ហេតុការណ៍​ ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អត្ថបទ​ល្អៗ​ព្រម​ជាមួយ​រូបភាព​យ៉ាង​ល្អ​ប្រណីត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។

             យើង​នឹង​ចេញ​ផ្សាយ Digital Edition ចាប់​ពី​ខែ​មេសាឆ្នាំ ២០២០ នេះ​តទៅ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ម្តង​ទៀត៕


SUGGESTIONS