×

តើ​គេ​អាច​​​យក​ត្រីឆ្អើរ​ទៅ​ធ្វើម្ហូប​អី​បាន​ខ្លះ​ ?

TRAVEL & LIVING a month ago

            ​និយាយ​ដល់​ត្រីឆ្អើរ​ ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​តាំងពី​អ្នកជនបទ​រហូតដល់​អ្នក​ទីក្រុង​ពិតជា​បាន​ស្គាល់​យ៉ាង​ច្បាស់ជា​ពិសេស​ ​គឺ​ស្រ្តី​មេផ្ទះ​ ​ហើយក៏​ប្រហែលជា​នឹកឃើញ​ភ្លាម​ដល់​រសជាតិ​ឆ្ងាញ់​ពិសា​របស់​វា​ក្នុង​ការ​កែច្នៃ​ជា​ទឹក​អន្លក់​ ​និង​ ​មុខម្ហូប​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​ត្រីឆ្អើរ​គឺជា​មុខម្ហូប​ខ្មែរ​បែប​ធម្មជាតិ​ពិតៗ​ ​ហើយ​វា​មិនមែន​ជា​រឿង​ងាយ​ប៉ុន្មាន​នោះ​ឡើយ​ដើម្បី​បាន​ឈ្មោះ​ជា​ត្រីឆ្អើរ​នេះ​ឡើង​ ​ព្រោះ​វា​ត្រូវ​ឆ្លងកាត់​ការ​ដោត​ជា​ចង្កាក់​ៗ​យ៉ាង​ផ្ចិតផ្ចង់​ ​រួច​ឆ្អើរ​ដោយ​យកចិត្តទុកដាក់​ ​និង​ហ្មត់ចត់​ទើបបាន​ជា​ឈ្មោះ​ត្រីឆ្អើរ​នេះ​ឡើង​។​

            ​មុននឹង​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​ថា​ ​តើ​ត្រីឆ្អើរ​ដែល​យើង​និយម​បរិភោគ​ប្រចាំថ្ងៃ​នោះ​ ​គេ​អាច​​​យកទៅ​ច្នៃ​ធ្វើម្ហូប​អី្វ​បាន​ខ្លះ​នោះ​ ​យើង​សូម​ងាក​មក​ស្វែងយល់​ពី​វិធី​ធ្វើ​ត្រីឆ្អើរ​នេះ​ជាមុន​សិន​។​ ​ត្រីឆ្អើរ​ដែល​ចរាចរ​លក់​នៅ​លើ​ទី​ផ្សារ​សព្វថ្ងៃ​គឺ​មាន​ប្រភព​មកពី​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ ​នៅក្បែរ​តំបន់​ដងទន្លេ​។​ ​ពួកគាត់​បាន​ប្រមូល​ផល​ពី​ការ​នេសាទ​ហើយ​យក​ត្រី​ទាំងនោះ​ ​មក​ឆ្អើរ​ទុក​លក់​និង​បរិភោគ​ខ្លួនឯង​ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​​​រក្សាទុក​បាន​យូរ​។​ ​ប្រភេទ​ត្រី​ដែលគេ​និយម​ ​យកមក​ឆ្អើរ​មាន​ដូចជា​ត្រី​កែស​ ​ត្រី​ចង្វា​រ​ ​ត្រី​ក្លាំងហាយ​ ​ជាដើម​ ​ឬ​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត​ទៅតាម​ការ​និយម​ចូលចិត្ត​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​។​ ចំពោះ​វិធី​ធ្វើ​គឺ​គេ​ត្រូវ​យក​ត្រី​ស្រស់​ដែល​នេសាទ​បាន​នោះ​មក​កាត់​ក្បាល​ ​ឬ​មិន​កាត់ក៏​បាន​ទៅតាម​ប្រភេទ​ត្រី​ ​ហើយ​ត្រូវ​វះ​ពោះ​យក​ខ្លាញ់ត្រី​ចេញ​ ​ឬ​មិន​វះ​ទៅតាម​ប្រភេទ​ត្រី​ដែល​មិនសូវ​មាន​ខ្លាញ់​ ​ព្រោះថា​បើ​មិន​យក​ខ្លាញ់ត្រី​ចេញមុន​ពេល​ឆ្អើរ​ទេ​ ​វា​នឹង​ធ្វើ​ឱ្យ​ត្រី​នោះ​មិន​ងាយ​ក្រៀម​ ​ហើយ​ទុក​មិនបាន​យូរ​ទៀត​ផង​ ​។​ ​បន្ទាប់ពី​លាង​ស​ម្អា​ត​ត្រី​ទាំងនោះ​រួចរាល់​ហើយ​គេ​ចាប់ផ្ដើម​យក​ត្រី​ទាំងនោះ​ទៅ​ដោត​ជាមួយ​ឬស្សី​ធ្វើជា​ចង្កាក់​ងាយស្រួល​ក្នុង​ការ​ឆ្អើរ​។​ ​ចំពោះ​ការ​ឆ្អើរ​នោះ​ទៀតសោត​ ​គឺ​ត្រូវ​ដាក់​ត្រី​លើ​ចង្អើរ​យ៉ាងហោចណាស់​ក៏​កំពស់​ ​៤​ ​តឹក​ឡើង​ដែរ​ ​ហើយ​ដុតភ្លើង​ពីក្រោម​តិចៗ​ ​រហូតដល់​ត្រី​ក្រៀម​ល្អ​សព្វ​កន្លែង​ទើប​គេ​ប្រមូល​វា​ទុក​។​

            ​ត្រីឆ្អើរ​គេ​អាច​​​យកទៅ​ច្នៃ​ធ្វើជា​មុខម្ហូប​បានជា​ច្រើនយ៉ាង​ ​ហើយ​មានឱជារស​ឆ្ញាញ់​ពិសា​។​ ​ក្នុង​នោះ​មាន​ដូចជា​៖​

            ​១.​ ​បុក​ទឹកគ្រឿង​ត្រីឆ្អើរ​៖​ ​ត្រីឆ្អើរ​ជា​វត្ថុធាតុដើម​យ៉ាង​ពិសេស​ក្នុង​ការ​ធ្វើ​ទឹកគ្រឿង​អន្លក់​ផ្សេងៗ​ ឱ្យ​មានឱជារស​ឆ្ងាញ់​ពិសា​។​ ​លោកអ្នក​គ្រាន់តែ​បុក​ផ្សំ​វា​ចូលគ្នា​ជាមួយ​ប្រហុក​ ​អំពិល​ ​ទុំ​និង​ ​ថែម​គ្រឿងទេស​ផ្សេងៗ​ទៅ​តាមចំណូលចិត្ត​ជាការស្រេច​។​ ​មុខម្ហូប​ប្រភេទ​នេះ​អាច​ជ្រលក់​បានជា​មួយ​គ្រឿ​អន្លក់​គ្រប់​ប្រភេទ​។​

            ​២​. ​បុក​ត្រីឆ្អើរ​អំពិល​ទុំ​​៖​ ​ចំពោះ​វិធី​ធ្វើ​បុក​ត្រីឆ្អើរ​អំពិល​ទុំ​នេះ​ ​គឺ​លោកអ្នក​គ្រាន់តែ​យក​ត្រីឆ្អើរ​ទៅ​ក​ម្ដៅឱ្យ​ស្រួយ​ ​ហើយ​បុក​ឱ្យ​ម៉ត់​រួច​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​លោកអ្នក​ត្រូវ​យក​គ្រឿងទេស​ផ្សេងៗ​ដូចជា​ ​ខ្ទឹមស​ ​ខ្លឹម​ក្រហម​ ​ទៅ​ចិញ្ច្រាំ​អោយ​ម៉ត់​ ​ហើយ​លីង​ជាមួយ​ប្រេង​ឆា​ឱ្យ​ឈ្ងុយ​ ​បន្ទាប់មក​ទៀត​ត្រូវ​ដាក់​ស្ករត្នោត​លីង​ច្របល់​ជាមួយ​គ្រឿង​ឱ្យ​សព្វ​ ​ដាក់​ប្រហុក​ ​ដាក់​អំពិល​ទុំ​ ​រួច​ចាក់ទឹក​ចូល​បន្ដិច​ហើយ​កូរ​ឱ្យ​ពុះ​ ​បន្ទាប់មក​ដាក់​សាច់​ត្រីឆ្អើរ​ចូល​កូរ​ឱ្យ​សព្វ​ ​ហើយ​ភ្លក្ស​ថែម​គ្រឿង​ទៅ​តាមចំណូលចិត្ត​គឺ​ជាការស្រេច​។​

            ​៣.​ ​ញាំ​ត្រីឆ្អើរ​៖​ ​ត្រីឆ្អើរ​ក៏​អាច​​​យកទៅ​ញាំ​ជាមួយ​បន្លែ​គ្រប់​ប្រភេទ​ ​មិន​ខុស​ពី​ញាំ​សាច់ជ្រូក​ ​ឬ​ញាំ​អ​ង្រ្ក​ង​នោះ​ទេ​។​ ​លោកអ្នក​គ្រាន់តែ​យក​ប្រភេទ​បន្លែ​ដែល​អាច​ញាំ​បាន​ ​និង​ ​ស្របតាម​ចំណង់ចំណូលចិត្ត​របស់​អស់លោកអ្នក​មក​បុក​លំ​ៗ​ជាមួយ​គ្រឿងទេស​ផ្សេងៗ​ហើយ​ដាក់បញ្ចូល​ត្រីឆ្អើរ​ដែល​បុក​ទុក​ដោយឡែក​នោះ​ជាការស្រេច​។​

            ​៤.​ ​ប្រហើរ​ត្រីឆ្អើរ​៖​ ​គ្រាន់តែ​ឮឈ្មោះ​មុខម្ហូប​មួយ​នេះ​ ​លោកអ្នក​ប្រហែលជា​ស្រមៃ​នឹកឃើញ​ទៅ​ហើយ​នូវ​រសជាតិ​សម្លមួយចាន​ក្លិន​ខ្ជាយ​ឈ្អុ​យ​ប្រហើរ​ ​បែប​រសជាតិ​ប្រចាំ​ត្រកូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​តែម្ដង​។​ ​ចំពោះ​វិធី​ធ្វើ​មុខម្ហូប​ប្រភេទ​នេះ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ប្រហើរ​សាច់​ត្រី​ស្រស់​នោះ​ឡើយ​ ​គឺ​លោកអ្នក​គ្រាន់តែ​យក​ត្រីឆ្អើរ​មក​បេះ​ឆ្អឹង​ចេញ​ ​រួច​បង់​ចូល​សម្ល​តែម្ដង​ ​ឬក៏​ធ្វើការ​បុក​វា​ឱ្យ​ម៉ដ្ត​រួច​បង់​ចូល​សម្ល​ក៏បាន​ ​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​អស់លោកអ្នក​ ​។​

            ​៥.​ ​ម្ជូរ​ត្រីឆ្អើរ​៖​ ​លោកអ្នក​ប្រហែលជា​ប្លែក​អារម្មណ៍​បន្ដិច​ជាមួយ​ពាក្យ​ថា​ម្ជូរ​ត្រីឆ្អើរ​នេះ​ព្រោះថា​សម្លម្ជូរ​ភាគច្រើន​គេ​យក​ត្រី​ស្រស់​មក​ស្ល​ ​ហើយ​ដាក់​ម្ជូរ​ដើម្បី​កាត់​ក្លិន​ឆ្អាប​។​ ​ដោយឡែក​ ​បើ​ទោះបី​ថា​ត្រីឆ្អើរ​ជា​ត្រី​ក្រៀម​ ​គ្មាន​ក្លិន​ឆ្អាប​ក៏ដោយ​ ​ក៏​គេ​អាច​​​យក​វា​ទៅ​ច្នៃ​ធ្វើជា​សម្លម្ជូរ​ដាក់​បន្លែ​ស្រុកស្រែ​បាន​យ៉ាង​ឆ្ងាញ់​ពិសា​ដែរ​។​ ​លោកអ្នក​អាច​ទទួលយក​បទពិសោធន៍​នៃ​រសជាតិ​នេះ​ដោយខ្លួនឯង​បាន​។​

​            ​សរុប​ជា​រួម​មក​យើង​ឃើញ​ថា​ ​ត្រីឆ្អើរ​ក្រៅពី​អាច​​​រក្សា​គុណភាព​ត្រី​ឱ្យ​នៅ​បាន​យូ​រហើយ​នោះ​ ​វាក៏​អាច​ច្នៃ​ធ្វើជា​មុខម្ហូប​បាន​ជាច្រើន​ប្រភេទ​ ​ជាពិសេស​វា​ពេញ​និយម​បំផុត​ក្នុង​ការផ្សំ​ជាមួយ​គ្រឿង​ម្ជូរ​ ​និង​ ​គ្រឿង​ផ្អាប់​ ​ផ្សេងៗ​ដូចជា​អំពិល​ ​ក្រសាំង​ ​កាពិ​ ​ប្រហុក​ ​ផ្អក​ ​ជាដើម​ ​រួមផ្សំ​ជាមួយ​អន្លក់​ខ្ចី​ៗ​បន្ថែម​ទៀត​នោះ​ ​ឃើញ​វា​ពិតជា​មានឱជារស​ឈ្ងុយឆ្ងាញ់​បែប​ធម្មជាតិ​តែម្ដង​ ​ព្រោះ​វា​បាន​ក្លាយ​ជា​ទៅជា​រសជាតិ​នៃ​មុខម្ហូប​ប្រចាំ​ត្រកូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរយើង​ទៅ​ហើយ​៕​

Article​ ​by​ ​SO​V​R​IN​


SUGGESTIONS