×

​«​T​វា​»​ ​បង្ហាញ​ស្នាដៃ​គំនូរ​អនាគតកាល​១​០​០​ឆ្នាំ​នៃ​វប្បធម៌​ខ្មែរ​វិទ្យាសាស្ដ្រ​ប្រតិដ្ឋ​

NEWS 4 years ago
 
 

           ​រូបភាព​គំនូរជីវចល​បែប​គ្រឿងយន្ត​ដែល​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ជាច្រើន​សន្លឹក​ដែល​បាន​បង្ហោះ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៃ​គណនី​ ​«​T​វា​»​ ​ជា​ទម្រង់​សិល្បៈ​ថ្មី​មួយទៀត​សម្រាប់​សិល្បៈគំនូរ​ឌី​ជី​ថល​នៅ​កម្ពុជា​។​ ​ស្រប​នឹង​ការ​អភិវឌ្ឍ​វិ​ស័យ​សិល្បៈ​នៃ​ជាតិ​យើង​ ​និង​ពិភពលោក​ វិ​ស​័​យ​គំនូរ​បែប​ឌី​ជី​ថល​កំពុង​វាយលុក​កាន់តែ​ខ្លាំង​ឡើងៗ​ ​ពិសេស​ ​គឺ​វិចិត្រករ​ក្មេងៗ​ជំនាន់​ក្រោយនេះ​។​ ​ពួកគេ​បាន​ប្រើប្រាស់​ចក្ខុវិស័យ​ថ្មី​មួយ​ក្នុង​ការ​បង្ហាញ​បរិ​បទ​សង្គម​ ​និង​វប្បធម៌​ប្រពៃណី​ជាតិ​ ​តាមរយៈ​ទម្រង់​សិល្បៈ​ប្លែកៗ​ ​តួយ៉ាង​ ​«​T​វា​»​ ​បាន​បង្ហាញ​តាមរយៈ​គំនូរ​ឌី​ជី​ថល​បែប​វិទ្យាសាស្ត្រ​ប្រតិដ្ឋ​ដែល​មិនសូវ​ត្រូវ​បាន​ប្រទះឃើញ​នៅ​កម្ពុជា​។​

           គួ​ច​ ​ច័ន្ទ​ទិវា​ ​គឺជា​អ្នក​អភិវឌ្ឍន៍​ទម្រង់​សិល្បៈ ​និង​ដំណើរការ​ផេ​ក​មួយ​នេះ​ដំបូង​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​។​ ​ទិវា​ ​គឺជា​អ្នក​រចនា​ក្រាហ្វិក​វ័យ​២​៥​ឆ្នាំ​មួយ​រូប​ដែល​មាន​ឧបនិស្ស័យ​ខាង​ផ្នែក​គំនូរ​ក្រាហ្វិក​ ​ហើយ​និយម​ចូល​ចិត្តខ្លាំង​ទៅលើ​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ​ (Sc​i​-​f​i​) ​និង​វិទ្យាសាស្ដ្រ​ប្រតិដ្ឋ​ (C​y​be​r​pun​k) ​មាន​ដូចជា​រឿង​ ​Transformer​, ​Gun​dam​, ​Ghost​ ​in​ ​t​h​e​ ​Shell​ ​ជាដើម​ ​ដែល​ពោរពេញ​ដោយ​ភាព​អភិ​និ​ហារ​ ​បូករួម​នឹង​បច្ចេកវិទ្យា​អនាគតកាល​ ​បាន​ពោល​ប្រាប់​សូវ​រី​ន​ថា​ ​ព្រោះ​មិនដែល​សូវ​ឃើញ​មាន​នរណា​បង្កើត​គំនូរ​បែប​នេះ​ឡើង​ក្នុង​សិល្បៈគំនូរ​ខ្មែរ​ ​ហើយ​ដោយសារតែ​ចំណូល​ផ្នែក​នេះ​ផង​ ​និង​មានចំណេះ​ខាង​ក្រាហ្វិក​ផង​ ​ទើប​ទិវា​បាន​ចាប់ផ្ដើម​ធ្វើ​វា​ឡើង​។​ ​ទិវា​ក៏បាន​បង្ហាញ​ចក្ខុវិស័យ​អំពី​ការ​បង្កើត​ស្នាដៃ​បែប​នេះ​ឡើង​ថា​ ​«​ទី​១​ ​ដើម្បី​បំផុស​បំផុល​ឲ្យ​កូន​ខ្មែរ​ចងចាំ​ឡើងវិញ​នូវ​វប្បធម៌​ប្រពៃណី​បុរាណ​នានា​។​ ​មិន​ត្រឹមតែ​ដើម្បី​រំឭក​ទេ​ ​ទី​២​គឺ​ដើម្បី​អភិ​រក្ស​នូវ​ទម្រង់​នោះ​ ​និង​ធ្វើការ​អភិវឌ្ឍ​វា​ឲ្យ​ក្លាយ​ជា​ទម្រង់​សិល្បៈ​ថ្មី​មួយទៀត​»​។​ ​គំនូរ​នីមួយៗ​ ​តម្រូវ​ឲ្យ​ទិវា​ធ្វើការ​គូសព្រាង​ ​និង​គូសវាស​ឡើង​ដោយ​កម្មវិធី​កុំព្យូទ័រ​ជាដើម​ដែល​ពាក់ព័ន្ធ​នឹង​ប្រភេទ​គំនូរ​ 2​D​ ​ដូចជា​កម្មវិធី​ ​Paint​ ​Tool​ S​A​I​, ​P​hot​o​shop​, ​Illustration​ ​រីឯ​ប្រភេទ​ 3​D​ S​ketchUp​ ​និង​ B​lender​។​

លោក គួ​ច​ ​ច័ន្ទ​ទិវា

           «​ខ្ញុំ​បង្កើត​ស្នាដៃ​ទាំងនេះ​ឡើង​ ​ដោយ​សេចក្ដី​ស្រឡាញ់​។​ ​ខ្ញុំ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ពី​ការងារ​ ​ដើម្បី​ធ្វើ​វា​ឡើង​ដោយ​តក់ៗ​ពេញ​បំពង់​ ​ម្ដង​បន្ដិចៗ​។​ ​ខ្ញុំ​ក៏​ចង់​បង្ហាញ​ដែរ​ថា​ ​បើ​ខ្ញុំ​ធ្វើ​បាន​ ​អ្នក​ទាំងអស់គ្នា​ក៏​ធ្វើ​វា​បាន​ ​ដោយ​ជឿជាក់​ថា​ការងារ​របស់​ខ្ញុំ​នឹង​ជួយ​បំ​ផុសគំនិត​អ្នកទស្សនា​ឲ្យ​មានគំនិត​ថ្មីៗ​បន្ថែម​ទៀត​»​។​ ​ដោយសារ​ទិវា​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដូច្នេះ​គំនូរ​សិល្បៈ​ទាំងអស់​បង្កើត​​ឡើង​ពោរពេញ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​យោង​តាម​ក្បួនខ្នាត​បទដ្ឋាន​នៃ​ការ​ដំឡើងម៉ាស៊ីន​កុំព្យូទ័រ​។​ ​«​ទៅ​ថ្ងៃ​អនាគត​ប្រហែលជា​អាច​មាន​មែនទែន​ ​ដោយ​ពឹងផ្អែក​លើ​លក្ខណៈ​សម្បត្តិ​តាម​ការដំឡើង​កុំព្យូទ័រ​ដូចជា​៖​ ​ត្រូវការ​កម្លាំង​ភ្លើង​បែប​ណា​ ឈី​ប​ដំណើរការ​ប្រភេទ​ណា​ ​ត្រូវ​មាន​គ្រឿងបន្លាស់​ ​ខ្សែភ្លើង​យ៉ាងណា​។​ល​។​ ​ព្រោះ​ខ្ញុំ​រៀន​ខាង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែល​អាចឲ្យ​ខ្ញុំ​មាន​គ្រឹះ​ក្នុង​ការកំណត់​លក្ខណៈ​សម្បត្តិ​ទាំងនោះ​ទៅលើ​តួអង្គ​ ​ឬ​កម្មវត្ថុ​ដែល​បាន​បង្ហាញ​ក្នុង​គំនូរ​ ​ឲ្យ​ដូចគ្នា​ទៅ​នឹង​ការ​បង្កើត​មនុស្ស​យន្ត​(​Robot​) ​ឡើង​»​ ​ទិវា​និយាយ​។​ ​វត្ថុបុរាណ​ទាំងនោះ​ ​ត្រូវ​បាន​ផ្ដល់​នូវ​ជីវិត​ថ្មី​ ​រូបកាយ​ថ្មី​ ​ទៅតាម​ការ​ស្រមៃ​របស់​ទិវា​ ​ប្រកបដោយ​ស្ដង់​ដារ​នៃ​ការ​បង្កើត​គ្រឿងយន្ត​និមិត្ត​។​ ​ជាយថាហេតុ​ ​គំនូរ​ទាំងអស់​ហាក់​ឆ្លុះបញ្ចាំង​រឹត​តែ​ប្រចក្ស​អំពី​ទំនោរ​សា្ថ​នភា​ព​សង្គម​ខ្មែរ​នា​អនាគតកាល​ ​១​០​០​ ​ឆ្នាំទៅ​មុខ​ទៀត​ ​ដែល​អាច​នឹង​ពោរពេញ​ទៅ​ដោយ​វិទ្យាសាស្ត្រ​ទំនើប​ ​ផ្សារភ្ជាប់​នឹង​ជីវភាពរស់នៅ​ ​និង​វប្បធម៌​ខ្មែរ​។​ ​«​រាល់​ពេ​លមើល​រឿង​បែប​វិទ្យាសាស្ត្រ​ទាំងអស់​ ​ខ្ញុំ​តែង​ស្រមៃ​ថា​ចុះបើ​វា​កើតមាន​នៅ​ខ្មែរ​ ​តើ​វា​នឹង​មាន​ទិដ្ឋភាព​យ៉ាងដូចម្ដេច​ទៅ​?​»​ ​ទិវា​បន្លឺ​ឡើង​។​ ​ដើម្បី​បង្កើត​គំនូរ​មួយ​ស៊េ​រី​ៗ​ ​ទិវា​ ​រមែង​ធ្វើ​ការស្រាវជ្រាវ​អំពី​ប្រវត្ដិ​ដើមទង​របស់​វា​ ​ទម្រង់​លក្ខណៈ​ ​ប្រភព​ ​និង​ដំណើរ​វិវឌ្ឍ​ន៍​ជាដើម​យ៉ាង​​ហ្មត់ចត់​ ​«​ក្រៅពី​ការ​សិក្សាស្រាវជ្រាវ​ពី​ប្រភព​អ៊ី​ន​ធើ​ណែ​ត​ ​ពេលខ្លះ​ខ្ញុំ​ក៏​ទៅ​សារមន្ទីរ​សិក្សា​ ​និង​ស្វែងរក​ឯកសារ​យោង​ជា​មូលដ្ឋាន​គ្រឹះ​ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​។​ ​ការងារ​បង្កើត​សិល្បៈ​ទាំងនេះ​ ​ក៏បាន​ជួយ​ឲ្យ​ខ្ញុំ​អាច​ស្វែងយល់​ពី​ប្រវត្តិ​នៃ​វត្ថុបុរាណ​ ​ប្រពៃណី​ ​និង​វប្បធម៌​ទាំងអស់​ឲ្យ​កាន់តែ​ច្បាស់​”​។​​

           គំនូរ​ដំបូង​របស់​ទិវា​ ​និយាយ​អំពី​ ​«​ពិធី​បុណ្យភ្ជុំបិណ្ឌ​»​ ​ដែល​មាន​​​រូប​មនុស្ស​យន្ត​ប្រគេន​ចង្ហាន់​នៅ​វត្ត​ ​រូប​ដៃ​មនុស្ស​យន្ត​(​Me​c​h​a​)​ថ្វាយបង្គំ​ជាដើម​។​ ​បន្ទាប់មក​ទៀត​ ​ក៏មាន​បង្ហាញ​ជា​តួអង្គ​រូប​មនុស្ស​យន្ត​ផ្សេងៗ​ ​ដែល​ច្នៃ​ជា​តួអង្គ​ហនុមាន​ ​គោយន្ត​ ​ម៉ាស៊ីន​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្ខោន​ស្បែក​ ​ព្រះវិហារ​យន្ត​ជាដើម​ ​ហើយ​ការងារ​ចុងក្រោយ​ ​គឺ​រូប​មនុស្ស​យន្ត​ស្ពាយ​ចានស្រាក់​ទៅ​វត្ត​ ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​ ​មិនតែប៉ុណ្ណោះ​ ​ក៏​នៅ​មាន​​​រូប​គំនូស​ (​Sketch​) ​តួអង្គ​មនុស្ស​បែប​គ្រឿងយន្ត​នានា​ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​សហការ​ជាមួយនឹង​ ​«​Alpha​ ​ឥសី​»​ ​ដោយ​ប្រើ​តួអង្គ​ទាំងនោះ​បង្កើត​ជា​កូន​រឿង​មួយ​ ​ឈ្មោះថា​ ​Project​ ​ឥ​.​សី​ ​ហើយ​នេះ​ជា​គម្រោង​មួយទៀត​ដែល​ទិវា​ធ្វើ​ជាមួយនឹង​មិត្ត​ភក្ដិ​ម្នាក់ទៀត​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​មិនទាន់​ចេញ​ជា​ផ្លែផ្កា​នៅឡើយ​ ​គឺ​មានតែ​ដើម​ ​និង​ស្លឹក​ប៉ុណ្ណោះ​។​ ​ទិវា​ក៏បាន​ប្រាប់​ផង​ដែរ​ថា​ ​«​Alpha​ ​ឥសី​»​ ​បង្កើត​តាំងពី​ឆ្នាំ​២​០​១​៧​ ​មក​ម្ល៉េះ​ ​ហើយ​ខណៈ​ពេលនេះ​កំពុងតែ​ចាប់ផ្ដើម​លូតលាស់​ខ្លាំង​ឡើងៗ​។​ ​ទិវា​បន្ថែម​ទៀត​ថា​ ​«​ផេ​ក​ ​T​វា​ ​ដូចជា​កន្លែង​បង្ហាញ​នូវ​គោលគំនិត​ (​Concept​) ​ខ្លះ​ៗ​ ​ដើម្បី​ឈាន​ទៅដល់​ការ​បង្កើត​ជា​ ​Animation​ ​Short​ ​Film​ (​ខ្សែភាពយន្ត​ខ្នាត​តូច​) ​មួយ​ ​ហើយ​នេះ​គឺជា​គម្រោង​មួយ​ដែល​ខ្ញុំ​ចង់​សម្រេច​នៅ​ថ្ងៃ​អនាគត​ឆាប់ៗ​»​។​ ​មិន​ត្រឹមតែ​ ​ខ្សែភាពយន្ត​បែប​មនុស្ស​យន្ត​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ដែល​លើកឡើង​ខាងលើ​ប៉ុណ្ណោះ​ទេ​ ​ទិវា​ក៏​មានបំណង​ចង់​ផលិត​ជា​ខ្សែភាពយន្ត​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​ ​ដែល​ជា​ស្នាដៃ​ប្រលោមលោក​និពន្ធ​ដោយ​ឪពុក​របស់​លោក​ផ្ទាល់​ ​ប៉ុន្តែ​ពុំទាន់​ច្បាស់​ថា​នឹង​បង្ហាញ​ក្នុង​ទម្រង់​ណាមួយ​ឡើយ​។​

           ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទិវា​ ​ធ្លាប់​បាន​ចូលរួម​បង្ហាញ​សា្ន​ដៃ​ផលិត​មនុស្ស​យន្ត​ធ្វើ​ពី​ក្រដាស​ ​ដែល​មានឈ្មោះ​ថា​ “​ឥសី​គោព្រៃ​” ​ក្នុង​កម្មវិធី​ពិព័រណ៍​ ​ឌី​ជី​ថល​ ​កម្ពុជា​ ​ឆ្នាំ​ ​២​០​១​៩​ ​ផង​ដែរ​៕​

Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS