ក្នុងអាយុទើបតែបាន ២២ឆ្នាំ យុវជនសម្បុរស្រអែមមាឌស្តើងមួយរូបឈ្មោះ រស់ សុផារិទ្ធ បច្ចុប្បន្នជាសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលស្ថិតនៅតំបន់បឹងបាយ៉ាប ភាគខាងជើងនៃរាជធានីភ្នំពេញ កំពុងតែចំណាយជីវិតយុវភាពរបស់ខ្លួនលើការងារផ្នែកជំនាញកុលាលភាជន៍ ឬ សេរ៉ាមិក (Ceramic) បុរាណខ្មែរប្រភេទ ចាន ឆ្នាំង ក្រឡ និង ថូផ្កា ជាដើម ដែលហាក់បីដូចជាផ្ទុយនឹងនិន្នការទំនើបនិយមរបស់យុវវ័យសម័យបច្ចុប្បន្នភាគច្រើន។ តើមូលហេតុអ្វីដែលជំរុញឲ្យបុរសវ័យក្មេងរូបនេះចាប់ផ្តើមប្រឡូកក្នុងវិស័យ នេះ? ហើយការសិក្សាជំនាញនេះត្រូវយល់ដឹងលើលើអ្វីខ្លះ និង ត្រូវឆ្លងកាត់ឧបសគ្គលំបាកអ្វីខ្លះ?
ឆ្លៀតពេលកំពុងមមាញឹកនឹងការងារស្មូនកុលាលភាជន៍ ឬ គ្រឿងដីដុត យុវជន សុផារិទ្ធ បានរៀបរាប់អំពីជីវប្រវត្តិ និង ការសិក្សាជំនាញកុលាលភាជន៍នេះប្រាប់អ្នកយកព័ត៌មានរបស់គេហទំព័រទស្សនាវដ្តីសូវរីន ថា គេមានស្រុកកំណើតនៅខេត្តកណ្តាល ត្រើយម្ខាងក្រុងភ្នំពេញ ហើយជាអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន៣នាក់ ដែលកំព្រាឪពុកមានតែម្តាយជាអ្នកលក់ដូរ អតីតសិស្សសាលាស្វាយជ្រំរូបនេះបានសម្រេចចិត្តចូលរៀនជំនាញគំនូរនៅសាលាមធ្យមវិចិត្រសិល្បៈ ដោយសាររូបគេចូលចិត្តគូររូបតាំងពីវ័យក្មេងមកម្ល៉េះ។ ដោយសារមានទេពកោសល្យល្អ ទើបលោកគ្រូដែលបង្រៀននៅទីនោះជំរុញសុផារិទ្ធឲ្យចាប់យកជំនាញកុលាលភាជន៍ជាមុខវិជ្ជាសិក្សាបន្ត ។ ម្យ៉ាងវិញទៀត ដោយសារតែមានបងប្រុសជាគ្រូបង្រៀនផ្នែកកុលាលភាជន៍នេះផងនោះ សុផារិទ្ធក៏សម្រេចចិត្តដើរតាមគន្លងរបស់បងប្រុសតែម្តង គួបផ្សំនឹងឧបនិស្ស័យលើជំនាញនេះស្រាប់ផង។
សុផារិទ្ធបានលើកឡើងត្រួសៗថា ចំពោះការសិក្សាជំនាញនេះ ដំបូងបំផុត សិស្សគ្រប់រូបត្រូវសិក្សាអំពីប្រភេទដីដែលអាចយកមកប្រើប្រាស់ផលិតជាកុលាលភាជន៍បាន វិធីសាស្រ្តច្រោះដីឲ្យអស់ខ្សាច់ និង វិធីសាស្រ្តសូន ឬ លុញដីដំឡើងជារូបរាងវត្ថុនីមួយៗ។ នៅក្នុងឆ្នាំសិក្សាទី១ និងទី២ សិស្សត្រូវរៀនធ្វើដោយដៃសុទ្ធសាធជាមុនសិន។ លុះដល់ចូលឆ្នាំទី៣ ទើបសាលាតម្រូវឲ្យសិស្សហ្វឹកហាត់ផលិតដោយម៉ាស៊ីន។ ឆ្លងកាត់ការខិតខំព្យាយាមជាច្រើន ឥឡូវនេះ សុផារិទ្ធបានក្លាយជាសិស្សឆ្នាំទី៦ ដែលជាឆ្នាំបញ្ចប់ការសិក្សានៅទីនេះហើយ។ សុផារិទ្ធ បានចែករំលែកបទពិសោធន៍របស់ខ្លួនថា “ គន្លឹះសំខាន់បំផុតសម្រាប់ជំនាញនេះគឺភាពអត់ធ្មត់។ ការងារនេះជាការងារប្រឡាក់ប្រឡូក។ នៅពេលធ្វើថូធំៗ ដីធំ ពិបាកទប់ដែរ […] ត្រូវព្យាយាមអនុវត្តដោយខ្លួនឯងឲ្យបានច្រើន” ។ គេបានអះអាងថា កន្លងមកដោយសារតែខ្វះភាពអត់ធ្មត់ សិស្សមួយចំនួនបានសម្រេចបោះបង់ការសិក្សាជំនាញនេះពាក់កណ្តាលទី ដែលជារឿងមួយគួរឲ្យសោកស្តាយសម្រាប់ធនធានមនុស្សក្នុងវិស័យនេះ។
យុវជនដដែលបានបន្ថែមទៀតថា ដើម្បីសិក្សាជំនាញនេះឲ្យបានពូកែ ក្រៅពីការសិក្សាជាមួយសាស្រ្តាជំនាញនៅក្នុងថ្នាក់រៀនហើយ សិស្សគ្រប់រូបត្រូវចំណាយពេលស្រាវជ្រាវកុលាលភាជន៍នៅលើប្រព័ន្ធអ៊ីនធឺរណេត ធ្វើពិសោធន៍ដី និង ពិសោធន៍ទឹកថ្នាំ ព្រមទាំងស្វែងរកឯកសារពាក់ព័ន្ធទាំងជាភាសាជាតិ និង ភាសាបរទេសបន្ថែម ព្រោះមុខវិជ្ជានេះតម្រូវឲ្យសិក្សាទាំងក្បាច់សិល្បៈបែបខ្មែរ និង បច្ចេកទេសផ្សេងៗពីអ្នកជំនាញបរទេសថែមទៀតផង។ ទោះបីជាមានឧបសគ្គតូចធំក្នុងការងារជាក់ស្តែងយ៉ាងណាក៏ដោយ ក៏យុវជនខាងលើនៅតែពុះពារបន្តឥតឈប់ឈរ។ ជាក់ស្តែង ពេលនេះជាអំឡុងពេលរដូវកាលរាតត្បាតនៃកូវីដ១៩ ប៉ុន្តែសុផារិទ្ធនៅតែបន្តការសិក្សាតាមអនឡាញ និង បំពេញរាល់កិច្ចការដែលលោកគ្រូដាក់ឲ្យធ្វើកន្លងមក មិនមានបំណងថានឹងបោះបង់ចោលវាម្តងណានោះទេ។ ទោះបីគេដឹងហើយថា ជំនាញ នេះមិនសូវមានទីផ្សារដូចជំនាញដទៃក៏ដោយ ក៏គេសុខចិត្តរកការងារបន្ទាប់បន្សំធ្វើដើម្បីរកប្រាក់មកផ្គត់ផ្គង់ការសិក្សាជំនាញនេះលុះត្រាដល់ចប់ចុងចប់ដើម “ខ្ញុំមានមោទនភាព ចេះអ្វីដែលគេមិនអាច អត់សូវមានអ្នករៀនច្រើន។ ខ្ញុំខ្លាចដែររឿងទីផ្សារការងារ តែទឹកចិត្តនៅតែស្រឡាញ់ អត់បោះបង់ទេ មានតែខំរកលុយមករៀនវាវិញ”។
ដោយសារឆ្នាំនេះជាឆ្នាំបញ្ចប់ សុផារិទ្ធបានបង្កើតស្នាដៃកុលាលភាជន៍ថ្មីមួយគឺ ថូផ្កាដែលមានកម្ពស់ប្រមាណ ៤-៥ តឹក ដែលរចនាឡើងដោយក្បាច់ត្របកឈូកបំបែក។ កន្លងមក គេក៏ធ្លាប់ផលិតប្រភេទសម្ភារកុលាលភាជន៍ផ្សេងៗ ដែលលម្អដោយក្បាច់ខ្មែរ តួយ៉ាង ក្បាច់ភ្ញីភ្លើង ក្បាច់ភ្ញើទេស និង ក្បាច់ធ្មេញក្របី ជាដើម ។ អ្វីដែលគួរជាទីមោទនភាពបំផុត ក្នុងនាមជាសិស្សជំនាញកុលាលភាជន៍វ័យក្មេងមួយរូប យុវជន រស់ សុផារិទ្ធ មានឱកាសយកចំណេះដឹងរបស់ខ្លួនទៅបង្រៀនជនបរទេសឲ្យបានយល់ដឹងពីការផលិតកុលាល ភាជន៍របស់ជនជាតិខ្មែរយើង។ ទាក់ទិននឹងការងារបង្រៀននេះ គេបានពន្យល់ថា គេធ្លាប់បង្រៀនវគ្គសិក្សាខ្លីដល់ជនជាតិបរទេសលក្ខណៈជាក្រុម តួយ៉ាង ជនជាតិហ្វីលីពីន និង ជនជាតិអឺរ៉ុប ដែលមួយក្រុមៗមានសមាជិក១០-១២នាក់ ហើយការបង្រៀនមួយវគ្គមានរយៈពេល ២ ម៉ោង (លក្ខណៈសកម្ម ភាពកម្សាន្ត)។ ទីតាំងដែលធ្លាប់បង្រៀនកន្លងមក រួមមាន សាលាសិល្បៈសុវណ្ណភូមិ សណ្ឋាគារសុខាភ្នំពេញ និង ទីតាំងផ្សេងៗទៀតអាស្រ័យលើកញ្ចប់ទេសចណ៍ជាក់ស្តែងរបស់ភ្ញៀវ។ ក្តីសង្ឃឹមអនាគតរបស់យុវជនរូបនេះ គឺ ចង់ក្លាយជាគ្រូបង្រៀនជំនាញកុលាលភាជន៍ និង បើកទីតាំងផលិតនិងដាក់តាំងកុលាលភាជន៍ដោយខ្លួនឯង៕
Article by SRIN SOKMEAN