×

​ប្លែកភ្នែក​ជាមួយ​គំនូរ​ក្បាច់​របាំ​ខ្មែរ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​វិធី​ការពារ​ពី​វី​រុ​ស​កូ​វី​ដ​១​៩​

NEWS 4 years ago
 
 

           ​ខណៈ​ដែល​វិធានការ​ការពារ​ខ្លួន​ពី​វី​រុ​ស​កូរ៉ូ​ណា​ឬ​កូ​វី​ដ​១​៩​ត្រូវ​បាន​ប្រកាស​ណែនាំ​និង​បំផុស​បំផុល​ជាបន្តបន្ទាប់​តាមរយៈ​រូបភាព​ផ្សេងៗ​ដូចជា​ វីដេអូ​ខ្លី​ ​សារ​សំឡេង​ ​និង​អត្ថបទ​ជាដើម​ ​ជាមួយគ្នា​នេះ​មាន​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​បាន​បង្កើត​សិល្បៈគំនូរ​ឌី​ជី​ថល​ដ៏​មាន​អត្ថន័យ​មួយ​ក្រោម​ប្រធាន​បទ​ ​«​ការពារ​ខ្លួន​អ្នក​និង​អ្នកដទៃ​ពី​ ​CO​V​I​D​-19​»​។

           ​​គំនូរ​ប្រមាណ​៥​សន្លឹក​ក្នុង​រូប​ភាពស្ត្រី​បួងសក់​ស្លៀកពាក់​សំពត់ចងក្បិន​និង​អាវ​ល្ខោន​លើកដៃ​លើកជើង​ពត់​ពេន​ដែល​យើង​អាច​សម្គាល់​ថា​ជា​ក្បាច់​របាំ​ខ្មែរ​ ​រួម​ទាំង​បាន​ភ្ជាប់​មក​ជាមួយ​កាយវិការ​កាន់​សម្ភារ​ប្រើប្រាស់​ដូចជា​ ​ម៉ា​ស​ ​ទឹក​លាងដៃ​ ​ក្រដាស​ ​និង​កាសែត​ដែល​ទាំងនេះ​គឺជា​ស្នាដៃ​ច្នៃប្រឌិត​គំនូរ​របស់​វិចិត្រករ​វ័យ​២​៩​ឆ្នាំ​ ស៊ា​ង​ ​សេរី​សុ​ជាតី​។​ ​វិចិត្រករ​ដែល​ក្រេប​ចំណេះ​គំនូរ​តាំងពី​ថ្នាក់​សិក្សា​នៅ​វិទ្យាល័យ​និង​រៀន​ដោយខ្លួនឯង​តាមរយៈ​បណ្តាញ​សង្គម​យូ​ធូប​និង​សៀវភៅ​នេះ​បាន​បង្ហើប​អំពី​គោលបំណង​នៃ​ការ​បង្កើត​គំនូរ​នេះ​ឡើង​ដែរ​ថា​«​ ​ខ្ញុំ​គូរ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​វិធីការ​ពារ​ខ្លួន​ ​ជួយ​បង្កើន​ភាព​រីករាយ​មួយ​ពេល​ ​និង​ជួយ​កាត់បន្ថយ​ភាព​ភ័យខ្លាច​ក៏ដូចជា​អារម្មណ៍​ស្ត្រេ​ស​ដល់​អ្នកទស្សនា​ ​ស្រប​ពេល​ដែល​វី​រុ​ស​កូ​វី​ដ​១​៩​កំពុងតែ​រាតត្បាត​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​»​។​ សុ​ជាតី​បាន​បន្ថែម​ទៀត​ថា​«​សម្រាប់​គំនូរ​នេះ​ស្ថិត​ក្នុង​ន័យ​សំណូមពរ​ដល់​ប្រជាជន​ទាំងអស់​ ​គួរគប្បី​រក្សា​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​ជាពិសេស​ជៀសវាង​ការ​ជួបជុំ​ ​និង​ស្ថិតនៅ​ទីប្រជុំជន​ប្រសិនបើ​គ្មាន​ការចាំបាច់​»​។​

         ​គំនូរ​៥​សន្លឹក​ក្នុង​ទម្រង់​ក្បាច់​រាំ​៥​ទម្រង់​ សុ​ជាតី​ ​បាន​បង្ហាញ​ជា​សារ​ទៅកាន់​អ្នកទស្សនា​ក្រោម​ចំណងជើង​ដូចជា​ ​គំនូរ​កាន់​កាសែត​ ​«​រក្សា​ភាព​នឹងន​រ​តាមដាន​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់​»​ ​គំនូរ​កាន់​ក្រដាស​«​ប្រើ​ក្រដាស​ឬ​កែងដៃ​ខ្ទប់​មាត់​ពេល​ក្អក​និង​កណ្តាស់​»​ ​គំនូរ​មាន​ដប​ទឹក​លាងដៃ​«​លាងដៃ​នឹង​សាប៊ូ​ឬ​ទឹក​សម្លាប់​មេរោគ​ឲ្យបាន​ញឹកញាប់​»​ ​គំនូរ​កាន់​ម៉ា​ស​ ​«​ពាក់​ម៉ា​ស​ឲ្យបាន​ត្រឹមត្រូវ​ពេល​មាន​រោគសញ្ញា​»​ ​និង​គំនូរ​លាដៃ​ក្បាច់​ស្លឹក​«​ជៀសវាង​ការ​ជួបជុំ​និង​ទីប្រជុំជន​»​។​

          ​ថ្វី​ដ្បិត​កំពុង​រស់នៅ​និង​បម្រើ​ការងារ​ជា​បុគ្គលិក​ហាង​លក់​សៀវភៅ​មួយ​នៅ​សហរដ្ឋអាមេរិក​ក្តី​ ​ប៉ុន្តែ​សុ​ជាតី​បាន​លើកឡើង​ដូច្នេះ​«​ការពិត​ណាស់​ ​ខ្ញុំ​បាន​សម្គាល់​ឃើញ​ប្រជាជន​ខ្មែរយើង​ភាគច្រើន​បាន​ឆ្លើយតបនឹង​វិធី​បង្ការ​ដើម្បី​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​លឿង​ជាង​ប្រទេស​ដទៃ​ទៅទៀត​ ​ពួកគាត់​តាមដាន​ព័ត៌មាន​ ​ពាក់​ម៉ា​ស​ ​លាងដៃ​ ​និង​នៅតែ​ផ្ទះ​មុននឹង​ក្រសួង​ធ្វើ​ការណែនាំ​ទៀត​ផង​។​ ​ហើយ​នាងខ្ញុំ​ក៏​សំណូមពរ​ឲ្យ​ពួកគាត់​នៅតែ​បន្ត​ថែរក្សា​សុខភាព​ ​រក្សា​ភាព​នឹងន​រ​ ​ស្តាប់​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​និង​សាមគ្គី​គ្នា​ដើម្បី​យកឈ្នះ​មេរោគ​នេះ​ឲ្យបាន​»​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកនាង​ ស៊ា​ង​ ​សេរី​សុ​ជាតី ​គឺជា​វិចិត្រករ​គំនូរ​ឯករាជ្យ​ដែល​ប្រឡូក​ក្នុង​វិ​ស័​យ​គំនូរ​អស់​រយៈពេល​ប្រមាណ​៨​ឆ្នាំ​មក​ហើយ​ ​ហើយ​គំនូរ​ដែល​សុ​ជាតី​គូរ​ភាគច្រើន​គឺជា​គំនូរ​ឌី​ជី​ថល​និង​គូរ​ជា​លក្ខណៈ​រូប​តុក្កតា​៕​

Article by HEM SOKKHIM

ស៊ា​ង​ សេរីសុ​ជាតី


SUGGESTIONS