×

លោកតា ​តែម្នាក់​គត់​ដែល​នៅ​បន្ត​ទំនៀម​ធ្វើ​ផ្លិត​បែប​បុរាណ​នៅ​តំបន់​មួយ​ក្នុង​ខេត្ត​កំពង់ធំ​

NEWS 4 years ago
 
 

          ផ្លិត​ជា​ឧបករណ៍​សម្រាប់​កាន់​បក់​ដើម្បី​បន្ថយ​ក​ម្តៅ​ភាយ​ពី​បរិយាកាស​ខាងក្រៅ​ឲ្យ​រាងកាយ​ត្រជាក់​ល្ហែល្ហើយ​។​ ​ខ្មែរយើង​មាន​ទំនៀមទម្លាប់​ប្រើ​ផ្លិត​តាំង​ពីបរមបុរាណ​យូរអង្វែង​ណាស់​មក​ហើយ​ ​រាប់​តាំងពី​ ​វណ្ណៈ​ក្សត្រ​ ​រាជវង្សានុវង្ស​ ​ព្រះសង្ឃ​ ​គ្រួសារ​នាម៉ឺន​ម​ន្រ្តី ​គហបតី​ ​រហូតដល់​ប្រជា​នុ​រា​ស្រ្ត​សាមញ្ញ​តាម​ជនបទ​ស្រែ​ចម្ការ​ ​គ្រាន់តែ​ថា​ផ្លិត​មានឈ្មោះ​និង​រូបរាង​ច្រើន​ប្រភេទ​ប្រើប្រាស់​ទៅតាម​ឋានានុក្រម​ផ្សេងៗ​គ្នា​ ​រួម​មាន​ ​ផ្លិតចាមរ​ ​ផ្លិត​ភូ​តាន​ ​ផ្លិត​បាំងសែង​ ​ផ្លិត​បៃមន់​ ​ផ្លិត​សែងត្វ័ន​ ​ផ្លិត​វាលវីជនី​ ​ផ្លិត​មុខព្រហ្ម​ ​ផ្លិត​ស្លាប​សត្វ​ ​ផ្លិត​ស្លឹក​ត្នោត​ ​ផ្លិត​ដៃ​ ​ជាដើម​។​ ​ប៉ុន្តែ​ដោយសារ​សន្ទុះ​សកល​ភា​វូប​នី​យ​កម្ម​ចេះតែ​វិវត្ត​ទៅមុខ​តាមសម័យ​កាល​ ​ទម្រង់​ផ្លិត​បុរាណ​មួយ​ចំនួន​ដែល​ខ្មែរ​ធ្លាប់​ប្រើ​សឹងតែ​លែង​ឃើញ​មាន​ទៅ​ហើយ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ពេល​ប្ចុប្បន្ន​នេះ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​នៅ​ក្នុង​តំបន់​ខេត្ត​មួយ​ចំនួន​ដែល​ប្រជាជន​មិនសូវ​មាន​ជីវភាព​ធូរធារ​ ​ឬ​ ​ពុំទាន់​មាន​អគ្គិសនី​ប្រើ​សម្បូរ​គ្រប់គ្រាន់​នៅឡើយ​ ​ក៏​អ្នកភូមិ​នៅតែ​បន្ត​ប្រើ​ផ្លិត​បែប​បុរាណ​តាម​លទ្ធភាព​ដែល​ពួកគាត់​មាន​។

          ស្ថិតនៅ​ក្រោម​ដំបូល​ផ្ទះ​ឈើ​ជញ្ជាំង​ប្រក់​ស្លឹក​មួយ​ខ្នង​ក្នុង​ភូមិ​ស្រយូវ​ខាងត្បូង​ ​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់ធំ​ ​លោកតា​ម្នាក់​រាង​ស្គម​ខ្ពស់​សម្បុរសណ្តែកបាយ​ ​ពាក់អាវ​សឺ​មឺ​សក​ឌុប​ដៃ​វែង​ស្លៀក​ខោ​អាចារ្យ​ ​កំពុង​អង្គុយ​ក្រោម​ផ្ទះ​មមាញឹក​នឹង​សកម្មភាព​ធ្វើ​ផ្លិត​បុរាណ​មួយ​បែប​ដែល​គ្រប់គ្នា​តែង​ហៅ​ត​ៗ​មក​​​ថា​ “​ផ្លិត​ស្លាប​សត្វ​” ​។​ ​ឆ្លៀត​ក្នុង​ខណៈ​ពេល​កំពុង​បិត​ស្លាប​ផ្លិត​ដែល​តម្រៀប​រួច​ទៅ​ហើយ​នោះ​ ​លោកតា​ឡុង​ ​មុំ​ ​វ័យ​៧​៨​ឆ្នាំ​ ​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ​រូប​នេះ​បាន​មានប្រសាសន៍ថា​ ​ផ្លិត​ដែល​គាត់​កំពុង​ធ្វើ​ទាំងអស់​នេះ​ជា​ផ្លិត​ស្លាប​ត្រដក់​ ​និង​ ​ផ្លិត​ស្លាប​រនាល​ ​ដែល​មាន​ពណ៌​ខ្មៅរលើប​រលោង​តាម​ពណ៌​ធម្មជាតិ​របស់​ស្លាប​សត្វ​ទាំងនោះ​។​ ​ដោយសារ​តំបន់​នេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ព្រៃ​លិច​ជុំវិញ​បឹង​ទន្លេសាប​ ​តាំងពី​ដើម​រៀងមក​ ​ប្រជាជន​មួយ​ចំនួន​ប្រកបរបរ​នេសាទ​ចិញ្ចឹមជីវិត​។​ ​ដូចនេះ​ ​នៅ​ពេល​ទៅនេសាទ​ក្បែរ​ៗ​ព្រៃលិចទឹក​យូរៗម្តង​ ​ពួកគេ​ប្រមែប្រមូល​រោម​ស្លាប​សត្វ​ ​ពពួក​ត្រដក់​ ​និង​ ​រនាល​ ​ដែល​មាន​ស្លាប​ខ្មៅ​វែង​ល្អ​មក​ឲ្យ​អ្នក​ដែល​ចេះ​ធ្វើ​ផ្លិត​ក្នុង​ភូមិ​ឲ្យ​កែច្នៃ​ធ្វើជា​ផ្លិត​ទុក​ប្រើប្រាស់​តាមលំអាន​ទំនៀម​ដូនតា​ពី​បុរាណ​។​

          លោកតា​ដដែល​បាន​បញ្ជាក់​ថា​សម្រាប់​តំបន់​ដែល​លោកតា​រស់នៅ​ ​ផ្លិត​ស្លាប​សត្វ​នេះ​មិនមែន​ជា​ទំនិញ​សម្រាប់​លក់ដូរ​នៅ​តាម​ទី​ផ្សារ​ជាប្រចាំ​នោះ​ទេ​ ​គឺ​គេ​ធ្វើ​សម្រាប់​តែ​ទុក​ប្រើ​ឬ​លក់​មួយ​ពីរ​នៅពេលដែល​មាន​សត្វ​គេ​យកមក​ពី​ចម្ងាយ​តាម​ជាក់ស្តែង​។​ ​កាលពី​ជំនាន់​មុន​ក៏​មិនសូវ​សម្បូរ​អ្នកប្រើ​ផ្លិត​ប្រភេទ​នេះ​ដែរ​ ​ព្រោះ​ពិបាក​រក​អ្នកចេះ​ធ្វើ​ ​ហើយ​វា​មាន​តម្លៃ​ថ្លៃ​ជាង​ផ្លិត​ធម្មតា​ (​លោកតា​អះអាង​ថា​ផ្លិត​មួយ​មាន​តម្លៃ​១​៥​០​០​រៀល​ ​ប្រាក់​ខ្មែរ​ជំនាន់​មុន​)​។​ ​នៅ​ក្នុង​តំបន់​ស្រយូវ​នេះ​ ​កាលពីមុន​មានតែ​លោកតា​ព្រឹទ្ធាចារ្យ​ម្នាក់​ឈ្មោះ​ ​ម៉ាំ​ ​ជា​អតីត​អាចារ្យវត្ត​ក្តី​អ​ណ្តែ​ត​ ​ដែល​ចេះ​ធ្វើ​ផ្លិត​នេះ​ ​ហើយ​លុះ​លោកតា​នោះ​ទទួលអនិច្ចកម្ម​ទៅ​ ​គឺ​មានតែ​រូបលោក​តា​ម្នាក់​គត់​ដែល​ចេះ​ធ្វើ​បន្តម​ក​ដល់​សព្វថ្ងៃនេះ​។​ ​គិត​មកដល់​សព្វថ្ងៃនេះ​ ​លោកតា​រៀន​ចេះ​ធ្វើ​ផ្លិត​បែប​នេះ​ត​ពី​ចាស់ទុំ​ក្នុង​ភូមិ​អស់​រយៈពេល​ប្រមាណ​២​០​ឆ្នាំ​មក​ហើយ​ ​ហើយក៏​ពុំទាន់​មានកូន​ចៅ​សាច់ញាតិ​ឬ​អ្នកភូមិ​ផ្សេង​ណា​ម្នាក់​ចេះ​ធ្វើ​ដូច​លោកតា​នៅឡើយ​ទេ​។​ ​ដូចនេះ​ ​បើ​អ្នក​រស់នៅ​តំបន់​នេះ​ត្រូវការ​ផ្លិត​នេះ​ចាំបាច់​ត្រូវតែ​មក​ទាក់ទង​លោកតា​ឲ្យ​ធ្វើឲ្យ​ខានមិនបាន​។​

          ចំពោះ​ដំណាក់កាល​នៃ​ការ​ធ្វើ​ ​ដំបូង​ត្រូវ​យក​ស្លាប​សត្វ​លាង​ទឹក​ឲ្យ​ស្អាត​ ​ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត​ល្អ​ (​ឬ​គ្រាន់តែ​ជូត​ ​មិនបាច់​ហាលថ្ងៃ​ក៏បាន​ដែរ​)​។​ ​ស្លាប​ដែល​អាច​ធ្វើ​បាន​គឺ​ស្លាប​សត្វ​ត្រដក់​ ​ព្រោះ​វា​មាន​ស្លាប​វែង​ធំ​ ​ប៉ុន្តែ​គេ​អាច​ជំនួស​ដោយ​ស្លាប​សត្វ​រនាល​ ​ឬ​ ​ស្លាបទា​កាប៉ា​ធំ​ក៏បាន​ ​គ្រាន់តែ​វា​មាន​ប្រវែង​ខ្លី​ជាង​ស្លាប​ត្រដក់​ ​ធ្វើ​ផ្លិត​បាន​ទំហំ​តូច​ជាង​។​ ​ចំពោះ​ការ​ជ្រើសរើស​ស្លាប​ ​គឺ​ត្រូវ​ប្រើ​ស្លាប​សត្វ​មួយ​ក្បាល​សុទ្ធតែ​ម្តង​ ​ពោល​គឺ​មិន​អាច​ប្រើ​លាយ​ស្លាប​សត្វ​ចម្រុះ​បាន​ឡើយ​ ​ព្រោះ​ស្លាប​សត្វ​ផ្សេងគ្នា​មាន​ប្រវែង​មិន​ស្មើគ្នា​ ​យកមក​តម្រៀប​ធ្វើ​ផ្លិត​មិនកើត​នោះ​ទេ​។​ ​បន្ទាប់មក​ ​ត្រូវ​យក​ស្លាប​នោះ​មក​តម្រៀប​ឲ្យ​ស្អាត​ជា​រាង​ផ្លិត​ទៅតាម​ប្រវែង​គ្រោង​ស្លាប​សត្វ​ផ្ទាល់​(​មិនបាច់​កាត់តម្រឹម​ចុង​ស្លាប​) ​រួច​ទើប​ដេរ​ភ្ជាប់​ដោយ​ប្រើស​រ​សៃ​អំបោះ​។​ ​បន្ទាប់មក​ទៀត​ ​ត្រូវ​យក​ផ្លិត​ដែល​ដេរ​រួចមក​ចង​រុំ​នឹង​ខ្សែលួស​ឬ​ខ្សែ​នីឡុង​ ​ភ្ជាប់​ទៅ​នឹង​ដង​ប្ញស្សី​ពីងពង់​ឬ​កំណាត់​ឈើ​ធម្មតា​ដែល​មាន​ប្រវែង​ល្មម​ធ្វើ​ដង​កាន់​បាន​ ​មិន​ឲ្យ​វែង​ពេក​ ​ឬ​ ​ខ្លី​ពេក​ ​នាំឲ្យ​ពិបាក​កាន់​បក់​។​ ​តាម​បទពិសោធន៍​ជំនាញ​របស់​លោកតា​ ​លោកតា​អាច​ផលិត​ផ្លិត​បាន​ចំនួន​៤​-​៥​ផ្លិត​ក្នុងរយៈពេល​ពីរ​ថ្ងៃ​។​ ​ដោយឡែក​ ​ចំពោះ​វិធី​ថែទាំ​ផ្លិត​វិញ​ ​គឺ​គ្រាន់តែ​យក​ក្រណាត់​ស្ងួត​មក​ជូត​ធូលី​វា​ចេញ​បន្ទាប់ពី​ទុកចោល​យូរ​ជាការស្រេច​។

          ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ហើយ​ ​លោកតា​គ្រាន់តែ​ធ្វើ​ទុក​ប្រើប្រាស់​និង​លក់​ជូន​អ្នកភូមិ​បន្តិចបន្តួច​គ្រាន់នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ​ ​មិន​អាច​ទទួលការ​កុម្ម៉ង់​ទិញ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​យកទៅ​ចែកចាយ​លក់​បន្ត​នៅ​លើ​ទី​ផ្សារ​នោះ​ទេ​ប៉ុន្តែ​អាច​ជាវ​ទុកជា​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ឲ្យ​ក្មេងៗ​បាន​ស្គាល់​ពី​មត៌ក​ដូនតា​របស់យើង​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​អាស្រ័យ​លើ​វត្ថុធាតុដើម​ធម្មជាតិ​ដែល​មានស្រាប់​នៅ​ជុំវិញ​ ​ខ្លួន​។​ ​លោកតា​សង្ឃឹម​ថា​ក្មេង​ជំនាន់​ក្រោយៗ​នឹង​នៅ​ចងចាំ​ផ្លិត​បុរាណ​ប្រភេទ​នេះ​ជា​ដរាបតទៅ​ព្រោះ​វា​ជា​របស់បុរាណ​ដែល​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​ ​ក​ម្រ​រក​បាន​ណាស់​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​​


SUGGESTIONS