តោះ!នាំគ្នាទស្សនាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ស្ងប់ស្ងាត់ស្រស់ត្រកាលត្រៀមទុកសម្រាប់ ដំណើរកម្សាន្តជើងក្រោយបន្ទាប់ពីរដូវកាលជំងឺកូវីដ១៩ (Covid-19) កន្លងផុតនៅពេលខាងមុខ! ស្រុកថ្មបាំង ដែលជាស្រុកដាច់ស្រយាលមួយក្នុងចំណោមស្រុកទាំង៦របស់ខេត្តកោះកុងបានបង្កប់នូវរមណីយដ្ឋានធម្ម ជាតិកណ្តាលព្រៃភ្នំដ៏ស្រស់ស្អាតដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិភាគច្រើនស្រមៃចង់ទៅទស្សនាកំសាន្តនោះគឺ សហគមន៍អេកូទេសចរណ៍ជីផាត ។ ដើម្បីជ្រាបច្បាស់ថាតើជីផាតមានអ្វីខ្លះ ដែលគួរឲ្យទាក់ទាញមានសកម្មភាពនិងសេវាកម្មទេសចរណ៍បែបណាខ្លះនោះសូវរីននឹងនាំអារម្មណ៍លោកអ្នកឆ្ពោះទៅកាន់ពិភព សម្រស់ដ៏ល្អឯកនៃតំបន់សហគមន៍ជីផាតក្នុងដំណើរកំសាន្តដែលមានរយៈពេលមួយយប់ពីរថ្ងៃប្រកបដោយភាពរីករាយ។
ព្រលឹមស្រាងៗ ព្រះទិនករបញ្ចេញរស្មីស្រាលស្រទន់បំភ្លឺផែនពសុធា រថយន្តបានរំកិលខ្លួនបន្តិចម្ដងៗ ចាកចេញពីរាជធានីភ្នំពេញ។ មកដល់ចំណុចស្រែអំបិល យើងបានឃើញស្លាកសញ្ញាដ៏ធំកាត់ទទឹងផ្លូវថា “ខេត្តកោះកុងសូមស្វាគមន៍” ។ ផ្លូវនេះហើយជាផ្លូវជាតិលេខ ៤៨ ដែលយើងត្រូវបន្តដំណើរឆ្ពោះទៅកាន់ ជីផាត ទឹកដីខេត្តកោះកុងដោយឆ្លងកាត់ស្ពានចំនួនពីរគឺ ស្ពានស្រែអំបិល និងស្ពានអណ្តូងទឹក។ ពីស្ពានស្រែ អំបិលមកដល់ស្ពានអណ្តូងទឹកមានចម្ងាយផ្លូវ៤០គីឡូម៉ែត្រអមដោយទេសភាពដើមឈើតូចធំ ភ្នំ លំនៅដ្ឋាន អ្នកស្រុកព្រមទាំងដៃសមុទ្រខៀវស្រងាត់គួរឲ្យគយគន់ ។ កំពុងភ្លឹកនឹងសម្រស់ធម្មជាតិនិងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់អ្នកស្រុករស់នៅអមតាមដងផ្លូវ មិនយូរប៉ុន្មាន នៅពេលជិតទៅដល់ស្ពានអណ្តូងទឹក យើងបានបត់ស្តាំតាមផ្លូវលំទៅកាន់ឃុំជីផាតដែលមានចម្ងាយ១៧គីឡូម៉ែត្រហើយត្រូវឆ្លងកាត់កំពង់ចម្លងមួយកាត់ ស្ទឹងឈ្មោះ “ពីផុត” ។
ឆ្លងកំពង់ចម្លងស្ទឹងពីផុត យើងនឹងមកដល់ទឹកដីភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ធ្វើដំណើរ ពីភ្នំពេញទម្រាំទៅដល់ជីផាត យើងត្រូវចំណាយពេលច្រើនម៉ោងក្នុងចម្ងាយផ្លូវសរុបប្រមាណ១៩៧គីឡូ ម៉ែត្រ។ យើងឈប់សម្រាកបាយថ្ងៃត្រង់នៅទីស្នាក់ការសហគមន៍ទេសចរណ៍ (Visitor Center) ដែលស្ថិត នៅចំកណ្តាលទីប្រជុំជនឃុំជីផាតតែម្ដងប្រមាណត្រឹម ២០០ ម៉ែត្រពីកំពង់ចម្លងតែប៉ុណ្ណោះ ។ នៅទីនោះ អាហារសុទ្ធតែចម្អិនភ្លាមដោយស្នាដៃប្រជាពលរដ្ឋជាម្ចាស់ស្រុកប្រកបដោយការបម្រើសេវាកម្មរួសរាយរាក់ ទាក់គួរជាទីពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកដែលពោរពេញដោយចំណេះដឹងស្ទាត់ជំនាញដែលភ្ញៀវ អាចសាកសួរព័ត៌មានអំពីគោលដៅទេសចរណ៍និងសកម្មភាពទេសចរណ៍នានាក្នុងសហគមន៍នោះ។ បន្ទាប់ ពីទទួលទានអាហារពេលថ្ងៃត្រង់រួចយើងបន្តដំណើរទៅទស្សនាទិដ្ឋភាពនានាក្នុងភូមិជាពិសេសនោះគឺទេស ភាពចម្ការដើមឈើហូបផ្លែជាច្រើនមុខ ដូចជា ចម្ការផ្ញៀវ សាវម៉ាវ កំពីងរាជ ទុរេន ខ្នុរ ដែលផ្តល់ភោគផល សន្ធឹកសន្ធាប់ព្រមទាំងមានឱជារសផ្អែមឆ្ងាញ់ពិសាដោយសារតែដីនៅទីនោះមានជីរជាតិល្អ អំណោយផល ដល់វិស័យកសិកម្មនិងកសិទេសចរណ៍។គ្រប់ទេសចរដែលបានឈានជើងទៅដល់សហគមន៍ជីផាតហើយ ប្រសិនបើមិនបានភ្លក្សរសជាតិផលានុផលនៅទីនោះទេប្រាកដជាស្តាយក្រោយជាក់ជាមិនខាន ព្រោះដំណាំ ទាំងនោះជាដំណាំប្រចាំតំបន់តែម្ដងហើយមិនមានប្រើសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពឡើយ។
ទន្ទឹមនឹងនេះភ្ញៀវអាចជិះទូកជាមួយមគ្គទេសក៍ដ៏ចំណានប្រចាំតំបន់ទៅចាប់បង្កងនាពេលយប់ដោយផ្ទាល់ដៃដែលជាបទពិសោធន៍ដ៏ប្លែកភ្នែកចម្លែកអារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះជា លើកដំបូងក្នុងឆាកជីវិត។ សម្រាប់អាហារពេលល្ងាចយើងសម្រេចចិត្តផ្លាស់ប្តូរបរិយាកាសទៅទទួលទាននៅអាហារដ្ឋានមាត់ទឹកនៅលើកោះមួយដែលមានឈ្មោះថា កោះសុធន ដោយហេតុថានៅទីនោះយើងអាច បរិភោគអាហារបណ្តើរ គយគន់ទេសភាពមាត់ទឹក និងទទួលយកខ្យល់ជំនោរបរិសុទ្ធ។ ដោយឡែកចំពោះការស្នាក់នៅក្នុងសហគមន៍ជីផាតគឺមានច្រើនប្រភេទដែលអាចឲ្យលោកអ្នកជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ ថ្វីដ្បិតតែនៅទីនោះគ្មានសណ្ឋាគារទំនើបធំៗដូចនៅទីរួមខេត្តក៏ដោយ ប៉ុន្តែនៅទីនោះមានផ្ទះស្នាក់ (ស្នាក់នៅក្នុងផ្ទះជាមួយប្រជាជនសហគមន៍ដោយផ្ទាល់ក្នុងតម្លៃ ៥ ដុល្លារក្នុងមួយយប់ និង ២.៥០ ដុល្លារទៀត សម្រាប់បន្ថែមការបរិភោគអាហារពេលល្ងាច) ផ្ទះសំណាក់ (ភ្ញៀវអាចស្នាក់នៅបានច្រើនគ្នាប៉ុន្តែគ្មានការបម្រើម្ហូបអាហារទេ) បាំងហ្គាឡូ និងការបោះជំរំកម្សាន្តនៅក្នុងព្រៃ។ នៅយប់នោះយើងស្រុះស្រួលគ្នាជ្រើសរើសយកការស្នាក់នៅតាមបែបបាំងហ្គាឡូពោលគឺផ្ទះសង់ពីឫស្សីប្រក់ស្បូវដែលសង់តម្រៀបដាច់ៗពីគ្នាតាមរបៀបផ្ទះបុរាណខ្មែរដែលផ្សារភ្ជាប់ទៅនឹងបរិយាកាសធម្មជាតិដ៏សែនមនោរម្យគួបផ្សំនឹងការ រៀបចំតុបតែងផ្នែកខាងក្នុងប្រកបដោយលក្ខណៈសមរម្យងាយស្រួលសម្រាប់ការទទួលទានដំណេកយ៉ាង លង់លក់ស្កប់ស្កល់។
យើងទទួលទានអាហារពេលព្រឹកបន្តិចមុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ទឹកជួរឆាយជ្រៃ ទឹកធ្លាក់ ឆាយខ្ពស់ និង អូរទឹកវេទ។ ធម្មជាតិនៅទីនោះពិតជាស្រស់ត្រកាលដូចឋានសួគ៌ាគ្រាន់តែបានទៅដល់ភ្លាម យើងមានអារម្មណ៍រំភើបឥតឧបមា រួចរូតរះទាញម៉ាស៊ីនថតតម្រង់ទៅកាន់ទឹកជ្រោះដែលមានមុខកាត់ធំទូលាយផុសក្រឡែតកណ្តាលទ្រូងព្រៃនៃជ្រលងជួរភ្នំក្រវាញ។ យើងបានដើរឆ្លងផែនថ្មដាតូចធំកាត់ចរន្តខ្សែ ទឹកហូរគ្រាំៗហាក់បីដូចជាមន្តតន្រ្តីធម្មជាតិដែលកំពុងប្រគំបំពេរស្វាគមន៍វត្តមានភ្ញៀវទេសចរ។ ទឹកថ្លាឈ្វេង ត្រជាក់ស្រេបដូចទឹកអម្រឹតនាហេមន្តរដូវហូររលេញប្រដេញធ្លាក់ចុះទៅកាន់ផ្ទៃអាងខាងក្រោមបង្កើតបាន ជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកយើងងូតទឹកឬហែលទឹកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ ក្រោយមកទៀតយើងក៏ស្រូតបន្តដំណើរដោយជិះម៉ូតូកាត់តាមវាលព្រៃភ្នំផ្សងព្រេងយ៉ាងស្វិតស្វាញដើម្បីចង់ឃើញនិងឈ្វេងយល់អំពីអច្ឆរិយភាពនៃតំបន់ប្រវត្តិសាស្រ្ត “ភ្នំតាប៉ែល” ដែលមានក្រឡបុរាណនិងមឈូសបុរាណជាច្រើននៅតាមល្អាងភ្នំដែលតម្កល់អដ្ឋិធាតុបុព្វបុរសខ្មែរពិតជាកម្រនឹងបានប្រទះនៅទីតំបន់ណាផ្សេងណាស់។តាមពិតទៅនៅក្នុងសហគមន៍ជីផាតសម្បូរតំបន់ទាក់ទាញស្រស់ស្អាតជាច្រើនកន្លែងទៀត ដូចជា អូរគ អូរម្លូ អូរស្រឡៅ ចម្ការ ស្រកានាគ និង ភ្នំត្រងោលដែលជាកន្លែងឈរគយគន់ទេសភាពជីផាតពីលើកំពូលភ្នំជាដើម។ ក្រៅពីនេះ ភ្ញៀវទេសចរដែលនិយមចូលចិត្តទេសចរណ៍បែបផ្សងព្រេងអាចដើរព្រៃ បោះជំរំ ជិះកង់កម្សាន្តបានផងដែរ។ លើសពីនេះទៅទៀត ប្រសិនបើមានចំណាប់អារម្មណ៍មគ្គុទេសក៍អាច នាំផ្លូវលោកអ្នកទៅកាន់ល្អាងភ្នំនៅអូរស្ព័តដែលមានហ្វូងសត្វប្រចៀវជាច្រើនរស់នៅតាមបែបធម្មជាតិគួរឲ្យ ជក់ចិត្តដិតអារម្មណ៍ក្រៃលែង។
Article by SRIN SOKMEAN