×

កំពង់ឆ្នាំង​ដែនដី​បង្កប់​មត៌ក​ធម្មជាតិ​ចម្រុះ​ប្លែក​ទាក់​ភ្នែក​ទេសចរ

TRAVEL & LIVING 2 months ago
 
 

            “ពពក​ព័ទ្ធ​ភ្នំ​ជុំ​ផ្នូរកង្រី​ ទឹក​ខ្មៅ​កវី​ខេត្ត​កំពង់ឆ្នាំង​ ស្រុក​កំពង់​លែង​ជំនោរ​ខែប្រាំង​ ឱព្រែករ​ទាំង​វត្តយាយ​ ទេព​អើយ”​ ជា​សម្លេង​យ៉ាង​ពី​រោះ​គ្រលួច​របស់​រាជិនី​សម្លេង​មាស​ រស់ សេរីសុទ្ធា​ ដែល​បាន​បន្លឺ​ចេញ​ពី​ប្រព័ន្ធ​ ឧគ្ឃោសន​ស័ព្ទ​នៃរថយន្ត​ក្រុម​ការងារ​ សូវរីន​ ដែល​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ៥។​ កំពុង​តែ​ស្លុង​អារម្មណ៍​ជា​មួយ​នឹង​មត៌ក​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​រៀបរាប់​ផ្សារ​ភ្ជាប់​នឹង​ស្ថាននាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​រថយន្ត​បាន​នាំ​យើង​មក​ដល់​ទី​ប្រជុំជន​តូច​មួយ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ មិន​ឆ្ងាយ​ពី​បន្ទាយ​លង្វែក​ ដែល​អ្នក​ដំណើរ​ភាគ​ច្រើន​ស្គាល់​ថា​ជា​ទី​ប្រជុំជន​ផ្សារត្រាច។​ នៅ​ទី​នេះ​អ្នក​ដំណើរ​ជិត​ឆ្ងាយ​ទាំង​ឡាយ​ច្បាស់​ជា​មើល​ឃើញ​នូវ​ពងមាន់​អាំង​ថ្មីៗ​ស្រស់ៗ​ដែល​បងប្អូន​អាជីវករ​ក្នុង​តំបន់​ដោត​បញ្ឈរ​លើ​ចង្រ្កាន​ឡូវ​ច្រើន​ច្រូង​ច្រាង​ពី​តូប​មួយ​ទៅ​តូប​មួយ។​ ក្លិន​អាហារ​ប្រចាំ​តំបន់​នេះ​បាន​សាយ​ភាយ​រសាត់​ទៅ​ប៉ះ​ឃាន្រ្ទិយារ​ម្មណ៍​អ្នក​ដំណើរ​ប្រុសស្រី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​នឹង​ឃាត់​ចិត្ត​មិន​ចុះ​ទិញ​ខ្លះ​យក​ទៅ​បរិភោគ​ជា​អាហារ​សម្រន់​តាម​ផ្លូវ​មិនបាន។​ យើង​ប្រញាប់​ស្រូត​ដំណើរ​បន្ត​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត។​ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​យើង​សង្កេត​ឃើញ​ផ្ទះ​ប្រជាជន​សង់​ត្រៀបត្រា​ហូរហែ​មិន​សូវ​ដាច់​ តាំង​ពី​នោះ​រហូត​ដល់​សាលា​លេខប្រាំ​ ថ្នល់​ទទឹង​ និង​ផ្សារ​ព្រៃខ្មែរ។​ ភូមិសាស្រ្ត​នៅ​ទី​នោះ​ក៏​សម្បូរ​វាល​ស្រែ​ ហើយ​មាន​ភ្នំរ​កេតរកូត​ ដូច​ជា​ ភ្នំ​រាប់បាត្រ​ និង​ភ្នំចំពុះ​ជាដើម។

កំពងផែទេសចរណ៍ទីរួមខេត្តភ្នំនាងកង្រី

            ក្រោយ​លេង​ទឹក​នៅ​ថ្មក្រាល​មួយ​សន្ទុះធំ​ ពួក​យើង​ប្រមូល​ឥវ៉ាន់​ឡើង​រថយន្ត​ចេញ​ពី​ឃុំជៀប​ទៅ​ឃុំក្តុលសែនជ័យ​ ក្នុង​ស្រុក​ទឹកផុស​ដដែល។​ ឃុំ​ក្តុលសែនជ័យ​ ជា​ឃុំ​ដែល​ទើប​នឹង​បំបែក​ថ្មី​ចេញ​ពី​ឃុំ​ក្រាំង​ស្គារ​ ហើយ​នៅ​ក្នុង​ឃុំ​នេះ​មាន​បង្កប់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ធម្មជាតិ​មួយ​កន្លែង​លាក់​ខ្លួន​ពួន​អាត្មា​កណ្តាល​ទ្រូង​ព្រៃ​នៃ​តំបន់​អភិរក្ស​ភ្នំ​ឱរ៉ាល់​ ដែល​មិន​សូវ​មាន​អ្នក​ដំណើរ​បាន​ទៅ​ដល់។​ ស្រែ​អំពិល​ជា​ឈ្មោះ​តំបន់​ទឹកធ្លាក់​ដែល​ សូវរីន​ យើង​បាន​ធ្វើ​ដំណើរ​លុកលុយ​រុករក​ កាត់​វាល​កាត់ព្រៃ​ ទើប​បាន​ទៅ​ដល់​ដូច​បំណង​ប្រាថ្នា។​ ទឹក​ធ្លាក់​ស្រែ​អំពិល​នេះ​ប្រៀប​បាន​នឹង​វិមាន​ឋានសួគ៌​ដែល​ហ៊ុមព័ទ្ធ​ដោយ​បន្ទាយ​ព្រៃព្រឹក្សា​ស្ងប់ស្ងាត់​ តែ​បើ​បាន​ចូល​ទៅ​ដល់​ហើយ​ ពិត​ជា​មិន​ចង់​ឈាន​ជើង​ចេញ​នោះ​ឡើយ។​ វា​មាន​ប្រភព​ទឹក​ហូរ​ធ្លាក់​ពី​ភ្នំ​ឱរ៉ាល់​ បែក​ចេញ​ជា​ជ្រោះ​ជា​ច្រើន​កន្លែង​ ហើយ​ហូរ​ជា​ស្ទឹង​ទៅ​ស្រោច​ស្រព​ភូមិ​ដែល​នៅ​ខាង​ក្រោម។​ លក្ខណៈ​ពិសេស​របស់​ទឹក​ធ្លាក់​នេះ​គឺ​ វា​មាន​រាង​ជា​អាងទឹក​ធំ​ទូលាយ​នៅ​ខាង​ក្រោម​ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ថ្មដា​ធំៗ​ជុំវិញ​ ជា​ទី​តាំង​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ហែល​ទឹក​បណ្តែត​ខ្លួន​ស្រប​តាម​បរិយាកាស​ព្រៃ​ភ្នំ​ដ៏​សែន​មនោរម្យ។

ទឹកធ្លាក់ស្រែអំពិល

            នៅ​មុន​ពេល​ថ្ងៃ​អស្តង្គត​ ក្រុម​ការងារ​យើង​បាន​បបួល​គ្នា​ឡើង​ទៅ​គយគន់​ទេសភាព​នៅ​លើ​ចង្កេះ​ភ្នំ​ក្រាំងដីមាស​ ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​របស់​អធិរាជ​សម្លេងមាស​ ស៊ីនស៊ី​ សាមុត​រាប់​សិប​ឆ្នាំ​មក​ហើយ។​ ភ្នំ​ក្រាំងដីមាស​មាន​ចម្ងាយ​តែ​៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួមខេត្ត​ ថែម​ទាំង​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ សម្បូរ​ដើម​ឈើ​ខ្ពស់ៗ​ មាន​កន្លែង​អង្គុយ​លេង​ និង​សំណង់​ស្ថាបត្យកម្ម​ សាសនា​រីក​ចម្រើន​ ទើប​ប្រជាជន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ និង​ពុទ្ធបរិស័ទ​មក​ពី​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​និយម​មក​លេង​មិន​សូវ​ស្ងាត់។​ បើ​ឈរ​ពី​លើ​ ក្នុង​បរិវេណ​វត្ត​ធម្មវ័ន្ត​ដែល​ស្ថិត​នៅ​ចង្កេះ​ភ្នំ​នោះ​ សម្លឹង​មក​ក្រោម​អ្នកទាំង​អស់​គ្នា​ច្បាស់​ជា​មើល​ឃើញ​ក្រុង​កំពង់ឆ្នាំង​ទាំង​មូល​ វាល​ស្រែ​វាល​ស្រូវ​ខ្វាត់​ខ្វែង​បែង​ជា​ក្រលា​ចត្រង្គ​លាត​សន្ធឹង​ល្វឹង​ល្វើយ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក​ ជា​ពិសេស​គឺ​ដើម​ត្នោត​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដុះ​មូល​មីរ​ដេរដាស​ឈរ​ទ្រឹង​បង្អួត​សោភ័ណភាព​ដ៏​ស្រស់​បំព្រង​គន់​មិន​ចេះ​ជិន​ណាយ។

ភ្នំក្រាងដីមាស

            មុន​នឹង​ត្រឡប់​មក​គេហដ្ឋាន​វិញ​ ពួក​យើង​បាន​ចំណាយ​ពេល​សម្រាក​លម្ហែ​នៅ​រមណីយដ្ឋាន​ល្បីៗ​ ចំនួន​ពីរ​ទីតាំង​ទៀត​គឺ​ រមណីយដ្ឋាន​ស្ទឹងគង្គា​ និង​រមណីយដ្ឋាន​ស្ទឹងខ្សាច់ស​ ដែល​ទាំង​ពីរ​កន្លែង​នេះ​សុទ្ធ​សឹង​តែ​សម្បូរ​ភ្ញៀវ​ក្នុង​ខេត្ត​ទៅ​លេង​យ៉ាង​ច្រើន​កុះករ​រាប់​រយ​រាប់ពាន់​នាក់​ ជា​ពិសេស​គឺ​យុវវ័យ​តែ​ម្តង​ ដោយ​សារ​មាន​ទឹក​លេង​កម្សាន្ត​ ព្រម​ទាំង​មាន​ការ​រៀបចំ​សេវាកម្ម​ទេសចរណ៍​ដូច​ជា​ តូប​អង្គុយ​លេង​ ជួលពោង​ លក់​ដូរ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ មិន​ចេះ​ខ្វះ​ ហើយ​ថែម​ទាំង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ថែម​ទៀត​ផង។​ នេះ​សបញ្ជាក់​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​កំពង់ឆ្នាំង​លែង​ជា​ខេត្ត​ដែល​គេ​ត្រឹម​តែ​ឆ្លង​កាត់​ទៀត​ហើយ!​

Article by SRIN SOKMEAN

ស្ទឹងខ្សាច់សឬទំនប់អាចាងស្ទឹងគង្គា


SUGGESTIONS