×

​ស្នាដៃ​ដ៏​លើសលប់​របស់​កវី​ម្ចាស់​បទ​ “​លលក​វា​យំ​” ​ក្នុង​វិថី​សិល្បៈ​ជាង​៥​០​ឆ្នាំ​

NEWS 4 years ago
 
 

           រិ​ត​ សុន្ទ​សារី​ ​ជានា​ម​ដើម​របស់​ ​លោក​ ​វ៉ែន​ សុ​ន​ ​ព្រឹទ្ធាចារ្យ​ផ្នែក​តែង​និពន្ធ​កំណាព្យ​ប្រចាំ​ប្រទេស​ ​កម្ពុជា​ដែល​មាន​កិត្តិនាម​ទូលំទូលាយ​សាយ​ដល់​សិស្ស​និស្សិត​បញ្ញវន្ត​ផ្នែក​អក្សរ​សា​ស្រ្ត​ជាច្រើន​ជំនាន់​រហូតមក​ ​ទល់​ពេល​បច្ចុប្បន្ន​។​ ​សា​ស្រ្តាចារ្យ​ឯកទេស​តែងកំណាព្យ​ ​រូប​នេះ​បាន​មានប្រសាសន៍​ប្រាប់​សូវ​រី​ន​ថា​ ​លោក​បាន​ចាប់​ ​កំណើត​នៅ​ភូមិ​ខ្យា​ង​ ​ឃុំ​ស្វាយ​ ​ស្រុក​កំពង់​ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​ ​ក្នុង​ឆ្នាំ​១​៩​៣​៨​។​ ​បើ​គិត​មកដល់​សព្វថ្ងៃនេះ​ ​លោក​ ​មាន​ជន្មាយុ​៨​២​ឆ្នាំទៅ​ហើយ​ ​ប៉ុន្តែ​បើ​តាម​ការសង្កេត​ជាក់ស្តែង​គឺថា​ ​ជំនាញ​សិល្បៈ​តែង​និពន្ធ​របស់​លោក​មិនបាន​ថមថយ​ស្រក​ស្រុតទ្រុឌ​ទ្រោម​ទៅតាម​ជរាភាព​នៃ​រូបរាងកាយ​នោះ​ទេ​ ​ដូច​ពាក្យចាស់​បរម​បុរាណ​ខ្មែរ​ពោលថា​ “​ខ្ញី​កាន់​ ​តែ​ចាស់​ ​កាន់តែ​ហើរ​” ​ពិតប្រាកដ​មែន​!

           ​កវី​ ​វ៉ែន​ សុ​ន​ ​នៅតែ​ចងចាំ​នូវ​អនុ​ស្សា​វ​រី​យ៍​និពន្ធ​បទ​ចម្រៀង​ “​លលក​វា​យំ​” ​ដែល​ជា​មត៌ក​ចម្រៀង​តំណាង​កិត្តិ​ ​ស័ព្ទ​របស់​លោក​ក្នុង​សង្វៀន​សិល្បៈ​។​ ​លោក​បាន​រៀបរាប់​យ៉ាង​លម្អិត​ថា​ ​បទ​នេះ​ត្រូវ​បាន​ផលិត​ក្នុង​អំឡុង​ឆ្នាំ​១​៩​៦​៧​-​១​៩​៦​៨​ ​បន្ទាប់ពី​ក្រុម​ត​ន្រ្តី​រាជតម្រួត​ភិរម្យ​របស់​លោក​បាន​ថត​ផ្សាយ​បទ​ ​ព​ពេ​ជ​ចៀ​ប​ ​ដែល​ជា​ចម្រៀង​ចង្វាក់​សា​រ៉ា​វ៉ាន់​ ​ដំបូង​នាំ​យកមក​ពី​បទ​ចម្រៀង​ប្រជាប្រិយ​របស់​អ្នកស្រុក​ថា​ឡាប​រិ​វ៉ាត់​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ក្នុង​គ្រា​មួយ​ដែល​ក្រុម​នេះ​ទៅ​ ​តាម​ដង្ហែ​ព្រះ​រាជដំណើរ​របស់​អង្គ​ព្រះ​មហា​វីរ​ក្សត្រ​ព្រះប្រមុខរដ្ឋ​យាង​ទៅ​សម្ពោធ​សមិទ្ធផល​សង្គម​រា​ស្រ្ត​និយម​ក្នុង​ ​តំបន់​នោះ​។​ ​លោក​បន្ត​ទៀត​ថា​ ​បទ​ “​លលក​វា​យំ​” ​ត្រូវ​បាន​ប្រគល់ឲ្យ​រាជិនី​ស​ម្លេ​ង​រៃ​កណ្តឹង​ ​មាស​ ​សូ​ ​សាវឿន​ ​ដែល​ ​ជា​ម្ចាស់​បទ​ “​ព​ពេ​ជ​ចៀ​ប​” ​ហើយក៏​ជាតា​រា​ចម្រៀង​ផ្នែក​ស្រ្តី​ល្បីឈ្មោះ​ប្រចាំ​ក្រុម​ត​ន្រ្តី​រាជ​ ​តម្រួត​ភិរម្យ​នោះ​ផង​ដែរ​ ​ជា​អ្នកបកស្រាយ​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​រណ្តំ​។​

           ដោយសារតែ​បទ​នេះ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ខ្លាំង​ពី​មហាជន​ ​លោក​ ​កែវ​ ​អែម​ ​កំពូល​ត​ន្រ្តី​ករ​ព្យ៉ាណូ ​ជំនាន់​នោះ​ ​ជា​អតីត​ស្វាមី​អ្នកស្រី​ ​សូ​ ​សាវឿន​ ​ផ្ទាល់​ ​បាន​ទាក់ទង​សុំ​សិទ្ធិ​យក​បទ​នេះ​ទៅ​រៀបចំ​ថត​ឡើងវិញ​ឲ្យ​ ​ក្រុមហ៊ុន​ ​ឡាក់​ស៊ា ​ដែល​ដាក់​ឈ្មោះ​ រិ​ត​ សុន្ទ​សារី​ ​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ ​ទំនុក​ភ្លេង​ជា​បទ​ប្រជាប្រិយ​ ​និង​ ​ឈ្មោះ​ ​កែវ​ ​អែម​ ​ជា​អ្នកដឹកនាំ​វង់ភ្លេង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​លោក​សា​ស្រ្តាចារ្យ ​វ៉ែន​ សុ​ន​ ​បាន​អះអាង​ថា​ ​លោក​ជា​អ្នក​ ​និពន្ធ​ទំនុកច្រៀង​ ​និង​ ​បទភ្លេង​ ​ដោយ​ផ្ទាល់​តែម្ដង​ចំពោះ​បទ​នេះ​ ​ហើយ​លោក​បញ្ជាក់​ថា​ ​បទ​នេះ​តែង​ជា​បទ​ពាក្យ​បួន​ ​ជា​ប្រភេទ​មេ​កំណាព្យ​ចំណាស់​ជាងគេ​របស់​ខ្មែរ​។​ ​រីឯ​កត្តា​ដែល​ជំរុញ​ឲ្យ​លោក​សរសេរ​បទ​លលក​វា​យំ​នេះ​ឡើង​ ​មិន​ ​មែន​ដោយសារ​ជា​សាច់រឿង​ផ្ទាល់ខ្លួន​ ​ឬ​ ​ជា​អ្វី​ដែល​លោក​បានឃើញ​នៅកន្លែង​ណាមួយ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ទំនៀម​ពី​ ​បុរាណ​ដែល​តែង​យក​សត្វ​លលក​ញី​ឈ្មោល​ជា​និមិត្តរូប​ភក្តីភាព​នៃ​សេចក្តីស្នេហា​។​ ​ដូច្នេះ​ហើយ​ទើប​លោក​យក​ ​ពាក្យ​លលក​វា​យំ​មក​ផ្សារភ្ជាប់​នឹង​ការ​ព្រាត់​ប្រាស់​ស្នេហា​របស់​តួអង្គ​នារី​ដែល​ជិត​រៀបការ​នៅ​ក្នុង​អត្ថន័យ​បទ​ចម្រៀង​ ​របស់​លោក​។​ ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ​ដែល​កវីនិពន្ធ​ប្រើ​សិល្ប៍​វិធី​បែប​នេះ​ ​ព្រោះ​ជំនាន់​នោះ​មាន​កវី​ជាច្រើន​រូប​ ​ដែល​និយម​លើកយក​តួអង្គ​សត្វ​បញ្ចូល​ទៅ​ក្នុង​ទំនុកច្រៀង​ ​តួយ៉ាង​ ​បទ​លលក​ញី​ឈ្មោល​ ​បទ​ទទា​យំ​ឆ្លង​ ​បទ​ឱ​សត្វ​ ​សារិកា​ ​បទ​ទំនិញ​ស្នេហា​ (​សម្រែកសត្វ​ក្រៀល​) ​បទ​សត្វ​ចាប​យំ​ចេ​ប​ ​បទ​ក្អែក​បូល​ ​បទ​តាវៅ​យំ​ឆ្លង​ ​ជាដើម​។​

           ​ក្នុងនាម​ជា​ចាស់ទុំ​ជំនាញ​តែង​និពន្ធ​មួយ​រូប​ ​សា​ស្រ្តាចារ្យ ​វ៉ែន​ សុ​ន​ ​បាន​បង្ហើប​ប្រាប់​អំពី​វិធី​សា​ស្រ្ត​សំខាន់​ ​ក្នុង​ការ​តែង​និពន្ធ​ឲ្យបាន​ល្អ​ដល់​យុវជន​ជំនាន់​ក្រោយ​ថា​ “ ​ត្រូវ​មាន​ទ​ស្សនៈ​ដោយឡែក​ (​ទ​ស្សនៈ​បុគ្គល​ខុស​ពី​ ​អ្នកដទៃ​) ​ដែល​យើង​ជា​កវីនិពន្ធ​ត្រូវ​យល់​ឲ្យបាន​ច្បាស់​។​ ​ក្មួយ​ៗ​ត្រូវធ្វើ​តាម​សត្វ​ឃ្មុំ​ដែល​ហើរ​ក្រេប​លម្អង​ផ្កា​រាប់​សិប​ផ្កា​ ​ទើបបាន​ជា​ទឹក​ដែល​មាន​រស​ផ្អែម​។​ ​ក្មួយ​ៗ​កុំ​ធ្វើតាម​សត្វ​ឆ្កែញាំង​ដែ​រហើរ​ពាំ​សត្វ​ដង្កូវ​យកមក​ភ្ញាស់​ធ្វើជា​កូន​របស់​ខ្លួន​។​” ​លោក​ ​ចង់​សំដៅ​អប់រំ​ថា​ ​បើ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ ​មិន​ត្រូវ​លួច​ចម្លង​ស្នាដៃ​គេ​មក​ធ្វើជា​ស្នាដៃ​របស់​ខ្លួន​ឡើយ​ ​ធ្វើ​យ៉ាងណា​ ​កុំឲ្យ​ជាតិសាសន៍​ដទៃ​មាក់ងាយ​ជាតិខ្មែរ​យើង​។​ ​លោក​​​មាន​ទ​ស្សនៈ​ថា​ “​នរណា​ម្នាក់​ក៏​អាច​ធ្វើជា​អ្នកនិពន្ធ​ ​បាន​ដែរ​ ​ឲ្យតែ​គេ​មានចិត្តចង់​ ​មានការ​ព្យាយាម​ ​និង​ ​មាន​សេចក្តីក្លាហាន​។​”

           ​គួរ​បញ្ជាក់​ដែរ​ថា​ ​ស្នាដៃ​តែង​និពន្ធ​របស់​កវី​ ​វ៉ែន​ សុ​ន​ ​មាន​ច្រើន​សន្ធឹកសន្ធាប់​ស្ទើរ​រាប់មិនអស់​តាំងពី​ដើម​ ​រៀងមក​ ​ទាំង​ស្នាដៃ​កំណាព្យ​ ​ទាំង​រឿងនិទាន​សម្រាប់​អប់រំ​កុមារ​ ​និង​ ​បទ​ចម្រៀង​ផង​ដែរ​។​ ​ស្នាដៃ​ល្បី​ៗ​ដែល​ធ្លាប់​ ​ទទួល​បាន​ជ័យ​លា​ភី​មាន​ជាអាទិ៍​ ​កំណាព្យ​ “​ចងចាំ​ជានិច្ច​” (​១​៩​៨​៧​) ​រង្វាន់​លេខ​៣​ ​ពី​ក្រសួង​វប្បធម៌​ ​កំណាព្យ​ “​ប​ណ្តាំ​កវី​” (​១​៩​៩​១​) ​រង្វាន់​លេខ​ ​១​ ​មេដាយ​មាស​ពី​ក្រសួង​វប្បធម៌​ ​កំណាព្យ​ “​ប​ណ្តាំ​កូនខ្មែរ​” (​១​៩​៩​៦​) ​ចំណាត់ថ្នាក់​ ​លេខ​៤​ ​ពានរង្វាន់​ព្រះ​សី​ហ​នុ​រាជ​ ​និង​ ​កំណាព្យ​រឿង​ “​ឋានសួគ៌​ក្នុង​សុបិន​” ​ជ័យ​លា​ភី​លេខ​២​ ​ពានរង្វាន់​អក្សរ​សិល្ប៍ ​៧​ ​មករា​ ​លើក​ទី​១​។​ ​ក្រៅពី​នេះ​ ​លោក​ក៏បាន​និពន្ធ​សៀវភៅ​កំណាព្យ​ជាច្រើន​ក្បាល​ ​រួម​មាន​ដូចជា​ ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ (​២​០​០​៥​) ​ក្រមា​ខ្មែរ​ (​២​០​០​៥​) ​ដើមត្នោត​ដើម​ប្ញស្សី (​២​០​០​៥​) ​ឧបករណ៍​ត​ន្រ្តី​ខ្មែរ​ (​២​០​០​៦​) ​របាំ​ប្រពៃណី​ខ្មែរ​ (​២​០​០​៦​) ​ផ្ទះខ្មែរ​ (​២​០​០​៨​) ​មួក​ខ្មែរ​ (​២​០​០​៨​) ​ជាដើម​ព្រមទាំង​សៀវភៅរឿង​និទាន​អប់រំ​កុមារ​មិន​តិច​ជាង​២​០​រឿង​ទេ​។​

           ​ដោយសារតែ​លោក​​​មាន​ស្នាដៃ​ផ្នែក​កំណាព្យ​យ៉ាង​ច្រើន​អនេកប្បការ​ប្រកបដោយ​បទពិសោធន៍​រាប់​សិប​ឆ្នាំ​ ​លោក​សា​ស្រ្តាចារ្យ ​វ៉ែន​ សុ​ន​ ​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ជ្រើសតាំង​តំណាង​ប្រទេស​កម្ពុជា​ឲ្យទៅ​ចូលរួម​ ​កម្មវិធី​ទទួល​ពានរង្វាន់​ “​Sun​thorn​ ​P​h​u” ​ថ្នាក់​កវី​អា​ស៊ាន​ទាំង​១​០​ប្រទេស​នៅ​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃ​ ​នៅ​ថ្ងៃ​ទី​២​៦​-​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៣​ ​គួរ​ជាទី​មោទនភាព​ក្រៃលែង​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លោក​តែងតែ​គិតគូរ​យក​ ​ចិត្ត​ទុកដាក់​សិក្សាស្រាវជ្រាវ​លើ​ផ្នែក​សិល្បៈ​វប្បធម៌​ជាតិ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ល្អ​ៗ​ ​ដល់​ប្អូន​ៗ​យុវជន​ជំនាន់​ ​ក្រោយ​។​ ​លោក​ជា​ស្ថាបនិក​ម្នាក់​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ចងក្រង​សៀវភៅ​របាយការណ៍​បទ​ស្មូ​ត្រ​កំណាព្យ​ខ្មែរ​ ​ចំនួន​៥​៩​បទ​ ​រៀបចំ​ដោយ​សមាគម​ ​Cam​bo​Kid​s ​ឆ្នាំ​២​០​០​៣​។​ ​ក្រោយមក​ទៀត​ ​លោក​ក៏​ត្រូវ​បាន​សមាគម​ទ្រទ្រង់​ការ​ ​បោះពុម្ព​និង​អប់រំ​ ​សម្រេច​ជ្រើសតាំង​ជា​ប្រធានគណៈកម្មការ​ស្រាវជ្រាវ​រៀបចំ​សៀវភៅ​បទ​កំណាព្យ​និង​ស្មូត​ខ្មែរ​ ​វគ្គ​ទី​២​ ​កាលពី​ឆ្នាំ​២​០​១​៦​ ​កន្លងទៅ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​សា​ស្រ្តាចារ្យ ​វ៉ែន​ សុ​ន​ ​ក៏​ធ្លាប់​បាន​ចំណាយ​ពេល​ចុះទៅ​បង្រៀន​ ​កំណាព្យ​ដល់​សិក្ខាកាម​ជន​នានា​នៅ​តាម​សាលារៀន​ ​និង​ ​សមាគម​សិល្បៈ​មួយ​ចំនួន​ផង​ដែរ​ ​ជាពិសេស​គឺ​ជារឿយៗ​ ​លោក​តែង​ត្រូវ​បាន​គេ​អញ្ជើញ​ធ្វើជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​កំណាព្យ​ ​និង​ សិល្បៈ​តែង​និពន្ធ​ផ្សេងៗ​មិនសូវ​ដែល​ខាន​។​

           ​ជាចុងក្រោយ​ ​លោក​​​មានប្រសាសន៍​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ថា​ “​ខ្ញុំ​គិតថា​ខ្ញុំ​មានសំណាង​ណាស់​ ​ដែល​បាន​កើតមក​ជា​កុលបុត្រ​ខ្មែរ​ ​ហើយ​បាន​មក​រួមចំណែក​ផ្ទេរ​ចំណេះ​ដឹង​របស់​ខ្លួន​ខាង​វិ​ស័​យ​សិល្បៈ​វប្បធម៌​ ​ជាពិសេស​ខាង​ផ្នែក​និពន្ធ​កំណាព្យ​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សា​ស្រ្ត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បានសម្រេចដូចបំណង​តាំង​ពីក្មេង​មក​។​” ​ទោះបីជា​យ៉ាងណាក្តី​ ​ក្នុងនាម​ជា​កវីនិពន្ធ​ជើងចាស់​មួយ​រូប​ ​លោក​បាន​អំពាវនាវ​ ​ដល់​ម្ចាស់​ផលិតកម្ម​ចម្រៀង​ក្នុងស្រុក​មេត្តា​បញ្ឈប់​ការ​កែ​កាឡៃ​បទ​ចម្រៀង​មត៌ក​ដើម​រំលោភ​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក​ ​និពន្ធ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ​ហើយ​បែរ​រួមគ្នា​ថែរក្សា​លើកស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​ ​នាំគ្នា​បង្កើត​ស្នាដៃ​ថ្មីៗ​ល្អ​ៗ​ ​សម្រាប់​បម្រើ​ប្រយោជន៍​សង្គមជាតិ​៕​ ​

Article by​ ​SRIN SOKMEAN​


SUGGESTIONS