×

តែ​ព្នៅ​ ​ភេសជ្ជៈ​បុរាណ​ដែល​មនុស្ស​ជំនាន់​ក្រោយ​ជាច្រើន​មើល​រំលង​

TRAVEL & LIVING 4 years ago
 
 

           សព្វថ្ងៃ​យុវវ័យ​ជាច្រើន​មាន​ទំនោរ​ទទួលទាន​ភេសជ្ជៈ​ប្លែកៗ​ដែល​មាន​លក់​នៅ​តាម​ហាង​កាហ្វេ​ ​ឬ​ ​តូប​ភេសជ្ជៈ​នៅ​តាម​ដង​ផ្លូវ​នានា​ ​ដូចជា​ ​កាហ្វេ​ដូង​ក្រអូប​ ​តែ​ក្រហម​ ​តែ​បៃតង​ ​តែ​គុ​ជ​ ​ទឹក​ស៊ី​រ៉ូ​រសជាតិ​ផ្លែឈើ​ ​និង​ភេសជ្ជៈ​ផ្អែម​ជាច្រើន​ស្ទើរ​រាប់មិនអស់​ដែល​ភាគច្រើន​មាន​ឥទ្ធិពល​មកពី​បរទេស​ ​មិនមែន​ជា​ភេសជ្ជៈ​ដើម​ក្នុងស្រុក​ពីមុន​មក​នោះ​ទេ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​យើង​នៅតែ​ដឹង​ថា​ខ្មែរយើង​ធ្លាប់​និយម​ទទួលទាន​តែ​ក្តៅ​ឆុង​ពី​រុក្ខជាតិ​សុទ្ធសាធ​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​សុខភាព​ ​តួយ៉ាង​ ​តែ​ខ្ញី​ ​តែ​ស្លឹកគ្រៃ​ ​តែ​គ្រាប់​កកោះ​ ​តែ​ព្នៅ​ ​ជាដើម​។​ ​ក្នុង​ឱកាស​នេះ​ ​សូវ​រី​ន​សូម​គាស់​កកាយ​រំ​ព្ញ​ក​ឡើងវិញ​នូវ​តែ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​ក្នុង​ទ្វីបអាស៊ី​យើង​តាំងពី​បុរាណកាល​មក​នោះ​គឺ​ ​តែ​ព្នៅ​។​ ​ភេសជ្ជៈ​បុរាណ​នេះ​មាន​វត្តមាន​ ​និង​ឈ្មោះ​ទីទៃ​គ្នា​ទៅតាម​ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ​ ​តួយ៉ាង​ ​ខ្មែរយើង​ហៅថា​ ​តែ​ព្នៅ​ ​រីឯ​សៀម​ហៅថា​ ​ណាម​ម៉ៈ​ទូ​ម​ (น้ำมะตูม) ​និង​ឥណ្ឌា​ហៅថា​ ប៊ែ​ល​កា​ស្យា​បាត់​ (बेल का शरबत) ​។​ល​។​

          ​ចំពោះ​វិធី​ឆុងតែ​ព្នៅ​ ​ដំបូង​គេ​ត្រូវ​យក​ផ្លែ​ព្នៅ​ខ្ចី​ទៅ​ចិត​ជា​បន្ទះ​ស្តើង​រួច​យកទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត​ក្រៀម​។​ ​បន្ទាប់មក​ ​ត្រូវ​យក​ព្នៅ​ក្រៀម​ប្រមាណ​៤​-​៥​បន្ទះ​ទៅ​ឆុង​ទឹកក្តៅ​ក្នុង​បរិមាណ​មួយ​កូន​ប៉ាន់តែ​។​ ​បន្ទាប់មក​ទៀត​ទុក​តែ​នោះ​ឲ្យ​ក្តៅ​ប្រមាណ​៥​នាទី​ ​រហូត​ចេញ​ពណ៌លឿងទុំ​ ​។​ ​បើ​លោក​អ្នកចូលចិត្ត​បរិភោគ​រសជាតិ​តែ​ចាស់​ ​លោកអ្នក​អាច​ឆុង​រាង​យូរ​បន្តិច​រហូត​តែ​ព្នៅ​ចេញពណ៌​ខ្លាំង​ទៅតាម​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​។​ ​លោកអ្នក​គួរ​ទទួលទាន​តែ​ក្តៅ​ៗ​ដែល​ឆុង​ភ្លាម​ៗ​ដើម្បី​ប្រយោជន៍​ដល់​សុខភាព​។​ ​ប៉ុន្តែ​លោកអ្នក​ក៏​អាច​បន្ថែម​ស្ករ​បន្តិចបន្តួច​ ​ហើយ​លាយ​នឹង​ទឹកកក​ ​រួច​ទទួលទាន​ជា​តែ​ត្រជាក់​ក៏បាន​ដែរ​។​

          ​យោង​តាម​គេហទំព័រ​វេជ្ជ​សា​ស្រ្ត​ជំនួស​របស់​បរទេស​មួយ​ឈ្មោះថា​ ​w​w​w​.​g​y​an​unlimited​.​co​m​ ​ផ្លែ​ព្នៅ​សម្បូរ​សារធាតុ​ចិញ្ចឹម​ដែល​ផ្តល់​អត្ថ​ប្រ​យោ​ជន៍ចំពោះ​សុខភាព​ជា​ច្រើនមុខ​ ​ក្នុង​នោះ​រួម​មាន​ជាអាទិ៍​ ​វីតាមីន​បេ​, ​វីតាមីន​សេ​, ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ (​Ant​i​-​ox​i​d​ant​), ​សារធាតុ​តា​នី​ន​ (​Tan​n​in​s), ​កាល់​ស្យូ​ម​, ផូស្វ័​រ​, ​ជាតិ​ដែក​ ​ប្រូតេអ៊ីន​ ​និង​ ប៉ូ​តា​ស្យូ​ម​ ​។​ល​។​ ​ទន្ទឹម​នឹង​នេះ​ ​ផ្លែ​ព្នៅ​មាន​សមត្ថភាព​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើនមុខ​ដូចជា​ ​បង្ការ​ជំងឺ​គ្រុនក្តៅ​ ​ទប់​ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម​ ​ព្យាបាល​ជំងឺ​រោគ​ស្រ្តី ​ជំងឺរបេង​ ​បញ្ហា​ប្រព័ន្ធ​តម្រង​នោម​ ​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ ​ជំងឺ​រាករូស​ ​ជំងឺ​ប្ញ​ស​ដូង​បាត​ ​ជំងឺ​រលាក​ក្រពះ​ ​ជួយ​ផ្សំ​ដំបៅ​រលាក​ហើម​ ​និង​ប្រើ​ជា​ថ្នាំបន្សាប​ពស់​ចឹក​។​

          ​ប្រភព​ដដែល​បាន​បង្ហាញ​ថា​ ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្សំ​ពី​ផ្លែ​ព្នៅ​ជួយ​ព្យ​បាល​អាការ​ទល់លាមក​តាម​ ​រយៈ​សាច់​ព្នៅ​ដែល​មាន​ជាតិ​ជ័រ​។​ ​ក្រៅពី​នេះ​ ​វា​ជួយ​រក្សា​តុល្យភាព​ទៅលើ​ជាតិ​អាស៊ី​ត​ក្នុង​រាងកាយ​ ​និង​ ​កាត់បន្ថយ​អា​ការក្រ​ហាយ​ចុងដង្ហើម​។​ ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ប៉ា​រ៉ា​ស៊ី​ត​នៅ​ក្នុង​ពោះវៀន​ ​លោកអ្នក​គប្បី​ទទួលទាន​ភេសជ្ជៈ​នេះ​ ​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​បណ្តេញ​ជាតិពុល​ឬ​បាក់តេរី​មិន​ល្អ​ពី​ធម្មជាតិ​។​ ​លើស​ពីនេះទៅ​ទៀត​ ​វា​អាច​ទប់​ស្កាត់​បញ្ហា​ជំងឺបេះដូង​ថែមទៀត​ផង​។​ ​ម្យ៉ាង​វិញទៀត​ ​ដោយសារតែ​វា​សម្បូរ​ជាតិ​វីតាមីន​សេ​ ​វា​ពិតជា​ល្អ​សម្រាប់​ការ​ព្យាបាល​ជំងឺ​រាក់​ស៊ី​ធ្មេញ​ ​ព្រោះ​ជំងឺ​នេះ​កើតឡើង​ដោយសារ​កង្វះ​វីតាមីន​នេះឯង​។

Article by SRIN SOKMEAN


SUGGESTIONS