រដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបតែរំកិលខ្លួនផុតពីអារម្មណ៍មហាជនទាំងឡាយ ខែឧសភាដើមរដូវស្សានៃសករាជថ្មីបានចូលមកដល់។ ក្នុងលេខចេញផ្សាយថ្មីនេះ ទស្សនាសូវរីនយើងខ្ញុំបានខិតខំច្នៃប្រតិដ្ឋការថតរូបម៉ូឌែលដ៏ស្រស់សោភាជាមូយនឹងឈុតសម្លៀកបំពាក់ថ្មីសន្លាងត្រូវបានរចនាម៉ូដដោយលោក ម៉ែន សីហា ដែលមានរហស្សនាម សិល្បៈថា Oliva Kong អ្នកច្នៃម៉ូដ ជាគ្រូបង្រៀនដើរម៉ូដ និង ជាស្ថាបនិកស្លាកយីហោ Queen Victoria ដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សមិទ្ធផលការងារសិប្បកម្មតម្បាញកំប្លោករបស់សហគមន៍ស្រ្តីមួយក្រុមដែលកំពុងរស់នៅលើទឹកដីសៀមរាបអង្គរកែច្នៃជាកាបូបនារីជាច្រើនម៉ូដយ៉ាងល្អប្រណិតទាន់សម័យគួរឲ្យទាក់ទាញបំផុតក៏នឹងត្រូវបានបង្ហាញជូនផងដែរ។
ក្រៅពីនេះ លោកអ្នកនឹងបានឈ្វេងយល់អំពីជីវប្រវត្តិ និង ស្នាដៃការងាររបស់បុគ្គលល្បីៗនៅក្នុង សង្គមក្នុងជំនាញឯកទេសផ្សេងៗគ្នា ក្នុងនោះរួមមាន លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមយុវជនសំរាម, កញ្ញារំដួលលិចទឹក សិល្បករតុបតែងមុខ និង រចនាម៉ូដសម្លៀកបំពាក់កែច្នៃ និង លោក អេឡិច ប៊ុនថា អ្នជំនាញថតរូបដ៏មានកេរ្តិ៍ឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ ដោយឡែកបើនិយាយពីផ្នែកសុខភាព លោកអ្នកនឹងបានយល់ដឹងអំពីវិធីថែរក្សាសុខភាពយ៉ាងសំខាន់សម្រាប់រដូវភ្លៀងនេះ។ សូវរីន សង្ឃឹមនឹងជឿជាក់ថាប្រិយមិត្តនឹងទទួលបាននូវចំណេះដឹងដ៏ល្អៗពីអត្ថបទដ៏សម្បូរបែបដែលយើងបានបង្ហាញពីគ្រប់ចក្ខុវិស័យនាពេលបច្ចុប្បន្ននេះ។