×

មក​ឈ្វេងយល់​អំពី​ប្រភេទ​ឈើ​ប្រណិត​ខ្មែរ​ទាំង​១​៤​ប្រភេទ​

TRAVEL & LIVING 2 months ago
 
 

            ​ជា​ធម្មតា​ ​នៅ​លើ​គេ​និយាយ​អំពី​ពពួក​ឈើ​មាន​តម្លៃ​ដែលគេ​និយម​យកមក​ធ្វើជា​គ្រឿង​ទព្វសម្ភារ​ (​គ្រឿង​​សំណង់​) ​និង​ ​គ្រឿង​សង្ហារិម​ (​តុ​ ​ទូ​ ​គ្រែ​ ​កៅអី​) ​គេ​ច្បាស់ជា​នឹកឃើញ​ដល់​ឈើ​បេង​ ​នាងនួន​ ​ធ្នង់​ ​និង​ ​គ្រញូង​ ​ជាដើម​ ​មុនគេ​ ​ព្រោះ​ឈើ​ទាំងនេះ​កំពុង​ពេញ​និយម​នៅ​លើ​ទី​ផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​វឌ្ឍកី​ក្នុងស្រុក​ច្រើន​ច្នៃ​ពួកវា​ផលិត​តាំងពី​សម្ភារ​ធំ​ៗ​រហូតដល់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​តូច​ៗ​ប្រកបដោយ​ម៉ូដ​ប្លែកៗ​ទៅតាម​ការ​កុម្ម៉ង់​របស់​អតិជន​យកទៅ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ភោជនីយដ្ឋាន​ ​និង​ ​រី​សត​លម្ហែ​កាយ​នានា​។​ ​ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​តើ​ប្រទេស​កម្ពុជា​មាន​ឈើ​ប្រណិត​សរុប​ប៉ុន្មាន​ប្រភេទ​? ​យោង​តាម​ប្រកាស​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​ ​នេសាទ​ ​លេខ​០​៨​៩​ ​ប្រ​ក​.​ក​សក​ ​ចុះ​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​០​៥​ ​បាន​កំណត់​ឈើ​ចំនួន​១​៤​ប្រភេទ​ ​ជា​ប្រភេទ​ឈើ​ប្រណិត​។​ ​ឈើ​ទាំងនោះ​រួម​មាន​ ​១​. ​អង្កាញ់​ ​២​. ​អង្កត់​ខ្មៅ​ ​៣​. ​បេង​ ​៤​. ​ឈើខ្មៅ​ ​៥​. ​ជើងចាប​ ​៦​. ​ច្រេស​ ​៧​. ​ហៃសាន​ ​ឬ​ ​ចាន់​ស​ ​៨​. ​ហ៊ុន​ដាង​ ​ឬ​ម្រះព្រៅ​ភ្នំ​ ​៩​. ​គ្រញូង​ ​១​០​. ​គ្រើល​ ​១​១​. ​នាងនួន​ ​ឬ​ ​លាំង​ ​១​២​. ​តាត្រាវ​ ​១​៣​. ​ធ្នង់​ ​និង​ ​១​៤​. ​ត្រយឹង​។​

            អង្កាញ់ ​ជា​ឈ្មោះ​ព្រឹក្ស​មួយ​ប្រភេទ​មាន​ក​ម្ពស់​ចាប់ពី​ ​៦​ ​ទៅ​២​០​ម៉ែត្រ​។​ ​រុក្ខជាតិ​នេះ​ដុះ​ក្នុង​ព្រៃ​ល្បោះ​លើ​ដី​ទំនាប​នៅ​អាស៊ី​ផ្នែក​អាគ្នេយ៍​។​ ​នៅ​ស្រុក​ដទៃទៀត​ ​គេ​នាំ​យក​ពី​អាស៊ី​ទៅ​ដាំ​ជា​លម្អ​បរិស្ថាន​។​ ​ចំណែក​នៅ​ប្រទេសខ្មែរ​យើង​នេះ​ ​គេ​និយម​ដាំ​ដើម​អង្កាញ់​នេះ​នៅ​ជិត​គេហដ្ឋាន​ដើម្បី​បានជា​ម្លប់​។​ ​ដើម​អង្កាញ់​នេះ​ពេល​នៅ​តូច​ ​គឺ​ដុះ​លឿន​ ​ហើយ​ឆាប់​ធំ​ណាស់​ ​ហេតុនេះ​ហើយ​គេ​និយម​ដាំ​វា​សម្រាប់​ឲ្យ​មាន​ព្រៃ​ដុះឡើង​វិញ​ឆាប់​ ​ករណី​តំបន់​ព្រៃ​ដែល​បាត់បង់​ច្រើន​។​ ​យ៉ាងណាមិញ​ឈើ​អង្កាញ់​នេះ​គឺជា​ប្រភេទ​ឈើ​ប្រណិត​និង​មាន​តម្លៃ​ថ្លៃ​ណាស់​សម្រាប់​យកមក​ធ្វើជា​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ​ ​ធ្វើ​តុ​ ​ទូ​ ​ជាដើម​។​

ឈើអង្កាញ់

​            អង្កត់ខ្មៅ​ ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ ​សំបក​ខ្មៅ​ ​ស្លឹក​ជុក​ជិត​ស្រដៀងនឹង​ខ្ចាស់​តែ​ស្រួច​ៗ​បន្តិច​ជាង​ស្លឹក​ខ្ចាស់​, ​គេ​ច្រើន​គាស់​យកមក​ដាំ​ក្នុង​ផើង​ ​ថែទាំ​ទុកជា​គ្រឿង​តាំង​។​

​            បេង​ ​ឈ្មោះ​ឈើខ្លឹម​មួយ​ប្រភេទ​ ​ពួក​គ្រញូង​, ​ពួក​ធ្នង់​ : ​ក្ដារ​បេង​, ​តុ​បេង​ ​។​ ​ដើម​បេង​មាន​ខ្លឹម​រឹង​ពណ៌ក្រហម​ ​អាច​​​យក​ ​ធ្វើ​ផ្ទះ​, ​សេនា​សន​ភ័ណ្ឌ​ឬ​គ្រឿង​សង្ហារិម​ផ្សេងៗ​យ៉ាង​ស្រស់​ស្អាត​ហើយ​មាន​តម្លៃ​មហាសាល​។​ ​ចំណែក​ផ្កា​មាន​ពណ៌​ស​ ​ក្រហម​ ​ឬ​លឿង​ ​ទៅតាម​ពូជ​និង​ទឹកដី​។​ ​ផ្លែ​បេង​មាន​រាង​ស្រដៀងនឹង​ផ្លែ​អំពិល​ក្តារ​ ​តែ​ខ្លី​ហើយ​សំប៉ែត​ជាង​បន្តិច។​

ឈើបេង​ 

​            ឈើខ្មៅ ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​ខ្មៅរលើប​។​

​            ជើងចាប​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​ ​មាន​ខ្លឹម​ជាប់​ប្រើ​ធន់​បាន​យូរ​។​ ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ទៀត​មាន​ផ្លែ​ទ្រង់ទ្រាយ​ស្រដៀងនឹង​ក្រញាំ​ជើង​សត្វ​ចាប​ ​កាលណា​ទុំ​សម្បុរ​ឡើងក្រហម​ ​បរិភោគ​បាន​។​ ​ដើម​ជើងចាប​ប្រភេទ​ទីមួយ​ ​ហៅថា​ ​ជើងចាប​ធំ​ ​ដែល​បុព្វបុរស​ខ្មែរ​យក​ដើមឈើ​នេះ​មក​ប្រើការ​ក្នុង​សំណង់​ប្រាសាទ​ ​តួយ៉ាង​ ​ប្រាសាទ​ឃ្លាំង​ខាងជើង​ ​ក្រុង​អង្គរធំ​ ​ខេត្ត​សៀមរាប​ (​កសាង​ចុង​ស​.​វ​ទី​១​០​និង​ដើម​ស​.​វ​ទី​១​១​) ​ជា​ភស្តុតាង​ស្រាប់​។

​            ច្រេស​ ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដើម​របស់​វា​មាន​ក​ម្ពស់​ចាប់ពី​៨​ទៅ​១​៥​ម​ ​ដុះ​ក្នុង​ព្រៃធំ​ ​ជ្រុះ​ស្លឹក​លើ​ដីរាប​នៃ​ទ្វីបអាស៊ី​ ​និង​អាហ្វ្រិក​។​ ​ដើម​ច្រេស​នេះ​ ​គេ​និយម​ដាំ​វា​នៅ​ជិត​ភូមិ​ ​ឬ​តាម​មាត់​ផ្លូវដើរ​ ​ដើម្បី​យក​ម្លប់​ជ្រក​។​ ​ឈើ​ច្រេស​នេះ​ផង​ដែរ​គឺជា​ប្រភេទ​ឈើ​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់​ ​ជាពិសេស​វា​គឺជា​ឈើ​ប្រណិត​សម្រាប់​ធ្វើ​តុ​ ​ទូ​ ​លម្អ​ក្នុង​គេហដ្ឋាន​។

ឈើច្រេស

            ហៃសាន​ ​ឬ​ ​ចាន់​ស​ ​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ​ ​មាន​ផ្កា​លឿង​ ​សណ្ឋាន​ស្រដៀងនឹង​ផ្កា​អង្កាញ់​ស្ទើរ​ចាប់​ច្រឡំ​ ​មាន​រសល្វីង​, ​មាន​ខ្លឹម​ខ្មៅ​សាច់​រឹង​, ​ប្រើ​ធ្វើជា​ថ្នាំរម្ងាប់រោគ​បាន​ច្រើន​ប្រភេទ​ : ​ខ្លឹម​ហៃសាន​ ​។​

ឈើហៃសាន​ ​ឬ​ ​ចាន់​ស

            ម្រះព្រៅ​ភ្នំ​ ​ឬ​ ​ហ៊ុន​ដាង​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​មាន​ខ្លឹម​តែ​សាច់​ស្ពោត​ៗ​ ​ក្លិន​ស្រដៀងនឹង​ព្រះ​ព្រៅ​តូច​, ​គេ​ច្រើន​ប្រើ​ធ្វើ​ប្រអប់​ឬ​ហឹប​ (​ហៅថា​ ​ម្រះព្រៅ​ធំ​ ​ឬ​ ​ម្រះព្រៅ​ភ្នំ​ ​ក៏បាន​) ​។​ ​គេ​ក៏​និយម​យក​ខ្លឹម​ម្រះព្រៅ​ភ្នំ​ ​ឬ​ ​ព្រះ​ព្រៅ​ ​ដែល​ចាស់​បុរាណ​ខ្មែរ​ចាត់ទុកជា​ឈើ​ដ៏​ពិសិដ្ឋ​ទៅ​ឆ្លាក់​ធ្វើជា​ព្រះពុទ្ធរូប​ទំហំ​ធំ​ល្មមៗ​បាន​តាម​ជំនឿ​ថែមទៀត​ផង​។​

ឈើម្រះព្រៅ​ភ្នំ​ ​ឬ​ ​ហ៊ុន​ដាង

            គ្រញូង​ ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​, ​សម្បុរ​ក្រហមក្រមៅ​ ​សាច់​ជិតស្និទ្ធ​រឹងជា​ប់​អង្វែង​ ​សម្រាប់​ប្រើការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេងៗ​; ​គ្រញូង​មាន​ ​២​ ​យ៉ាង​គឺ​ ​គ្រញូងដែក​ ​សម្បុរ​ក្រមៅ​, ​គ្រញូងឈាមមាន់​ ​សម្បុរ​ភាវ​ ​។​ ​ចំពោះ​គ្រញូង​ ​ឈាម​មាន់​ ​គឺជា​ឈ្មោះ​ព្រឹក្ស​មួយ​ប្រភេទ​ ​មាន​ក​ម្ពស់​ចាប់ពី​ ​៨​ ​ទៅ​ ​៣​០​ម៉ែត្រ​ ​ជាទូទៅ​មាន​ពណ៌ក្រហម​ឆ្នូត​លាយ​ជាមួយ​ពណ៌​ស​ ​ឬ​ក្រមៅ​ ​ហើយ​មានសាច់​ឈើ​រឹង​ ​សាច់​មត់​ ​គេ​និយម​ប្រើ​សម្រាប់​ធ្វើជា​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ដូចជា​ ​តុ​ ​ទូ​ ​សម្ភារ​ប្រណិត​ៗ​ ​និង​មុខតំណ​ ​ជាដើម​។​ ​ពី​អតីតកាល​ ​គេ​ទុក​សម្រាប់​តែ​សេចក្ដីត្រូវ​ការ​របស់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​យកមក​ធ្វើជា​គ្រឿងប្រដាប់​លម្អ​ផ្សេងៗ​។​

ឈើគ្រញូង

            គ្រើល​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​មាន​ជ័រ​ ​សម្រាប់​ធ្វើ​ម្រ័ក្សណ៍​ : ​ដើម​គ្រើល​, ​ជ័រ​គ្រើល​ ​។​ ​គ្រើល​ជា​ប្រភេទ​ឈើ​មាន​ក​ម្ពស់​ពី​២​៥​ទៅ​៣​០​ម៉ែត្រ​ ​ច្រើន​ដុះ​នៅ​ព្រៃរបោះ​ ​ឬ​ ​ភ្នំ​។​ ​គេ​យក​ជ័រ​ខ្មៅ​ចេញពី​សំបក​ដើម​ឬ​មែក​របស់​វា​ទៅ​លាប​លើ​កញ្ជើ​ឬ​ល្អី​ ​អាច​ដាក់​ទឹកបាន​ ​ឬ​ ​លាប​វត្ថុ​ផ្សេងទៀត​ឲ្យ​រលើបរលោង​ស្អាត​។​

ឈើគ្រើល

            នាងនួន​ ​ជា​ប្រភេទ​ព្រឹក្ស​មួយ​ប្រភេទ​ ​មាន​ក​ម្ពស់ ​ចាប់ពី​១​៥​ ​ទៅ​ ​៣​០​ម៉ែត្រ​ ​ដុះ​ក្នុង​ព្រៃធំ​ ​ហើយ​ជ្រុះ​ស្លឹក​រដូវប្រាំង​។​ ​នាង​ ​នួន​នេះ​មាន​សណ្ឋាន​សាច់ឈើ​ពណ៌​ក្រមៅ​ ​បណ្ដូល​ក្រាស់​ពណ៌​ប្រផេះ​ ​ឬ​ស្វាយ​លាយ​ក្រហម​ឆ្នូតៗ​។​ ​សម្រាប់​ពលរដ្ឋ​ ​ជាទូទៅ​និយម​យក​ឈើ​នេះ​ ​មក​ធ្វើជា​ក្ដារងឿ​ ​តុ​ ​ទូ​ ​ជា​គ្រឿង​សង្ហា​រឹម​ប្រណិត​ផ្សេងៗ​ ​និង​យកមក​ធ្វើជា​គ្រឿង​ឈើ​សម្រាប់​សង់​ជា​គេហដ្ឋាន​ជាដើម​។​ ​ឈើ​នាងនួន​នេះ​នៅពេលដែល​ប្រើ​កាន់តែ​យូរ​គឺ​កាន់តែ​រលោង​ស្អាត​ដោយ​ឯងៗ​។​

ឈើនាងនួន

            តាត្រៅ​ ​ឬ​ ​តាត្រាវ​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​ ​មាន​ខ្លឹម​ជាប់​ប្រើការ​បាន​យូរអង្វែង​ : ​តាត្រៅ​ជា​ឈើ​ងាយ​ដាំ​ ​គួរ​ប្រជាពលរដ្ឋ​ពេញចិត្ត​ខំប្រឹង​ដាំ​ឲ្យ​កាន់តែ​ចម្រើន​ឡើង​។​ ​ដោយសារ​វា​ជា​ប្រភេទ​ឈើ​រឹង​ដែល​មាន​ស្រាយ​មិន​អាច​ញែក​បាន​ ​ចាស់​បុរាណ​ខ្មែរ​និង​យម​ប្រើប្រាស់​ធ្វើជា​សំណង់​វត្តអារាម​ ​គ្រោងទ្វារ​ប្រាសាទ​ ​និង​ជាពិសេស​ជា​ក្ដារមឈូស​ដែល​អាច​​​រក្សា​សព​ក្នុង​ដី​បាន​យូរអង្វែង​។​ ​តាមរយៈ​បទពិសោធន៍​អ្នក​ដែល​បាន​ប្រើប្រាស់​ឈើ​ប្រភេទ​នេះ​កន្លងមក​ ​គេ​បាន​អះ​ ​អាង​ថា​ប្រភេទ​នេះ​ល្អ​ប្រសើរ​ជាងឈើ​បេង​ទៅទៀត​។​ ​សាច់ឈើ​តាត្រាវ​ហ្មត់​ ​ពណ៌​លឿង​ព្រាល​នៅ​ពេល​ឈូស​និង​ប្រែ​ពណ៌​លឿង​កាន់តែ​ច្បាស់​ពេល​ប្រើប្រាស់​យូរឆ្នាំ​ ​ផ្ទុយពី​ឈើ​បេង​ដែល​ប្រែ​ពណ៌​ខ្មៅ​ព្រាល​ក្រោយពេល​ប្រើប្រាស់​យូរ​។​

ឈើតាត្រៅ​ ​ឬ​ ​តាត្រាវ

            ធ្នង់​ ​ឈ្មោះ​ឈើ​ពួក​គ្រញូង​ ​ខ្លឹម​ក្រហម​ ​មាន​ក្លិន​ប្រហើរ​ ​សាច់​ជាប់​ស្វិត​ជាង​គ្រញូង​។​ ​តាម​ប្រពៃណី​តាំងពី​បុរាណកាល​តរៀងមក​ ​ខ្មែរយើង​និយម​យក​ឈើ​ធ្នង់​ច្នៃ​ធ្វើជា​កាំ​និង​កង់រទេះ​គោ​ ​ដោយសារតែ​ឈើ​ធ្នង់​ជាប់​មាំ​ល្អ​ ​ធន់​នឹង​ទម្ងន់​ធ្ងន់​ពេល​រទេះ​មាន​ចលនា​ទៅមុខ​។​

ឈើធ្នង់

            ត្រយឹង​ ​គឺជា​ប្រភេទ​ឈើ​ប្រណិត​របស់​ខ្មែរ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​សង្កេតឃើញ​ដុះ​ជា​ក្រុម​ៗ​ក្នុង​ព្រៃស្រោង​និង​ពាក់​ ​កណ្ដាល​ស្រោង​លាយឡំ​ជាមួយ​ប្រភេទ​ឈើ​ប្រណិត​ដូចជា​បេង​ ​ធ្នង់​ ​អង្កត់ខ្មៅ​ ​និង​ប្រភេទ​ផ្សេងៗ​ទៀត​។​ ​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​រុក្ខជាតិ​នេះ​កាលពី​អតីតកាល​តាមរយៈ​ការ​ប្រៀបប្រដូច​មនុស្ស​ដែល​មាន​សម្បុរ​ខ្មៅ​ទៅ​នឹង​គ្រាក់​ត្រយឹង​ "​ខ្មៅ​ដូច​គ្រាក់​ត្រយឹង​”​។​ ​ចាស់​បុរាណ​តិចតួច​ណាស់​ប្រើប្រាស់​ខ្លឹម​ខ្មៅ​របស់​វា​ធ្វើជា​ឧបករណ៍​ភ្លេង​ ​និង​គ្រឿង​ចម្លាក់​តូច​ៗ​ ​តែ​មិនសូវ​ឃើញ​យក​ធ្វើជា​គ្រឿង​សង្ហារិម​សំខាន់​ៗ​នោះ​ទេ​ ​ប្រហែល​បណ្ដាល​មកពី​ឈើ​ប្រភេទ​នេះ​មាន​ប្រហោង​ធំ​ៗ​នៅ​ពេល​មាន​អង្កត់​ផ្ចិត​ធំ​។​ ​បច្ចុប្បន្ននេះ​ ​ប្រជាជន​ភាគច្រើន​ចាប់ផ្ដើម​ស្គាល់​ពី​តម្លៃ​របស់​វា​និង​កំពុង​ប្រើប្រាស់​ត្រយឹង​ធ្វើជា​គ្រឿងផ្ទះ​ដូចជា​ ​សសរ​ ​រនូត​ ​និង​ ​រនាប​ផ្ទះ​ ​ជាដើម​។​ល​។​

ឈើត្រយឹង

            ដោយសារតែ​ភាព​ក​ម្រ ​និង​ ​គុណ​តម្លៃ​ដ៏​ប្រសើរ​នៃ​ឈើ​ប្រណិត​ខាងលើ​នេះ​ ​យើង​ជា​កូនខ្មែរ​គប្បី​អភិ​រក្ស​ព្រៃឈើ​ធម្មជាតិ​ដែល​មានស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន​ ​កាប់​រំលំ​តែ​ដើមឈើ​ដែល​ត្រូវ​តាម​ទំហំ​អប្បបរមា​ដែល​រដ្ឋ​អនុញ្ញាត​ជា​ផ្លូវការ​ ​ព្រមទាំង​ចូលរួម​ដាំ​ដើមឈើ​ទាំងនោះ​ឡើងវិញ​បន្ថែម​ ​ព្រោះ​ប្រភេទ​ឈើ​មួយ​ចំនួន​ ​ជាអាទិ៍​ ​ឈើ​គ្រញូង​ ​ជាដើម​កំពុងតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​ឈ្មួញ​ទុច្ចរិត​ខុសច្បាប់​។​ ​ប្រសិនបើ​លោកអ្នក​មានបំណង​ចូលរួម​ដាំ​ដើមឈើ​ទាំងនេះ​ឡើងវិញ​ ​លោកអ្នក​អាច​ទាក់ទង​រក​ជាវ​ពូជ​កូនឈើ​ទាំងនេះ​ខ្លះ​ៗ​បាន​នៅ​សួន​កសិកម្ម​ឡាយ​ហ្រ្គូ (​Life​G​ro ​Nursery​) ​នៅ​ម្តុំ​សង្កាត់​បាក់​ខែង​ ​រាជធានី​ភ្នំពេញ​ (​មាន​ថ្នាល​បណ្តុះ​ធំ​នៅ​ឃុំ​ព្រែក​អំបិល​ ​ស្រុក​ស្អាង​ ​ខេត្ត​ ​កណ្តាល​) ​ឬ​ ​អាច​សុំ​ពូជ​ពី​អ្នកជំនាញ​នៅ​ខាង​មហាវិទ្យាល័យ​ព្រៃឈើ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (​ចំការ​ដូង​) ​ព្រោះ​នៅ​ទីនោះ​គេ​មាន​គ្រាប់​ពូជ​ ​និង​ ​កូនឈើ​ប្រណិត​មួយ​ចំនួន​សម្រាប់​ចែកចាយ​ដល់​កសិករ​យកទៅ​ដាំ​ដុះ​បន្ត​។​

Article by SRIN SOKMEAN


SUGGESTIONS