ស្ថិតលើផ្លូវលំមួយក្នុងភូមិសាស្រ្ត ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ប្របដងស្ទឹងព្រែកត្នោតដ៏សែនមនោរម្យស្រស់ត្រកាល ហាងកាហ្វេមួយឈ្មោះថា វេស្ប៉ាកាហ្វេ (Vespa Café) កំពុងល្បីកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទាញចិត្តអតិថិជនប្រុសស្រីជិតឆ្ងាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយសារតែទីតាំងនេះមានការរចនាស្ថាបត្យកម្មលក្ខណៈជារីសតអាងហែលទឹកមាត់ស្ទឹងប្លែកពីហាងកាហ្វេដទៃទៀតក្នុងរាជធានីភ្នំពេញនិងតំបន់តាខ្មៅ។ ដើម្បីទៅដល់ទីនេះ បើយើងជិះចេញពីភ្នំពេញដល់រង្វង់មូលតាខ្មៅ ត្រូវជិះបត់ស្តាំទៅត្រង់ហួសវត្តព្រែកប្ញស្សីបន្តិច ទើបមានផ្លូវបត់ស្តាំជាប់តាមមាត់ព្រែកត្រើយខាងកើត ដែលមានការ៉ាសសាំងតេលាក្បែរនឹងផ្លូវបត់ចូល។
ចេញពីមាត់ផ្លូវជាតិលេខ២ប្រមាណត្រឹមតែ៣៥០ម៉ែត្រ លោកអ្នកនឹងឃើញផ្ទះក្បឿងដំបូលប៉ិតក្លាយបែបខ្មែរក្នុងរបងឈើអមដោយម្លប់ដើមអន្សែមួយដើម និង ដើមផ្កាលឿងរាជធំបែកមែកសាខាត្រសុំត្រសាយជាប់នឹងច្រកទ្វារចូល។ នៅផ្នែកខាងមុខមានរៀបចំជាតុឈើវែងស្ថិតចំកណ្តាលតៀមកាហ្វេដែលបិតបាំងដោយជញ្ជាំងក្តារឈើបន្ទះព័ទ្ធជុំវិញ រំលេចតុបតែងជាបញ្ជីរាយនាមភេសជ្ជៈជាអក្សរខ្មែរធំៗចម្រុះពណ៌។ ប៉ុន្តអ្វីដែលកាន់តែពិសេសបំផុតនោះគឺទេសភាពខាងក្រោយដែលផ្សារភ្ជាប់នឹងសម្រស់ធម្មជាតិជាប់មាត់ទឹកពិតៗមិនចាញ់ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ឬ មាត់ព្រែកទឹកឈូ ខេត្តកំពត ប៉ុន្មានឡើយ។ ថ្វីដ្បិតតែទីនេះមានទំហំតូចបន្តិចក៏ពិតមែន តែការរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវមានជម្រើសជាច្រើនប្រភេទខុសប្លែកគ្នា មិនចង្អៀតដោយសារតុកៅអីច្រើនដូចក្នុងហាងនៅទីក្រុងនោះទេ។ ភ្ញៀវអាចអង្គុយនៅតុ ឬ កម្រាលផ្ទាល់ឥដ្ឋជាប់មាត់ទឹក ឬ តុតូចក្បែរហាងហែលទឹកដែលមានទឹកថ្លាឆ្វង់យ៉ាងស្រស់ស្អាត។
លោក លៀង អម្រិតតា ស្ថាបនិកហាងកាហ្វេនេះបានបញ្ជាក់ថា វេស្ប៉ាកាហ្វេត្រូវបានកែច្នៃចេញពីផ្ទះបែបរីសតផ្ទាល់ខ្លួនរបស់ក្រុមគ្រួសាររបស់លោកផ្ទាល់តែម្តង។ ដំបូងឡើយ លោកបើកជាហាងកាហ្វេតែនៅផ្នែកខាងមុខប៉ុណ្ណោះ ប៉ុន្តែមានភ្ញៀវបានចាប់អារម្មណ៍នឹងទេសភាពមាត់ទឹកខាងក្រោយហាងហើយឆ្លងទៅខាងក្រោយនោះដើម្បីថតរូបលេងកម្សាន្ត រួចក៏បង្ហោះតាមហ្វេសប៊ុកធ្វើឲ្យផ្អើលខ្លាំងក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក។ លោកបានឲ្យដឹងទៀតថា មូលហេតុដែលជំរុញចិត្តលោកឲ្យបើកហាងកាហ្វេ ព្រោះពីមុនមក លោកក៏ធ្លាប់មានបទពិសោធន៍ក្នុងការបើកហាងលក់កាហ្វេរហូតដល់ទៅពីរទីតាំងនៅក្នុងរាជធានីភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ ដោយឡែក សម្រាប់ហាងថ្មីនេះវិញ គឺទើបតែមានដំណើរការត្រឹមមួយខែប៉ុណ្ណោះ។ រីឯការដាក់ឈ្មោះហាងនេះថា “វេស្ប៉ាកាហ្វេ” ពីព្រោះហាងនេះមានតាំងម៉ូតូវេស្ប៉ាដែលជាយានជំនិះរបស់លោកផ្ទាល់ដែលលោកស្រឡាញ់ពេញចិត្តជាយូរមកហើយ។
ចំពោះភេសជ្ជៈនៅទីនេះ គឺមានកាហ្វេគ្រប់ប្រភេទ ទាំងកាហ្វេទឹកដោះគោទឹកកកបែបធម្មតា និង ប្រភេទកាហ្វេម៉ាស៊ីន ដូចជា ឡាតេ (Latte) កាពូឈីណូ (Cappuccino) ម៉ូកា (Mocha) ព្រមទាំងភេសជ្ជៈមិនមែនកាហ្វេជាច្រើនមុខទៀតដូចហាងកាហ្វេទូទៅដែរ។ ក្រៅពីភេសជ្ជៈ ទីនេះមានបម្រើសេវាកម្មម្ហូបអាហារពេលព្រឹក ពេលថ្ងៃត្រង់ និង ពេលយប់ ដូចជា បាយសាច់ជ្រូក បាយសាច់មាន់ នំបញ្ចុកសម្លខ្មែរ និង សម្លណាំយ៉ា។ ក្នុងចំណោមនោះ អាហារដែលពេញនិយមបំផុតពីសំណាក់ភ្ញៀវដែលមកទីនេះគឺ នំបញ្ចុក។ រីឯប្រភេទអាហារសម្រន់ដែលភ្ញៀវនិយមនៅពេលយប់នោះមានដូចជា ប្រហិតត្រីគ្រឿងបំពង ជើងមាន់ និងគល់ស្លាបអាំង និង សាច់ក្រកគោដែលធ្វើដោយខ្លួនឯង។
តាមរយៈការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកនានា ភ្ញៀវបានមកទស្សនា និង ភ្លក្សរសជាតិម្ហូបអាហារ និងភេសជ្ជៈនៅទីនេះកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់២០០-៣០០នាក់ក្នុងមួយថ្ងៃ។ ម្ចាស់ហាងបានបង្ហើបថាប្រសិនបើភ្ញៀវនៅតែបន្តគាំទ្រក្នុងចំនួនច្រើនបែបនេះ លោកគ្រោងនឹងពង្រីកទីតាំងនេះឲ្យកាន់តែធំទូលាយ និងដាក់តុកៅអីបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ លើសពីនេះទៀត លោកនឹងរៀបចំបង្កើតជាបន្ទប់រីសតសម្រាប់ភ្ញៀវស្នាក់នៅព្រោះកន្លងមកមានភ្ញៀវខ្លះចង់មកសម្រាកលម្ហែដែរ។ ម្ចាស់ហាងឆ្លៀតក្នុងខណៈនេះសូមអភ័យទោសទុកជាមុនចំពោះរាល់បញ្ហាខ្វះខាត ជាពិសេសភ្ញៀវដែលបានរង់ចាំយូរ ដោយសារចំនួនបុគ្គលិកនៅមានតិចតួច ហើយភ្ញៀវចេះតែមកច្រើនឡើងៗហួសពីការរំពឹងទុក៕
Article by SRIN SOKMEAN