×

ពី​យុ​វ​សិស្ស​ដែល​ចូលចិត្ត​លេង​ហ្គេ​ម​ ​និង​មើល​ភាពយន្ត​វិទ្យា​សា​ស្រ្ត​ក្លាយ​ជា​វិចិត្រករ​ឌី​ជី​ថល​

NEWS 4 years ago
 
 

            ​គំនូរ​គូរ​លើ​កុំព្យូទ័រ​ ​ឬ​ ​ហៅថា​ ​គំនូរ​បែប​ឌី​ជី​ថល​ចំនួន​០​៨​ផ្ទាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​ចែករំលែក​ផ្ទុះ​ល្បី​ខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ហើយ​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចុច​ចូលចិត្ត​និង​ចែករំលែក​ត​ៗ​គ្នា​រហូត​រាប់ពាន់​ដង​។​ ​គំនូរ​បែប​សហសម័យ​រូប​ស្រ្តី​អប្សរា​ ​និង​ ​តួអង្គ​ហនុមាន​ក្នុង​រឿង​រាមកេរ្តិ៍​ ​ត្រូវ​បាន​រចនា​ឡើង​ផ្អែក​តាម​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបុរាណ​ខ្មែរ​ ​និង​ ​សៀវភៅ​ឯកសារ​សិល្បៈ ​ប្រវត្តិ​សា​ស្រ្ត​ជាច្រើន​ក្រោមទឹក​ដៃ​យ៉ាង​ប៉ិនប្រសប់​របស់​យុវជន​ ​សំ​ ​ដា​រ៉ូ ​ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ (​Art​ ​Director​) ​នៃ​ក្រុមហ៊ុន​បង្កើត​ហ្គេ​ម​ទូរសព្ទ​ដ៏​ល្បីឈ្មោះ​តែមួយ​គត់​នៅ​កម្ពុជា​ដែល​មហាជន​ជាច្រើន​ស្គាល់​ថា​ ​អស្ចារ្យ​ស្ទូ​ឌី​យ៉ូ (Orsj​a​ ​Studio​)​។​ 

            ​ផ្តើម​ចេញពី​អតីតកាល​ជា​យុ​វ​សិស្ស​នៃ​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​មួយ​រូប​ដែល​មាន​ចំណង់ចំណូលចិត្ត​លេង​ហ្គេ​ម​ ​និង​ ​ទស្សនា​ភាពយន្ត​បរទេស​បែប​វិទ្យា​សា​ស្រ្ត​ដែល​មាន​តួអង្គ​ប្លែកៗ​ ​យុវជន​ ​សំ​ ​ដា​រ៉ូ ​ចាប់ផ្តើម​ចង់​សិក្សា​ជំនាញ​ជា​វិចិត្រករ​គំនូរ​ឌី​ជី​ថល​តែ​ពី​ពេល​នោះ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ដោយសារតែ​កត្តា​គ្រួសារ​ ​ទើប​លោក​សម្រេច​ចិត្ត​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​នៅ​វិទ្យាស្ថាន​ស៊ី​តិ​ក​ (​SET​E​C) ​ក្រោយពេល​លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​នៅ​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​ ​រាជធានី​ភ្នំពេញ​ ​ឆ្នាំ​២​០​១​០​។​ ​ទោះបីជា​ត្រូវ​បាន​ ​ហាមឃាត់​ពីសំណាក់​ឪពុក​ម្តាយ​ដោយសារ​ការ​ព្រួញ​បារម្ភ​ចំពោះ​បញ្ហា​ទី​ផ្សារ​ការងារ​ក្នុងស្រុក​ក៏ដោយ​ក៏​ ​ការសិក្សា​ជំនាញ​ស្ថាបត្យកម្ម​មិនបាន​ធ្វើឲ្យ​រូបគេ​បំភ្លេច​គំនូរ​ឌី​ជី​ថល​ដែល​ជា​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​បាន​ដែរ​។​

            ​ជា​លទ្ធផល​ ​ដា​រ៉ូ​បាន​តស៊ូ​ចូល​ប្រឡូក​ក្នុង​ការងារ​គំនូរ​ឌី​ជី​ថល​នៅ​ក្រុមហ៊ុន​ ​Digital​ ​Works​ ​Khmer​(​D​W​K) ​អស់​រយៈពេល​៣​ឆ្នាំ​ ​រហូត​បាន​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​វិចិត្រករ​គំនូរ​ 2​D​ (2​D​ ​Leader​ ​Artist​) ​ហើយ​ក្រោយមក​ ​ដា​រ៉ូ​បាន​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​រហូត​ឈាន​ឡើង​ដល់​តំណែង​ជានា​យក​គ្រប់​ ​គ្រង​ផ្នែក​សិល្បៈ​នៃ​ក្រុមហ៊ុន​ស្លឹករឹត​ភាពយន្ត​។​ ​ធ្វើការ​នៅ​ទីនោះ​បាន​រយៈពេល​មួយ​ឆ្នាំ​ ​លោក​ក៏បាន​បន្ត​ការងារ​តំណែង​ដដែល​នៅ​ក្រុមហ៊ុន​ ​អស្ចារ្យ​ស្ទូ​ឌី​យ៉ូ (Orsj​a​ ​Studio​) ​រហូតមកដល់​ពេល​សព្វថ្ងៃ​។​  

            ​​ក្នុង​ពេល​បច្ចុប្បន្ន​ ​សំ​ ​ដា​រ៉ូ ​បាន​ចូល​ប្រឡូក​ការងារ​ផ្ទាល់ខ្លួន​មួយទៀត​ ​គឺ​អ្នកផ្តល់​សេវាកម្ម​ក្រាហ្វិក​ ​ឌី​ហ្សា​ញ​ដែល​មានឈ្មោះ​ថា​ “​ក្រមួន​ K​ram​uon” ​ដែល​ជា​ជោគជ័យ​ការងារ​មួយ​ជំហាន​ទៀត​បន្ទាប់ពី​ដា​រ៉ូ​បាន​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ល្បី​ជាច្រើន​ឆ្នាំ​កន្លងមក​។​ ​ដា​រ៉ូ ​បាន​ពន្យល់​ប្រាប់​ថា​ “​ក្រមួន​ K​ram​uon” ​ផ្តោត​សំខាន់​លើ​សេវាកម្ម​ឌី​ហ្សា​ញ​រូបគំនូរ​ព្រី​ន​លើ​អាវយឺត​ ​និង​កាតាប​ ​ស្ទីក​ឃ័​រ​រូបភាព​ ​កាត​ប៉ូ​ស្តា​ល់ ​ផ្ទាំង​ឃោសនា​(​Poster​) ​គំនូរជីវចល​ ​។​ល​។​ ​ជាទូទៅ​ ​ផលិតផល​ស្នាដៃ​សិល្បៈ​ទាំងនោះ​ត្រូវ​បាន​អតិថិជន​បញ្ជាទិញ​ដោយ​ផ្ទាល់​ ​និង​ ​មាន​ដាក់​តាំង​បង្ហាញ​ខ្លះ​នៅ​វិចិត្រសាល​នៃ​សារមន្ទីរ​ជាតិ​។​ ​បើ​និយាយ​អំពី​ស្នាដៃ​រូបគំនូរ​កន្លងមក​វិញ​ ​ម្ចាស់​ស្នាដៃ​សង្កេតឃើញ​ថា​ ​មានការ​គាំទ្រ​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​អ៊ី​ន​ស្តា​ក្រាម​ ​ដែល​ក្នុងចំណោម​ស្នាដៃ​ទាំងអស់​នោះ​ ​មាន​ស្នាដៃ​ខ្លះ​ទទួល​បានការ​ចុច​ចូលចិត្ត​រហូត​ជាង​ពីរ​ពាន់​ដង​ឯណោះ។​

            ​​ដោយសារតែ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​លើ​ជំនាញ​សិល្បៈគំនូរ​ ​យុវជន​ ​សំ​ ​ដា​រ៉ូ ​មាន​សមត្ថភាព​អាច​នឹកឃើញ​គំនិត​គូរ​ចេញ​ជា​គំនូរ​បាន​រហូត​៥​-​៦​តួអង្គ​។​ ​ប៉ុន្តែ​ក្នុងនាម​ជា​វិចិត្រករ​បែប​ឌី​ជី​ថល​ ​រូបគេ​ក៏​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ទម្រាំ​សម្រេច​បាន​ស្នាដៃ​គំនូរ​នីមួយៗ​ ​ព្រោះ​គំនូរ​រូប​តួអង្គ​បែប​បុរាណ​លាយ​សហសម័យ​ទាមទារ​ឲ្យ​គេ​ចំណាយ​ពេល​ច្រើន​សិក្សា​លម្អិត​អំពី​តួអង្គ​នីមួយៗ​ទៅ​តាមសម័យ​កាល​។​ ​ក្នុង​ករណី​ខ្លះ​ ​គេ​ត្រូវ​ចំណាយ​ពេល​ទៅតាម​ខេត្ត​ដើម្បី​ផ្តិត​យក​រូបភាព​គ​ម្រូ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​ ​គួបផ្សំ​នឹង​រូបភាព​ឯកសារ​នៅ​ក្នុង​សៀវភៅ​ភាសា​ជាតិ​និង​អន្តរជាតិ​ផ្សេងៗ​ផង​ដែរ​ ​មុននឹង​យកមក​កែ​សម្រួល​ទៅតាម​ការស្រមើស្រមៃ​របស់​ខ្លួន​ឲ្យ​ចេញ​ជា​ស្នាដៃ​សិល្បៈ​ផ្ទាល់ខ្លួន​ខុស​ពី​ស្នាដៃ​របស់​អ្នកដទៃ​។​ ​លោក​បាន​អះអាង​ថា​ ​រូប​ខ្លះ​ត្រូវ​ស្វែងរក​ឯកសារ​ភស្តុតាង​រហូតដល់​មួយ​ឆ្នាំ​ក៏មាន​។​

            ​​ស្នាដៃ​របស់​ដា​រ៉ូ​កាន់តែ​មាន​គេ​ទទួលស្គាល់​ច្រើនឡើង​ៗ​ ​រហូតដល់​មាន​ក្រុមហ៊ុន​បរទេស​ធ្លាប់​មក​ទាក់ទង​សុំ​សិទ្ធិ​យកទៅ​ធ្វើជា​គ​ម្រូ​តុបតែង​កាយ​តួអង្គ​នៅ​ក្នុង​កម្មវិធី​សិល្បៈ​របស់​ថែមទៀត​ផង​។​ ​ជាចុងក្រោយ​ ​ដា​រ៉ូ​សូមឲ្យ​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយ​ស្រាវជ្រាវ​និង​ប្រើ​រចនា​បទ​សម័យ​មុន​ជាពិសេស​សម័យ​អង្គរ​មក​ប្រើ​ឡើងវិញ​ឲ្យបាន​ច្រើន​ ​ហើយ​សូមឲ្យ​មហាជន​សម្លឹង​មើល​លើ​គុណភាព​ស្នាដៃ​សិល្បៈ​ជាជាង​ចង់បាន​តែ​តម្លៃថោក​៕​

Aritcle by SOVRIN


SUGGESTIONS