រំដួល លិចទឹក តបស្នងប្រជាប្រិយភាពមកអភរិក្សផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ជាតិខ្មែរ
NEWS 4 years agoភោគផលដំណាំដាំដុះបន្លែបង្ការទៅតាមរដូវកាលនិងសម្ភារប្រើប្រាស់ប្រពៃណីខ្មែរនានាត្រូវបានបុរសរាងច្រឡឹងសម្បុរស្រអែមស្រស់ប្រមែប្រមូលយកមកច្នៃធ្វើជាសម្លៀកបំពាក់ គ្រឿងបំពាក់តាក់តែងកាយ ស្លៀកពាក់ទ្រង់គ្រឿងយ៉ាងប្រណីតប្លែកភ្នែករមែងពញ្ញាក់អារម្មណ៍មហាជនជារឿយៗនៅលើបណ្តាញសង្គមដែលបានធ្វើឲ្យប្រជាជនខ្មែរយើងគ្រប់រូបគ្រប់វ័យស្រទាប់ទូទាំងប្រទេសស្គាល់ឈ្មោះយ៉ាងច្បាស់ថា «រំដួល លិចទឹក»។ អស់រយៈពេលប្រមាណជាងកន្លះទសវត្សរ៍ រំដួល លិចទឹក មិនត្រឹមតែក្រសោបប្រជាប្រិយភាពតាមរយៈការប្រើបន្លែផ្លែឈើក្នុងស្រុកមកបង្កើតជាឈុតសម្លៀកបំពាក់ប្លែកៗប៉ុណ្ណោះទេ ថែមទាំងប្រើភាពល្បីល្បាញរបស់ខ្លួនមករួមចំណែកកិច្ចការសង្គមរួមទាំងអភិរក្សនិងផ្សព្វផ្សាយទៅលើសិល្បៈវប្បធម៌ក៏ដូចជាសម្បត្តិធម្មជាតិរបស់ប្រទេសជាតិផងដែរ។ ការពិតណាស់ នេះគឺជាវត្តមានលើកទីពីរហើយសម្រាប់ការបង្ហាញខ្លួនរបស់ រំដួល លិចទឹក នៅលើទំព័រអត្ថបទសម្ភាសន៍របស់ទស្សនាវដ្តីសូវរីន បន្ទាប់ពីលោកធ្លាប់ចូលខ្លួនមកបង្ហើបអំពីជីវប្រវត្តិ ក៏ដូចជាដើមចមនៃការធ្វើឲ្យផ្ទុះកេរ្តិ៍ឈ្មោះល្បីកក្រើកនាគ្រាដំបូងកាលពីទស្សនាវដ្តីសូវរីនចេញលេខទី ៤៩ ប្រចាំខែតុលាឆ្នាំ ២០១៥។ វត្តមានជាថ្មីនៅលើអត្ថបទនេះ សូវរីន នឹងធ្វើបច្ចុប្បន្នភាពបទសម្ភាសន៍លម្អិតអំពីបទពិសោធន៍ការងារ ការរីកចម្រើនលើភាពច្នៃប្រតិដ្ឋ និងការប្រើប្រាស់ភាពល្បីល្បាញជាប្រយោជន៍ចំពោះសង្គមនិងសិល្បៈវប្បធម៌ជាតិ។
នៅតែរក្សាភាពរួសរាយរាក់ទាក់ដូចដើមជាមួយស្នាមញញឹមយ៉ាងពព្រាយ រំដួល លិចទឹក ដែលមានឈ្មោះពិតថា ម៉ិញ ចាន់វ៉ាន់ដា បានរៀបរាប់ប្រាប់សូវរីនថា បច្ចុប្បន្ចលោកមិនត្រឹមតែមានអាជីពជា អ្នកជំនាញផាត់មុខ និងជាអ្នកបង្កើតសិល្បៈច្នៃប្រតិដ្ឋឈុតប្លែកៗដូចមុនទៀតនោះទេ ពោលថែមទាំងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ ជាតារាសម្តែង ជាតារាបង្ហាញម៉ូដ និងជាអគ្គនាយកកម្មវិធីប្រឡងបវរកញ្ញាឯកភពផែនដីកម្ពុជាឬ Miss Planet Cambodia ផងដែរ។ ឆ្លៀតរំឭកការងារសិល្បៈដំបូងបន្តិច រំដួល ដែលមានក្តីស្រមៃធ្វើជាវេជ្ជបណ្ឌិតប៉ុន្តែបែរជាមកជាប់ជំពាក់មហិច្ឆតាលើជំនាញតុបតែងមុខបានរៀបរាប់ដូច្នេះ «ខ្ញុំហ៊ានធ្វើខ្លួនប្លែកៗហ្នឹងគឺតាំងពីចាប់ផ្តើមធ្វើការជាមួយទស្សនាវដ្តីសូវរីនដំបូងបំផុតនៅក្នុងឆ្នាំ២០១៥ នៅពេលធ្វើឡើងកាន់តែច្រើន ខ្ញុំកាន់តែហ៊ានបង្ហាញនៅលើបណ្តាញសង្គម(សើច...)»។ យើងចាំបានថាកាលនោះរំដួលទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈការតុបតែងមុខធ្វើខ្លួនថតចម្លងស្ទីលដូចទៅនឹងតារាហូលីវូដល្បីៗ ជាពិសេសគឺរូបឡូហ្គូម្សៅភេសាត់ដែលមានរូបទេពធីតាកាន់សត្វព្រាប។ មិនយូរប៉ុន្មានប្រជាប្រិយភាពភាពច្នៃប្រតិដ្ឋបានធ្វើឲ្យរំដួលផ្លាស់ប្តូរផ្នត់គំនិតដែលខ្លួនធ្លាប់តែចម្លងស្ទីលពីគេឲ្យងាកមកបង្កើតអ្វីដែលជាស្ទីលរបស់ខ្លួនវិញ។ «កាលហ្នឹងខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែខ្ញុំបានផ្លាស់ប្តូរផ្នត់គំនិតមកវិញថា ខ្ញុំគួរតែប្រើប្រាស់ប្រជាប្រិយភាពមកជាការជួយផ្សព្វផ្សាយដូចជា ការបង្ហាញ ការក្រើនរំឭក និងជាសារអប់រំផ្សេងៗ ឬរំឭកអនុស្សាវរីយ៍ចាស់ៗជាមួយវត្ថុប្រើប្រាស់ពីអតីតកាល ដោយបញ្ចូលសិល្បៈច្នៃប្រតិដ្ឋស្លៀកពាក់តុបតែងបែបសហសម័យលាយឡំនឹងការថតទឹកមុខបែបកំប្លែងៗខ្លះផងដែរ»។ តួយ៉ាងឈុតជាច្រើនម៉ូដបានរំលេចឡើងជាបន្តបន្ទាប់ដែលមើលទៅជាការអភិរក្សផង ជាសារអប់រំផង ហើយក៏ជាហ្វេហ្សិនប្លែកភ្នែកផងនោះ ក្នុងនោះឈុតគួរឲ្យចាប់អារម្មណ៍រួមមាន ឈុតធ្វើពីមួកការពារសុវត្ថិភាព ឈុតធ្វើពីសំរាមថង់ផ្លាស្ទិក និងឈុតធ្វើពីក្រមាជាដើម។
ប្រឡូកក្នុងការងារសិល្បៈច្នៃប្រតិដ្ឋមកដល់សព្វថ្ងៃ រំដួលរមែងប្រកាន់ខ្ជាប់គោលជំហររបស់ខ្លួនដូចនេះ « រយៈពេលប្រាំឆ្នាំមកនេះខ្ញុំបានលះបង់ពេលវេលា លះបង់កម្លាំងកាយ កម្លាំងចិត្ត រួមទាំងថវិកាផ្ទាល់ខ្លួនចំពោះវិស័យច្នៃប្រតិដ្ឋយ៉ាងខ្លាំង ខ្ញុំធ្វើដោយក្តីស្រឡាញ់ដើម្បីសិល្បៈវប្បធម៌ជាតិ ដើម្បីប្រទេសជាតិរបស់ខ្ញុំ។ ប្រាំឆ្នាំបើនិយាយពី រំដួល លិចទឹក បើគេមិនស្គាល់មុខក៏គេស្គាល់ ឈ្មោះដែរ។ ខ្ញុំទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្ញុំ អីចឹងខ្ញុំគួរតែតបស្នងប្រជាប្រិយភាពរបស់ខ្ញុំទៅពួកគាត់វិញ ដោយបង្កើតជាការច្នៃប្រតិដ្ឋពាក់ព័ន្ធជាមួយសិល្បៈ វប្បធម៌ ធនធានធម្មជាតិ បរិស្ថាន និងទេសចរណ៍ជាដើម»។ យ៉ាងណាមិញ កាលពីឆ្នាំ២០១៦ រំដួលទទួលបានអាហាររូបករណ៍ផ្នែកសិល្បៈនិងវប្បធម៌ជាតិពីអង្គការសិល្បៈខ្មែរអមតៈ បន្ទាប់ពីនោះមកលោកក៏បង្កើតកម្មវិធីមហោស្របសិល្បៈនិងបរិស្ថានដោយមានការចូលរួមពីសិល្បករបួនរូបទៀតដូចជា អ្នកនាង ហៀក ភារី អ្នកនាង សួស ស៊ីណាត លោកអាន់ រស្មី និងលោក អ៊ូ ប៊ុនថង។ រៀងរាល់ឆ្នាំកម្មវិធីនេះប្រព្រឹត្តិឡើងពីរដងនៅតាមបណ្តាខេត្ត និងធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិល្បៈក្នុងការអភិវឌ្ឍន៍សង្គម ចូមរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ផ្លាស្ទិក។ លើសពីនេះរំដួលក៏រមែងបង្កើតកម្មវិធីសប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយសាងសង់សាលារៀណ ជួយសិស្សក្រីក្រ ជនក្រីក្រ ជួយលើកកម្ពស់ជីវភាពសហគមន៍ និងកម្មវិធីមួយចំនួនទៀតជួយផ្សព្វផ្សាយស្នាដៃសិល្បករខ្មែរជើងចាស់ជាន់ថ្មីដែលមិនទាន់មានឱកាសបានបង្ហាញ។
ត្រឡប់មកជជីកសួរអំពីការច្នៃម៉ូដវិញ បើសរុបមកទល់ពេលបច្ចុប្បន្នរំដួលបានឲ្យដឹងថាឈុតដែលខ្លួនបានធ្វើឡើងមិនគឺតិចជាង ៣០០ឈុតឡើយ។ សម្លៀកបំពាក់ គ្រឿងបំពាក់ ទ្រង់គ្រឿងរចនាផ្សំឡើងពី មែក ស្លឹក ផ្លែ ផ្កា នៃរុក្ខជាតិ ក្នុងនោះឈុតធ្វើពីរុក្ខជាតិស្រស់ៗកន្លងមករួមមាន ផ្ការំដួល ផ្កាឈូក ផ្កាក្ងោក ផ្កាសិរមាន់ ផ្កាស្លា ផ្កាចេកមាស ផ្លាលឿងរាជ ចេក ពទ្រា សណ្តែកកួរ ត្រកួន បំពេញរាជ្យ ត្នោត ផ្លែទឹកដោះ ព្រលិត ល្ពៅ ស្រូវ ម្ទេស ស្លឹកស្វាយ ទំពំាងបាយជូរ ដំឡូង ផ្លែគុយ ផ្លែរកាំ ឫស្សី ទុរេន មានព្រៃ គ្រាប់ធញ្ញជាតិខ្មែរ គ្រឿងឱសថបុរាណស្រស់ បន្លែគ្រឿងអន្លក់ទឹកប្រហុក ព្រមទាំងសម្ភារប្រើប្រាស់ប្រពៃណីនិងបុរាណមានដូចជា ចង្កៀងប្រេង ឆ្នាំងអ៊ុតប្រើធ្យូង ក្រមា កន្ទេលនិងមួកស្លឹកត្នោត សម្ភារផ្ទះបាយខ្មែរបុរាណ ឧបករណ៍នេសាទខ្មែរ ឧបករណ៍ភ្លេងខ្មែរ ឧបករណ៍រោងជាងខ្មែរ សូម្បីតែ ប្រាក់រៀល អាហារស៊ុតចៀន ក្តាមស្ងោរ សង្វាក់ និងកាកអំពៅជាដើម ក៏រំដួលអាចច្នៃរំលេចជាឈុតសម្លៀកបំពាក់និងគ្រឿងតាក់តែងកាយបង្កភាពប្លែកភ្នែកទាក់អារម្មណ៍គួរឲ្យស្ងើចសរសើរផងដែរ។ រំដួលបានលើកឡើងថា របស់របរដែលយកមកច្នៃសម្លៀកបំពាក់គឺជ្រើសរើសតែធនធានធម្មជាតិនិងផលិតផលដែលមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយរបស់ទាំងនោះទៀតសោតសុទ្ធសឹងមានអត្ថន័យអត្តសញ្ញាណក៏ដូចជាប្រភពច្បាស់លាស់របស់ពួកវាផងដែរ «មុនពេលខ្ញុំជ្រើសរើសវត្ថុធាតុដើមណាមួយមកច្នៃ ឧទាហរណ៍ដូចជាផ្លែគុយ ខ្ញុំត្រូវស្រាវជ្រាវទៅលើប្រភពផ្លែឈើនោះឲ្យបានច្បាស់លាស់ជាមុនសិន ថាវាមានដុះនៅកន្លែងណា រដូវណា ដើមវាយ៉ាងម៉េច តើគេយកវាទៅធ្វើអ្វីខ្លះ និងហូបទៅផ្តល់ប្រយោជន៍អ្វីខ្លះ ដើម្បីសរសេររៀបរាប់លម្អិតបង្ហោះភ្ជាប់មកជាមួយរូបភាពឲ្យអ្នកមើលបានឃើញពីភាពប្លែកភ្នែកជាមួយឈុត និងបានយល់ដឹងអំពីតម្លៃនៃផ្លែឈើនោះយ៉ាងច្បាស់ទៀតផង»។ ខុសពីអ្នកច្នៃម៉ូដទូទៅរាល់ពេលច្នៃម៉ូដរំដួលមិនទម្លាប់គូរម៉ូដព្រាងទុកមុនឡើយ ពោលនឹកឃើញភ្លាមគឺធ្វើភ្លែតតែម្តង។ រំដួលត្អូញត្អែរថាឈុតធ្វើរាល់ដងគឺធ្វើទៅតាមរដូវកាល ប៉ុន្តែផ្លែឈើខ្លះពេលដល់រដូវលោកបែរជាគ្មានពេលធ្វើ ហើយដល់ពេលមានពេលធ្វើបែរជាខ្វះថវិកាចំណាយ ហើយផ្លែឈើខ្លះទៀតពេលដល់រដូវតែមិនដឹងទៅរកនៅឯណា ដោយសារតែផ្លែឈើមួយចំនួនមានដុះនិងដាំដុះនៅតាមខេត្តផ្សេងៗគ្នា។ ដូច្នេះឈុតមួយចំនួនអាចធ្វើឡើងបានក៏អាស្រ័យទៅលើឱកាសពេលឆ្លៀតធ្វើដំណើរទៅបំពេញការងារនៅតាមតំបន់ដែលមានបន្លែផ្លែឈើទាំងនោះ និយាយរួមជួនឃើញនៅកន្លែងណាបេះបោចច្នៃចាក់ដោតធ្វើនៅកន្លែងនោះភ្លែតតែម្តង។
គ្រឿងម្កុដខ្សែកខ្សែដៃបំពាក់លម្អលើឈុតបុរាណសម័យ កន្លងមកយើងធ្លាប់តែឃើញរំដួលច្នៃពីធនធានធម្មជាតិស្រស់ៗរួចថតបង្ហោះនៅលើបណ្តាញសង្គម ដែលសមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងអំពីភាពច្នៃប្រតិដ្ឋដែលបង្កប់ទៅដោយក្តីស្រឡាញ់ ទេពកោសល្យ និងការងារដ៏យកចិត្តទុកដាក់មួយ។ «គ្រឿងធម្មជាតិគឺពិបាកធ្វើខ្លាំងណាស់ ដោយសារតែរបស់អស់ទាំងនេះទាមទារការដេរដោយដៃសុទ្ធមិនអាចប្រើម៉ាស៊ីនបានឡើយ របស់ខ្លះរឹង ខ្លះស្រួយ ខ្លះទៀតក៏ឆាប់ខូច ដែលវាត្រូវការភាពអំណត់ ការយកចិត្តទុកដាក់ ការថ្នាក់ថ្មម និងប្រើក្តីស្រឡាញ់ទម្រាំសម្រាំងបានឈុតមួយមក»។ រំដួលបញ្ជាក់ថា សម្រាប់ឈុតធ្វើពីធម្មជាតិស្រស់ៗត្រូវកំណត់ពេលត្រឹមបួនម៉ោងគឺត្រូវតែហើយ បើមិនដូច្នោះទេរបស់នោះនឹងក្រៀមស្វិតស្រពោនមិនខាន ហើយក្នុងនោះផ្ការំដួលជាឧទាហរណ៍មួយដែលវាប៉ះងាយដាច់ងាយរបេះងាយជាំជាងគេ។ ជាមួយគ្នានេះរំដួលបានបង្ហើបអំពីទំនោរច្នៃម៉ូដរបស់ខ្លួនដែរថា «រំដួលប្រៀបបាននឹងមនុស្សស្រីគ្រប់លក្ខណ៍ ស្រគត់ស្រគំ ប្រិមប្រិយ ប៉ុន្តែសិចស៊ីបន្តិចបន្តួចបែបហ្វេហ្សិនសហសម័យ»។ រំដួលប្រាប់ទៀតថា ដ្បិតឈុតខ្លះច្នៃបែបសម័យលាយបុរាណប៉ុន្តែយើងមិនត្រូវឲ្យមានភាពខុសឆ្គងឡើយ ឧទាហរណ៍ដូចជាឈុតដែលរំដួលទើបធ្វើឡើងពីស្លឹកនិងផ្ការំដួលដែលបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ ចំពោះសម្លៀកបំពាក់រំដួលច្នៃជារ៉ូបសម័យ រីឯម្កុដនិងម៉ូដសក់វិញរំដួលធ្វើបែបសម័យចេនឡាដោយរក្សារាងរៅទម្រង់ដូចដើម។ ទន្ទឹមនឹងទទួលសារសរសើរពីសំណាក់មហាជន ព្រមគ្នានេះរំដួលក៏ទទួលបានមតិរិះគន់ផងដែរ។ «គេ Comment ថាឲ្យខ្ញុំសុទ្ធតែ ខ្ទើយមុខអាក្រក់ ធ្វើអីឆ្កួតៗគួរឲ្យស្អប់ ខ្លួនជាប្រុសម៉េចធ្វើបែបនឹង បំផ្លាញតម្លៃស្ត្រីខ្មែរអស់។ ដំបូងខ្ញុំបាក់ទឹកចិត្តយ៉ាង អង្គុយយំម្តងៗ ប៉ុន្តែដោយសារបានកម្លាំងចិត្តពីបងស្រីធម៌ម្នាក់ ជាពិសេសពីអ្នកគ្រាំទ្ររាប់ម៉ឺនរាប់សែននាក់ទើបធ្វើឲ្យខ្ញុំលែងគិតលែងខ្វល់ហើយងាកមកសម្រេចអ្វីដែលខ្ញុំចង់ធ្វើនិងស្រឡាញ់មកដល់សព្វថ្ងៃ»។
ច្នៃឈុតឡើងញឹកញយ ចុះបើសួរថាតើរំដួលចេះវិជ្ជាដេប៉ាក់មកពីណា? រំដួលឆ្លើយទាំងញញឹមថា ដោយសារកាលពីមុនអ្នកម្តាយជាប្រធានសមាគមន៍ ជាគ្រូបង្រៀនកាត់ដេរ ហើយបានបង្រៀនតទៅបងស្រីជីដូនមួយរួចក៏បន្តមកប្អូនស្រីរបស់ខ្លួន អ្វីដែលសំខាន់រំដួលមិនបានរៀនអ្វីច្រើនឡើយ គ្រាន់តែលួចមើលការធ្វើរបស់ប្អូន គួបផ្សំរៀនការដេរថ្នេរតាមមេរៀនលើសៀវភៅសិក្សាសង្គមថ្នាក់ទី៤ក៏អាចធ្វើឲ្យរំដួលចេះការដេប៉ាក់យ៉ាងស្ទាត់ជំនាញ។
ដូចបានជ្រាបនៅខាងដើម រំដួលបានប្រឡូកការងារជាអ្នកតុបតែងមុខនិងធ្វើសក់ជាមួយសូវរីនតាំងពីឆ្នាំ ២០១៥ ហើយរហូតមកទល់បច្ចុប្បន្នជារឿយៗរំដួលបានប្រើប្រាស់ទេពកោសល្យរបស់ខ្លួនមកបង្កើតភាពប្លែកភ្នែកនៅលើទំព័រទស្សនាវដ្តីជានិច្ចមិនថា ការផាត់មុខធ្វើសក់ ការច្នៃសម្លៀកបំពាក់ និងគ្រឿងបំពាក់តាក់តែងកាយប្រកបដោយហ្វេហ្សិននិយមបំផុត។ រំដួលបានលើកពីចំណាប់អារម្មណ៍ថា «សម្រាប់ការងារជាមួយសូវរីនខ្ញុំចូលចិត្តខ្លាំង សូវរីនបានធ្វើឲ្យខ្ញុំសម្រេចក្តីស្រមៃធ្វើការនៅក្នុងវិស័យហ្វេហ្សិន ផ្តល់ឱកាសឲ្យខ្ញុំបានបង្ហាញសមត្ថភាព ឲ្យខ្ញុំស្គាល់ហ្វេហ្សិនកាន់តែច្រើន ស្គាល់ស៊ីជម្រៅពីការថតរូប ស្គាល់ពីអ្វីជាទំនោរនិយមសម័យថ្មី និយាយរួមឲ្យខ្ញុំអភិវឌ្ឍសមត្ថភាពជាមួយវិស័យហ្វេហ្សិនស្ទើរមិនគួរឲ្យជឿ»។ ជាចុងក្រោយ រំដួលសូមថ្លែងអំណរគុណចំពោះទស្សនាវដ្តីសូវរីនក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែគំាទ្រតាមដានរាល់ស្នាដៃច្នៃប្រតិដ្ឋនិងសកម្មភាពសង្គមនានា ហើយរំដួលបានផ្តែផ្តាំថា សម្រាប់បងៗប្អូនៗទាំងអស់ប្រសិនបើមានសមត្ថភាពគួរកុំលាក់កុំខ្មាសអៀនក្នុងការបង្ហាញ ហើយបើដឹងខ្លួនថាស្រឡាញ់អ្វីហើយត្រូវព្យាយាមចាប់ឲ្យជាប់ចាប់ឲ្យច្បាស់នោះទើបយើងទទួលបានជោគជ័យ។ រំដួលក៏ស្ម័គ្រផ្តល់ចំណេះសម្រាប់អ្នកចង់សិក្សាស្វែងយល់ពីភាពច្នៃប្រតិដ្ឋរបស់ខ្លួនដោយមិនគិតថ្លៃអ្វីឡើយ រួមទាំងសហការការងារដោយក្តីរីករាយផងដែរ។ «ធនធានធម្មជាតិស្រុកយើមានច្រើនណាស់ ធ្វើមិនអស់ទេ ខ្ញុំនឹងធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន ជីវិតយើងខ្លីបើឲ្យខ្ញុំឈប់ធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះ ខ្ញុំមិនឈប់នោះទេ ខ្ញុំធ្វើរហូតបើទោះមានការគាំទ្រឬមិនគាំទ្រក៏ដោយ ព្រោះវាជាអ្វីដែលខ្ញុំស្រឡាញ់និងចង់ធ្វើចេញពីបេះដូង»៕
Article by HEM SOKKHIM