ម៉ាណាវ៉ា (MANAVA ) បើយោងទៅតាមភាសាបាលីសំស្ក្រឹតមានន័យថា «មនុស្សធម៌»។ សម្រាប់ភាសាជនជាតិ Tahitian វិញ និយាយថា Manava ឬ Maeva មានន័យថា «ស្វាគមន៍»។ នៅក្នុងឆ្នាំ ២០១៦ អ្នកច្នៃម៉ូដស្ត្រីជនជាតិហូឡង់ម្នាក់ឈ្មោះ កា ឡៃ បានធ្វើដំណើរមកកម្ពុជាដើម្បីបំពេញការងារស្ម័គ្រចិត្តក្នុងគម្រោងមួយនៅខេត្តសៀមរាប។ នៅក្នុងបេសកកម្មស្រាវជ្រាវទៅលើប្រពៃណីធ្វើសិប្បកម្មតាមតំបន់ កាឡៃ បានមកជួបនឹងបុរសកម្ពុជាម្នាក់ឈ្មោះ ថូ បារាំង ដែលកំពុងតែធ្វើការជាមួយស្ត្រីតម្បាញកន្ត្រកនៅក្នុងភូមិក្របីរៀលនិងភូមិប្រយុទ្ធក្នុងសង្កាត់ទឹកវិលដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីក្រុងសៀមរាបទឹកដីអង្គរនៃយើង។ ដោយអ្នកទាំងពីរមានចក្ខុវិស័យចង់អភិវឌ្ឍទៅលើសិប្បកម្មតម្បាញនិងលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍ គ្រានោះហើយដែល MANAVA បានចាប់កំណើតឡើង។
នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ក្របីរៀលជាសហគមន៍តូចមួយដែលមានប្រជាជនរស់នៅប្រមាណ៥០០គ្រួសារ។ ចំណោមនោះមានស្ត្រីមួយក្រុម ខ្លះកំពុងសកម្មដៃជាមួយកាំបិតកន្ត្រៃចាប់វល្ខិកាត់ច្បូតហូតសក ខ្លះចាក់ត្បាញចេញជារាងរៅវត្ថុផ្សេងៗដូចជា កន្ត្រក កាបូប និងគ្រឿងតាំងលម្អផ្ទះផ្សេងៗទៅតាមជំនាញរៀងៗខ្លួន។ ជាការពិតនេះគឺជាសកម្មភាពនៃសង្វាក់ផលិតកម្មរបស់ផលិតផលធ្វើឡើងពីរុក្ខជាតិវល្ខិផ្តៅនិងរពាក់ក្រោមស្លាកយីហោ ម៉ាណាវ៉ា (MANAVA) ដែលមានកញ្ញា កាឡៃ ចាន់ (Ka-Lai Chan) ជាស្ថាបនិកនិងជាអ្នករចនាម៉ូដ ហើយនឹងលោក ថូ បារំាង ជាសហស្ថាបនិកក៏ដូចជាអ្នកគ្រប់គ្រងខាងផ្នែកចង្វាក់ផលិតកម្ម។ នៅភូមិក្របីរៀលវប្បធម៌សិល្បៈចាប់កន្ត្រកមានជាយូរណាស់មកហើយ អ្នកតម្រាញភាគច្រើនចេះលក្ខណៈគ្រួសារតតពីគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយវាក៏បានកែប្រែមុខមាត់ថ្មីមួយកម្រិតទៀតបន្ទាប់ពីស្ត្រីជានជាតិហូឡង់ដែលបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដផលិតផលពីសាកលវិទ្យាល័យសិល្បៈនៅទីក្រុងអ៊ូទ្រេច(Utrecht) ប្រទេសហូឡង់បានឈានជើងមកដល់កម្ពុជា។ ជំនួបជាមួយស្ថាបនិកា កាឡៃ ចាន់ កញ្ញាលើកឡើងថា “ មានរបស់៣យ៉ាងដែលសំខាន់សម្រាប់ខ្ញុំ គឺធម្មជាតិ មនុស្ស និងការបង្កើត។ របស់សំខាន់៣យ៉ាងនេះបានផ្តល់ឲ្យខ្ញុំនូវថាមពលនិងជីវិតដ៏មានន័យ។ វាមិនមែនទើបតែកើតឡើងនៅពេលនេះទេ គឺតាំងពីមុនខ្ញុំមកដល់ប្រទេសកម្ពុជាម្ល៉េះ។ ខ្ញុំតែងមានក្តីប្រាថ្នាចង់ជួយមនុស្សនៅក្នុងប្រទេសដែលមិនសូវអភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងជាមួយពួកគេជាមួយភាពច្នៃប្រតិដ្ឋនិងសិល្បៈ”។ ជាក់ស្តែងកំឡុងពេលធ្វើការស្រាវជ្រាវប្រពៃណីធ្វើសិប្បកម្មតាមតំបន់ជាច្រើននិងចំណាយពេលនៅជាមួយគ្រួសារតាមទីជនបទ កាឡៃសម្គាល់ឃើញថាពួកគេតែងមានភាពសប្បាយរីករាយនិងមានស្នាមញញឹមជានិច្ច ប៉ុន្តែនៅពីក្រោយស្នាមញញឹមទាំងនោះ ពួកគេមានរឿងម្យ៉ាងដែលត្រូវពុះពារប្រចាំថ្ងៃគឺការរកប្រាក់ចំណូល។ កាឡៃរកឃើញថាក្នុងមួយគ្រួសារអាចរកចំណូលបានត្រឹមតែ៥០ទៅ៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលវាមិនមានលទ្ធភាពគ្រប់គ្រាន់ឲ្យពួកគេរស់នៅដោយមានន័យនោះទេ តែអ្វីដែលសំខាន់ស្ត្រីជាច្រើនមានជំនាញពិសេសក្នុងការចាក់កន្ត្រក ជាពិសេសនៅក្នុងភូមិក្របីរៀលនេះតែម្តង។ “ ជាមួយនឹងភាពជាសហគ្រិននិងបទពិសោធន៍ផ្នែកច្នៃប្រតិដ្ឋរបស់ខ្ញុំ ខ្ញុំបានឃើញពីលទ្ធភាពដែលអាចជួយពួកគាត់ បន្ទាប់មកខ្ញុំបានជួបនឹង លោក ថូ បារាំង ជាអ្នកបញ្ចេញម៉ូដដែលមានចក្ខុវិស័យដូចគ្នា ហើយយើងក៏បានសម្រេចចិត្តចាប់ផ្តើមបង្កើត MANAVA ឡើង”។
អ្វីៗបានចាប់ផ្តើមក្នុងរយៈពេលដ៏ខ្លី ស្ថាបនិកទាំងពីររូបបានប្រមែប្រមូលស្ត្រីចាក់កន្ត្រកក្នុងភូមិប្រមាណ១៥នាក់ មានចាស់មានក្មេងខ្លះជាប់រវល់កូនច្រើនធ្វើពីផ្ទះនិងខ្លះធ្វើជាក្រុម ដោយចាក់បង្កើតជាផលិតផលប្រណីតៗម៉ូដប្លែកទាន់សម័យមានទាំង គ្រឿងលម្អផ្ទះ កងដៃ កាបូប កន្ត្រក អំពូល និងគ្រឿងសង្ហារិមជាដើម។ ខណៈលោក បារាំង មានតួនាទីគ្រប់គ្រងផ្នែកចង្វាក់ផលិតកម្ម កញ្ញាកាឡៃដែលជាអ្នកច្នៃម៉ូដឯករាជ្យធ្លាប់ធ្វើការច្នៃម៉ូដឲ្យម៉ាកអន្តរជាតិល្បីៗទៅលើគម្រោង សារមន្ទីរ សណ្ឋាគារ គ្រឿងដេគ័រផ្ទះ និងគ្រឿងសិល្បៈតាំងលម្អ បានប្រើប្រាស់បទពិសោធន៍របស់ខ្លួនទាំងប៉ុន្មានមកបញ្ចូលក្នុងការច្នៃប្រតិដ្ឋផលិតផល ក៏ដូចជាបណ្តុះបណ្តាលការច្នៃម៉ូដទៅកាន់ស្ត្រីតម្បាញរបស់ MANAVA។ ផលិតផលប្រសូតចេញពីថ្វីដៃស្ត្រីខ្មែរទាំងនេះ យើងអាចឃើញភ្លាមជ្រើសរើសទិញបានភ្លែត តែបើក្រឡេកទៅការផលិតវិញទម្រាំរួចរាល់មួយៗមិនមែនជារឿងងាយឡើយ។ តួយ៉ាងតាមការរៀបរាប់របស់ កាឡៃ ជាដំបូងយើងត្រូវទៅច្រូតវល្លិផ្តៅឬរពាក់នៅតាមព្រៃក្នុងតំបន់ បន្ទាប់មកយកវាហាលឲ្យស្ងួតដែលអាចចំណាយពេលដល់មួយខែ។ ក្រោយពេលស្ងួតហើយយើងយកវាមកលៀងរួចច្រៀកហូតជាសរសៃៗដោយបែងចែកសរសៃក្នុងនិងសរសៃក្រៅ។ រួចហើយយកវល្លិទាំងនោះលាបជាមួយម្សៅធម្មជាតិដែលធ្វើឡើងពីដើមរុក្ខជាតិនិងផ្កាចម្រុះ។ ជំហានចុងក្រោយ យកសរសៃវល្លិចាក់ត្បាញជាកន្ត្រកឬកាបូបតាមក្រឡាពីមួយទៅមួយយ៉ាងផ្ចិតផ្ចង់បំផុត។ កាបូបមួយអាចចំណាយពេលចាក់ដល់ទៅ៣ថ្ងៃ។ ផ្តៅនិងរពាក់គឺជារុក្ខជាតិមួយប្រភេទដុះលឿនដែល MANAVA យកធ្វើជាវត្ថុធាតុដើមសម្រាប់ប្រើជាប្រចាំ “ដើម្បីរក្សាស្ថេរភាពធនធានរុក្ខជាតិវល្លិទាំងនេះ ពួកយើងកំណត់ការប្រមូលផលយ៉ាងប្រុងប្រយ័ត្នដើម្បីផ្តល់ការលូតលាស់ពីមួយរដូវកាលទៅមួយរដូវកាល។ ពួកយើងប្រើប្រភេទវល្លិផ្តៅនិងរពាក់ដែលដុះនៅក្នុងបឹងនិងទន្លេ។ បើប្រៀបធៀបទៅនឹងផ្តៅឬរពាក់ដែលដុះក្នុងព្រៃនិងភ្នំ ផ្តៅដែលយើងប្រើមានសភាពស្តើងជាង ងាយស្រួលបត់បែនជាង និងងាយដុះមកវិញនៅឆ្នាំបន្ទាប់”។ ដោយឡែកទាក់ទិននឹងការច្នៃម៉ូដ MANAVA បានបញ្ចូលគ្នារវាងសិល្បៈហត្ថកម្មពីបុរាណនិងម៉ូដស្របតាមរចនាបថខ្មែរ បង្កើតបានជាម៉ូដប្រណីតទាន់សម័យដែលត្រូវទៅតាមតម្រូវការទីផ្សារទំនើបបច្ចុប្បន្ន។ ម៉ូដរំលេចនៅលើផលិតផលត្រូវបានស្រង់ពីក្បាច់ខ្មែរដែលមាននៅលើវត្ថុបុរាណខ្មែរ និងស្ថាបត្យកម្មមហាអស្ចារ្យលើពិភពលោកគឺប្រាសាទអង្គរវត្ត។ ក្នុងនោះ MANAVA បានជ្រើសរើសក្បាច់ខ្មែរចំនួន៤ទម្រង់មករំលេចលើផលិតផលរួមមានទម្រង់នំច័ក្កច័ន ទម្រង់ធ្មេញត្រី ទម្រង់ទ្រនុងនាគ និងទម្រង់ត្របកផ្កាឈូកមើលចំ។
បច្ចុប្បន្ន MANAVA បានផ្តល់ការងារដល់ស្ត្រីតម្បាញចំនួន២៤នាក់ទាំងក្នុងភូមិក្របីរៀលនិងភូមិប្រយុទ្ធជាមួយនឹងប្រាក់ចំណូលគួរសម។ តាំងពីចាប់ផ្តើមជាមួយ MANAVA គ្រួសាររបស់ពួកគេបានកើនចំណូលខុសពីមុន១០០ភាគរយ។ តាំងពីឆ្នាំ ២០១៩មកស្ត្រីតម្បាញទាំងប៉ុន្មានមិនត្រឹមតែទទួលបានការងារធ្វើនិងចំណូលផ្គត់ផ្គង់គ្រួសារបន្ថែមប៉ុណ្ណោះទេ ថែមទាំងត្រូវបានសហគ្រាសខ្នាតតូចនេះបណ្តុះបណ្តាលចំណេះដឹងទៅលើ ការគ្រប់គ្រងហិរញ្ញវត្ថុ សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ គម្រោងគ្រួសារ ចំណេះដឹងសុខភាព និងបង្រៀនភាសាអង់គ្លេស ដោយមានការសហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រីផងដែរ។ ចំណោមស្ត្រីតម្បាញ អ្នកស្រីសយ សារៀង បាននិយាយថា “ខ្ញុំរៀនធ្វើកន្ត្រកជាមួយម៉ែតាំងពីអាយុ១២ឆ្នាំ ខ្ញុំចូលចិត្តធ្វើកន្ត្រកជាមួយក្រុម MANAVA ព្រោះមានម៉ូដស្អាត ចំណូលខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងឲ្យកូនទៅសាលារៀន”។ ចំណែកឯអ្នកស្រី ចាំ យិន ក៏បាននិយាយទាំងស្នាមញញឹមពព្រាយដែរថា “ខ្ញុំមានចិត្តសប្បាយរីករាយចំពោះការធ្វើកន្ត្រជាមួយក្រុម MANAVA ព្រោះកាឡៃនិងបារាំងមានចិត្តរួសរាយរាក់ទាក់ ហើយធ្វើផលិតផលលក់តម្លៃសមរម្យនិងបានចំណូលខ្ពស់”។ និយាយរួមមក MANAVA ផ្តល់ឲ្យស្ត្រីតម្បាញជាមួយនឹងស្ថេរភាពប្រាក់ចំណូល លើកកម្ពស់ភាពច្នៃប្រតិដ្ឋ និងធ្វើការនៅក្នុងមជ្ឈដ្ឋានការងារដែលសុវត្ថិភាព។
ជាមួយនឹងភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅរបស់ MANAVA រំពឹងថានឹងពង្រឹកក្រុមតម្បាញក៏ដូចជាផ្តល់ឱកាសការងារទៅកាន់ស្ត្រីឲ្យដល់ចំនួន១០០នាក់នៅក្នុងឆ្នាំ២០២០។ ដើម្បីសម្រេចគោលដៅនេះបាន MANAVA បានកំពុងស្រាវជ្រាវស្វែងរកដៃគូសហការផ្សេងៗរួមមាន ហាងលក់ ក្រុមហ៊ុន និងស្លាកយីហោទាំងអស់ដែលផ្សព្វផ្សាយផលិតផលមិនប៉ះពាល់បរិស្ថាន។ ក្រៅពីនេះ MANAVA ក៏ចែកចាយផលិតផលទៅកាន់ម៉ាកយីហោក្រុងស្រុកដទៃ និងម៉ាកយីហោអន្តរជាតិដើម្បីពង្រីកទីផ្សារផងដែរ។ ការធ្វើដូចនេះនឹងជួយពង្រឹងកេរ្តិ៍ឈ្មោះឧស្សាហកម្មច្នៃប្រតិដ្ឋរបស់កម្ពុជានៅកាន់អន្តរជាតិ។ គោលបំណងរបស់ MANAVA គឺចង់ក្លាយជាអាជីវកម្មឯករាជ្យមួយដោយមានការគាំទ្រពី កាឡៃ ចាន់ ឬអ្នកច្នៃម៉ូដដទៃ និងគ្រប់គ្រងដោយជនជាតិខ្មែរ។ « MANAVA ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រពៃណីចាក់កន្ត្រកតាមរយៈការបញ្ចូលវប្បធម៌ទម្រង់បុរាណបង្កើតទៅជាសម្ភារប្រើប្រាស់មើលទៅមានលក្ខណៈទាន់សម័យ»។
MANAVA ជាផលិតផលធ្វើពី ផ្តៅនិងរពាក់១០០ភាគរយ និងផលិតយ៉ាងយកចិត្តទុកដាក់បំផុតជាមួយគុណភាពខ្ពស់ព្រមទាំងធ្វើការច្នៃម៉ូដស្ទាយ៌អេឡហ្គិនមើលទៅស្រស់ស្អាតទំនើបនិងប្រណីតឥតខ្ចោះក្រោមស្នាដៃស្ត្រីខ្មែរយើង។ ដូច្នេះសម្រាប់អ្នកចង់ជាវអាចចូលទៅកាន់តំណគេហទំព័រ www.manava-cambodia.com៕
Article by HEM SOKKHIM
Image Courtesy: MANAVA
លោក ថូ បារាំង និង កញ្ញា កាឡៃ ចាន់ (Ka-Lai Chan)