ប្លែកភ្នែកជាមួយគំនូរក្បាច់របាំខ្មែរដែលផ្សារភ្ជាប់ទៅនឹងវិធីការពារពីវីរុសកូវីដ១៩
NEWS 4 years agoខណៈដែលវិធានការការពារខ្លួនពីវីរុសកូរ៉ូណាឬកូវីដ១៩ត្រូវបានប្រកាសណែនាំនិងបំផុសបំផុលជាបន្តបន្ទាប់តាមរយៈរូបភាពផ្សេងៗដូចជា វីដេអូខ្លី សារសំឡេង និងអត្ថបទជាដើម ជាមួយគ្នានេះមានស្ត្រីខ្មែរមួយរូបដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានបង្កើតសិល្បៈគំនូរឌីជីថលដ៏មានអត្ថន័យមួយក្រោមប្រធានបទ «ការពារខ្លួនអ្នកនិងអ្នកដទៃពី COVID-19»។
គំនូរប្រមាណ៥សន្លឹកក្នុងរូបភាពស្ត្រីបួងសក់ស្លៀកពាក់សំពត់ចងក្បិននិងអាវល្ខោនលើកដៃលើកជើងពត់ពេនដែលយើងអាចសម្គាល់ថាជាក្បាច់របាំខ្មែរ រួមទាំងបានភ្ជាប់មកជាមួយកាយវិការកាន់សម្ភារប្រើប្រាស់ដូចជា ម៉ាស ទឹកលាងដៃ ក្រដាស និងកាសែតដែលទាំងនេះគឺជាស្នាដៃច្នៃប្រឌិតគំនូររបស់វិចិត្រករវ័យ២៩ឆ្នាំ ស៊ាង សេរីសុជាតី។ វិចិត្រករដែលក្រេបចំណេះគំនូរតាំងពីថ្នាក់សិក្សានៅវិទ្យាល័យនិងរៀនដោយខ្លួនឯងតាមរយៈបណ្តាញសង្គមយូធូបនិងសៀវភៅនេះបានបង្ហើបអំពីគោលបំណងនៃការបង្កើតគំនូរនេះឡើងដែរថា« ខ្ញុំគូរឡើងក្នុងគោលបំណងចែករំលែកវិធីការពារខ្លួន ជួយបង្កើនភាពរីករាយមួយពេល និងជួយកាត់បន្ថយភាពភ័យខ្លាចក៏ដូចជាអារម្មណ៍ស្ត្រេសដល់អ្នកទស្សនា ស្របពេលដែលវីរុសកូវីដ១៩កំពុងតែរាតត្បាតប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក»។ សុជាតីបានបន្ថែមទៀតថា«សម្រាប់គំនូរនេះស្ថិតក្នុងន័យសំណូមពរដល់ប្រជាជនទាំងអស់ គួរគប្បីរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសជៀសវាងការជួបជុំ និងស្ថិតនៅទីប្រជុំជនប្រសិនបើគ្មានការចាំបាច់»។
គំនូរ៥សន្លឹកក្នុងទម្រង់ក្បាច់រាំ៥ទម្រង់ សុជាតី បានបង្ហាញជាសារទៅកាន់អ្នកទស្សនាក្រោមចំណងជើងដូចជា គំនូរកាន់កាសែត «រក្សាភាពនឹងនរតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់» គំនូរកាន់ក្រដាស«ប្រើក្រដាសឬកែងដៃខ្ទប់មាត់ពេលក្អកនិងកណ្តាស់» គំនូរមានដបទឹកលាងដៃ«លាងដៃនឹងសាប៊ូឬទឹកសម្លាប់មេរោគឲ្យបានញឹកញាប់» គំនូរកាន់ម៉ាស «ពាក់ម៉ាសឲ្យបានត្រឹមត្រូវពេលមានរោគសញ្ញា» និងគំនូរលាដៃក្បាច់ស្លឹក«ជៀសវាងការជួបជុំនិងទីប្រជុំជន»។
ថ្វីដ្បិតកំពុងរស់នៅនិងបម្រើការងារជាបុគ្គលិកហាងលក់សៀវភៅមួយនៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែសុជាតីបានលើកឡើងដូច្នេះ«ការពិតណាស់ ខ្ញុំបានសម្គាល់ឃើញប្រជាជនខ្មែរយើងភាគច្រើនបានឆ្លើយតបនឹងវិធីបង្ការដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩លឿងជាងប្រទេសដទៃទៅទៀត ពួកគាត់តាមដានព័ត៌មាន ពាក់ម៉ាស លាងដៃ និងនៅតែផ្ទះមុននឹងក្រសួងធ្វើការណែនាំទៀតផង។ ហើយនាងខ្ញុំក៏សំណូមពរឲ្យពួកគាត់នៅតែបន្តថែរក្សាសុខភាព រក្សាភាពនឹងនរ ស្តាប់តាមការណែនាំរបស់មន្ត្រីជំនាញនិងសាមគ្គីគ្នាដើម្បីយកឈ្នះមេរោគនេះឲ្យបាន»។
គួរបញ្ជាក់ផងដែរថា អ្នកនាង ស៊ាង សេរីសុជាតី គឺជាវិចិត្រករគំនូរឯករាជ្យដែលប្រឡូកក្នុងវិស័យគំនូរអស់រយៈពេលប្រមាណ៨ឆ្នាំមកហើយ ហើយគំនូរដែលសុជាតីគូរភាគច្រើនគឺជាគំនូរឌីជីថលនិងគូរជាលក្ខណៈរូបតុក្កតា៕
Article by HEM SOKKHIM
ស៊ាង សេរីសុជាតី