×

ឱសថ​​បែប​ធម្មជាតិ​ដែល​គួរ​ត្រៀម​ទុក​សម្រាប់​រដូវភ្លៀង​​

TRAVEL & LIVING 4 years ago
 
 

           រដូវវស្សា​ជា​រដូវ​ដែល​មាន​អាកាសធាតុ​ត្រជាក់​និង​សម្បូរ​ភ្លៀង​ធ្លាក់​ជោកជាំ​។​ ​តើ​លោកអ្នក​ដឹង​ទេ​ថា​ ​អាកាសធាតុ​បែប​នេះ​អាច​បណ្តាលឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​របស់​លោកអ្នក​ចុះ​ខ្សោយ​និង​ធ្វើឲ្យ​លោកអ្នក​ងាយ​ឆ្លង​ជំងឺ​នានា​ដោយសារ​ទឹកភ្លៀង​? ​ដើម្បី​បង្ការ​ជំងឺ​ទាំងនោះ​កុំឲ្យ​កើតមានឡើង​លើ​រាងកាយ​របស់​អ្នក​ ​អ្នក​ត្រូវ​ស្វែងយល់​អំពី​វិធី​សា​ស្រ្ត​ថែរក្សា​សុខភាព​តាមរយៈ​ឱសថ​ធម្មជាតិ​ដែល​ងាយ​ស្វែងរក​នៅ​ជុំវិញ​ខ្លួន​អ្នក​ជាទីបំផុត​ ​ចៀសវាង​ការប្រើប្រាស់​ឱសថ​គីមី​ដែល​មិន​ចាំបាច់​ ​និង​ ​ធ្វើឲ្យ​ខាតបង់​ថវិកា​ច្រើន​ទៀត​ផង​។​ជាដំបូង​ ​លោកអ្នក​ត្រូវ​ដឹង​ថា​ជំងឺ​ទូទៅ​ដែល​ងាយ​កើតមានឡើង​ទៅលើ​មនុស្ស​ក្នុង​អំឡុង​រដូវវស្សា​ ​រួម​មាន​ ​ជំងឺ​ក្អក​ ​ជំងឺ​ផ្តាសាយ​ ​ជំងឺ​គ្រុនក្តៅ​ ​ជំងឺគ្រុនឈាម​ ​និង​ ​ជំងឺ​រាករូស​ ​ជាដើម​។​

១​. ​ឱសថ​បង្ការ​ជំងឺគ្រុនឈាម​: ​រដូវវស្សា​ ​ឬ​ ​វ​ដូ​វ​មូសុង​ ​ជា​រដូវ​ដែល​មូស​បង្ក​កំណើត​ ​ជាពិសេស​គឺ​ប្រភេទ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​ចម្លង​ជំងឺគ្រុនឈាម​ដល់​មនុស្សក្មេង​ចាស់​ប្រុស​ស្រី​។​ ​ជំងឺគ្រុនឈាម​ដែល​ចម្លង​ពី​មូស​ខ្លា​កើតឡើង​ដោយសារតែ​ខែភ្លៀង​សម្បូរ​ថ្លុក​និង​កន្លែង​ដក់​ទឹក​កខ្វក់​ដូចជា​ ​កង់ឡាន​ចាស់​ ​សំបក​កំប៉ុង​ ​និង​សំបក​ដប​ ​ជាដើម​ ​ដែល​ជា​ជម្រក​ដ៏​សុខសាន្ត​របស់​មូស​ខ្លា​។​ ​ដើម្បី​បង្ការ​ជំងឺគ្រុនឈាម​ ​លោកអ្នក​គប្បី​ទទួលទានទឹក​ក្រូច​ស្រស់​ដែល​មាន​ល្បាយ​ជាតិ​វីតាមីន​ចម្រុះ​ជា​ច្រើនមុខ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​មាន​តួនាទី​ជួយ​ប្រឆាំង​ទប់​ស្កាត់​វី​រុ​ស​គ្រុនឈាម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​វា​ក៏មាន​សមត្ថភាព​អាច​ជួយ​សម្រួល​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយអាហារ​ ​និង​ ​ជាតិ​ប្រូតេអ៊ីន​ប្រឆាំង​សត្វល្អិត​នៅ​ក្នុង​ឈាម​។​ ​ម្យ៉ាង​វិញទៀត​ ​លោកអ្នក​ក៏​អាច​ទទួលទាន​អាហារ​ឬ​ភេសជ្ជៈ​ធ្វើ​ពី​ល្ហុង​ដែរ​ព្រោះ​ពួកវា​ក៏មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុនឈាម​ដែរ​។

​២​. ​ឱសថ​បង្ការ​ជំងឺ​ផ្តាសាយ​ ​និង​ ​គ្រុនក្តៅ​: ​ជាទូទៅ​ ​នៅ​ក្នុង​រដូវភ្លៀង​ ​មនុស្សជា​ច្រើន​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​ ​ក្អក​ ​និង​ ​គ្រុនក្តៅ​ជា​ញឹកញាប់​ ​ដោយសារ​សីតុណ្ហភាព​ឆាប់​ប្រែប្រួល​មិន​ទៀងទាត់​។​ ​វី​រុ​ស​និង​បាក់តេរី​ងាយ​នឹង​មានឱកាស​ចម្លង​រោគ​មកកាន់​ខ្លួនមនុស្ស​។​បើ​តាម​ក្បួន​វេជ្ជ​សា​ស្រ្ត​បែប​បុរាណ​ ​នៅ​ក្នុង​រដូវ​នេះ​លោកអ្នក​គប្បី​ខ្ពុរមាត់​នឹង​ទឹកក្តៅ​ ស្ទី​ម​ ​សម្រាក​លម្ហែ​ ​និង​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​ ​។​ ​ជាមួយគ្នា​នេះ​ដែរ​លោកអ្នក​គួរ​សាកល្បង​ទទួលទាន​ស៊ុប​ក្តៅ​ៗ​ ​របប​អាហារ​ដែល​សម្បូរ​សារជាតិ​ចិញ្ចឹម​ ​និង​ ​តែ​ឱសថ​បុរាណ​។​ ​ជាពិសេស​ ​ការ​ទទួលទាន​ ​ភេសជ្ជៈ​ទឹកដោះគោ​ល្មៀត​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​អត្រា​កើតជំងឺ​គ្រុនក្តៅ​យ៉ាង​ពូកែ​សក្តិ​សិទ្ធ​។​ ​ក្រៅពី​នេះ​ ​ការ​ទទួលទាន​ស្លឹក​ជីរនាងវង​ចំនួន​៣​-​៤​សន្លឹក​ក៏​ផ្តល់​អត្ថប្រយោជន៍​ល្អ​ដូចគ្នា​។​

៣​. ​ឱសថ​បង្ការ​ជំងឺ​រាករូស​: ​ជំងឺ​រាគ​រូស​ ​ឬ​ ​ជំងឺ​អាសន្នរោគ​ជា​ប្រភេទ​ជំងឺឆ្លង​តាមរយៈ​ប្រភព​ទឹក​មិន​ស្អាត​ ​និង​បង្ក​ដោយ​វីរ​រុ​ស​ម្យ៉ាង​ឈ្មោះ​ ​V​i​br​i​o ​Cholera​។​ ​ជំងឺ​រាករូស​ ​ឬ​ជំងឺ​អាសន្នរោគ​នេះ​ផ្តល់​ផល​ប៉ះពាល់​អាក្រក់​យ៉ាង​ខ្លាំង​មក​លើ​ការ​ទទួល​ ​ទាន​អាហារ​ ​ព្រមទាំង​អាច​ឈាន​ទៅ​រកការ​បាត់បង់​ជាតិទឹក​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​រាងកាយ​។​ ​រុក្ខជាតិ​ខ្ញី​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ផ្នែក​វេជ្ជ​សា​ស្រ្ត ​និង​ ​ម្ហូបអាហារ​ ​គឺជា​សារធាតុ​អង់​ទី​ប៊ី​យ៉ូទិ​ក​ដែល​មាន​គុណប្រយោជន៍​យ៉ាង​ប្រសើរ​ក្នុង​ការ​ព្យាបាល​ជម្ងឺ​រាករូស​ ​ដោយសារ​មើមខ្ញី​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​មនុស្ស​នៅពេលដែល​អ្នក​បរិភោគ​វា​។​

៤​. ​ភេសជ្ជៈ​ប្រភេទ​ក្តៅ​: ​លោកអ្នក​គប្បី​ទទួលទាន​ប្រភេទ​ភេសជ្ជៈ​ក្តៅ​ៗ​ ​ជាអាទិ៍​ ​រួម​មាន​ ​តែ​ក្តៅ​ ​កាហ្វេ​ក្តៅ​ ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​តែ​ជីរអង្កាម​ ​តែ​ម្រះ​ ​តែ​ស្លឹកគ្រៃ​ ​តែ​ព្នៅ​ ​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ ​ព្រមទាំង​រក្សា​សំណើម​ជាតិទឹក​នៅ​ក្នុង​រាងកាយ​របស់​អ្នក​ ​។​ ​ព្រម​ជាមួយគ្នា​នេះ​ ​លោកអ្នក​ត្រូវ​ចៀសវាង​ការ​ទទួលទាន​ប្រភេទ​ភេសជ្ជៈ​ត្រជាក់​ៗ​និង​ភេសជ្ជៈ​ទឹក​ផ្លែឈើ​ដែល​ទិញ​នៅ​ខាងក្រៅ​ ​មិនមែន​ផ្លែឈើ​ស្រស់​ ​ដោយសារ​ភេសជ្ជៈ​ទាំងនោះ​អាច​មាន​ផ្ទុក​មេរោគ​ជំងឺឆ្លង​ជាច្រើន​ដែល​លោកអ្នក​មិន​ដឹង​៕

Article by​ ​SRINSOKMEAN


SUGGESTIONS