ជីវិតត្រដាបត្រដួសរបស់អ្នកច្នៃម៉ូដ ម៉ែន សីហា នៅពីក្រោយស្លាកយីហោដ៏ល្បី Queen Victoria
NEWS 4 years agoស្របជាមួយសក្តានុពលធនធានក្នុងវិស័យហ្វេហ្សិនកាន់តែមានសន្ទុះ អ្នកច្នៃម៉ូដឯករាជ្យជាច្រើនបានបង្កើតស្លាកយីហោផ្ទាល់ខ្លួនព្រមជាមួយការរំលេចខូឡិកហ្សិនថ្មីៗមិនសំចៃដៃ លាយឡំរសនិយមសិល្បៈច្រើនបែបដែលបានផ្លាស់ប្តូរគំនិតអ្នកធ្លាប់តែស្នេហាស្លាកយីហោបរទេសឲ្យងាកមកទោរទន់នឹងទំនោរច្នៃម៉ូដជាតិសាសន៍របស់ខ្លួនវិញ។ តួយ៉ាងដូចជា Queen Victoria ដែលជាស្លាកយីហោកំពុងលេចធ្លោបង្កើតឡើងដោយកូនខ្មែរមួយរូប ថ្វីត្បិតទើបតែលេចមុខមាត់ប្រមាណបួនឆ្នាំនៅលើថ្នាលហ្វេហ្សិន ប៉ុន្តែសន្ទុះគាំទ្រហាក់បោះពួយស្ទុះលឿនលយទៅមុខជាលំដាប់ដោយច្បាមប្រជាប្រិយភាពតាមរយៈការបង្កើតខូឡិកហ្សិនប្លែកៗ ពិសេសមានទីផ្សារត្រូវចិត្តពីសំណាក់បុគ្គលល្បីៗ អ្នកហ្វេហ្សិននិយម ក៏ដូចជាតារាចម្រៀង និងសម្តែងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ ចុះតើម្ចាស់ស្លាកយីហោនេះជានរណា? ហើយតើកត្តាអ្វីខ្លះដែលជាថាមពលជំរុញឲ្យស្លាកយីហោក៏ដូចជាស្នាដៃច្នៃម៉ូដរបស់ស្លាកយីហោនេះទទួលស្គាល់មកដល់បច្ចុប្បន្ន?។
បុរសម្នាក់លេងស្ទីលសក់ត្រងោលកោរឆ្នូតបំពាក់វ៉ែនតាត្រីកោនខ្មៅបែបហ្វេហ្សិនក្នុងឈុតសម្លៀកបំពាក់ពណ៌សលម្អម៉ូដបញ្ឆិតចំហៀងរំលេចរោមរំភាយរំភើយដែលជាឈុតខូឡិកហ្សិនឈ្មោះថា «ព្រះចន្ទមួយចំណិត» ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់តាមរយៈការចែករំលែកលើបណ្តាញសង្គមយ៉ាងផុសភុលនាពេលកន្លងមកនោះគឺលោក ម៉ែន សីហា ឬមានរហស្សនាម Oliva Kong ដែលជាអ្នកច្នៃម៉ូដ ជាគ្រូបង្រៀនដើរម៉ូដ និងជាស្ថាបនិកស្លាកយីហោ Queen Victoria នេះឯង។ មិនត្រឹមតែឈុតព្រះចន្ទមួយចំណិតដែលធ្វើឲ្យលោកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយប៉ុណ្ណោះទេ កន្លងមកឈុតពិសេសៗជាច្រើនទៀតដូចជា ឈុតរាជិនីមេអំបៅ រាជិនីឥន្ទ្រី រាជិនីផ្កា រាជិនីក្ងោក រាជិនីឃ្មុំផ្លិត ឈុតអាវផ្កាចម្រុះ ឈុតស្តេចតោ ឈុតសម័យនិមិត្ម(ល្ខោនខោល) ឈុតត្រីនាគ និងឈុតភពជាដើមសុទ្ធតែបង្កើតភាពប្លែកភ្នែកក៏ដូចជានាំយកសមិទ្ធផលថ្មីប្លែកមកអង្រួងវិស័យហ្វេហ្សិនឲ្យកក្រើកផងដែរ។ ចាប់ពីឆ្នាំ ២០១៧មកបើសរុបស្នាដៃច្នៃម៉ូដមកដល់បច្ចុប្បន្នលោកបានបង្កើតសមិទ្ធផលចំនួន៧ខូឡិកហ្សិននិងប្រមាណជាង១០០ឈុត នេះបើមិនរាប់បញ្ចូលការច្នៃម៉ូដសម្រាប់បង្ហាញក្នុងកម្មវិធីផ្សេងៗផងនោះ។ ជាមួយនឹងផ្នត់គំនិតក្នុងការបង្កើតឈុត អ្នកច្នៃម៉ូដវ័យ៣១ឆ្នាំរូបនេះបានលើកឡើងថា “ហ្វេហ្សិនឌីហ្សាញគឺជាអ្វីៗដែលនៅជុំវិញខ្លួនយើង សំខាន់ថាតើយើងចង់ដកស្រង់ពីអ្វី ដូចជារូបខ្ញុំផ្ទាល់ខ្ញុំតែងបង្កើតឈុតដោយដកស្រង់ពីអ្វីៗនៅជុំវិញខ្លួនមិនថាពីធម្មជាតិ វត្ថុធាតុ ឬវប្បធម៌សាសនាឡើយ ឧទាហរណ៍ជាក់ស្តែងកន្លងមកខ្ញុំបានច្បិចការឌីហ្សាញបង្ហាញពីការអភិរក្សទៅលើល្ខោនខោលមានបញ្ចូលក្បូរក្បាច់បុរាណនិងរូបតំណាងឆ្លុះលើសាច់ក្រណាត់ រីឯខូឡិកហ្សិនផ្សេងទៀតក៏បានផ្សារភ្ជាប់ទៅនឹងធម្មជាតិដោយមានរំលេចរោមសត្វ និងផ្កាចម្រុះមុខ និយាយឲ្យចំរាល់ឈុតទាំងអស់សុទ្ធតែមានអត្ថន័យរៀងៗខ្លួន”។
មានទំនោរច្នៃម៉ូដផ្ទុយស្រឡះពីអ្នកច្នៃម៉ូដដទៃដែលភាគច្រើនចូលចិត្តគូរគំរូរូបលម្អិតឥតខ្ចោះរួចទើបធ្វើម៉ូដតាមក្រោយ ដោយឡែកសម្រាប់អ្នកច្នៃម៉ូដ ម៉ែន សីហា បែរជាចាប់ផ្តើមពីការស្រមើសម្រៃ និងមានធនធានសព្វគ្រប់ទុកមុនសិនទើបចាប់ផ្តើមគូរគំរូម៉ូដ និងច្នៃម៉ូដតាមក្រោយ។ “ ភាគច្រើនគេចូលចិត្តគូររូបម៉ូដលម្អិតខ្លាំងមើលទៅអស្ចារ្យប៉ុន្តែធាតុពិតពេលខ្លះធ្វើទៅមិនដូចទាំងស្រុងឡើយ ចំណែកខ្ញុំវិញធ្វើទៅតាមធនធានដែលមាន លាយឡំការស្រមើស្រមៃរួចទើបគូររូបនិងច្នៃម៉ូដតែម្តង”។ លើសពីគំនិតច្នៃប្រតិដ្ឋ រាល់សម្លៀកបំពាក់ធ្វើឡើងមកគឺលោកផ្តោតទៅលើ៣ចំណុចសំខាន់ ទី១ ត្រូវស្រស់ស្អាតទាំងផ្នែកខាងក្នុងនិងខាងក្រៅ ទី២ ក្បាច់ប៉ាក់ឌិនលម្អិតហ្មត់ចត់បំផុត និងទី៣ការលាយពណ៌មើលទៅប្រណីតថ្លៃថ្នូរនិងខ្ពង់ខ្ពស់។ ចំណែកធនធានសម្រាប់ការច្នៃម៉ូដលោករមែងជ្រើសរើសសាច់ក្រណាត់ម៉ាកប្រភពដើម និងគ្រឿងតុបតែងគុណភាពខ្ពស់។ ទាំងនេះហើយជាហេតុដែលធ្វើឲ្យអ្នកច្នៃម៉ូដរូបនេះល្បីល្បាញស្នាដៃក្នុងរយៈពេលដ៏ខ្លី និងទទួលបានការគាំទ្រមានទីផ្សារបង្ហាញមុខស្ទើរគ្រប់កម្មវិធី និងត្រូវប៉ាន់ពីភ្ញៀវលំដាប់ខ្ពស់រួមទាំងតារាចម្រៀងល្បីៗដូចជាកញ្ញាមាស សុខសោភា និងកញ្ញា អេដាជាដើម។
ស្លេះការងារបន្តិចមកជជីកសួរអំពីស្លាកយីហោ Queen Victoria តើឈ្មោះនេះមានអត្ថន័យដូចម្តេច? និងបង្កើតឡើងតាំងពីពេលណា?។ “សម្លៀកបំពាក់របស់ខ្ញុំផ្តោតទៅលើមនុស្សស្រី ខ្ញុំចង់ប្រែក្លាយមនុស្សស្រីម្នាក់ឲ្យទៅជារាជិនីសម្រស់ដូចជាភាសាអង់គ្លេសហៅថា Queen នេះឯង។ រីឯ Victoria គឺជាឈ្មោះក្មួយស្រីរបស់ខ្ញុំដែលកំពុងរស់នៅឯប្រទេសអ៊ីតាលី”។ នេះជាការលើកឡើងលម្អិតរបស់កំពូលអ្នកច្នៃម៉ូដ។ ចាប់ផ្តើមរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនក៏ដូចជាស្លាកយីហោ Queen Victoria លោកម៉ែន សីហា ហាក់ទម្លាក់ទឹកមុខរាងក្រៀមក្រំបន្តិច ប៉ុន្តែនៅតែបង្ហាញស្នាមញញឹមយ៉ាងមានក្តីសង្ឃឹមរួចព្រលយពាក្យមួយឃ្លាថា«ទម្រាំមកដល់ចំណុចនេះខ្ញុំបានឆ្លងកាត់នូវរឿងរ៉ាវជូរចត់កម្សត់កម្រច្រើនរាប់មិនអស់”។ ការពិតណាស់ ចាប់កំណើតក្នុងគ្រួសារដែលមានឪពុកម្តាយបម្រើការងារជាមន្ត្រីរាជការ(បច្ចុប្បន្នចូលនិវត្តន៍) ម៉ែន សីហា គឺជាកូនទី៧ក្នុងចំណោមបងប្អូន៨នាក់ (ស្រី៤ប្រុស៤)។ ចាកចេញពីស្រុកកំណើតខេត្តពោធិ៍សាត់ក្នុងឆ្នាំ ២០០៩ មកទីក្រុងភ្នំពេញលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ លុះឈានដល់សិក្សាឆ្នាំទី២លោកបានចូលបម្រើការងារផ្នែកគណនេយ្យនៅអង្គការមួយរយៈពេលជាងមួយឆ្នាំ។ ដោយមានឧបនិស្ស័យផ្នែកជំនួញ ម្យ៉ាងសន្សំទុនល្មមព្រមទាំងរៀនចប់ផងនោះ លោកបានត្រឡប់ទៅស្រុកកំណើតបង្កើតអាជីវកម្មលក់គ្រឿងសង្ហារិម និងផ្នែកអចលនទ្រព្យរហូតរីកមុខរីកមាត់មានទ្រព្យកាន់ពេញដៃឬអាចនិយាយបានថាជាសេដ្ឋីវ័យក្មេងប្រចាំទឹកដីខេត្តពោធិ៍សាត់ទៀងផង។ ដំណើរការអាជីវកម្មបានមួយរយៈជាអកុសលលោកបានចាញ់បោកដៃគូអាជីវកម្មឡុងចុងអស់ទាំងទ្រព្យខាតទាំងដើមរហូតបង្ខំចិត្តបិទអាជីវកម្មប្រមែប្រមូលទ្រព្យធនលក់អស់សល់តែសំបកខ្លួនចាកចេញមករស់នៅទីក្រុងភ្នំពេញវិញ។
ចាប់ផ្តើមជីវិតលើទឹកដីរាជធានី ជីវិតរសាត់អណ្តែតគ្មានកោះត្រើយគ្មានសោះឡើយសូម្បីគោលដៅ លោក ម៉ែន សីហា គ្មានរំពឹងលើអ្នកណាក្រៅពីសុំទីពឹងពំនាក់ស្នាក់អាស្រ័យលើមិត្តភក្តិដែលធ្លាប់រាប់អានគ្នាកន្លងមកនោះទេ។ គ្រាស្នាក់នៅជាមួយមិត្តជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ម្នាក់លោកបានលួចមើលលួចរៀនពីការច្នៃម៉ូដរបស់គេខ្លះ ជួនមានឱកាសចូលរួមកម្មវិធីហ្វេហ្សិនម្តងម្កាលផងដែលគ្រានោះហើយធ្វើឲ្យលោកដឹងច្បាស់ថាលោកចាប់ផ្តើមចូលចិត្តទៅលើការច្នៃម៉ូដ និងប្តេជ្ញាតាំងចិត្តចូលប្រឡូកក្នុងវិស័យហ្វេហ្សិនឲ្យបាននៅថ្ងៃណាមួយ។ ជាលទ្ធផលក្រោយពេលដួលងើបៗផ្លាស់ប្តូរទីលំនៅមួយកន្លែងហើយមួយកន្លែងទៀត ឆ្លៀតធ្វើការសន្សំកម្រៃខ្លះ រៀនច្នៃម៉ូដមើលតាមបណ្តាញសង្គម YouTube ខ្លះ រហូតដល់ឆ្នាំ ២០១៧ លោកបានមានឱកាសបង្ហាញស្នាដៃច្នៃម៉ូដដំបូងបំផុតជាមួយនឹងខូឡិកហ្សិន Love of Nature ឬ សេចក្តីស្រឡាញ់នៃធម្មជាតិ ក្រោមស្លាកយីហោផ្លូវការរបស់ខ្លួន Queen Victoria នៅក្នុងកម្មវិធីប្រជុំអ្នកច្នៃម៉ូដដ៏ធំប្រចាំឆ្នាំគឺ Phnom Penh Designer week ឬសប្តាហ៍អ្នករចនាម៉ូដ ហើយក៏ចាប់ផ្តើមរីកមុខរីកមាត់មានទីផ្សារការងារមកដល់សព្វថ្ងៃ។
មកដល់ចំណុចនេះប្រិយមិត្តប្រាកដជាឆ្ងល់ថា គ្មានបទពិសោធន៍ឬចំណេះជំនាញផ្នែកដេប៉ាក់ហេតុអ្វីលោក ម៉ែន សីហា អាចក្លាយជាអ្នកច្នៃម៉ូដបាន?។ ឆ្លើយទាំងញញឹម “បើនិយាយទៅកាលនៅខេត្តខ្ញុំធ្លាប់លួចទៅរៀនកាត់ដេរវគ្គខ្លីមួយផងដែរ។ គ្រូនិយាយថាគាត់មិនដែលឃើញអ្នកណារៀនឆាប់ចេះដូចខ្ញុំនោះទេ(សើច...) ប៉ុន្តែដោយសារគ្រួសារមិនពេញចិត្តខ្ញុំក៏បោះបង់ចោលជំនាញនេះ ហើយក៏ទើបចាប់ផ្តើមរៀនឡើងវិញតាមរយៈ YouTube នូវវីដេអូរបស់ម៉ាកល្បីៗអំពីដំណើរការការផលិតសម្លៀកបំពាក់តាំងពីដើមរហូតដល់ចប់ក្នុងកំឡុងពេលជីវភាពត្រដាបត្រដួសនោះតែម្តង”។ ដោយឡែកសូម្បីតែការដើរម៉ូដដែលលោកធ្លាប់តែរៀនតាម YouTube នៅគ្រានោះក៏បានរុញច្រានឲ្យលោកក្លាយជាគ្រូបង្រៀនដើរម៉ូដដែលបង្ហាត់បង្រៀនកូនសិស្សប្រមាណជា ៤០នាក់ក្លាយជាម៉ូឌែលអាជីពមកដល់សព្វថ្ងៃផងដែរ។
បច្ចុប្បន្នដ្បិតកេរ្តិ៍ឈ្មោះលោកក៏ដូចជា Queen Victoria បានល្បីរន្ទឺរហូតដល់មានការចុះផ្សាយលើបណ្តាសារព័ត៌មានក្រៅស្រុក លោក ម៉ែន សីហា នៅតែគិតថាវាមិនទាន់ដល់ចំណុចគោលដៅមួយដែលលោកចង់បាននៅឡើយ។ ជាក្តីស្រមៃលោកចង់នាំយកស្លាកយីហោរបស់លោកទៅបង្ហាញលើឆាកអន្តរជាតិ និងចង់មានហាងមួយជារបស់ខ្លួននៅលើទឹកដីប្រទេសអ៊ីតាលីជាកន្លែងដែលក្មួយសំណព្វចិត្តរបស់លោកកំពុងរស់នៅ។ រាល់ថ្ងៃនេះអ្នកច្នៃម៉ូដពហុទេពកោសល្យ ម៉ែន សីហា កំពុងមមាញឹកយ៉ាងខ្លាំងជាមួយសកម្មភាពការងារមិនថាការធ្វើសម្លៀកបំពាក់សម្រាប់ភ្ញៀវ សម្រាប់កម្មវិធី សម្រាប់ត្រៀមចេញខូឡិកហ្សិនរដូវកាលថ្មី បង្រៀនសិស្សដើរម៉ូដ និងបានកំពុងផលិតនិងដឹកនាំកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិមួយដែលនឹងបង្ហាញជូននាពេលឆាប់ៗខាងមុខ ៕
Article by HEM SOKKHIM