×

ពី​កាកសំណល់​តាម​វត្ត​ទៅជា​ចម្លាក់​ទៀន​ដ៏​មាន​តម្លៃ​តែមួយ​គ្មាន​ពីរ​នៅ​កម្ពុជា

NEWS 4 years ago
 
 

           និយាយ​ដល់​សិល្បៈ​ចម្លាក់​ ​នរណា​ក៏​ទទួលស្គាល់​ថា​ខ្មែរយើង​មាន​ប្រវត្តិ​សិល្បៈ​នេះ​ជា​យូរយារណាស់មកហើយ​ដែល​មាន​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​រាប់ពាន់​ប្រាសាទ​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ជា​សក្ខីភាព​ជាក់ស្តែង​ស្រាប់​មិន​អាច​ប្រកែក​បាន​។​ ​ចម្លាក់​ខ្មែរយើង​តាំងពី​បុរាណកាល​មក​មាន​ច្រើន​ប្រភេទ​ ​ជាអាទិ៍​រួម​មាន​ចម្លាក់​ថ្ម​ ​ចម្លាក់​ឈើ​ ​ច​ម្លាស់​មាស​ ​ចម្លាក់​ប្រាក់​ ​ចម្លាក់​ស្ពាន់​ ​។​ល​។​ ​ប៉ុន្តែ​នៅ​ក្នុង​យុគ​សម័យ​ដើម​សតវត្សរ៍​ ​ទី​២​១​ថ្មី​នេះ​ ​លោក​សា​ស្រ្តាចារ្យ ​ព្រហ្ម​ ​វិចិត្រ​ ​ស្ថាបនិក​ ​និង​ ​ជា​សា​ស្រ្តាចារ្យ​គំនូរ​ផ្ទាល់​នៃ​អង្គការ​ “​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​” (​Khmer​ ​Artist​ ​for​ ​Child​r​e​n ​Organization​) ​បាន​ផ្តួច​ផ្តួច​គំនិត​បង្កើត​ស្នាដៃ​ចម្លាក់​មួយ​ប្រភេទ​ទៀត​គឺ​ “​ចម្លាក់​ទៀន​” ​ដែល​មិនមែន​ជា​ការ​ឆ្លាក់​ក្បូរ​ក្បាច់​នៅ​លើ​ទៀន​ព្រះវស្សា​នោះ​ទេ​ ​ប៉ុន្តែ​ជា​សិល្បៈ​ថ្មី​មួយ​បែប​ទៀត​ដែល​គ្មាន​ជន​ណា​ម្នាក់​ធ្លាប់​នឹកនា​ធ្វើ​ពីមុន​មក​នោះ​ទេ​។

           ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​នៅ​ទីតាំង​អង្គការ​របស់​លោក​នៅ​ភូមិ​ក្រាំង​ពង្រ​សង្កាត់​ក្រាំង​ពង្រ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ (​ម្តុំ​ក្រោយ​វត្ត​ទឹកថ្លា​ ​ក្បែរ​ទំនប់​៧​មករា​ ​ផ្លូវជាតិ​លេខ​ ​៣​) ​វិចិត្រករ​ជើងចាស់​ ​ព្រហ្ម​ ​វិចិត្រ​ ​ជា​មន្ត្រី​វិចិត្រករ​ចូលនិវត្តន៍​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ ​អង្គការ​ទ​ស្សនៈ​ពិភពលោក​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​ស​ម្លេ​ង​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​បាន​រំ​ព្ញ​ក​ពី​ជំហាន​ចាប់ផ្តើម​បង្កើត​សិល្បៈ​ចម្លាក់​ទៀន​ ​ដែល​ជា​អត្តសញ្ញាណ​ធំ​មួយ​របស់​អង្គការ​នេះ​ថា​ ​ដោយសារតែ​ឃើញ​មាន​កាកសំណល់​ទៀន​នៅ​តាម​វត្តអារាម​ក្នុង​មូលដ្ឋាន​តំបន់​របស់​លោក​ដែល​មិន​ត្រូវ​បាន​គេ​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​ ​ទើប​លោក​​​មានបំណង​ចង់​រំលេច​វា​ឲ្យទៅ​ជា​វត្ថុ​សិល្បៈ​មានប្រយោជន៍​ ​ពោល​គឺ​យក​វា​ទៅ​ប្រើប្រាស់​ធ្វើជា​វត្ថុធាតុដើម​ថ្មី​សម្រាប់​បង្កើត​ផ្ទាំង​ចម្លាក់​ឲ្យ​សិស្ស​គំនូរ​-​ចម្លាក់​នៅ​ក្នុង​អង្គការ​របស់​លោក​បាន​សិក្សា​ ​អនុវត្ត​ឆ្លាក់​ជំនួស​ការប្រើប្រាស់​កំណាត់​ឈើ​។​

           ​ឆ្លើយតបនឹង​សំនួរ​ទាក់ទង​នឹង​អត្ថប្រយោជន៍​ការសិក្សា​ចម្លាក់​ទៀន​ ​នាយក​ប្រតិបត្តិ​អង្គការ​វ័យ​ជាង​៦​០​ឆ្នាំ​រូប​នេះ​ ​បាន​បង្ហាញ​អំពី​សារៈសំខាន់​នៃ​សិល្បៈ​ចម្លាក់​នេះ​ថា​ “​ទីមួយ​ ​យើង​ចង់​អភិ​រក្ស​កេរ​ដូនតា​របស់យើង​គឺ​ក្បាច់​។​ ​ទីពីរ​ ​គឺ​ទៀន​គេ​ចោល​ ​កាលណា​វា​រលាយ​ទៅជា​អាចម៍​ (​កាក​ទៀន​) ​ហើយ​ ​គេ​លក់​ឲ្យ​អេតចាយ​។​ (​ទោះ​) ​ទៀន​គេ​អាច​ស្ល​ប្រើ​ឡើងវិញ​ ​តែ​យើង​ជា​វិចិត្រករ​ ​យើង​ចង់​យក​អា​ហ្នឹង​ទៅ​ធ្វើជា​ស្នាដៃ​ដូនតា​ ​ជា​ចម្លាក់​ត​ (​ពី​ពួកគាត់​) ​។​ ​ជាពិសេស​ ​ធ្វើឲ្យ​ក្មេងៗ​ចេះ​ទប់អារម្មណ៍​របស់​ពួកគេ​ ​ទៀន​បើកាលណា​ចាក់មួយកាំបិត​ខុស​គឺ​ខុស​ក្បាច់​វា​ហើយ​ ​បើ​ឈើ​យើង​អាច​បិត​បាន​ ​តែ​ទៀន​ ​អត់ទេ​! […] ” ​។​ ​លោក​បាន​បន្ថែម​ថា​ ​ដើម្បី​ឆ្លាក់រូប​លើ​ផ្ទាំង​កំណក​ទៀន​បាន​ល្អ​ស្អាត​ ​សិស្សានុសិស្ស​ម្នាក់ៗ​ត្រូវ​យកចិត្តទុកដាក់​ផ្តោត​អារម្មណ៍​លើ​រូប​ដែល​ត្រូវ​ឆ្លាក់​ឲ្យ​មូល​ ​ហើយ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​មុខកាំបិត​ជាង​ការ​ឆ្លាក់​ចម្លាក់​លើ​ផ្ទាំង​ឈើ​ទ្វេ​ដង​ដើម្បី​ចៀ​ង​វាង​កំហុស​ដោយ​អចេតនា​ដែល​បណ្តាលឲ្យ​ខូច​ផ្ទាំង​ទៀន​នោះ​មិន​អាច​ជួសជុល​បាន​។​

           យុវតី​ ​កង​ ​ធារី​ ​អាយុ​ ​១​៧​ឆ្នាំ​ ​កំពុង​រស់នៅ​ភូមិ​ក្រាំង​ពង្រ​ ​សង្កាត់​ក្រាំង​ពង្រ​ ​ខណ្ឌ​ដង្កោ​ ​ដែល​ជា​សិស្ស​គំនូរ​-​ចម្លាក់​ទៀន​នៅ​ក្នុង​អង្គការ​នេះ​ ​បាន​និយាយប្រាប់​ថា​ ​ប្អូនស្រី​បាន​មក​សិក្សា​ជំនាញ​នេះ​នៅ​ក្នុង​អង្គការ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​ ​តាំងពី​ពេល​អង្គការ​នេះ​ទើប​ដំណើរការ​ដំបូង​មក​ម្ល៉េះ​។​ ​ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា​នៅ​សាលា​រដ្ឋ​ ​នាង​និង​មិត្តភក្តិ​ចំនួន​០​៥​នាក់​បាន​មក​រៀន​នៅ​ទីនេះ​មួយ​ស​ប្តាហ៍​ម្តង​ ​ជា​រៀងរាល់ថ្ងៃ​អាទិត្យ​។​ ​មុននឹង​ឈាន​មក​ឆ្លាក់​ចម្លាក់​ទៀន​នេះ​ ​នាង​ត្រូវ​ឆ្លងកាត់​ការសិក្សា​គំនូរ​លើ​ក្រដាស​ធម្មតា​ជាមុន​សិន​។​ ​ពីរ​ឆ្នាំក្រោយ​មក​ ​ទើប​លោកគ្រូ​អនុញ្ញាត​ឲ្យ​នាង​ចាប់​យក​ជំនាញ​ចម្លាក់​ទៀន​រហូតដល់​សព្វថ្ងៃនេះ​។​ ​កន្លងមក​ ​នាង​ធ្លាប់​ឆ្លាក់រូប​លើ​ទៀន​ជាច្រើន​ផ្ទាំង​ ​ដូចជា​ ​រូប​ចម្លាក់​ហនុមាន​ ​និង​ ​រូប​ចម្លាក់​នាង​មច្ឆា​ ​ជាដើម​។​

           ​ការ​រៀន​ជំនាញ​ចម្លាក់​ទៀន​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ​ហើយក៏​មិនមែន​សិស្ស​ទាំងអស់​តស៊ូ​រៀន​ដល់​ចប់ចុងចប់ដើម​នោះ​ដែរ​។​ ​ជាក់ស្តែង​ក្នុងចំណោម​សិស្ស​៦​នាក់​ដែល​ចាប់ផ្តើម​រៀន​នៅ​ទីនេះ​ជាមួយគ្នា​ ​សព្វថ្ងៃ​នៅសល់​តែ​គ្នា​៤​នាក់​ប៉ុណ្ណោះ​ដែល​នៅ​តស៊ូ​រៀន​បន្ត​។​ ​ក្នុងនាម​ជា​សិស្ស​ដែល​សិក្សា​យូរឆ្នាំ​មក​ហើយ​ ​យុវតី​ខាងលើ​បាន​អះអាង​ថា​ ​ក្រៅពី​ការ​ព្យាយាម​ស្តាប់​គ្រូ​បង្ហាត់បង្ហាញ​នៅ​ក្នុង​ថ្នាក់​ ​នាង​ក៏​ត្រូវ​ចំណាយ​ពេល​អាន​សៀវភៅ​ស្តីពី​គំនូរ​-​ចម្លាក់​បន្ថែម​ដោយខ្លួនឯង​ ​ព្រមទាំង​ស្រាវជ្រាវ​តាមរយៈ​បណ្តាញ​យូ​ធូប​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​។​ ​ដោយឡែក​ ​ចំពោះ​ការ​អនុវត្ត​ឆ្លាក់​វិញ​ ​នាង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ​​២​-​៣​ថ្ងៃ​ក្នុង​មួយ​ផ្ទាំង​ ​ឬ​ ​អាច​ឈាន​ដល់​លើស​ពី​មួយ​ស​ប្តាហ៍​ក៏មាន​ ​អាស្រ័យ​លើ​រូប​ដែល​ត្រូវ​ឆ្លាក់​ថា​តើ​ស្រួល​ឬ​ពិបាក​ក​ម្រិ​ត​ណា​ ​ហើយ​វាក៏​អាស្រ័យ​លើ​អារម្មណ៍​នៅ​ពេល​ឆ្លាក់​ជាក់ស្តែង​ផង​ដែរ​។​

           យុវតី​ដដែល​ក៏បាន​ពន្យល់​ប្រាប់​ផង​ដែរ​ថា​ ​ចំពោះ​ដំណាក់កាល​ផលិត​ចម្លាក់​ទៀន​ ​ដំបូង​ត្រូវ​ប្រមូល​កាក​ទៀន​ ​ឬ​ ​ហៅថា​អាចម៍​ទៀន​នោះ​យកមក​ស្ល​រំលាយ​ ​ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ពុម្ព​របស់​វា​។​ ​បន្ទាប់មក​ ​ត្រូវចិត្ត​សាច់​ទៀន​ឲ្យ​ស្មើ​ល្អ​ ​ទើប​យក​ក្រដាស​គំនូរ​មក​កាល់​(​ធ្វើឲ្យ​ដាម​) ​ពីលើ​សាច់​ទៀន​។​ ​បន្ទាប់មក​ទៀត​ ​ត្រូវ​យក​កាំបិត​មុខ​តូច​ឬ​ធំ​ទៅ​តាមខ្នាត​ចំណុច​ដែល​ត្រូវ​ឆ្លាក់​មក​ឆ្កឹះ​ឆ្លាក់​ឲ្យបាន​លម្អិត​ទៅតាម​អ្វី​ដែល​យើង​ចង់បាន​។​ ​សព្វថ្ងៃ​ ​នាង​កំពុង​ព្យាយាម​ហ្វឹកហាត់​បន្ថែម​លើ​ការ​គូរ​ទម្រង់​រូប​ភ្នែក​ ​ព្រោះ​នាង​យល់ថា​ចំពោះ​គំនូរ​បុរាណ​ ​បើ​ទម្រង់​ភ្នែក​ស្អាត​នោះ​ទើប​មើលទៅ​ឃើញ​រូប​ទាំងមូល​ស្អាត​។​ ​ជាចុងក្រោយ​ ​ប្អូនស្រី​បាន​ ​សម្តែង​ចំណាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​ថា​ “​សម្រាប់​ខ្ញុំ​ ​ធ្វើការងារ​នេះ​វា​ស្រួល​ ​បាន​ឯករាជ្យ​ខ្លួនឯង​ ​អត់​ចាំបាច់​នៅ​ក្រោម​អ្នកណា​គេ​ ​និយាយទៅ​មាន​សេរីភាព​! ​ធំឡើង​ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូបង្រៀន​ជំនាញ​នេះ​នៅ​សាកល​!” ​។​ ​ប្អូនស្រី​ក៏​សង្ឃឹម​ថា​ ​យុវជន​យុវតី​ដែល​មានបំណង​សិក្សា​ជំនាញ​នេះ​ដូច​ប្អូន​នឹង​ខិតខំ​អភិវឌ្ឍ​ស្នាដៃ​របស់​ខ្លួន​ជា​បន្ត​ ​មិន​បាក់ទឹកចិត្ត​បោះបង់​វា​ចោល​ឡើយ​៕​

Article by SRIN SOKMEAN


SUGGESTIONS